អាមេរិក-រុស្ស៊ី

អាមេរិក​បរិហារ​​ការប៉ះទង្គិច​​រវាង​​យន្តហោះ​​យោធា​ខ្លួន​និង​​យន្តហោះ​​ប្រដេញ​​រុស្ស៊ី​

យន្តហោះ​ ​Sukhoi រុស្ស៊ី
យន្តហោះ​ ​Sukhoi រុស្ស៊ី REUTERS/RAF/MoD/Crown

មន្ទីរប៉ង់តាហ្កូន​បានបរិហារការ​​​ប៉ះទង្គិច​ដែលកើតឡើង​ពេលថ្មីៗនេះ រវាង​យន្តហោះ​ប្រដេញ​​​រុស្ស៊ី និង​យន្តហោះ​យោធា​អាមេរិក។ អាមេរិក​ចោទ​​ថា​យន្តហោះ​ប្រដេញ​រុស្ស៊ី​ហោះ​មកក្បែរ​យន្តហោះ​យោធា​អាមេរិក​ តែ​ប៉ុន្មាន​ម៉ែត្រ​​ពីគ្នា​ប៉ុណ្ណោះ។ អាមេរិក​​យល់ថា វា​ជា​ហេតុការណ៍​គ្រោះថ្នាក់ ហើយ​គ្មាន​ជំនាញ​វិជ្ជាជីវៈ​អ្វីសោះ។ 

ផ្សាយពាណិជ្ជកម្ម

យោងតាម​មន្ទីរប៉ង់តាហ្កូន ​យន្តហោះ​ប្រដេញ​រុស្ស៊ី​ ស៊ូខយ ២៧ បាន​ហោះស្កាត់យន្តហោះ​យោធា​​​អាមេរិក បូអ៊ីងP-៨ នៅ​ដែនអាកាស​សមុទ្រ​ខ្មៅ ហើយចំងាយ​រវាង​យន្តហោះ​ប្រទេស​ទាំង២ គឺ​មានត្រឹមតែ​​តែ​៣ម៉ែត្រ​ពីគ្នា​ប៉ុណ្ណោះ។

អាមេរិក​ប្រាប់ថា ​ដំបូង​ ​យន្តហោះ​រុស្ស៊ី​បាន​តាម​យន្តហោះ​ខ្លួន ពីចំងាយ រួចហើយ​ក៏​ហោះ​មកក្បែរ​តែម្តង។  ​មន្ត្រីអាមេរិក​​​មួយរូប​មិនបញ្ចេញ​អត្តសញ្ញាណ​ប្រាប់ថា ហេតុការណ៍​ប៉ះ​ទង្គិច​នេះ មាន​រយៈពេល​ដល់ទៅ​១៩នាទី។ ពេលនេះ ​ក្រុមជំនាញ​កំពុង​មើលថា តើ​គួរលើក​យក​បញ្ហា​នេះ ទៅជជែក​ក្នុង​ជំនួប​រវាង​មន្ត្រី​រុស្ស៊ី​និង​អាមេរិក​ ទាក់ទង​នឹង​ការ​ទាក់ស្កាត់​​យន្តហោះ​រឺទេ។

ឆ្លើយតប​នឹង​ការ​បរិហារ​របស់​អាមេរិក ​រុស្ស៊ី​លើកឡើងថា យន្តហោះ​ខ្លួន​ប្រតិបត្តិការ​ត្រឹមត្រូវ។ ការដែល​យន្តហោះ​ស៊ូខយ-២៧ ហោះសំដៅ​ទៅរក​យន្តហោះ​អាមេរិក​​ច្រើនគ្រឿង​ទាំងនោះ ក៏ព្រោះតែ​​​យន្តហោះ​ទាំងនោះ​បាន​ព្យាយាម​ចូលទៅ​ក្បែរព្រំដែន​រុស្ស៊ី នៅ​សមុទ្រ​ខ្មៅ​ដល់ទៅ​២ដងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI