អានតួអត្ថបទ
កម្ពុជា

អគ្គនាយក​អន្តោប្រវេសន៍ ព្រមាន​ដក​មន្ត្រី​ណា​ដែល​អនុញ្ញាត​ឲ្យ​ជន​បរទេស​ចូល​កម្ពុជា​ដោយ​ខុស​ច្បាប់​

លោក​នាយ​ឧត្តមសេនីយ៍ ​សុខ ផល ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា​
លោក​នាយ​ឧត្តមសេនីយ៍ ​សុខ ផល ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា​ RFI/ Siv Channa
១៥ នាទី

លោក​នាយ​ឧត្តម​សេនីយ៍ ​សុខ ផល ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍ ​នៃ​ក្រសួង​មហាផ្ទៃ ​បាន​ព្រមាន​ដក​តំណែង ​មន្ត្រី​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ​និង​មន្ត្រី​អសកម្ម​ណា ​ដែល​នៅ​តែ​បន្ត​អនុញ្ញាត​ឲ្យ​ជន​បរទេស​ឆ្លង​ដែន​ចូល​ក្នុង​ប្រទេស​កម្ពុជា ​ដោយ​គ្មាន​ឯកសារ​ត្រឹមត្រូវ​។ ​ការ​ព្រមាន​នេះ ​បាន​លេច​លឺ​ឡើង​ នៅ​ក្នុង​ពិធី​ធ្វើ​បទ​បង្ហាញ​ចែក​រំលែក​បទ​ពិសោធន៍​ ស្តី​ពី​ការងារ​អន្តោប្រវេសន៍​ នា​ព្រឹក​ថ្ងៃ​ទី​ ៥​មករា​នេះ ​នៅ​បណ្ឌិត​សភា​នគរបាល​កម្ពុជា។​

ផ្សាយពាណិជ្ជកម្ម

ការ​ព្រមាន​ចាត់​វិធាន​ការ​ដោយ​គ្មាន​ការ​លើក​លែង​ចំពោះ​បណ្តា​មន្ត្រី​ប៉ុស្តិ៍​នគរបាល​ច្រក​ទា្វរ​ព្រំដែន​អន្តរជាតិ ​និង​មន្ត្រី​អសកម្ម ​របស់​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​នេះ​ គឺ​បន្ទាប់​ពី​មាន​ការ​សង្កេត​ឃើញ​ថា ​មន្ត្រី​មួយ​ចំនួន​ បាន​អនុញ្ញាត​ឲ្យ​ជនបរទេស​ឆ្លង​ដែន​ចូល​មក​ទឹកដីក​ម្ពុជា​ ដោយគ្មា​នឯកសារ​កំណត់​អត្ត​សញ្ញាណ ​គ្មាន​លិខិត​ឆ្លង​ដែន​ និង​គ្មាន​ទិដ្ឋាការ​ឆ្លងដែ​ន​ត្រឹមត្រូវ។ ​ក្នុង​នោះ ​លោក​នាយឧត្តម​សេនីយ៍​សុខ ​ផល ​បាន​ព្រមាន​ដក​តំណែង ​ចំពោះ​នគរបាល​ប៉ុស្តិ៍​ នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ថៃ ​ឡាវ ​និង​វៀតណាម។

នៅ​ក្នុង​ពិធី​ធ្វើ​បទ​បង្ហាញ​ចែក​រំលែក​បទ​ពិសោធន៍ ​ស្តី​ពី​ការងារ​អន្តោ​ប្រវេសន៍ ​ដល់​សិក្ខា​កាម​ និង​មន្ត្រី​នគរបាល​នានា ​នៅ​បណ្ឌិត​សភា​នគរបាល​កម្ពុជា ​លោក​នាយ​ឧត្តម​សេនីយ៍ សុខ ផល ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ​កន្លង​មក​មាន​នគរបាល​ច្រក​ទ្វារ​ព្រំដែន ​នៅ​ក្អម​សំណរ​ ជាប់​ព្រំដែន​វៀតណាម ​ត្រូវ​បាន​ដក​ដំណែង ​ដាក់​កា​រពិន័យ​ និង​បាន​បញ្ជូន​ឡើង​ទៅ​តុលាការ​រួច​ហើយ។ ករណីនេះ ​កើត​ឡើង ​បន្ទាប់​ពី​មន្ត្រី​រូប​នោះ ​បាន​អនុញ្ញាត​ឲ្យ​ជន​បរទេស​ ឆ្លង​ដែន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​ខុសច្បាប់​។

តាម​គេហទំព័រ​របស់​អគ្គស្នងការ​នគរបាល​ជាតិ ​កន្លង​មក​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​ បាន​សហការ​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ ​ដើម្បី​រឹត​បន្តឹ​ងសន្តិសុខ ​និង​ទប់​ស្កាត់​ជន​បរទេស ​ដែល​លួច​ចូល​ដោយ​ខុស​ច្បាប់​ នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ និង​ច្រក​របៀង​នានា។ 

គួរ​ជម្រាប​ជូនថា ​កាល​ពី​ឆ្នាំ​ ២០១៥ក​ន្លង​ទៅ​នេះ ​នៅ​តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ ​ចំនួន​ ២៤​កន្លែង ​ជុំវិញ​ប្រទេស​កម្ពុជា ​មាន​ភ្ញៀវ​បរទេស ​ប្រមាណ​ជាង​ ២០០​សញ្ជាតិ ​សរុប​ប្រមាណ​ជាង​ ៤​លាន​៣សែ​ននាក់​ បាន​ឆ្លង​ដែន​ចូល​មក​ទស្សនា​កម្សាន្ត​ និង​ប្រកប​របរ​ការងារ​ផ្សេង​ៗ ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ យ៉ាង​ណា​ក៏​ដោយ តួលេខ​នេះ ​មិន​បាន​គិត​បញ្ចូល​ ជាមួយ​នឹង​ចំនួន​ ជន​បរទេស ​ដែល​ចូល ​ទៅ​លេង​ល្បែង​នៅ​តាម​កាស៊ីណូ ​តាម​ជាយ​ដែន​នោះ​ទេ។ ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៥​ផងដែរ​ ក៏​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ ប្រមាណ​ជាង​ ១​លាន​១​សែន​នាក់​ បាន​ចេញ​ទៅ​ក្រៅ​ប្រទេស​ ដែល​ចំនួន​នេះ​ កើន​ឡើងជា​ង​ ១៨​ភាគ​រយ ​បើ​ប្រៀប​ធៀប ​នឹង​កាល​ពី​ឆ្នាំ​២០១៤៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ