លោកហ៊ុន សែន៖« ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាមមិនបាត់បង់ទឹកដីទេ »
ជាថ្មីម្តងទៀត ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់នៅថ្ងៃនេះថា ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម មិនបានធ្វើឲ្យកម្ពុជា បាត់បង់ទឹកដីទេ។ ក្នុងនោះ ក៏គ្មានការកាត់ទឹកដីកម្ពុជា ទៅឲ្យវៀតណាម ឬក៏កាត់ទឹកដីវៀតណាម មកឲ្យកម្ពុជាឡើយ។ ចំពោះការបោះបង្គោលព្រំដែនកម្ពុជា និងវៀតណាម មានការចេញ និងចូលរវាងភាគីទាំងពីរ ត្រូវបានលោកនាយករដ្ឋមន្ត្រី បន្ទោសថា មកពីការគូសផែនទីរបស់បារាំង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សា កាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ឧបនាយករដ្ឋមន្ត្រីវៀតណាមបានប្រាប់លោកថា ការបកស្រាយពីបញ្ហាព្រំដែន ក្នុងរដ្ឋសភាជាង ៥ ម៉ោង របស់លោក កាលពីថ្ងៃទី៩សីហា ត្រូវបានក្លាយជាចំណោទ នៅឯប្រទេសវៀតណាម ត្រង់ចំណុចដែលថា កម្ពុជាមានផ្ទៃដីលើស ៣០០ គីឡូម៉ែត្រការ៉េ គឺលើសពីផ្ទៃក្រឡាដែលបានកត់ត្រាជាផ្លូវការ សព្វថ្ងៃ ចំនួន ១៨១.០៣៥ គីឡូម៉ែត្រការ៉េ។ ក៏ប៉ុន្តែលោកនាយករដ្ឋមន្រី ហ៊ុន សែន ថ្លែងថា លោកបានប្រាប់ទៅឧបនាយករដ្ឋមន្ត្រីវៀតណាម កាលពីពេលឈប់សំចតនៅហាណូយ កាលពីថ្ងៃម្សិលមិញ ក្នុងពេលលោកមកពីប្រទេសចិនថា ផ្ទៃដីលើស ៣០០ គីឡូម៉ែត្រការ៉េរបស់កម្ពុជានោះ មកពីបច្ចេកវិទ្យាថ្មីនៃការវាស់វែងផ្ទៃដី បូកចូលទាំងព្រៃភ្នំ។
លោកនាយករដ្ឋមន្ត្រី ក៏បានប្រកាសថា ផ្ទៃដីលើសនោះ គឺមិនមែនកម្ពុជា យកពីវៀតណាម យកពីឡាវ ឬយកពីថៃទេ។ លោកហ៊ុនសែនបានបញ្ជាក់ថា "យើងអត់បានទៅយកដីពីវៀតណាម ពីឡាវ និងអត់បានទៅយកដីពីថៃទេ។ គឺគ្រាន់តែវាស់លើផ្ទៃដី នៃព្រំដែនរបស់ខ្លួនតែប៉ុណ្ណោះ តាមបច្ចេកវិទ្យាថ្មី។ ដូច្នេះសូមបញ្ជាក់ ព្រោះថា ជួនកាលរឿងនេះ ក៏បានទៅជាការសង្ស័យ សម្រាប់ប្រជាជនវៀតណាម ចំពោះរដ្ឋាភិបាលវៀតណាមដែរ ហើយក៏សម្រាប់ឡាវ ឬក៏រហូតដល់ថៃទៀតផង"។
ជាមួយនឹងការគូសបញ្ជាក់ដូច្នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងជាថ្មីទៀត អំពីការបោះបង្គោលព្រំដែនកម្ពុជា និងវៀតណាម ដែលមានការចេញ និងចូលទឹកដីរវាងប្រទេសទាំងពីរ គឺកម្ពុជាបានបោះបង្គោលចូលទឹកដីវៀតណាមជាង ៩០០ ហិកតា ហើយវៀតណាម បោះបង្គោលចូលទឹកដីកម្ពុជាវិញ ជាង ២.០០០ ហិកតា។ ប៉ុន្តែលោកហ៊ុនសែន បានលើកឡើងថា ប្រទេសទាំងពីរ មិនមានគោលការណ៍កាត់ទឹកដីទាំងនោះទេ គឺត្រូវរៀបចំខ្សែព្រំដែន ទៅតាមការកាន់កាប់ជាក់ស្តែង រវាងប្រជាជននៅតាមព្រំដែននៃប្រទេសទាំងពីរ។ តាមលោកនាយករដ្ឋមន្ត្រី ការចេញចូលនោះ ក៏មកពីបារាំងគូសផែនទី កាលពីសម័យអាណានិគម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា "ការចេញ និងចូល រវាងភាគីទាំងពីរ ( កម្ពុជា និងវៀតណាម ) បានទទួលស្គាល់គ្នារួចហើយ មានកំណត់ហេតុរួចហើយ នៅសល់តែចុះហត្ថលេខារវាងប្រធានគណៈកម្មការព្រំដែនទាំងពីរប៉ុណ្ណោះ។ កំពង់ចាម កំពត និងតាកែវ ទទួលយកជាមួយគ្នារួចហើយ។ ឯនៅព្រៃវែង នៅស្វាយរៀង គឺយើងបានបោះជាឯកតោភាគី មានការចេញ-ចូល។ យើងចូលទៅគេ ជាង ៩០០ ហិកតា។ ដល់វៀតណាម ចូលមកយើងវិញ ជាង ២.០០០ ហិកតា។ ប៉ុន្តែសួរថា តើខ្មែរចង់បំពានដីវៀតណាម? ហើយវៀតណាម ចង់បំពានដីខ្មែរទេ?។ អត់ទេ។ នោះមកពីអាបារាំង គូសផែនទីអីចឹង។ ដល់បារាំង គូសផែនទីមកអីចឹង សួរថា ខ្មែរឯណា មានលទ្ធភាពទៅយកដីគេនោះ?។ វៀតណាមក៏មិនចង់ ខ្មែរក៏មិនចង់ ប៉ុន្តែបារាំងគូសផែនទីមកអីចឹង?។ ដល់អីចឹង ត្រូវរកដំណោះស្រាយយ៉ាងម៉េច?។ ថ្ងៃនោះ ( ថ្ងៃទី៩សីហា ឆ្នាំ២០១២ ) បានលើកពន្យល់អស់ហើយ ទាំងក្នុងអត្ថបទគោល និងទាំងក្នុងអត្ថបទពិស្តារ ហើយបើចាំបាច់ចាក់ឡើងវិញ តាមទូរទស្សន៍ទាំងអស់ឡើងវិញ"។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ការដោះដូរទឹកដីកម្ពុជា និងវៀតណាម ក៏មិនមែនជារឿងថ្មីដែរ គឺជំនាន់អគ្គទេសាភិបាលឥណ្ឌូចិន បារាំងបានចេញសេចក្តីសម្រេច ហើយព្រះករុណា ព្រះបាទ នរោត្តម សីហនុ នៅឆ្នាំ១៩៤២ ក៏បានដោះដូរដី នៅតំបន់ព្រែកប៊ិញជី កោះគគីរ ឲ្យទៅវៀតណាម ហើយកម្ពុជាយកដីកន្លែងព្រែកប៊ិញជី ដែលឥឡូវនេះ ស្ថិតនៅក្នុងសំពៅពូន របស់ស្រុកកោះធំ ខេត្តកណ្តាល។ ការបញ្ជាក់ជាថ្មីពីបញ្ហាព្រំដែនខាងលើនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ជាប្រតិកម្មនឹងការផ្តល់យោបល់មួយចំនួនដែលថា រឿងកិច្ចការសម្ងាត់ខ្លះ គួរមេដឹកនាំនយោបាយ និយាយគ្នា។
ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង ក្រុមប្រឆាំង មិនបានទុកឱកាសឲ្យលោកបកស្រាយសម្ងាត់ ក្នុងបន្ទប់បិទទ្វារទេ ក្រៅតែពីជេរប្រទេចផ្តាសារូបលោកប៉ុណ្ណោះ។ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនផងដែរ នៅថ្ងៃនេះលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ក៏បានលើកឡើងថា ការសាងសង់បនល្បែងកាស៊ីណូ នៅតាមតំបន់ព្រំដែន ក៏ជាយុទ្ធសាស្ត្រវែងឆ្ងាយមួយរបស់លោក ក្នុងកិច្ចការពារព្រំដែនផងដែរ។ បញ្ហាព្រំដែន ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកបង្ហាញក្នុងរដ្ឋសភា ជាង ៥ ម៉ោង កាលពីថ្ងៃទី៩សីហា ត្រូវបានបោះពុម្ពជាង ២០ ម៉ឺនច្បាប់ ជាអត្ថបទគោល។ ចំណែកអត្ថបទ ដែលមានអត្ថាធិប្បាយរបស់លោក ត្រូវបានបោះពុម្ពមួយម៉ឺនច្បាប់ សម្រាប់ចែកចាយ ទៅតាមបណ្តាខេត្ត និងស្ថាប័នរដ្ឋនានា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ