អូស្ត្រាលី

រដ្ឋNew South Wales​ អូស្ត្រាលី​ ស្ថិតក្នុង​ស្ថានភាព​ប្រកាស​អាសន្ន​ដោយសារ​អគ្គិភ័យ​

ក្រុមពន្លត់អគ្គិភ័យ​មាន​សិទ្ធិ​​កំទេច​រាល់​គេហដ្ឋាន​ដែល​ឆាបឆេះ ហើយ​ដែល​អាច​រាលដាល​ដល់​អគារ​ផ្សេងៗទៀត។
ក្រុមពន្លត់អគ្គិភ័យ​មាន​សិទ្ធិ​​កំទេច​រាល់​គេហដ្ឋាន​ដែល​ឆាបឆេះ ហើយ​ដែល​អាច​រាលដាល​ដល់​អគារ​ផ្សេងៗទៀត។ Reuters

អូស្ត្រាលី​បាន​រងការវាយប្រហារ​ដោយ​អគ្គិភ័យ​​ តាំង​ពីថ្ងៃ​ព្រហស្បតិ៍សប្តាហ៍​មុន​មកម្ល៉េះ។ ភ្លើង​បាន​បន្ត​​​ឆេះ​រាលដាល​ព្រៃគុម្ពោត​​ នៅ​​​រដ្ឋ​ New South Wales នៅ​ភាគ​អាគ្នេយ៍ ក្នុង​តំបន់ ​Sydney ធ្វើអោយ​អាជ្ញាធរ​​ ប្រកាស​​ដាក់​​រដ្ឋនេះ ក្នុង​ស្ថានភាព​​​អាសន្ន។ រហូត​មកដល់​ពេលនេះ អគ្គិភ័យ​បាន​ត្របាក់​​ផ្ទះ​អស់​ជាង​២០០ខ្នង​​ហើយ។ ​ក្រុមពន្លត់​អគ្គិភ័យ​ ​​បារម្ភ​​ថា ការឡើង​កំដៅសីតុណ្ហភាព​នៅ​ថ្ងៃ​អង្គារ​ និង​ថ្ងៃ​ពុធនេះ ​អាច​​ធ្វើអោយ​​ស្ថានភាព​កាន់តែ​ពិបាក​គ្រប់គ្រងថែមទៀត។​

ផ្សាយពាណិជ្ជកម្ម

 

នៅ​​​​រដ្ឋ​ New South Wales នៅ​ភាគ​អាគ្នេយ៍ ប្រទេស​អូស្ត្រាលី ភ្លើង​ដែលបាន​​​ឆេះ​ព្រៃ​គុម្ពោត​​ជាច្រើន​កន្លែង តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​​សប្តាហ៍​មុន​មក​ ត្រូវ​បាន​​ពន្លត់​រួចហើយ។ ប៉ុន្តែ​ នៅថ្ងៃ​ចន្ទ​ម្សិលមិញ​​នេះ អគ្គិភ័យ​ជាច្រើន​ទៀត​នៅ​បន្ត​រាលដាល ហើយ​អាជ្ញាធរ​នៅ​មិនទាន់​អាច​បង្ក្រាប​​បាននៅឡើយ​ទេ។

ភ្លើង​បាន​បង្ក​ជាផ្សែង​​​នៅ​តំបន់​ Sydney។ អាជ្ញាធរ​បាន​សំណូមពរ​អោយ​ប្រជាជន​​​​ស្ថិត​នៅ​តែ​ក្នុង​គេហដ្ឋាន​របស់​ពួកគេ ប្រសិន​បើ​អាច ហើយ​ចៀសវាង​ធ្វើ​លំហាត់កីឡា​នៅ​​​ទីវាល។ រដ្ឋ​ New South Wales នៅ​ភាគ​អាគ្នេយ៍ គឺ​ជា​​រដ្ឋ​ដែល​រងគ្រោះ​ដោយ​ភាព​រាំងស្ងួត​ និង​មាន​កម្រិត​​សីតុណ្ហភាព​​ខ្ពស់​ជាង​ធម្មតា។

អាទិភាព​នៅ​ពេលនេះ គឺ​ថា​ក្រុម​ពន្លត់​អគ្គិភ័យ​ត្រូវ​បង្ក្រាបអោយបាន​នូវ​​​ជញ្ជាំង​ភ្លើងទំហំ​​​​​​៣០០គីឡូម៉ែត្រ​​ ​ ដែល​បាន​រាលដាល​នៅ​ភូមិ​ Lithgow ភាគខាងលិច​ Sydney។ ក្រុមពន្លត់​អគ្គិភ័យ​​បារម្ភ​ថា ​នៅ​ថ្ងៃ​អង្គារ​ និង​ថ្ងៃ​ពុធ​នេះ អគ្គិភ័យ​ចំនួន​ពី​២ទៅ៣​ អាច​​នឹង​ផ្តុំ​គ្នានៅជួរភ្នំ​ Blue Mountains ​បង្ក​ទៅ​ជា​អគ្គិភ័យ​ដ៏​សម្បើម​មួយ ហើយ​ខ្យល់​អាច​នឹង​បក់នាំ​អគ្គិភ័យ​ដ៏​ធំនេះ ទៅ​កាន់​ភាគ​ខាងលិច​​ក្រុង​Sydney ធ្វើអោយ​​ប៉ះពាល់​ដល់​​គេហដ្ឋាន​ដែល​មាន​មនុស្ស​រស់​នៅ​​ក្នុង​តំបន់​នោះ។

អាជ្ញាធរ​​​បាន​អនុញ្ញាត​អោយ​ក្រុមពន្លត់អគ្គិភ័យ​កំទេច​រាល់​គេហដ្ឋាន​ដែល​ឆាបឆេះ ហើយ​ដែល​អាច​រាលដាល​ដល់​អគារ​ផ្សេងៗទៀត។ ក្រុមពន្លត់​ភ័យ​ក៏​មាន​សិទ្ធិ​ជម្លៀស​ប្រជាជន​ចេញ​​ពី​គេហដ្ឋាន​របស់​ពួកគេ​ដោយ​បង្ខំ​ផងដែរ​ ក្នុង​ករណី​ចាំបាច់។

អាជ្ញាធរ​អូស្ត្រាលី​មាន​ការ​បារម្ភ​ខ្ពស់ ខ្លាច​គ្រោះ​អគ្គិភ័យ​ព្រៃគុម្ពោធ​ បង្ក​ទៅ​ជា​មហន្តរាយ​ធ្ងន់ធ្ងរ​ ​ដូច​កាលពី​ឆ្នាំ​២០០៩ដែរ។ កាលណោះ​ ​អគ្គិភ័យ​​​បែបនេះ បាន​សម្លាប់​មនុស្ស​១៧៣នាក់​ ក្នុង​ប្រទេស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI