ទស្សនៈព្រឹត្តិការណ៍ខ្មែរ

អំណាច​សន្លឹកឆ្នោត​អាច​ជំរុញ​ឲ្យ​មន្ត្រី​ធ្វើការ​បម្រើ​រាស្ត្រ !

សំឡេង ០៤:១៣
លោកនាយករដ្ឋមន្រ្តី​ហ៊ុន​ សែន
លោកនាយករដ្ឋមន្រ្តី​ហ៊ុន​ សែន ©គី​ សុខ​លីម

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ណែនាំ​មន្ត្រី​ក្រោម​ឱវាទ​ឲ្យ​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ និង​ត្រូវ​ចាត់ទុក​ពួក​គេ​ជា​ចៅហ្វាយ​របស់​ខ្លួន។ ការ​ដាស់តឿន​បែប​នេះ​បាន​កើត​ឡើង​ម្តង​ទៀត ខណៈ​ដែល​ការ​បោះឆ្នោត​កាន់​តែ​ខិតចូល​មក​ដល់។ នៅ​ក្នុង​ឆាក​នយោបាយ​កម្ពុជា ពាក្យ​ថា «មន្ត្រី​ជា​អ្នកបម្រើ​រាស្ត្រ» គ្រាន់​តែ​ជា​ទ្រឹស្តី​តែ​ប៉ុណ្ណោះ ប៉ុន្តែ ទាំង​ក្នុង​ការ​អនុវត្តន៍​​ជាក់ស្តែង ​ក៏ដូច​ជា​ក្នុង​ផ្នត់​គំនិត​មនុស្ស​ជា​ទូទៅ​ដែរ ប្រជារាស្ត្រ​តែង​គោរព ឬ​កោត​ខ្លាច​មន្ត្រី និង​ចាត់​ទុក​ពួក​គេ​ជា​ចៅហ្វាយនាយ​របស់​ខ្លួន​ទៅ​វិញ។ ដូច្នេះ មាន​តែ​ការ​ពង្រឹង​អំណាច​សន្លឹកឆ្នោត​ទេ ដែល​អាច​បង្ខំ​ឲ្យ​មន្ត្រី​ធ្វើការ​បម្រើ​រាស្ត្រ​ពិតប្រាកដ​បាន។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​របប​ប្រជាធិបតេយ្យ​សេរី ប្រជាពលរដ្ឋ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ម្ចាស់​ប្រទេស​និង​ម្ចាស់​របស់​អ្នកដឹកនាំ​គ្រប់លំដាប់​ថ្នាក់ ពីព្រោះ​ពួកគេ​មានអំណាច​ពិសេស​មួយ​គឺ​សន្លឹកឆ្នោត​ដែល អាចធ្វើ​ឲ្យ​មន្ត្រី​ទាំងនោះ​ឡើងបុណ្យស័ក្តិ​ឬក៏​ធ្លាក់​ចេញពី​តំណែង​បាន។ ដោយសារ​អំណាច​សន្លឹកឆ្នោត​នេះហើយ​បានជា​មាន​ទ្រឹស្តី«មន្ត្រី​ត្រូវតែ​បម្រើ​រាស្ត្រ»។ ក៏ប៉ុន្តែ នៅ​កម្ពុជា ទ្រឹស្តី​នេះ​ហាក់​នៅ​ឆ្ងាយ​ពី​ការពិត​នៅ​ឡើយ។ ជាទូទៅ ពួក​នាម៉ឺន និង​មន្ត្រី​ភាគច្រើន​មិន​ដែល​ចាត់​ទុក​ខ្លួន​ឯង​ថា ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ​ទេ ផ្ទុយ​ទៅ​វិញ អស់​លោក​អ្នកធំ​ទាំង​នោះ​តែង​ប្រើ​ឥទ្ធិពល​របស់ខ្លួន​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​គោរព​និង​កោតខ្លាច​អំណាច​បុណ្យស័ក្តិ​របស់​ពួក​គេ​ទៅ​វិញ។ ផ្នត់គំនិត​បែប​នេះ​ហាក់​បាន​កើត​ចេញ​ជា​ស្វ័យប្រវត្តិ​ពី​អ្នកមានអំណាច​ដោយ​ពួក​គេ​ច្រើន​តាំងខ្លួន​ជា​អ្នក​ដែលមាន​ឋានៈ​ខ្ពង់ខ្ពស់​ហួស​ពី​ប្រជាជន​សាមញ្ញ។ ខ្ពង់ខ្ពស់​រហូត​ធ្វើ​ឲ្យ​អ្នកខ្លះ​ហ៊ាន​បំពាន​ទៅលើ​អ្នកទន់ខ្សោយ​ដោយ​ឥត​ញញើត។

ចំណែក​ឯ​ប្រជាពលរដ្ឋ​វិញ​ក៏​ហាក់​ដូច​ជា​ព្រម​ទទួល​យក​ដោយ​ស្វ័យប្រវត្តិ​នូវ​អំណាច​គ្រប់គ្រង​របស់​អ្នកដឹកនាំ និង​បានប្រគល់​វាសនា​របស់​ខ្លួន​ទាំងស្រុង​ទៅលើ​អ្នកនយោបាយ។ ជាក់ស្តែង ប្រជាជន​ខ្មែរ​គ្រប់​ជំនាន់​ច្រើនតែ​ចាត់ទុក​មេដឹកនាំ​ថា​ជា​មេ​កើយ​និង​ជា​អ្នកសម្រេច​ជោគ​វាសនា​របស់​ប្រទេសជាតិ។ ហេតុ​ដូច្នេះហើយ​បានជា​ពលរដ្ឋ​ខ្មែរ​មិនសូវ​ខ្វល់ខ្វាយ​ពី​រឿង​នយោបាយ​ឡើយ ពីព្រោះ​ពួកគេ​ចាត់ទុក​បញ្ហា​ប្រទេសជាតិ​ថា​ជា​កិច្ចការ​របស់​អ្នក​នយោបាយ។ ចំណែក​ខ្លួន​ជា​ប្រជាជន​សាមញ្ញ​ត្រូវ​គិតគូរ​តែ​ពី​បញ្ហា​ក្រពះ​តែប៉ុណ្ណោះ។

ផ្នត់គំនិត​សង្គម​បែបនេះ​ហើយ​ដែល​ជំរុញ​ឲ្យ​អ្នកនយោបាយ​ដឹកនាំ​ប្រទេស​តាម​ទំនើងចិត្ត​ដោយ​មិន​ខ្វល់ខ្វាយ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ឡើយ។ សង្គ្រាមស៊ីវិល​អស់​រយៈ​ពេល​ជាច្រើន​ទសវត្សរ៍​រហូត​រុញច្រាន​ប្រទេស​ឲ្យ​ធ្លាក់​ក្នុង​របប​ប្រល័យពូជសាសន៍​គឺជា​ផលវិបាក​ជាក់ស្តែង​បំផុត​នៃ​ការដឹកនាំ​ប្រទេស​ទៅតាម​មហិច្ឆតា​គ្មាន​ព្រំដែន​របស់​អ្នកនយោបាយ។ ទីបំផុត អ្នករងគ្រោះ​ខ្លាំងជាងគេ​គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លួនឯង។

បច្ចុប្បន្ន ប្រទេស​កម្ពុជា​បាន និង​កំពុង​ស្ថិត​ក្នុង​របត់​ថ្មី​នៃ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដែល​ប្រជាពលរដ្ឋ​មានអំណាច​ធ្វើ​ជា​ម្ចាស់​ប្រទេស និង​ម្ចាស់​លើ​ជោគវាសនា​របស់​ខ្លួន។ អំណាច​របស់​ពួក​គេ​បាន​មក​ពី​សន្លឹកឆ្នោត។ អំណាច​សន្លឹកឆ្នោត​អាច​បង្ខំ​ឲ្យ​អ្នកនយោបាយ​ត្រូវ​តែ​ធ្វើការ​បម្រើ​ម្ចាស់ឆ្នោត។ ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នៅ​តែ​មិនទាន់​យល់​ដឹង និង​មិនទាន់​ចេះ​ប្រើ​ពី​អំណាច​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ​ទេ។ ហេតុដូច្នេះ​ហើយ​បាន​ជា​មន្ត្រី​មានបុណ្យ​ស័ក្តិ​មួយចំនួន តាំងពី​ថ្នាក់លើរ​ហូតថ្នាក់​មូលដ្ឋាន នៅតែ​អាច​ប្រើ​អំណាច​បំពាន​ទៅ​លើ​ប្រជាពលរដ្ឋ​បានជា​ហូរហែ។

ការ​ក្រើនរម្លឹក​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន ក្នុង​សប្តាហ៍​នេះ​ឲ្យ​មន្ត្រី​ធ្វើខ្លួន​ជា​អ្នកបម្រើ​រាស្ត្រ​គឺជា​សារ​ដ៏​សំខាន់​មួយ​សម្រាប់​ពញ្ញាក់​ស្មារតី​មន្ត្រី​មួយចំនួន​ដែល​នៅតែ​លង់លក់​ក្នុង​ទស្សនៈ​ចាស់គំរឹល​នោះ​ឲ្យ​ភ្ញាក់រលឹក​ឡើង​ហើយ​ប្រញាប់​រត់​ឲ្យ​ទាន់សភាពការណ៍​នយោបាយ​ថ្មី​ដែល​កំពុងតែ​វិ​វ​ឌ្ឍ៍​ទៅមុខ​ជា​លំដាប់។ សភាពការណ៍​នយោបាយ​ថ្មី​បច្ចុប្បន្ន​គឺ «មន្ត្រី​គឺជា​អ្នកបម្រើ​រាស្ត្រ»។ ដូច្នេះ ការបន្ត​លង់លក់​ក្នុង​ផ្នត់គំនិត​ចាស់​ហើយ​មិន​ព្រម​ទទួលយក​វប្បធម៌​នយោបាយ​ថ្មី​នេះ មិន​ត្រឹមតែ​ជា​គ្រោះថ្នាក់​សម្រាប់​មន្ត្រី​ទាំងនោះ​តែប៉ុណ្ណោះ​ទេ តែ​វា​ក៏បង្ក​គ្រោះថ្នាក់​ដល់​រដ្ឋាភិបាល​ផងដែរ។

ម្យ៉ាងទៀត សារ​របស់​លោកនាយក​រដ្ឋមន្ត្រី​ក៏​មាន​ន័យ​ពញ្ញាក់​ស្មារតី​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​ឲ្យ​ភ្ញាក់រលឹក និង​ចេះ​ប្រើ​អំណាច​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​ផងដែរ ពីព្រោះ​សន្លឹកឆ្នោត​មួយ​សន្លឹក​របស់​ពួកគេ​ពិតជា​អាច​ផ្លាស់ប្តូរ​ស្ថានភាព​មន្ត្រី​មួយចំនួន​ដែល​ចង់​តែ​ធ្វើ​ចៅហ្វាយ​រាស្ត្រ​នោះ ឲ្យ​មក​ជា​មន្ត្រី​ដែល​ធ្វើការ​បម្រើ​រាស្ត្រ​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI