អានតួអត្ថបទ
កម្ពុជា

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ច្រាន​ចោលការ​ទាមទារ​បោះឆ្នោត​ឡើង​វិញ និង​ប្រកាស​មិនចុះ​ចេញពី​តំណែង

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃប្រទេសកម្ពុជា។
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃប្រទេសកម្ពុជា។ @rfi/siv channa
ដោយ៖ លី ម៉េងហួរ
១៥ នាទី

ទីបំផុត​ទៅ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បដិសេធ ចំពោះ​ការទាមទារ​ឲ្យ​មានការ​បោះឆ្នោត​ឡើងវិញ។ លោកនាយក​រដ្ឋមន្ត្រី ក៏បាន​បញ្ជាក់ប្រាប់​ក្រុមអ្នកកាសែត នៅក្រៅ​កិច្ចប្រជុំ​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា លោក​ក៏​មិន​ព្រម​ចុះ​ចេញពី​តំណែង តាម​ការទាមទារ​រប​ស់​បាតុកម្ម​គណបក្សប្រឆាំង ក្នុង​រយៈពេល​ប៉ុន្មាន​នេះ​ផងដែរ។ បាតុកម្ម​របស់​គណបក្ស​ប្រឆាំង ក៏ត្រូវ​បាន​លោកនាយក​រដ្ឋមន្ត្រី ព្រមាន​នៅថ្ងៃនេះ​ថា បើសិនជា ឈានដល់​បាតុកម្ម​បិទផ្លូវ គឺ​ប្រៀបដូចជា​បិទ​ឈាម​ខ្លួនឯង ហើយ​រដ្ឋាភិបាល នឹង​ចាត់វិធានការ​​តាម​ផ្លូវ​ច្បាប់។

ផ្សាយពាណិជ្ជកម្ម

ជា​ប្រតិកម្ម​លើកដំបូង ចាប់តាំងពី​គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​បាតុកម្ម​រាល់ថ្ងៃ ចាប់ពី​ថ្ងៃទី១៥ធ្នូ ទាមទារ​ឲ្យ​មានការ​បោះឆ្នោត​ឡើងវិញ និង​ស្រែក​ទទូច​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុនសែន ចុះ​ចេញពី​តំណែង។

 
ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត នៅក្រៅ​កិច្ចប្រជុំ​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​សុក្រ ទី២០ធ្នូ​នេះ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់ថា គ្មាន​ការបោះឆ្នោត​ឡើងវិញ​ទេ ពីព្រោះ​គ្មាន​ការរំលាយ​រដ្ឋសភា ហើយក៏​មិនមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ ការបោះឆ្នោត ធ្វើឡើង​រៀងរាល់ ៥ ឆ្នាំ​ម្តង។

ចំពោះ​ការទាមទារ​របស់​គណ​បក្សប្រឆាំង ឲ្យ​លោក ចុះ​ចេញពី​តំណែង ក៏ត្រូវ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ច្រានចោល ហើយ​ថា លោក​មិន​បានធ្វើ​ខុស។ លោក​ឡើងជា​នាយករដ្ឋមន្ត្រី តាម​រដ្ឋធម្មនុញ្ញ ស្របច្បាប់ ដូច្នេះ​បើ​ចុះ ក៏ត្រូវ​ចុះ​តាម​រដ្ឋធម្មនុញ្ញ។

 
ជាមួយនឹង​ការលើកឡើង​ខាងលើ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ព្រមាន​ថា រដ្ឋាភិបាល នឹង​ចាត់វិធានការតាមផ្លូវច្បាប់ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើបាតុកម្ម​បិទផ្លូវ។ បាតុកម្ម​បិទផ្លូវ ដែល​លោកនាយក​រដ្ឋមន្ត្រី ចាត់ទុកថា ជាការ​បិទ​ឈាម​ខ្លួនឯង។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​អំពាវនាវ​ដល់​គណបក្ស​ប្រឆាំង ឲ្យ​ប្រុងប្រយ័ត្ន ចំពោះ​បាតដៃ​ទី៣ ដែល​ចូល​អុកឡុក​ក្នុង​បាតុកម្ម​របស់​បក្សប្រឆាំង​ផងដែរ។

ការច្រានចោល​នូវ​ការទាមទារ​របស់​បាតុកម្ម​បក្សប្រឆាំង​ខាងលើ ត្រូវបាន​លោក កឹម​សុខា អះអាងថា បក្សប្រឆាំង មិនមាន​ការភ្ញាក់ផ្អើល​ទេ ព្រោះ​លោក​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​មិនមាន​ឆន្ទៈ​ក្នុង​ការទទួលយក​សំណូមពរ​របស់​ប្រជាពលរដ្ឋ មក​ដោះស្រាយ​យូរ​ឆ្នាំ​មកហើយ។

លោក កឹម​សុខា អះអាងថា ការទាមទារ​ឲ្យ​មានការ​បោះឆ្នោត​ឡើងវិញ និង​ឲ្យ​នាយករដ្ឋមន្ត្រី ចុះ​ចេញពី​តំណែង រួមទាំង​បាតុកម្ម គឺជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​បន្ត​ដឹកនាំ​បាតុកម្ម ព្រមទាំង​បង្កើន​សកម្មភាព​តាម​យុទ្ធសាស្ត្រផ្សេងៗ ដែល​អាច​ឈានដល់​ការបិទផ្លូវ។ បាតុកម្ម​បិទផ្លូវ ហើយ​បើ​មានការ​បង្ក្រាប​មែន នោះ​បង្ហាញថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​មេដឹកនាំ​ផ្តាច់ការ មិន​គោរព​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​នោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ