អូស្រ្តាលី

អូស្រ្តាលី៖ភ្លើងឆេះព្រៃ​ចុះថយ​ឥទ្ធិពល កងទ័ព​ជាប់ចោទ​ពីបទបាន​បង្កឲ្យ​មាន​ភ្លើងឆេះព្រៃ

ភ្លើងឆេះព្រៃ​នៅ​អូស្រ្តាលី​​ចុះថយ​ឥទ្ធិពល កងទ័ព​ជាប់ចោទ​ពីបទបាន​បង្កឲ្យ​មាន​ភ្លើងឆេះព្រៃ
ភ្លើងឆេះព្រៃ​នៅ​អូស្រ្តាលី​​ចុះថយ​ឥទ្ធិពល កងទ័ព​ជាប់ចោទ​ពីបទបាន​បង្កឲ្យ​មាន​ភ្លើងឆេះព្រៃ REUTERS/David Gray

នៅ​ថ្ងៃ ព្រហស្បតិ៍ ទី២៤ តុលា​នេះ ភ្លើងឆេះព្រៃ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ហាក់​ដូច​ជា​បាន​ថយ​ឥទ្ធិពល​របស់​វា​បន្តិច​វិញ​ហើយ បន្ទាប់​ពី​បាន​ឆេះ​យ៉ាង​សន្ធោសន្ធៅ​អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​មក។ ការ​ចុះ​ថយ​ឥទ្ធិពល​ក៏​ដោយសារ​តែ​សីតុណ្ហភាព​បាន​ធ្លាក់​ចុះ និង​បាន​ជួយ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ក្រុមអ្នកពន្លត់អគ្គិភ័យ។ ក្រុមអ្នកពន្លត់អគ្គិភ័យ​ដែល​ទើប​បាន​បាត់បង់​អ្នកបើកបរ​យន្តហោះពន្លត់អគ្គិភ័យ​ម្នាក់​នៅ​ថ្ងៃ​នេះ ក្រោយ​ពី​ការ​ធ្លាក់​យន្តហោះ​នោះ។ ដោយឡែក ចៅហ្វាយ​ស្រុក​នៅ​ភ្នំខៀវ​ដែល​តំណាង​ឲ្យ​តំបន់​ទទួល​រងគ្រោះ​ខ្លំាង​ជាង​គេ​បាន​ចោទ​កងទ័ព​ពី​បទ​បាន​បង្ក​ឲ្យ​មាន​ភ្លើងឆេះព្រៃ​នៅ​ពេល​នេះ។

ផ្សាយពាណិជ្ជកម្ម

តំាង​ពី​ជាង​មួយ​សប្តាហ៍​មក​ហើយ​ដែល​ក្រុមអ្នក​ពន្លត់អគ្គិភ័យ​រាប់សិបពាន់​នាក់ មាន​ទំាង​អ្នក​ស័្មគ្រចិត្ត​ផង​នោះ បាន​នំា​គ្នា​ចូលរួម​ពន្លត់​ភ្លើង​ដែល​កំពុង​បន្ត​ឆេះ​ព្រៃ ព្រម​ទំាង​ផ្ទះសម្បែង​របស់​ប្រជាជន។ ហេតុការណ៍​នេះ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​រដ្ឋ Nouvelle-Galles ប៉ែក​ខាងត្បូង។ តែ​នៅ​ថ្ងៃ​នេះ និង​បន្ទាប់​ពី​មាន​ឥទ្ធិពល​យ៉ាង​ខ្លំាងក្លា​អស់​ជា​ច្រើន​ថ្ងៃ​មក កម្លំាង​ភ្លើងឆេះព្រៃ​ហាក់​ដូច​ជា​ចុះ​ថយ​បន្តិច ដោយសារ​តែ​សីតុណ្ហភាព​ធ្លាក់​ចុះ។ នេះ​ជា​លើក​ទីមួយ​ក្នុង​រយៈពេល​ជិត​កន្លះ​សតវត្ស​កន្លង​ទៅ ដែល​រដ្ឋ Nouvelle-Galles ប៉ែកខាងត្បូង​មិន​ធ្លាប់​ជួប​ប្រទះ​នឹង​ភ្លើងឆេះព្រៃ​យ៉ាង​សាហាវ​ដូច​ពេល​នេះ​ទេ។

ជា​តុល្យការ​បណ្តោះអាសន្ន​មក​ដល់​ថ្ងៃ​នេះ ភ្លើងឆេះព្រៃ​បាន​បំផ្លាញ​ផ្ទះសម្បែង​ប្រជាជន​អស់​ជាង ២០០ខ្នង ពិសេស​នៅ​តំបន់​ភ្នំខៀវ ព្រម​ទំាង​បំផ្លាញ​ព្រៃឈើ​ក្នុង​រដ្ឋ Nouvelle-Galles ប៉ែកខាងត្បូង​អស់​ជាង ១២៤ ០០០ហិចតា។ និយាយ​ពី​ចំនួន​ជនរងគ្រោះ​វិញ មិន​សូវ​ជា​ធំដុំ​ទេ គឺ​មាន​ស្លាប់​ពីរ​នាក់ ម្នាក់​ជា​បុរស​អាយុ​ប្រមាណ ៦០ឆ្នំា​កាល​ពី​​សប្តាហ៍​កន្លង​ទៅ ដោយ​គំាង​បេះដូង​ក្នុង​ពេល​ដែល​គាត់​បាន​ព្យាយាម​ការពារ​ផ្ទះ​របស់​គាត់​កុំ​ឲ្យ​ភ្លើង​ឆេះ រីឯ​ម្នាក់​ទៀត​បាន​ស្លាប់​ក្នុង​ថ្ងៃ​នេះ ជា​អ្នកបើកបរ​យន្តហោះ​ពន្លត់​អគ្គិភ័យ បន្ទាប់​ពី​យន្តហោះ​របស់​គាត់​បាន​ធ្លាក់។

ប្រភព​ក្រុម​អ្នកពន្លត់អគ្គិភ័យ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ខណៈ​នេះ និង​ទោះបី​ជា​សីតុណ្ហភាព​បាន​ធ្លាក់​ចុះ​បន្តិច​ក៏​ដោយ ក៏​នៅ​សល់​កន្លែង​ឆេះព្រៃ​ចំនួន ៦៦កន្លែង​ទៀត​ដែល​ត្រូវ​ពន្លត់ ក្នុង​នោះ​មាន ២៤កន្លែង​ដែល​ក្រុមអ្នក​ពន្លត់អគ្គិភ័យ​នៅ​មិន​អាច​គ្រប់គ្រង​បាន​នៅ​ឡើយ​ទេ។ ដោយឡែក ប្រធាន​ក្រុមអ្នក​ពន្លត់អគ្គិភ័យ​ក្នុង​រដ្ឋ Nouvelle-Galles ប៉ែកខាងត្បូង​បាន​បញ្ជាក់​ថា ភ្លើងឆេះព្រៃ​ពេល​នេះ​បាន​កើត​ចេញ​ពី​ការ​ធ្វើ​សមយុទ្ធ​របស់​កងទ័ព​កាល​ពី​ថ្ងៃទី១៦ តុលា​កន្លង​ទៅ។ តែ​ក្រសួង​ការពារជាតិ​នៅ​មិន​បាន​បញ្ចេញ​ប្រតិកម្ម​អ្វី​ជុំវិញ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​នោះ​ទេ។ ទន្ទឹម​គ្នា​នេះ ចៅហ្វាយ​ស្រុក​នៅ​ភ្នំខៀវ​ដែល​តំណាង​ឲ្យ​តំបន់​ទទួល​រងគ្រោះ​ខ្លំាង​ជាង​គេ​បាន​សម្តែង​ភាព​មិនសប្បាយចិត្ត និង​បាន​សុំ​ឲ្យ​កងទ័ព​បំភ្លឺ​ជុំវិញ​ទង្វើ​របស់​ខ្លួន​ដែល​បាន​ធ្វើ​សមយុទ្ធ​ក្នុង​រដូវ​រំាងស្ងួត និង​មាន​សីតុណ្ហភាព​ខ្ពស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI