បង់ក្លាដែស

ស្លាប់​​​យ៉ាងហោច​​​២៣នាក់​​ ក្នុង​​អគ្គិភ័យ​​​​រោងចក្រ​​​​នៅ​​បង់ក្លាដែស​​​

Reuters

នៅ​បង់ក្លាដែស ព្រឹក​​ថ្ងៃសៅរ៍​១០សីហានេះ ​មានមនុស្ស​យ៉ាងហោច​​២៣នាក់ បានស្លាប់ និង​ជាង២០នាក់ទៀត​​រងរបួស ​ក្នុងគ្រោះ​​​អគ្គិភ័យ​នៅរោងចក្រ​ផលិត​ថង់ផ្លាស្ទិក​មួយកន្លែង នៅ​ភាគខាងជើង​ក្រុងដាកា។ ​ប៉ូលិស​បារម្ភ​ថា អាច​​មាន​មនុស្ស​កំពុង​ជាប់ខ្លួន​​ក្នុង​រោងចក្រ​នៅឡើយ។ គេនៅ​មិនទាន់ដឹង​មូលហេតុ​​ពិតប្រាកដ​​​នៃ​អគ្គិភ័យ​នេះទេ តែ​វា​អាច​បង្កឡើង​ដោយ​ការផ្ទុះ​ឧបករណ៍​កំដៅ​ថាមពល។ ​ 

ផ្សាយពាណិជ្ជកម្ម

រោងចក្រ​បង់ក្លាដែស ​ដែល​រងអគ្គិភ័យ ថ្ងៃសៅរ៍នេះ មាន​កម្ពស់​៤ជាន់ ​ស្ថិត​នៅក្រុង​ឧស្សាហកម្ម​​​​​Tongi តែ​ប៉ុន្មានគីឡូម៉ែត្រ​ប៉ុណ្ណោះ ​ពី​ភាគខាងជើង​ក្រុងដាកា។ អគ្គិភ័យ​​អាច​​បង្កឡើង ដោយសារ​ការផ្ទុះ​ឧបករណ៍​​កំដៅថាមពល​​របស់​រោងចក្រ។ កម្មករ​ជាង១០០នាក់ កំពុង​ធ្វើការ​នៅទីនោះ​ ក្នុងពេល​ហេតុការណ៍​នេះកើតឡើង។ អគ្គិភ័យ​បាន​ធ្វើអោយ​បាក់រលំ​​ផ្នែកមួយ​នៃ​អគាររោងចក្រ។ ​

ជនរងគ្រោះ​ភាគច្រើន​រងការរលាក​។ អ្នករងរបួស​ធ្ងន់ធ្ងរ​ត្រូវ​​គេបញ្ជូន​ទៅ​មន្ទីរពេទ្យ នៅ​​ក្រុងដាកា​ជិតនោះ​។ យោងតាម​ប៉ូលិស ការដែល​ភ្លើងអាច​ឆេះរាលដាល​លឿន នៅ​រោងចក្រ​ ដោយសារ​តែ​​នៅជាន់ក្រោម​រោងចក្រ មាន​ស្តុកទុក​ផលិតផល​គីមី​ជាច្រើន។ ​រោងចក្រ​នេះ ផលិត​ថង់ផ្លាស្ទិក​ សម្រាប់​វេចខ្ចប់​ម្ហូបអាហារ។

បង់ក្លាដែស​ជា​ប្រទេស​នាំចេញ​ផលិតផល​វាយនភ័ណ្ឌ​ លំដាប់ទី២​ បន្ទាប់ពីចិន។ ប៉ុន្តែ អគាររោងចក្រ​នានា នៅ​បង់ក្លាដែស​តែង​រង​​គ្រោះផ្សេងៗ ដូចជាអគ្គិភ័យ រឺ​​ការបាក់រលំ​ ដោយសារ​​រោងចក្រ​​​​គ្មាន​​​ស្តង់ដា​សន្តិសុខ​ត្រឹមត្រូវ។

កាលពីឆ្នាំ២០១២ អគ្គិភ័យ​នៅ​រោងចក្រថាស្រ៊ីន​​ ​ក្រុងដាកា បាន​សម្លាប់​​កម្មករ​១១១នាក់។ កម្មករ​ច្រើននាក់​ស្លាប់​ក្នុង​គ្រោះភ្លើង ដោយសាររោងចក្រ​គ្មានច្រកចេញ​គ្រប់គ្រាន់។ ក្រោយមកទៀត នៅ​​ខែមេសា​ឆ្នាំ២០១៣ ​អគារ​ពាណិជ្ជកម្ម ​​​រ៉ាណា ផ្លាហ្សា នៅ​ជាយក្រុង​ដាកា បាន​រលំ​បាក់​ សម្លាប់​មនុស្ស​​ជាង១១០០នាក់៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI