រុស្ស៊ី

គឺ​ពួក​មន្ត្រី​”អាជ្ញា​សាលា”​ ដែល​នឹង​បញ្ជូន​ជន​បន្លាស់​​ទី​ខុស​ច្បាប់​

ជនបន្លាស់ទីខុសច្បាប់​នឹងត្រូវមន្ត្រី អាជ្ញាសាលាចាប់បញ្ជូនទៅប្រទេសដើមវិញ​
ជនបន្លាស់ទីខុសច្បាប់​នឹងត្រូវមន្ត្រី អាជ្ញាសាលាចាប់បញ្ជូនទៅប្រទេសដើមវិញ​ RFI/Keo Chhaya

ចាប់ពី​​ដើម​ឆ្នាំ​២០១២​នេះ​មក​ នៅ​រុស្ស៊ី​បាន​ចូល​ជា​ធរមាន​គឺ​ច្បាប់​ដែល​ប្រមើល​ថា ​កិច្ចការ​​ខាង​​បញ្ជូន​​ជន​បន្លាស់​ទី​ខុស​ច្បាប់​ចេញ​ពី​ប្រទេស​រុស្ស៊ី​ នឹង​ជាប់​ដៃ​រវល់​គឺ​ដោយ​ពួក​មន្ត្រី​ ដែល​មាន​​ភារៈ​​ប្រតិបត្តិ​តាម​សេចក្តី​សម្រេច​របស់​តុលាការ​ហៅ​ថា ​“អាជ្ញា​សាលា” មិន​មែន​ដោយ​ពួក​ប៉ូលីស​​ដូច​​ដែល​​ធ្លាប់​មាន​កាលពី​មុនៗ​ឡើយ។​

ផ្សាយពាណិជ្ជកម្ម

គម្រោងច្បាប់សមស្រប ដែលបានត្រូវអនុម័តដោយព្រឹទ្ធសភា កាលពីថ្ងៃ២៩វិច្ឆិកា ហើយ​ដែល​ទើបចូលជាធរមានចែងថាទៅទល់ថ្ងៃទី១កក្កដា ពោលគឺក្នុងមួយឆមាសទី១ ត្រូវបង្កើត​ឲ្យ​បានជា “ទីកន្លែងពិសេស“សម្រាប់ឃាត់ខ្លួន រាល់តែជនបរទេសណាដែលស្ថិតនៅលើ ទឹក​ដី​រុស្ស៊ី ដោយខុសច្បាប់។ ឃាត់ខ្លួនទុកនេះ លុះរហូតដល់ពេលដែលមន្ត្រីអាជ្ញាសាលា នាំពួក​គេ​ទៅ​ប្រគល់ឲ្យ អាជ្ញាធរខាងត្រួតពិនិត្យ ច្រកចេញចូលនៅត្រង់ព្រំប្រទល់ រុស្ស៊ី បែបយ៉ាង នៅ​អាកាសយានដ្ឋាន​អន្តរជាតិ នៅផែសមុទ្រនៅព្រំប្រទល់តាមផ្លូវដែក។

បច្ចុប្បន្ន“ទីកន្លែងពិសេស“បែបនេះ មានជាប្រចាំនៅអមក្រសួងមហាផ្ទៃ។ វានឹងបន្ត​ទទួល​ក្នុង​កន្លះ​ឆ្នាំទៅមុខទៀត សម្រាប់ឃាត់ខ្លួនទុក គឺរាល់តែជនបរទេសណា ដែលបំពាន​លើរបប​ស្នាក់​នៅក្នុងប្រទេសរុស្ស៊ី។

ប្រសិន បើសាមីជនខុសច្បាប់នោះ មានចេតនា ចាកចេញពីរុស្ស៊ីដោយស្ម័គ្រចិត្តខ្លួនឯងមែន នោះ​​សមត្ថកិច្ចរុស្ស៊ីទុកពេល៥ថ្ងៃឲ្យគេចាកចេញដោយម្ចាស់ការខ្លួនគេទៅ។

ច្បាប់ដែលចូលជាធរមាននេះ ជាផ្លែផ្កានៃកំណែទម្រង់អង្គការមហាផ្ទៃ មានជាអាទិ៍ ការប្រែ​ឈ្មោះ​​“នគរបាល”ទៅជា”ប៉ូលីស” ដើម្បីរំដោះចេញ នូវមុខងារណាដែល​មិន​មែន​ជា​របស់​ប៉ូលីស។​

ស្ថិតិដែលមានសឲ្យឃើញថា មួយឆ្នាំៗ ស្របនឹងសេចក្តីសម្រេច ចេញដោយតុលាការ​មាន​បណ្តេញ​ចេញពីរុស្ស៊ីគឺជនបន្លាស់ទីខុសច្បាប់ រាប់ម៉ឺននាក់ឯណោះ។ គ្រាន់តែក្នុងឆមាស​ទី​១​ឆ្នាំ​​ទៅមិញគឺ១ម៉ឺន៨ពាន់នាក់។

តាមតួលេខប្លែកៗសព្វថ្ងៃ មានមនុស្សប្រមាណពី ៤ដល់១៥លាននាក់ ស្ថិតនៅ​ក្នុង​ប្រទេស​រុស្ស៊ី​ដោយខុសច្បាប់ ដែលពីក្នុងនោះភាគច្រើន គឺមកពីអតីតសាធារណរដ្ឋសូវៀតនានា ដូចជា Tadjikistan Kirghizistan Ouzbekistan មកលក់ពលកម្មខ្លួនស៊ីឈ្នួល ឲ្យក្រុមហ៊ុន​ឯកជន​រុស្ស៊ី ដែលម៉ៅការពីរដ្ឋ ខាងសង់អគារលំនៅខ្ពស់ៗ សង់ផ្លូវថ្នល់ ផ្លូវដែកជាដើម។

“ស្ថាប័ន​សហព័ន្ធរុស្ស៊ី​ខាងបញ្ហាជនបន្លាស់ទី” ហៅកាត់ថា FMS និងប៉ូលីស តែងត្រូវ ពួកអ្នក​ជំនាញ​ការទិតៀន ដោយសហការីខ្លះរបស់គេ មានប្រយោជន៍នឹងឃើញ ពលករបរទេស​វត្តមាន​​ដោយខុសច្បាប់ នៅលើទឹកដីរុស្ស៊ី ដើម្បីខ្លួនឆ្លៀតទទួល​ប្រាក់​សំណូក​ពី​អ្នក​ទាំង​នោះ​ហើយ​បិទភ្នែកឲ្យគេ ស្នាក់នៅធ្វើការតទៅទៀតក្នុងប្រទេសរុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI