អានតួអត្ថបទ
កម្ពុជា

ILO អំពាវ​នាវ​​ឲ្យ​​បង្កើន​​តម្លៃ​​ទិញ​​នៅ​​ពេល​​ប្រាក់​ខែ​​កម្មករ​​កើន​​ដល់​១​​២៨​ដុល្លារ​​នៅ​​ខែ​មករា​​នេះ​

កម្មករ កម្មការិនីកាត់ដេរកម្ពុជា។
កម្មករ កម្មការិនីកាត់ដេរកម្ពុជា។ RFI
ដោយ៖ ញឹម សុផល
១៤ នាទី

អង្គការ​អន្តរជាតិ​ខាង​ការងារ អំពាវនាវ​ឲ្យ​អ្នក​បញ្ជា​ទិញ បង្កើន​តម្លៃ​ទិញ​សម្លៀក​បំពាក់​ពី​ប្រទេស​កម្ពុជា ខណៈ​ដែល​ផលិតកម្ម​មាន​ការ​ចំណាយ​កើន​ឡើង ហើយ​ប្រាក់​ឈ្នួល​អប្បរមា​ក៏មាន​ការ​កើន​ឡើង​ដែរ​នៅ​ដំណាច់​ខែ​មករា​ឆ្នាំ ២០១៥​នេះ។ ក៏​ប៉ុន្តែ​ការ​រំលឹក​របស់​អង្គការ​អន្តរជាតិ​ទៅ​អ្នកបញ្ជា​រទិញ​នាពេលនេះ មិន​មាន​សុទិដ្ឋិនិយម​ឡើយ​សម្រាប់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

ជាថ្មី​ម្តងទៀត​អង្គការ​អន្តរជាតិ​ខាង​ការងារ ហៅ​កាត់​ថា (ILO) បាន​ធ្វើការ​អំពាវនាវ​ដល់​ក្រុមហ៊ុន​បញ្ជារ​ទិញ​សម្លៀក​បំពាក់​សំខាន់​ៗ​ពី​ប្រទេស​កម្ពុជា គោរព​តាម​ការ​សន្យា​របស់​ខ្លួន​កន្លងមក​ក្នុង​ការ​បង្កើន​តម្លៃ​ទិញ​ខណៈ​ដែល​ប្រាក់​បៀវត្សន៍​អប្បបរមា​នៃ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា​មាន​ការ​ប្រែ​ប្រួល​នៅ​ខែ​មករា​ឆ្នាំ​២០១៥​នេះ​។

នៅ​ក្នុង​សេចក្តី​ប្រកាស​មួយ​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី​៥​មករា​ម្សិល​មិញ បង្ហាញ​ថា  ប្រាក់​ឈ្នួល​បាន​កើន​ឡើង ការ​ចំណាយ​របស់​រោង​ចក្រ​ក៏​កើន​ឡើង ប៉ុន្តែ​ការ​កុម្ម៉ង់​ទិញ​បែរជា​ថយចុះ។ ដូច្នេះ ដើម្បី​ធានាថា វិស័យ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា​នៅតែ​អាច​ដំណើរការ​ទៅមុខ វា​ចាំបាច់​ឲ្យ​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ទាំង​អស់​។

លោក ទុន សោ​ភ័ណ្ឌ អ្នក​សម្រប​សម្រួល​ប្រចាំ​ប្រទេស​អង្គការ​ILO ពន្យល់​បន្ថែមថា ការចេញ​ផ្សាយ​លិខិត​របស់ ILO នៅ​ពេល​នេះ​គឺ​គ្រាន់​តែ​ជាការ​រំលឹក​ដល់​អ្នក​បញ្ជា​ទិញ​សម្លៀកបំពាក់​ទាំង​អស់ពី​ប្រទេស​កម្ពុជា​ជាពិសេស​នៅ​សហភាព​អឺរ៉ុប​និង​នៅ​អាមេរិក ដែល​ធ្លាប់​សន្យា​កាលពីមុន​ការចរចា​តម្លើង​ប្រាក់ខែ ថា​នឹង​បង្កើន​តម្លៃ​ទិញ​បន្ថែមទៀត។

ជាមួយគ្នានេះ​លោក គេន លូ អគ្គ​លេខាធិការ​សមាគម​ន៍​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា(GMAC) យល់ថា​ការអំពាវនាវ​របស់ ILO នាពេលនេះ ពិត​មែន​មិន​មាន​អ្វី​ប៉ះ​ពាល់​ដល់ GMAC ទេ​តែ​លោកថា​គ្រាន់តែ​ជា​លិខិត​ធម្មតា​មួយ​ដែល​អត់​ប្រយោជន៍។ លោក គេន លូ បញ្ជាក់​ថា​អត់​ប្រយោជន៍​ដោយសារតែ ILO មិនមាន​សិទ្ធិ​អ្វី​បញ្ជា​ទៅ​អ្នក​កម្មង់​ទិញ ពោលគឺ​ILO ជា​អង្គការ​មួយ​ត្រួតពិនិត្យ​លក្ខ​ខ័ណ្ឌ​ការងារ​ប៉ុណ្ណោះ។

ជាមួយគ្នានេះ​លោក​អគ្គលេខាធិការ​ក៏បាន​បញ្ជាក់ថា​បច្ចប្បន្ន​នេះ រោង​ចក្រ​ជាច្រើន​មិន​មាន​ការងារ​ថែម​ម៉ោង​ទេ ដោយ​មិន​មាន​អ្វី​ធ្វើ​ច្រើន។លើស​ពី​នេះ​GMAC ក៏​សម្តែង​ការ​ព្រួយ​បារម្ភពី​ការ​ថយ​ចុះ​ការ​បញ្ជារ​ទិញ​ដែរ។

តែ​អ្នក​សហជីព បាន​បង្ហើប​ថា ជា​ការ​កត់សម្គាល់​ចាប់​ពី​ខែធ្នូ​ឆ្នាំ​ចាស់ រហូតដល់​ខែ​មិនា ឬ​មេសា ឆ្នាំ​ថ្មី ការ​កម្មង់​ទិញ​សម្លៀក​បំពាក់​ពី​កម្ពុជា​តែង​មិន​មាន​ថ្មី​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ