គួរបិទទំព័រនៃយុគសម័យទំនាស់ដីធ្លីនៅកម្ពុជា!
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៤២
សវនាការកាត់ទោសលោកម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជានាយកវិទ្យុសំបុកឃ្មុំ ដែលចាប់ផ្តើមបើកធ្វើតាំងពីថ្ងៃអង្គារ គឺជាសំណុំរឿងដ៏ធំមួយនៅក្នុងបញ្ហាដីធ្លីនៅកម្ពុជា។ សំណុំរឿងនេះបានបង្ហាញថា ជម្លោះដីធ្លីបានក្លាយជាបញ្ហាធំធេងរហូតដល់មានការចោទប្រកាន់ពីបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរ។ ទោះបីជាមានការបកស្រាយខុសគ្នាអំពីជម្រៅនៃបញ្ហានេះ ប៉ុន្តែ សំណុំរឿងនេះផ្តើមចេញពីបញ្ហាដីធ្លី។ តើគេគួរបណ្តោយឲ្យបញ្ហាដីធ្លីក្លាយជាអណ្តាតភ្លើងដុតរោលភាពសុខសានរបស់ពលរដ្ឋខ្មែរតទៅទៀតដែរឬទេ?
សវនាការរឿងក្តីលោក ម៉ម សូណង់ដូ អាចចាត់ទុកថាជាសំណុំរឿងដ៏ធំជាងគេមួយក្នុងចំណោមសំណុំរឿងដីធ្លីធំៗជាច្រើននៅទូទាំងប្រទេសដែលធ្លាប់បានកើតឡើងជាហូរហែ។ កាលពីមុននេះ ករណីដីធ្លីធ្លាប់មានការចោទប្រកាន់ត្រឹមតែបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ឬបទប្រើអំពើហិង្សាផ្សេងៗតែប៉ុណ្ណោះ។ ប៉ុន្តែ ពេលនេះ បទចោទប្រកាន់បានឈានដល់ការប៉ុនប៉ងបង្កើត«តំបន់អបគមន៍»ដែលជាទោសឧក្រិដ្ឋដ៏ធ្ងន់ធ្ងរមួយ។
សវនាការសំណុំរឿងដ៏ធំនេះក៏បានកើតឡើងស្របពេលដែលរដ្ឋាភិបាលកំពុងស្រូតរូតរះដោះស្រាយបញ្ហាដីធ្លីនៅទូទាំងប្រទេសតាមរយៈការបញ្ជូនក្រុមនិស្សិតស្មគ្រ័ចិត្តឲ្យចុះទៅវាស់វែងដីចែកជូនប្រជាពលរដ្ឋដែលកំពុងមានទំនាស់។ បើយោងតាមគោលការណ៍ដែលប្រកាសដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពលរដ្ឋទាំងឡាយណាដែលកំពុងមានទំនាស់ដីជាមួយក្រុមហ៊ុនឯកជន ឬកំពុងរស់នៅលើដីរបស់រដ្ឋ ឬក៏មានបញ្ហាដីបរិស្ថាន រដ្ឋាភិបាលនឹងកាត់ដីទាំងនោះប្រគល់ជូនពួកគេទាំងនោះគ្រប់ៗគ្នា។ មានតែករណីមួយគត់ដែលរដ្ឋាភិបាលមិនអាចអារកាត់បាន នោះគឺដីដែលមានទំនាស់រវាងពលរដ្ឋមួយក្រុមជាមួយពលរដ្ឋមួយក្រុមទៀតដែលមិនទាន់ដោះស្រាយបាន។
ប្រសិនបើគោលការណ៍របស់លោកនាយករដ្ឋមន្ត្រី ត្រូវបានអនុវត្តដោយស្មើភាព និងតម្លាភាព ទំនាស់ដីធ្លីអាចនឹងដោះស្រាយបានស្ទើរតែទាំងស្រុងនៅទូទាំងប្រទេសក្នុងពេលដ៏ខ្លីខាងមុខ។ ម្យ៉ាងទៀត ដំណោះស្រាយបញ្ហាដីធ្លីរបស់រដ្ឋាភិបាល បើទោះបីជាមានការរិះគន់ខ្លះៗអំពីរូបភាពដែលបានធ្វើឡើងក៏ដោយ ក៏វាបង្ហាញឲ្យឃើញថា បញ្ហាដ៏ក្តៅគគុកមួយនេះត្រូវបានរដ្ឋាភិបាលចាត់ការដោយមិនអាចបណ្តែតបណ្តោយទៀតបានឡើយ។
ជាការពិតណាស់ បញ្ហាដីធ្លីដែលបានផ្ទុះឡើងស្ទើរតែគ្រប់ទិសទីជាយូរណាស់មកហើយនោះ បានក្លាយជាជំងឺរ៉ាំរ៉ៃមួយសម្រាប់សង្គមកម្ពុជាក្នុងសម័យកាលអភិវឌ្ឍន៍នេះ។ ពលរដ្ឋដែលបាត់បង់ដីធ្លីបានងើបឡើងការពារដីរបស់ពួកគេប្រឆាំងនឹងក្រុមហ៊ុនឯកជន ឬអ្នកបំពានដីរបស់ខ្លួននៅស្ទើរតែគ្រប់ទិសទី។ ករណីភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដែលឈានដល់ការចោទប្រកាន់លោកម៉ម សូណង់ដូនៅពេលនេះ ក៏ជាអធិករណ៍ចុងក្រោយមួយនៅក្នុងបរិបទជម្លោះដីធ្លីនេះដែរ។
បើទោះបីជាសំណុំរឿងនេះកំពុងស្ថិតក្នុងដំណាក់កាលតទល់គ្នានៅឯតុលាការដែលគេនៅមិនទាន់ដឹងសខ្មៅពិតប្រាកដនៅឡើយ ក៏ប៉ុន្តែ អ្វីដែលគេបានដឹងច្បាស់លាស់រួចទៅហើយនោះ គឺផលវិបាករបស់វាដែលបានកើតឡើង៖ ទាំងអ្នកស្លាប់ ទាំងអ្នករត់គេចខ្លួន និងទាំងអ្នកដែលត្រូវបានចាប់ខ្លួនបញ្ជូនទៅពន្ធនាគារ គឺសុទ្ធសឹងជាពលរដ្ឋខ្មែរ។ រីឯដីដែលមានទំនាស់នោះក៏ជាដីរបស់ខ្មែរដែរ។ ដូច្នេះ តើហេតុអ្វីក៏ចាំបាច់មានរឿងរ៉ាវធ្ងន់ធ្ងរដល់ថ្នាក់នេះ?
ពិតហើយថា គ្រួសារមានវិន័យ រីឯប្រទេសមានច្បាប់ ប៉ុន្តែ រឿងបែបនេះពិតជាមិនគួរនឹងកើតមានឡើយ ប្រសិនណាបើគ្រប់គ្នា និងគ្រប់ភាគីពាក់ពន្ធ័រួមគ្នារកដំណោះស្រាយជំនួសឲ្យការប្រឈមមុខដាក់គ្នានោះ។ តែបើវាជ្រុលជាកើតមានទៅហើយ ហើយបើរដ្ឋាភិបាលគង់តែនឹងដោះស្រាយបញ្ចប់បញ្ហាដីធ្លីតែដដែលនោះ សំណុំរឿងលោកម៉ម សូណង់ដូ គួរតែត្រូវបិទបញ្ចប់ដោយសង្ឃឹម។
សម្រាប់ក្រសែភ្នែកក្រុមអ្នកវិភាគបញ្ហាសង្គមកម្ពុជា ការបិទចោលនូវយុគសម័យបញ្ហាដីធ្លីគឺជារឿងចាំបាច់ដើម្បីភាពសុខសាននៃសង្គមខ្មែរ។ ដើម្បីបិទបញ្ចប់ទំព័រដីធ្លីប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព រដ្ឋត្រូវធានាថា គ្រប់ពលរដ្ឋខ្មែរទាំងអស់ត្រូវមានកម្មសិទ្ធិដីធ្លីដោយគ្មានលើកលែង។ ក្នុងករណីមានទំនាស់ដីធ្លីកើតឡើងជាយថាហេតុ គ្រប់ភាគីពាក់ពន្ធ័គួររួមគ្នារកដំណោះស្រាយជាជាងការយកបញ្ហានយោបាយទៅលាយឡំ។ ប្រសិនបើរដ្ឋាភិបាលពិតជាអាចបិទទំព័របញ្ហាដីធ្លីនៅមុនការបោះឆ្នោតឆ្នាំ ២០១៣ មែន បក្សកាន់អំណាចនឹងទទួលបានប្រជាប្រិយភាព រីឯភាពសុខសាន្តរបស់ពលរដ្ឋខ្មែរគ្រប់គ្នាក៏នឹងកើតមានឡើងដែរ ពោលគឺ ពួកគេនឹងលែងរំខានដោយបញ្ហាដីធ្លីទៀតហើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ