កម្ពុជា

កម្ពុជា​បើក​សិក្ខា​សាលា​ថ្នាក់ជាតិ​ដើម្បី​ជជែក​អំពី​គម្រោង​សាង​សង់​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង

ផល​នេសាទ​នៅ​ទន្លេមេគង្គថយ​ចុះ​ព្រោះ​ទំនប់​វារីអគ្គិសនី
ផល​នេសាទ​នៅ​ទន្លេមេគង្គថយ​ចុះ​ព្រោះ​ទំនប់​វារីអគ្គិសនី © សុវណ្ណារ៉ា

បន្ទាប់​ពី​រដ្ឋា​ភិបាល​ឡាវ ​បាន​ជូន​ដំណឹង​ដល់​គណៈកម្មការ​ទន្លេ​មេគង្គ​ អំពី​ការ​សម្រេច​ចិត្ត​របស់​ខ្លួន ​ស្តី​ពី​គម្រោង​សាង​សង់​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង កាល​ពី​ចុង​ខែ​កញ្ញា​ ឆ្នាំ​២០១៣​មក​ បញ្ហា​នេះ​បាន​ក្លាយជា​ក្តី​បារម្ភ​កាន់​តែ​ខ្លាំង។ សិក្ខា​សា​លា​ថ្នាក់​ជាតិ​មួយ​ស្តី​ទាក់​ទង​នឹង​គម្រោង​សាង​សង់​ទំនប់​វា​រី​អគ្គិសនី ដន​សា​ហុង នឹង​បើក​ធ្វើ​នៅ​ថ្ងៃទី ២០ មីនា​ខាង​មុខ​នេះ ​នៅ​មជ្ឈមណ្ឌល​វប្បធម៌​ភ្នំពេញ កូរ៉េ ក្នុង​ទីក្រុង​ភ្នំពេញ។ តំណាង​រដ្ឋា​ភិបាល និង​ភាគី​ពាក់​ព័ន្ធ​ទាំង​ឡាយ​នឹង​ចូល​រួម​ជជែក​អំពី​បញ្ហា​នេះ។

ផ្សាយពាណិជ្ជកម្ម

 

​​

សិក្ខាសាលា​ថ្នាក់​ជាតិ ស្តីពី «ការ​ព្រួយ​បារម្ភ​ចំពោះ​គម្រោង​ទំនប់​វា​រី​អគ្គិសនី ដន​សា​ហុង» នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​ថ្ងៃទី ២០ មីនា ខាង​មុខ​នេះ​នៅ​នៅ​មជ្ឈមណ្ឌល​វប្បធម៌​ភ្នំពេញ កូរ៉េ ក្នុង​ទីក្រុង​ភ្នំពេញ។ កម្មវិធី​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល ស្តីពី​កម្ពុជា សហការ​ជាមួយ និង​សម្ព័ន្ធ​ទន្លេ​កម្ពុជា (RCC) ។

 
លោក តឹក វណ្ណា​រ៉ា នាយក​ប្រតិបត្តិ វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ស្តីពី​កម្ពុជា បាន​ប្រាប់​វិទ្យុ​បារាំង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា មូលហេតុ​ដែល វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ស្តីពី​កម្ពុជា រៀបចំ​កម្មវិធី​សិក្ខាសាលា​ថ្នាក់ជាតិ​នេះ​ឡើង ដើម្បី​ផ្សព្វផ្សាយ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ទូទៅ ឲ្យ​បានដឹង​ពី​គម្រោង​នៃ​ការ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង ដែល​វា​នឹង​ផ្តល់​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ដល់​ប្រជាជន និង​ជីវចំរុះ ដែល​រស់នៅ​ក្នុង​អាង​ទន្លេ​មេគង្គ និង​ជាពិសេស​ការ​ប្រឈមមុខ​នឹង​ការ​ផុត​ពូជ របស់​សត្វ​ផ្សោត​កម្ពុជា។

 
លោក តឹក វណ្ណា​រ៉ា បាន​លើកឡើងថា សិក្ខាសាលា​ថ្នាក់ជាតិ​នេះ នឹង​ជួយផ្តល់​ជា​អនុ​សាន៍ខ្លះៗ ដល់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើការ​សម្រេចចិត្ត នៅក្នុង​ការ​ប្រជុំ​ក្រុមប្រឹក្សា​គណៈ​ក​ម្មា​ទន្លេ​មេគង្គ នៅក្នុង​ខែមេសា​ខាងមុខ​នេះ ក្នុងប្រទេស​វៀតណាម ដែលមាន​កម្ពុជា ថៃ ឡាវ និង​វៀតណាម​ចូលរួម។

សូមបញ្ជាក់ថា កាលពី​ឆ្នាំ ២០០៦ រដ្ឋាភិបាល​ឡាវ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន​សាងសង់​ម៉ាឡេស៊ី ឈ្មោះ មេ​ហ្កា ហ្វើស ខប​ភើ​រ៉េ​ស៊ិន ប៊ើ​ហេដ ដើម្បី​ឲ្យ​ក្រុមហ៊ុន​នេះ​សិក្សា​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី ដន​សា​ហុង។ នៅ​ចុងខែ​កញ្ញា ឆ្នាំ២០១៣ រដ្ឋាភិបាល​ឡាវ បាន​ជូន​ដំណឹង​ដល់​គណៈកម្មការ​ទន្លេ​មេគង្គ អំពី​ការ​សម្រេច​ចិត្ត​របស់​ខ្លួន ​ដើម្បី​ធ្វើការ​រៀបចំ​គម្រោង និង​ដាក់ជូន​សម្រាប់​គោលបំណង​នៃ​ការ​ជូនដំណឹង​នៅក្រោម​នីតិវិធី​របស់​ គណៈកម្មការ​ទន្លេមេគង្គ សម្រាប់​ការ​ជូនដំណឹង ការ​ពិគ្រោះ​យោបល់ ។

កាល​ពី​ថ្ងៃទី ​១១ និង ១២មីនា​កន្លងទៅនេះ រដ្ឋាភិបាល​ឡាវ និង​ក្រុមហ៊ុន​សាងសង់​មេ​ហ្កា​ហ្វើ​ស របស់​ប្រទេស​ម៉ាឡេស៊ី រៀបចំ​ឲ្យ​មានដំណើរ​ទស្សនកិច្ច​ផ្លូវការ​ដល់​គណៈប្រតិភូ​ពាក់ព័ន្ធ​នានា ដើម្បី​ចុះ​ពិនិត្យ​តំបន់ សាងសង់​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង ដែល​ស្ថិតនៅ​ក្នុងស្រុក​ចំប៉ា​សាក់ ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ ដែលមាន​ចម្ងាយ​ប្រមាណ ២គីឡូម៉ែត្រ​ពី​ព្រំដែន​ប្រទេស​កម្ពុជា ខេត្តស្ទឹងត្រែង។ ក្រោយ​ទស្សនកិច្ច​នោះ អង្គការ​សង្គម​ស៊ីវិល​បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​និង​នៅតែ​ទទូច​ឲ្យ​ឡាវ​បញ្ឈប់​គម្រោង​សាងសង់​នេះ​ជាបន្ទាន់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI