កម្ពុជា

លោកស្រី​អៀង ធីរិទ្ធ​ត្រូវបាន​ដោះលែង​ចេញពី​មន្ទីរឃុំឃាំង​ហើយ

លោកស្រី អៀង ធីរិទ្ធិ អតីត​រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច​នៃ​របប​ខ្មែរ​ក្រហម
លោកស្រី អៀង ធីរិទ្ធិ អតីត​រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច​នៃ​របប​ខ្មែរ​ក្រហម REUTERS/Mark Peters/ECCC/Handout/Files

អង្គជំនុំជម្រះ​តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរក្រហម​បានសម្រេច​ឲ្យ​ដោះលែង​លោកស្រី អៀង ធី​រិ​ទ្ធ ចេញពី​មន្ទីរឃុំឃាំង​ហើយ​ក្រោម​លក្ខខណ្ឌ​មួយចំនួន។ លោកស្រី​អៀង ធី​រិ​ទ្ធ ត្រូវបាន​ក្រុមគ្រួសារ​មក​ទទួល​ចេញពី​មន្ទីរឃុំឃាំង​នៃ​សាលាក្តី​ខ្មែរក្រហម​នៅ​រសៀល​ថ្ងៃអាទិត្យ​នេះ។ ការដោះលែង​លោកស្រី​អៀង ធី​រិ​ទ្ធ បាន​ធ្វើឡើង​បន្ទាប់ពី​អ្នកជំនាញ​វេជ្ជសាស្ត្រ​បាន​រកឃើញថា លោកស្រី​មាន​ជំងឺ​វង្វេង​បាត់​ការចងចាំ​ដែល​មិនអាច​ចូលរួម​សវនាការ​បានទេ។

ផ្សាយពាណិជ្ជកម្ម

 

លោកស្រី​អៀង ធី​រិ​ទ្ធ ត្រូវបាន​ដោះលែង​ចេញពី​មន្ទីរឃុំឃាំង​នៃ​សាលាក្តី​ខ្មែរក្រហម​ហើយ​ នៅវេលា​ម៉ោង១និង៤០នាទី​រសៀល​​ថ្ងៃអាទិត្យ​ទី១៦កញ្ញា​នេះ។ ការដោះលែង​នេះ​ធ្វើឡើង​ក្រោម​លក្ខខណ្ឌ​មួយចំនួន​ដូចជា ទី១៖ ជនជាប់ចោទ​ត្រូវ​ជូនដំណឹង​ដល់​សាលាក្តី​អំពី​អាសយដ្ឋាន​ដែល​ខ្លួន​ស្នាក់នៅ ហើយ​មិនត្រូវ​ផ្លាស់ប្តូរ​ទីលំនៅ​ដោយ​គ្មាន​ការអនុញ្ញាត​ឡើយ។ ទី២៖ ជនជាប់ចោទ​អៀង ធី​រិ​ទ្ធ ត្រូវប្រគល់​លិខិតឆ្លងដែន​ និង​លិខិត​ធ្វើដំណើរ​ផ្សេងទៀត​ដល់​អាជ្ញាធរ​ និង​មិន​ត្រូវ​ធ្វើ​ដំណើរ​ចេញពី​ប្រទេស​កម្ពុជា​ឡើយ។ទី៣៖ ត្រូវគោរព​តាម​ដីកាកោះ​របស់​តុលាការ។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅថ្ងៃនេះ​ថា លោកស្រី​អៀង ធី​រិ​ទ្ធ ត្រូវបាន​ក្រុមគ្រួសារ​មក​ទទួល​ពី​មន្ទីរឃុំឃាំង​នៅ​រសៀល​ថ្ងៃនេះ ដោយ​គេ​មិនទាន់​ដឹងថា លោកស្រី​ត្រូវ​ទៅ​ស្នាក់​នៅទីណា​នៅឡើយ​ទេ។ ប៉ុន្តែ មុនពេល​ចាប់ខ្លួន លោក ស្រី អៀង ធី​រិ​ទ្ធ និង​ស្វាមី​ គឺ​លោក អៀង សារី បាន​ស្នាក់​នៅក្នុង​គេហដ្ឋាន​ក្នុង​ទីក្រុង​ភ្នំពេញ។

សូមបញ្ជាក់ថា អង្គជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្តី​ខ្មែរក្រហម​បានសម្រេច​ កាលពី​ថ្ងៃទី១៣ កញ្ញា ថា លោកស្រី​អៀង ធី​រិ​ទ្ធ ពិតជា​មាន​ជំងឺ​វង្វេងស្មារតី​មិនអាច​ចូលរួម​សវនាការ​បានទេ ហើយ​ត្រូវ​ដោះលែង​ជនជាប់ចោទ​រូបនេះ​ពី​មន្ទីរឃុំឃាំង​ដោយ​គ្មាន​លក្ខខណ្ឌ​បង្ខំ​អ្វី​ឡើយ។
ប៉ុន្តែ ការិយាល័យ​សហ​ព្រះរាជអាជ្ញា​នៃ​សាលាក្តី​ខ្មែរក្រហមបាន​ប្តឹង​ទាស់ភ្លាមៗចំពោះ​ការសម្រេច​នេះ។  

ការិយាល័យ​សហ​ព្រះរាជអាជ្ញា​បាន​បញ្ជាក់ថា ខ្លួន​បាន​យល់ស្រប​ទាំងស្រុង​ក្នុងការ​ដោះលែង​លោកស្រី អៀង ធី​រិ​ទ្ធ ដោយសារ​លោកស្រី​គ្មាន​សម្បទា​គ្រប់គ្រាន់​ក្នុងការ​ចូលរួម​សវនាការ។ ប៉ុន្តែ ការដោះលែង​លោកស្រី​អៀង ធី​រិ​ទ្ធ មិនគួរ​ធ្វើឡើង​ដោយ​គ្មាន​លក្ខខណ្ឌ​នោះទេ។ សហព្រះរាជអាជ្ញា​បានទាមទារ​ឲ្យ​អង្គជំនុំជម្រះ​តុលាការ​កំពូល​ដាក់​លក្ខខណ្ឌ​ចាំបាច់​មួយចំនួន​ចំពោះ​លោកស្រី​អៀង ធី​រិ​ទ្ធ ហើយ​តុលាការ​កំពូល​ក៏បាន​យល់ស្រប។

លោកស្រី​អៀង ធី​រិ​ទ្ធ អាយុ ៨០ ឆ្នាំ ជា​អតីតរដ្ឋមន្ត្រី​សង្គមកិច្ច​នៃ​របប​ខ្មែរក្រហម ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែវិច្ឆិកា ឆ្នាំ ២០០៧ ជាមួយនឹង​ស្វាមី គឺ​លោក អៀង សារី អតីតរដ្ឋមន្ត្រី​ការបរទេស​ខ្មែរក្រហម។ អ្នក​ទាំងពីរ​ត្រូវបាន​សាលាក្តី​ខ្មែរក្រហម​ចោទ​ពីបទ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ប្រល័យ​ពូជសាសន៍​​ដែល​បាន​ប្រព្រឹត្ត​ក្នុង​ចន្លោះ​ឆ្នាំ ១៩៧៥ និង​ឆ្នាំ ១៩៧៩ ។ បើ​យោងតាម​លោក នេ​ត្រ ភក្ត្រា ទោះបីជា​លោកស្រី​ត្រូវបាន​ដោះលែង​នៅពេលនេះ ប៉ុន្តែ បទចោទប្រកាន់​ទៅលើ​លោកស្រី​នៅតែ​រក្សា​ដដែល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI