ឯករាជភាពតុលាការនៅតែជាសេចក្តីស្រេកឃ្លានរបស់ពលរដ្ឋខ្មែរ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:២៤
ទិវាសិទ្ធិមនុស្សអន្តរជាតិ ថ្ងៃ១០ធ្នូ ឆ្នាំ២០១១នេះត្រូវបានប្រារព្ធធ្វើជាទ្រង់ទ្រាយធំ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ "ប្រព័ន្ធតុលាការឯករាជ្យ និងសេរីភាពក្នុងការបញ្ចេញមតិ គឺជាមូលដ្ឋានគ្រឹះនៃយុត្តិធម៌សង្គម និងការគោរពសិទ្ធិមនុស្ស"។ ប្រធានបទនេះចង់ឆ្លុះបញ្ចាំងឲ្យឃើញថា «យុត្តិធម៌» និងការសម្តែងមតិដោយសេរី គឺជាសេចក្តីត្រូវការមិនអាចខ្វះបានរបស់មនុស្ស ជាពិសេសរបស់ពលរដ្ឋខ្មែរ។ តើហេតុអ្វីបានជាយុត្តិធម៌ និងសេរីភាពសម្តែងមតិជាសេចក្តីស្រេកឃ្លានរបស់មនុស្ស?
វាហាក់ដូចជាមិនមែនជារឿងចៃដន្យទេដែលការប្រារព្ធខួបទី៦៣នៃទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំនេះត្រូវបានរៀបចំឡើងដោយផ្តោតលើ« ឯករាជភាពនៃប្រព័ន្ធតុលាការ និងសេរីភាពបញ្ចេញមតិ» ។ មនុស្សប្រមាណ ៤.០០០ នាក់មកពីស្ថាប័នចម្រុះទាំងស្ថាប័នជាតិ អន្តរជាតិ សង្គមស៊ីវិល តំណាងស្ថានទូតបរទេស និងសិស្ស និស្សិត ព្រមទាំងព្រះរាជតំណាងព្រះមហាក្សត្រ និងលោក ស៊ូយ៉ា ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជាផងបានចូលរួម។ វត្តមានចម្រុះស្ថាប័ននៅក្នុងទិវាសិទ្ធិមនុស្សឆ្នាំនេះបានបញ្ជាក់ឲ្យឃើញថា ទាំងអស់គ្នាសស្រាក់សស្រាំក្នុងការគាំទ្រទិវាសិទ្ធិមនុស្ស និង ជាពិសេសគាំទ្រប្រធានបទស្តី«ឯករាជភាពរបស់តុលាការ» និងសេរីភាពសម្តែងមតិដោយគ្មានការរារាំង។
ពិតហើយថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាត្រូវបានទទួលស្គាល់ជាទូទៅថា មិនទាន់បំពេញតួនាទីត្រឹមត្រូវដើម្បីបុព្វហេតុយុត្តិធម៌នៅឡើយ។ ភាពលម្អៀងទាំង៤យ៉ាងគឺ លម្អៀងដោយស្រឡាញ់ ដោយស្អប់ ដោយខ្លាច និងដោយមិនដឹង នៅតែរួមរឹតតុលាការមិនអាចដោះខ្លួនបាននៅឡើយ។ នេះជាហេតុផលនៃការរិះគន់ ហើយដែលរដ្ឋាភិបាលដាក់ចេញនូវកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ជាអាទិភាពមួយរបស់ខ្លួន។ នៅពេលដែលប្រព័ន្ធយុត្តិធម៌លម្អៀងទៅរកគូភាគីម្ខាងដែលជាទូទៅជាអ្នកមានអំណាច និងមានប្រាក់ ពេលនោះអ្នកក្រីក្រគ្មានទីពឹងនឹងទទួលរងគ្រោះដោយមិនអាចចៀសផុតឡើយ។ ភាពលម្អៀងនេះទៀតសោត ក៏ជាការបើកឱកាសឲ្យអ្នកមានឥទ្ធិពលឆ្លៀតប្រើប្រាស់តុលាការដើម្បីបំពានទៅលើអ្នកទន់ខ្សោយ។ នេះជាដើមចមដែលជំរុញឲ្យសកម្មជនសិទ្ធិមនុស្ស និងប្រជាពលរដ្ឋ ជាទូទៅនៅតែស្រែកទាមទារចង់បានតុលាការមួយដែលមានឯករាជភាពពិតប្រាកដ ពីព្រោះយុត្តិធម៌សង្គមគឺជាសេចក្តីស្រេកឃ្លានរបស់មនុស្សទូទៅ ជាពិសេសប្រជាពលរដ្ឋកម្ពុជាដែលធ្លាប់បានហែលឆ្លងកាត់អំពើឃោរឃៅ ការកាប់សម្លាប់ដោយអយុត្តិធម៌ជាច្រើនកាលពីក្នុងអតីតកាល គួរតែមានឱកាសបានទទួលយុត្តិធម៌ពេញលេញមួយនៅក្នុងបរិបទដែលប្រទេសជាតិស្ថិតក្នុងដំណាក់កាលសន្តិភាព និងប្រជាធិបតេយ្យ។
ងាកទៅមើលសេរីភាពសម្តែងមតិវិញ សេរីភាពនេះក៏នៅតែជាប្រធានបទក្តៅមួយដែរ។ កាលពីក្នុងសម័យប៉ុល ពត ប្រជាពលរដ្ឋខ្មែរត្រូវបានរបបដឹកនាំខ្មែរក្រហមតម្រូវឲ្យដាំដើមគ ពោលគឺគ្មានអ្នកណាមានសិទ្ធិបញ្ចេញមតិ តវ៉ាជាមួយអង្គការបានឡើយ។ ការតវ៉ាកាលពីសម័យនោះមានន័យស្មើនឹងស្លាប់។ ប៉ុន្តែ រយៈពេលជិតពីរទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជាបានស្គាល់លទ្ធិប្រជាធិបតេយ្យសេរី។ ក៏ប៉ុន្តែ ពាក្យថា«សេរីភាព» ជាពិសេសសេរីភាពសម្តែងមតិរិះគន់រដ្ឋាភិបាលនៅតែជាចំណោទដែលមិនទាន់ត្រូវបានដោះស្រាយនៅឡើយ។ ជាក់ស្តែង នៅពេលដែលលោកសម រង្ស៊ី ដកតម្រុយបង្គោលព្រំដែនក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង ក្រោមហេតុផលថាបង្គោលព្រំដែននោះត្រូវបានបោះចូលជ្រៅក្នុងទឹកដីខ្មែរ តើវាជាសេរីភាព ឬជាការបំពានច្បាប់? នៅពេលដែលសកម្មជនបក្សប្រឆាំងបំផុស ប្រជាពលរដ្ឋអំពីបញ្ហាព្រំដែន ឬក៏នៅពេលដែលក្រុមប្រឆាំងបាចខិត្តប័ណ្ណជេរប្រមាថមេដឹកនាំជាតិ តើជាសេរីភាពខាងនយោបាយរបស់ពួកគេ ឬជាទង្វើខុសច្បាប់? សំណួរទាំងនេះឆ្លុះបញ្ចាំងពីបញ្ហាដែលកំពុងតែកើតមាននៅកម្ពុជាបច្ចុប្បន្ន។ នៅពេលដែលបក្សប្រឆាំងបកស្រាយថា ជាសេរីភាព រដ្ឋាភិបាលបានយកវិធានការច្បាប់មកអនុវត្តដើម្បីចាប់អ្នកប្រព្រឹត្តផ្តន្ទាទោស។
បញ្ហាទាំងនេះក៏បានសបញ្ជាក់អំពីសារៈសំខាន់នៃឯករាជភាពរបស់តុលាការជាចាំបាច់ពីព្រោះតុលាការគឺជាអ្នកកាត់សេចក្តី។ ប្រសិនបើស្ថាប័នតុលាការលម្អៀង យុត្តិធម៌នឹងមិនអាចរកឃើញឡើយ។ ក្នុងន័យនេះហើយបានជាទិវាសិទ្ធិមនុស្សឆ្នាំនេះបានភ្ជាប់សេរីភាពសម្តែងមតិទៅនឹងភាពឯករាជ្យរបស់ប្រព័ន្ធតុលាការ។ និយាយជារួម ការធ្វើឲ្យប្រព័ន្ធតុលាការឯករាជ្យ និងប្រកបដោយវិជ្ជាជីវៈខ្ពស់ គឺជាការស្រេកឃ្លានរបស់សង្គមកម្ពុជាទាំងមូល ពីព្រោះវាជាកត្តាស្លាប់រស់សម្រាប់ដោះស្រាយបញ្ហាចាក់ស្រេះក្នុងសង្គមខ្មែរបច្ចុប្បន្ន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ