កម្ពុជា

ប័ណ្ណ​កាន់កាប់​ដីធ្លី​លើកដំបូង​នឹង​ត្រូវ​នាយក​រដ្ឋមន្ត្រី​ផ្តល់​ឲ្យ នៅ​ខេត្ត​ក្រចេះ នា​ថ្ងៃទី​២១ កញ្ញា

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន​ សែន
ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន​ សែន © សុវណ្ណារ៉ា

នៅ​ថ្ងៃ​អង្គារ​ ទី៤ កញ្ញា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា លោក​នឹង​ធ្វើ​ដំណើរ​ទៅ​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​លើក​ដំបូង នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ នា​ថ្ងៃ​ទី​២១ ខែ​កញ្ញា​ខាង​មុខ។

ផ្សាយពាណិជ្ជកម្ម

ការ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​សម្គាល់​ដីធ្លី​នឹង​ធ្វើ​ឡើង បន្ទាប់​ពី​ក្រុម​យុវជន​ស្ម័គ្រចិត្ត ចុះ​វាស់វែង​ដីធ្លី ចាប់​តាំង​ពី​ចុង​ខែ​មិថុនា។ លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ប្រកាស​ពី​នយោបាយ​ថ្មី​របស់​លោក ដោយ​កាត់​បន្ថយ​នូវ​ពេល​វេលា ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ សម្គាល់​ដីធ្លី​ដល់​ប្រជាពលរដ្ឋ ដោយ​មិន​ឲ្យ​មាន​ការ​រង់ចាំ​យូរ រហូត​ដល់​រយៈពេល ៦ ខែ​នោះ​ទេ។ នោះ​គឺ​ពី​មុន ត្រូវ​ធ្វើ​ការ​ចុះ​វាស់វែង ហើយ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​បឋម​។ កម្មសិទ្ធិ​បឋម ជា​ដំណាក់កាល​អន្តរកាល មុន​នឹង​ចេញ​កម្មសិទ្ធិ​ស្ថាពរ​។

តែ​ពេល​នេះ លោក​នាយក​រដ្ឋមន្ត្រី​បាន​សម្រេច​លុប​ចោល​នូវ​ដំណាក់កាល​អន្តរកាល​ ហើយ​ថា ​ត្រូវ​ផ្ទេរ​ពី​កម្មសិទ្ធិ​បឋម​ចូល​ទៅ​កម្មសិទ្ធិ​ស្ថាពរ​។ មូលហេតុ មក​ពី​ការ​ធ្វើ​ម៉ត់ចត់​របស់​ក្រុម​យុវជន​ស្ម័គ្រចិត្ត និង​មន្ត្រី​ជំនាញ​គ្រប់គ្រាន់។ ពោល​គឺ​ត្រូវ​ផ្តល់​កម្មសិទ្ធិ​ស្ថាពរ ជូន​ប្រជាពលរដ្ឋ បន្ទាប់​ពី​ការ​វាស់វែង​ដីធ្លី​ទាំង​នោះ​។​

តាម​លោក​នាយក​រដ្ឋមន្ត្រី គិត​ចាប់​ពី​ថ្ងៃ​ផ្តើម​ដំណើរការ​វាស់វែង​ដីធ្លី ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​យុវជន​ស្ម័គ្រចិត្ត និង​មន្ត្រី​ជំនាញ មកដល់​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១២ គឺ​ក្រុម​យុវជន​បាន​វាស់វែង​ដីធ្លី​បាន​ចំនួន ១៨៥.២៤៣ ហិកតា ក្នុង​ចំណោម​ផ្ទៃដី​សរុប ដែល​គ្រោង​នឹង​វាស់វែង​ផ្តល់​កម្មសិទ្ធិ​ជូន​ប្រជាជន​ទូទាំង​ប្រទេស ប្រមាណ ១.២០០.០០០ ហិកតា​។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា ដីទំនាស់ គឺ​ក្រុម​យុវជន​ស្ម័គ្រចិត្ត មិន​ព្រម​វាស់វែង​ឲ្យ​ទេ ដោយ​ទុក​ឲ្យ​មាន​ការ​ដោះស្រាយ​តាម​ការ​សម្របសម្រួល​រវាង​ប្រជាជន និង​ប្រជាជន ឬ​ក៏​ការ​ដោះស្រាយ​តាម​ផ្លូវ​តុលាការ។ ក៏​ប៉ុន្តែ​ក្រុម​យុវជន​ស្ម័គ្រចិត្ត ដែល​ដឹកនាំ​ដោយ​កូនប្រុស​លោក​នាយករដ្ឋមន្ត្រី ចុះ​វាស់វែង​ដើម្បី​ផ្តល់​កម្មសិទ្ធិ​ដល់​ប្រជាជន លើ​ដី​រដ្ឋ ពាក់ព័ន្ធ​នឹង​ដី​បរិស្ថាន និង​ដី​សម្បទាន​ដល់​ក្រុមហ៊ុន​ដែល​​មិន​ទាន់​ដាំ​ដុះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI