កម្ពុជា

លោក​ហ៊ុន សែន៖ សំណង់​កាត់​ទទឹង​ទន្លេ​បឹងបួ​ត្រូវ​រុះរើ​ចេញ

នាយករដ្ឋមន្រ្តី​ខ្មែរ ហ៊ុន សែន
នាយករដ្ឋមន្រ្តី​ខ្មែរ ហ៊ុន សែន ©វណ្ណារ៉ា/RFI

ម្ចាស់​សម្រាស់ ធ្នស់ ព្រួល​និង​សំណង់​កាត់​ទទឹង​ទន្លេ ស្ទឹង ព្រែក អូរ​ និង​បឹងបួ​ នៅ​តាម​បណ្ដា​ខេត្ត​ពាក់ព័ន្ធ​នឹង​បឹង​ទន្លេសាប​ ត្រូវ​រុះរើ​ចេញ​អោយ​អស់​ក្នុង​រយៈពេល​២សប្ដាហ៍។ ផុត​កំណត់​នេះ កម្លាំង​អន្តរាគមន៍​ពិសេស​នឹង​ចុះ​បំផ្លាញ​ចោល ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ។ រាជ​រដ្ឋាភិបាល​ពន្យល់​ថា សំណង់​ទាំងនេះ​បង្ក​ឧបសគ្គ​ដល់​ការ​ធ្វើ​ចរាចរណ៍​ផ្លូវទឹក​ និង​ប៉ះពាល់​ដល់​ការ​បន្លាស់ទី​នៃ​មច្ឆជាតិ។

ផ្សាយពាណិជ្ជកម្ម

 

នៅក្នុង​បទបញ្ជា​ចុះ​ហត្ថលេខា​ នៅ​ថ្ងៃ​អាទិត្យ​ ទី​២២​ ខែ​ឧសភា ​ឆ្នាំ​២០១១​នេះ លោក នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជា​អោយ​មាន​ការ​រុះរើ​​​សំណង់​មួយ​ចំនួន ដូចជា សម្រាស់ ធ្នស់ ព្រួល​ និង​សំណង់​ កាត់​ទទឹង​ទន្លេ ស្ទឹង ព្រែក អូរ​និង​បឹងបួ​នៅ​តាម​បណ្ដា​ខេត្ត​ពាក់ព័ន្ធ​បឹងទន្លេសាប។ បណ្ដា​ខេត្ត​ដែល​ពាក់ព័ន្ធ​បឹងទន្លេសាប​ រួមមាន ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ​និង​ខេត្ត​កណ្ដាល។

យោងតាម​​​បទ​បញ្ជា​នេះ ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ទាំង​៨​ខាង​លើ​នេះ​ត្រូវ​អញ្ជើញ​ម្ចាស់​សំណង់​គ្រប់​ប្រភេទ​ទាំងអស់​មក​ធ្វើ​ការណែនាំ​ និង​តម្រូវ​អោយ​ពួកគេ​រុះរើ​សំណង់​ទាំង​នោះ​ចេញ​ដោយ​ខ្លួនឯង​ ដោយ​​ទុក​រយៈពេល​ពីរ​សប្ដាហ៍​ជូន។ ប្រសិន​បើ​ផុត​រយៈពេល​កំណត់​នេះ​ហើយ ​ម្ចាស់​សំណង់​មិន​រុះរើ​ចេញ​ទេ​នោះ ក្រសួង​ធនធានទឹក អាជ្ញាធរ​ទន្លេសាប អាជ្ញាធរ​ខេត្ត​ពាក់ព័ន្ធ​ និង​កងកម្លាំង​អន្តរាគមន៍​ពិសេស​ នឹង​ចុះ​បំផ្លាញ​​​សំណង់​ទាំងនោះ​​ចោល​ទាំង​ស្រុង ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់។ លើស​ពី​នេះ​ទៅទៀត ម្ចាស់​សំណង់​ត្រូវ​ចេញ​សោហ៊ុយ​ សម្រាប់​ការងារ​ប្រតិបត្តិការ​រុះរើ។

បទបញ្ជា​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ពន្យល់​ថា សំណង់​ទាំង​នោះ​បាន​បង្ក​ឧបសគ្គ​ធំ​ៗ​ចំនួន​៤។ ទី១ ​បង្ក​បញ្ហា​ដល់​ការ​ធ្វើ​ចរាចរណ៍​ជលយាន​គ្រប់​ប្រភេទ។ ទី២ បង្ក​បញ្ហា​ដល់​របប​ជលសាស្ត្រ។ ទី៣ បង្ក​បញ្ហា​ដល់​បន្លាស់ទី​មច្ឆជាតិ​គ្រប់​ប្រភេទ​ និង​ទី​៤​ បង្ក​អោយ​មាន​ការ​គោក​រាក់​យ៉ាង​ឆាប់​រហ័ស​ដល់​ទន្លេ ស្ទឹង ព្រែក​ និង​បឹងបួ។

សូម​បញ្ជាក់​ថា បទ​បញ្ជា​របស់​លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើឡើង​ស្រប​ពេល​ដែល​អ្នក​នេសាទ​តូច​ធំ ​និង​ម្ចាស់​ឡូត៍​នេសាទ​មួយ​ចំនួន​ត្អូញត្អែរ​អោយ​ដឹង​ជា​រឿយ​ៗ​ថា ផល​នេសាទ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មានការ​ថយ​ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI