លើកស្ទួយវិស័យអប់រំ ត្រូវផ្តើមពីការលើកស្ទួយជីវភាពគ្រូ!
ចុះផ្សាយនៅថ្ងៃ៖
វិស័យអប់រំត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយ ដើម្បីជំរុញការអភិវឌ្ឍប្រទេស ជាពិសេសនៅក្នុងយុគសម័យបច្ចុប្បន្ន ដែលការអភិវឌ្ឍត្រូវផ្អែកលើធនធានបញ្ញា។ ក្នុងអាណត្តិរបស់លោក ហង់ជួន ណារ៉ុន ក្រសួងអប់រំកំពុងប្រកាសសង្គ្រាមប្រឆាំងអំពើពុករលួយ និងភាពមិនប្រក្រតីផ្សេងៗ ដែលតែងកើតឡើង នៅពេលប្រឡង។ វិធានការ ដែលត្រូវបានចាត់ឡើង ក្នុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រយៈពេលពីរថ្ងៃកន្លងទៅនេះ គឺជាចំណុចចាប់ផ្តើមដ៏ល្អមួយ ប៉ុន្តែ ដើម្បីលើកស្ទួយវិស័យអប់រំ នៅកម្ពុជា គេក៏ប្រាកដជាមិនអាចមើលរំលងជីវភាពគ្រូបង្រៀនបានឡើយ។
ការសូកប៉ាន់ ការបែកធ្លាយវិញ្ញាសា ការលួចចម្លង... ដែលតែងបង្កភាពអនាធិបតេយ្យ នៅរាល់ពេលប្រឡងម្តងៗ និងដែលបានធ្វើឲ្យវិស័យអប់រំកម្ពុជាអាប់ឱនជាយូរណាស់មកហើយនោះ ហាក់បានស្ងប់ស្ងាត់គួរឲ្យកត់សម្គាល់សម្រាប់ការប្រឡង «បាក់ឌុប» ឆ្នាំនេះ។ ស្ងប់ស្ងាត់ ពីព្រោះតែក្រសួងអប់រំក្រោមអាណត្តិរបស់លោករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានចាត់វិធានការតឹងតែងដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងភាពមិនប្រក្រតីទាំងឡាយនោះ។
ចំណាត់ការនេះបានទទួលការសាទរជាទូទៅ ប៉ុន្តែ និយាយពីកំណែទម្រង់វិស័យអប់រំកម្ពុជា មានកិច្ចការច្រើនណាស់ដែលត្រូវធ្វើក្នុងនោះការលើកស្ទួយជីវភាពគ្រូបង្រៀនគឺជាអាទិភាពដែលមិនអាចមើលរំលងបានឡើយ។ នៅក្នុងសង្គមខ្មែរ គ្រូគឺជាគម្រូ ជាអ្នកមានគុណ ជាឳពុកម្តាយទី២ និងជាមនុស្សជាទីគោរពនៃអ្នកផងទាំងពួង។ គុណសម្បត្តិដ៏លើសលប់របស់គ្រូត្រូវបានជាជនជាតិខ្មែរឲ្យតម្លៃយ៉ាងខ្លាំង។ អ៊ីចឹងហើយបានជាខ្មែរយើងតែងហៅមនុស្សដែលខ្លួនគិតថាជាអ្នកចេះដឹងថា«លោកគ្រូ» បើទោះបីជាអ្នកនោះមិនប្រកបរបរជាគ្រូបង្រៀនក៏ដោយ។ ពាក្យថា«លោកគ្រូ»គឺជាតំណាងនៃការគោរពនិងផ្តល់តម្លៃដល់មនុស្សក្នុងសង្គម។
ប៉ុន្តែ ជាច្រើនទសវត្សរ៍ចុងក្រោយនេះ គុណតម្លៃរបស់គ្រូបង្រៀនបានទទួលរងការប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងដោយសារតែជីវភាពខ្សត់ខ្សោយរបស់ពួកគេ។ មុខរបរគ្រូបង្រៀនដែលធ្លាប់តែជាជម្រើសទី១និងជាទីកោតស្ញប់ស្ញែងរបស់មនុស្សទូទៅបានក្លាយជាជម្រើសបន្ទាប់បន្សំ ឬ ជាជម្រើសចុងក្រោយបំផុតសម្រាប់អ្នកស្វែងរកការងារធ្វើ។ សូម្បីតែកូនសិស្សមួយចំនួនក៏មិនសូវគោរពគ្រូនិងមិនសូវស្តាប់បង្គាប់គ្រូទៀតដែរ។ ការស្រុតចុះសីលធម៌សង្គមជារឿងមួយ ប៉ុន្តែ ជីវភាពខ្សត់ខ្សោយរបស់គ្រូគឺជាចំណែកដែលធ្វើឲ្យពួកគេបាត់បង់តម្លៃនៅចំពោះមុខសិស្ស។
ពិតហើយថា គ្រូបង្រៀនមិនមែនសុទ្ធតែដូចគ្នាទាំងអស់នោះទេ។ ពិតជាមានគ្រូពូកែៗ និងនៅរក្សាបានភាពជាគំរូដ៏គួរឲ្យគោរព។ លោកគ្រូ អ្នកគ្រូមួយចំនួនអាចរកប្រាក់បានពីអាជីពរបស់ខ្លួន តាមរយៈការបង្រៀនក្រៅម៉ោងឬបង្រៀននៅសាលាឯកជន។ ប៉ុន្តែ គ្រូបង្រៀនជាច្រើន កំពុងជួបប្រទះបញ្ហាជីវភាពដោយសារតែប្រាក់បៀវត្សរ៍មិនអាចអនុញ្ញាតឲ្យពួកគេផ្គត់ផ្គង់ជីវភាពឲ្យសមរម្យបានទេ។
ដើម្បីបង្គ្រប់ជីវភាព លោកគ្រូ អ្នកគ្រូជាច្រើនបានឆ្លៀតពេលរកប្រភពចំណូលបន្ថែមបើទោះបីជាពួកគេដឹងថា របរខ្លះប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរបស់ខ្លួនក៏ដោយ។ លោកគ្រូ អ្នកគ្រូ ខ្លះទៀតឆ្លៀតរត់ម៉ូតូឌុប ឬប្រកបរបរកំប៉ិកកំប៉ុកតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។ បើទោះបីជារស់ក្នុងស្ថានភាពលំបាកលំបិនយ៉ាងណាក៏ដោយ ក៏លោកគ្រូអ្នកគ្រូនៅតែតស៊ូ អត់ធ្មត់ដើម្បីបំពេញការងាររបស់ខ្លួនដោយឥតរួញរា។ ជាលទ្ធផល សិស្ស និងនិស្សិត រាប់សែននាក់បានបញ្ចប់ការសិក្សាជារៀងរាល់ឆ្នាំ។
ជាការពិតណាស់ បច្ចុប្បន្ននេះ គុណភាពនៃធនធានមនុស្សគឺជាបញ្ហាស្លាប់រស់សម្រាប់ប្រទេសនីមួយ។ ដោយឡែក កម្ពុជាដែលនៅដាច់យ៉ាងឆ្ងាយពីគេឯងដោយសារតែរបបខ្មែរក្រហមរឹតតែត្រូវការធនធានមនុស្សជាចាំបាច់លើសពីអ្វីទាំងអស់។ នៅក្នុងបរិបទនេះ ការលើកស្ទួយវិស័យអប់រំគឺជាអាទិភាពចម្បងជាងគេបំផុត។
ដើម្បីធ្វើកិច្ចការនេះ គេត្រូវផ្តើមពីការលើកតម្លៃគ្រូបង្រៀនជាចាំបាច់។ ពិតហើយថា ស្ថានភាពសេដ្ឋកិច្ចប្រទេសជាតិមិនអនុញ្ញាតឲ្យរដ្ឋដំឡើងប្រាក់ខែគ្រូបង្រៀនឲ្យបានសមរម្យ ប៉ុន្តែ ហេតុអ្វីក៏មន្ត្រីរដ្ឋាភិបាលជាច្រើនមានជីវភាពខុសស្រឡះពីគ្រូបង្រៀន? នេះជាសំណួរដែលសបញ្ជាក់ថារដ្ឋាភិបាលអាចបង្កើនជីវភាពគ្រូបានល្អប្រសើរជាងនេះប្រសិនបើការគ្រប់គ្រងចំណូលថវិកាជាតិបានល្អ។
សរុបមកវិញ ការលើកស្ទួយវិស័យអប់រំគឺជាកិច្ចការសំខាន់មិនអាចខ្វះបានសម្រាប់ប្រទេសកម្ពុជា។ ដើម្បីរៀបចំថ្នាលបណ្តុះធនធានមនុស្សឲ្យបានល្អ ការលុបបំបាត់អំពើពុករលួយនិងការលើកស្ទួយជីវភាពគ្រូគឺជាកិច្ចការសំខាន់ពីរជាអាទិភាពមុននឹងនិយាយពីកំណែទម្រង់ផ្សេងទៀតពីព្រោះសូមកុំភ្លេចថា ប្រសិនបើគ្រូរវល់គិតគូរតែជីវភាពរបស់ខ្លួនធំជាងកិច្ចការបង្រៀន និងប្រសិនបើការសូកប៉ាន់ដើម្បីទទួលបានសញ្ញាបត្រនៅតែមានប្រសិទ្ធភាព គេប្រាកដជាមិនអាចនិយាយពីគុណភាពនៃវិស័យអប់រំបានឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ