អគ្គិភ័យផ្តាច់ជីវិតកម្មករវៀតណាមអស់១៤នាក់
អគ្គិភ័យនេះបានឆាបឆេះនៅម៉ោង៥ល្ងាចមិញ ក្នុងរោងជាងកាត់ដេរមួយ តំបន់ជាយក្រុងម៉ូស្គូ។ ជាតិវៀតណាមដែលអភ័ព្វស្លាប់ទៅនោះ សុទ្ធតែជាកម្មករចំណាកស្រុកដែលបានជ្រៀតចូលមកស៊ីឈ្នួលកាត់ដេរសំលៀកបំពាក់ ទាំងខុសច្បាប់នៅលើទឹកដីរុស្ស៊ី។
ចុះផ្សាយនៅថ្ងៃ៖
ជាបឋមគួរនិយាយថា រោងជាងកាត់ដេរនេះស្ថិតនៅក្រុង Egorievsk ចម្ងាយ១០០គ.ម. ភាគអគ្នេយ៍ ពីរដ្ឋធានីម៉ូស្គូ។ នៅវេលាម៉ោង៥ល្ងាចម្សិលមិញ ក្រោយពីបានទទួលដំណឹងស្តីអំពីអាសន្នអន្ធក្រនោះ មានឡានទឹកចំនួនដល់ទៅ១០គ្រឿងបានអន្តរាគមន៍ជាបន្ទាន់។ តាមសំដីប្រធានក្រុមលត់ភ្លើងនោះ អគ្គិភ័យបានឆាបឆេះលើផ្ទៃក្រឡាប្រមាណតែ ៤០ ម៉ែត្រការ៉េប៉ុណ្ណោះ។ ប៉ុន្តែ មូលហេតុដែលបណ្តាលឲ្យកម្មករ សុទ្ធតែជាជាតិវៀតណាមធ្លាក់ខ្លួនស្លាប់ច្រើនម្លឹងៗ ដល់ទៅ១៤នាក់តែម្តង គឺមកពីគេទាំងនោះមិនអាចរត់ចេញរួចពីកន្លែងធ្វើការ នៅពេលដែលគេស្លន់ស្លោ ត្រូវលេបត្របាក់ដោយអណ្តាតភ្លើង មកពីថៅកែបានចាក់សោបិទទ្វារពីក្រៅ ដើម្បីការពារកុំឲ្យសមត្ថកិច្ចរុស្ស៊ីចូលទៅឆែកឆេរ ពីព្រោះអ្នកកាត់ដេរទាំងនោះ ធ្វើការដោយលួចលាក់ ទាំងខុសច្បាប់ គ្មានក្រដាសស្នាមអ្វីណាទេ។
ម៉្លោះហើយបានជាពេលឡានទឹកទៅដល់ក្រុមអ្នកលត់ភ្លើង បានបង្ខំចិត្តគាស់ទ្វារដ៏ធំនោះសិន ដើម្បីមានលទ្ធភាពចូលទៅបាញ់ទឹក បង្ក្រាបភ្លើងនោះ ឲ្យវារលត់ទៅរំលង ២ម៉ោងក្រោយមក។ បន្ទាប់មក សពកម្មករវៀតណាមទាំង១៤នាក់នោះ ត្រូវបានពិនិត្យមើលដោយក្រុមស៊ើបអង្កេត ទាំងវែកញែកបំភ្លឺអំពីមូលហេតុនៃអគ្គិភ័យផ្ទាល់។ មកទល់ព្រឹកថ្ងៃនេះ ស្ថាប័នអន្តោប្រវេសន៍រុស្ស៊ី ហៅកាត់ថា FMS បានប្រកាសឲ្យដឹងថា នៅតំបន់ជុំវិញរោងជាងកាត់ដេរនោះ មានវាតប្រតិបត្តិការ ឃាត់ខ្លួនកម្មករវៀតណាមបានចំនួន ៦០នាក់ហើយ ដែលស្ថិតនៅលើទឹដីរុស្ស៊ី ទាំងខុសច្បាប់ដែរ។
គ្មានទេ តួលេខពិតប្រាកដនៃចំនួនកម្មករចំណាកស្រុកជាតិវៀតណាមដែលធ្វើការនៅរុស្ស៊ី ។ ប៉ុន្តែតាមការប៉ាន់ស្មាននៃស្ថាប័នអន្តោប្រវេសន៍រុស្ស៊ី FMS សព្វថ្ងៃ ស្នាក់នៅធ្វើការតាមច្រកល្ហកប្លែកៗនៃប្រទេសរុស្ស៊ី គឺមានកម្មករវៀតណាមបែបនេះ ដល់ទៅរាប់ម៉ឺននាក់។ ទាក់ទងនឹងជីវិតអ្នកកាត់ដេរវៀតណាមនៅរុស្ស៊ី ក្រុមហ៊ុនវិទ្យុទូរទស្សន៍អង់គ្លេស BBC ធ្លាប់បានលើកយកមកផ្សាយ ជាឧទាហរណ៍ គឺការដំណាលរបស់កម្មករម្នាក់ឈ្មោះ Quong ធ្វើការនៅឯក្រុងរុស្ស៊ី Toula ចម្ងាយ២០០គ.ម. ខាងត្បូងពីរដ្ឋធានីម៉ូស្គូ ដែលត្អូញថា គេត្រូវដេរក្នុង១ថ្ងៃៗ ដល់ទៅ ២០ម៉ោង ប៉ុន្តែ ៣ឆ្នាំក្រោយមក គេបែរទៅជាជំពាក់ថៅកែ ១៦៥ដុល្លារទៅវិញ លុះទាល់តែនៅទីបំផុត គេបានសុំឲ្យស្ថានទូតវៀតណាមនៅរុស្ស៊ី ជួយចេញក្រដាសស្នាមទៅគេ និងជួយទិញសំបុត្រយន្តហោះឲ្យគេបានត្រឡប់ទៅស្រុកវិញទៅ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ