អានតួអត្ថបទ
កម្ពុជា

គម្រោង​ពង្រីក​ទី​ផ្សារ​ការងារ​របស់ ILO គាំទ្រ​ដោយ​ចិន ផ្តើម​អនុវត្ត​នៅ​កម្ពុជា​

អ្នកចូលរួមក្នុងកិច្ចពិភាក្សារវាងយុវជននិងអ្នកតំណាងរាស្ត្រវ័យក្មេង ថ្ងៃទី២៨ ខែធ្នូ ២០១៣។
អ្នកចូលរួមក្នុងកិច្ចពិភាក្សារវាងយុវជននិងអ្នកតំណាងរាស្ត្រវ័យក្មេង ថ្ងៃទី២៨ ខែធ្នូ ២០១៣។ KYA
១៥ នាទី

គម្រោង​ថ្មី​មួយ ដើម្បី​ពង្រីក​សេវា​ការងារ​និង​លើក​កម្ពស់​ព័ត៌មាន​ទីផ្សារ​ការងារ​ត្រូវ​ចាប់​ផ្តើម​ឡើង​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ស្អែក​នេះ។ គម្រោង​នេះ​ត្រូវ​បាន​អនុវត្ត​ដោយ​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ដោយ​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​ប្រទេស​ចិន។ គេ​រំពឹងថា គម្រោង​ថ្មី​នេះ​នឹង​ចូលរួម​ចំណែក​កាត់​បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ដោយមាន​ការគាំទ្រ​ហិរញ្ញវត្ថុ​ពី​ប្រទេស​ចិន​នឹងដាក់​ឲ្យ​ដំណើរការ​គម្រោង​ថ្មី​មួយ​នៅ​កម្ពុជា​ទាក់ទង​នឹង​ការពង្រីក​សេវាកម្ម​ការងារ។ ពិធី​ប្រកាស​អនុវត្ត​គម្រោង​នេះ​ត្រូវគេ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី១៦មករា​ស្អែក​នេះ​នៅឯ​សណ្ឋាគារ​ភ្នំពេញ។

 
នេះ​គឺជា​គម្រោង​លើក​ទី១របស់​អង្គការ ILO នៅក្នុង​ប្រទេស​កម្ពុជា​ដែល​គាំទ្រ​ដោយ​ប្រទេស​ចិន​ដែល​ផ្តោតជាសំខាន់​ទៅលើ​ការធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​សេវា​ការងារ។ គោល​បំណង​​​នៃ​គម្រោង​នេះ គឺ​ដើម្បី​បង្កើន​ប្រសិទ្ធិភាព​ទីផ្សារការងារ និង​ការចូលរួម​ពី​សំណាក់​ភាគី​​ពាក់ព័ន្ធ កាត់បន្ថយ​ភាព​គ្មាន​ការងារ​ធ្វើ និង​ពង្រឹង​លំហូរ​ព័ត៌មាន​រវាង​អ្នកស្វែងរក​ការងារ​​ធ្វើ និង​និយោជក។ នេះ​បើ​យោងតាម​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ដោយ​អង្គការ ILO ។

នៅ​ប្រទេស​កម្ពុជា គម្រោង​រយៈពេល០៣ឆ្នាំនេះ​នឹង​លើកកម្ពស់​គុណភាព​សេវា​ការងារ និង​បម្រើ​តាម​សេចក្តីត្រូវការ​របស់​អតិថិជន​បន្ថែមទៀត​តាមរយៈ​មជ្ឈមណ្ឌល​ការងារ​ដែលមាន​ស្រាប់ (នៅ​រាជធានី​ភ្នំពេញ បាត់ដំបង សៀមរាប កំពត និង​ស្វាយរៀង)។ គម្រោង​នេះ​នឹង​បង្កើន​ការផ្គូផ្គង និង​ការទទួលបាន​ការងារ​ធ្វើ តាមរយៈ​ការធ្វើឱ្យ​ប្រសើ​ឡើង​នូវ​ការប្រមូល វិភាគ និង​ផ្សព្វផ្សាយ​ទិន្នន័យ​ទីផ្សារការងារ ព្រមទាំង​ជម្រុញ​ការអភិវឌ្ឍ​កម្មវិធី​ដែល​ពាក់ព័ន្ធ​ទៅនឹង​ការងារ​សម្រាប់​គាំទ្រ​ដល់​ក្រុម​ជន​គោលដៅ​ដូចជា ស្ត្រី កម្មករ​ចំណាកស្រុក និង​ជនពិការ។

លោក ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​បណ្តុះបណ្តាល មានប្រសាសន៍ថា “ការពង្រឹង​ផលិតភាព​គឺជា​គន្លឹះ​សម្រាប់​កំណើនសេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ និង​ជួយ​ដល់​ប្រទេស​កម្ពុជា​ដើម្បី​សម្រេច​និង​រក្សា​កំណើនសេដ្ឋកិច្ច និង​ការបង្កើត​ការងារ​បន្ថែម​និង​ល្អប្រសើរ​ជាង​មុន។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រួមជាមួយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ​និង​ការងារ​នឹង​ក្លាយជា​ភ្នាក់ងារ​ដ៏​ចម្បង​ក្នុងការ​អនុវត្ត​គម្រោង​នេះ។ ស្ថាប័ន​ទាំងពីរ​នឹង​ទទួលខុសត្រូវ​រាល់​សកម្មភាព​របស់​គ​ម្រោ​ង​ដើម្បី​គាំទ្រ​ដល់​ការបង្កើត​ការងារ ផ្តល់​សេវា​ការងារ​ដល់​អ្នកស្វែងរក​ការងារ​ធ្វើ ព្រមទាំង​ធានាបាន​នូវ​ការផ្សព្វផ្សាយ​ព័ត៌មាន​ទីផ្សារការងារ​ឱ្យបាន​ទៀងទាត់។ នេះ​បើ​យោងតាម​ការប្រកាស​ឲ្យ​ដឹង​របស់​អង្គការ ILO ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ