ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

យន្តហោះ​រុស្ស៊ី​ចូលលុក​ដែនអាកាស​អ៊ុយក្រែន​ ក្រុមប្រទេស​G៧​ត្រៀម​ដាក់​ទណ្ឌកម្មថ្មី​ឆាប់​បំផុត​​​ប្រឆាំង​រុស្ស៊ី​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភាពតានតឹង​បានឡើង​ដល់​កម្រិត​​កំពូល​នៅអ៊ុយក្រែន។ នៅថ្ងៃ​សុក្រ​ម្សិលមិញ សកម្មជន​ផ្តាច់ទឹកដី​និយមនៅ​ភាគខាងកើត​ ​​បានចាប់​ខ្លួន​អ្នកសង្កេតការណ៍​អង្គការ​សន្តិសុខ​និង​សហប្រតិបត្តិការ​អឺរ៉ុប​១៣រូប ដោយ​ចោទ​ពួកគេ​ថា ​ជា​​អ្នកស៊ើបការណ៍​​របស់​អង្គការ​អូតង់។ សកម្មជន​ផ្តាច់ទឹកដីនិយម​ បាន​ដាក់លក្ខខណ្ឌ​ថា ពួកគេ​នឹង​ដោះលែង​​ជន​ទាំងអស់​​នេះ លុះត្រា​តែ​អាជ្ញាធរក្រុងគៀវ​ដោះលែង​សកម្មជន​ដែល​អាជ្ញាធរ​ចាប់ដាក់​ពន្ធនាគារកន្លង​មក​ដែរ។ ម្សិលមិញ​នេះដែរ ​មន្ទីរប៉ង់តាហ្កូន​អាមេរិក​ប្រាប់​ថា​ យន្តហោះ​រុស្ស៊ី​ជាច្រើន​គ្រឿង ​បានចូលលុកលុយ​ដែនអាកាស​អ៊ុយក្រែន ជាច្រើន​ដង។ ​​ថ្ងៃ​សៅរ៍​នេះ មេដឹកនាំ​ក្រុម​ប្រទេស​G៧ បាន​ព្រមព្រៀង​គ្នា​ដាក់ទណ្ឌកម្ម​ថ្មី​ៗ​អោយ​បាន​ឆាប់បំផុត​ ​ប្រឆាំង​ទៅ​នឹង​រុស្ស៊ី។

ឧទ្ធម្ភាគចក្រ​យោធា​អ៊ុយក្រែន នៅ​ភូមិ ម៉ាលីនីវកា ភាគខាងកើត​ក្រុង​​ស្លាវីយ៉ង់
ឧទ្ធម្ភាគចក្រ​យោធា​អ៊ុយក្រែន នៅ​ភូមិ ម៉ាលីនីវកា ភាគខាងកើត​ក្រុង​​ស្លាវីយ៉ង់ REUTERS/Baz Ratner
ផ្សាយពាណិជ្ជកម្ម

មន្ទីរប៉ង់តាហ្កូន​ចោទ​រុស្ស៊ី​ថា ​រំលោភដែនអាកាស​អ៊ុយក្រែន

រុស្ស៊ី​ហ៊ាន​រហូត​ដល់​បញ្ជូន​យន្តហោះ​​ចូល​លុក​ដែនអាកាស​អ៊ុយក្រែន​ ​ជា​​​​ភស្តុតាង​​​បញ្ជាក់​ច្បាស់​ថា រុស្ស៊ី​ចេញមុខ​​​ផ្គើន​​​​កិច្ចព្រមព្រៀង​ដោះស្រាយ​វិបត្តិ​អ៊ុយក្រែន ដែល​រុស្ស៊ី​សម្រេចបាន​ នៅ​ក្រុងហ្សឺណែវ ថ្ងៃ១៧មេសា ​ជាមួយ​អាមេរិក អ៊ុយក្រែន​ និង​សហភាព​​​អឺរ៉ុប​។ ​កន្លងមក រុស្ស៊ីតែង​ប្រកែក​ដាច់​អហង្កា​​ថា មិនបាន​ញុះញង់​សកម្មជន​បះបោរ​អ៊ុយក្រែន​ អោយ​បង្កភាពតានតឹង​​ទេ។ ប្រឈម​នឹង​​រដ្ឋាភិបាល​ក្រុងគៀវ​ដែល​​រុស្ស៊ីចោទ​ថា បាន​ប្រើ​កម្លាំងទ័ព​ប្រឆាំង​ជនស៊ីវិល​នៅ​ភាគខាងកើត​នោះ ​នៅ​សប្តាហ៍​នេះ រុស្ស៊ី​បាន​គម្រាម​ថា​នឹង​ចូល​ធ្វើអន្តរាគមន៍​យោធា ​នៅ​អ៊ុយក្រែន ដើម្បី​ការពារ​ផលប្រយោជន៍រុស្ស៊ី និង​ប្រជាជន​ដែល​មាន​ដើមកំណើត​រុស្ស៊ី។ ​​រុស្ស៊ី​ក៏បានប្រាប់ដែរ​ថា នឹង​ធ្វើ​​សមយុទ្ធ​នៅ​តាម​ព្រំដែន​ជាប់​ជាមួយ​អ៊ុយក្រែន។ រុស្ស៊ី ប្រាប់ថា ​​អ៊ុយក្រែន​បាន​ពង្រាយទ័ព​​នៅតាម​ព្រំដែន​​​ជាប់​រុស្ស៊ី​។ ដូច្នេះ ការដែល​រុស្ស៊ីសម្រេច​ធ្វើ​សមយុទ្ធ​នៅតាម​ព្រំដែនជាប់​អ៊ុយក្រែន និង​ការដែល​រុស្ស៊ី​បញ្ជូន​យន្តហោះ​ចូល​ដែន​អាកាស​អ៊ុយក្រែន ប្រហែល​គ្រាន់តែ​ជា​លេស​​ថា រុស្ស៊ី​ពិនិត្យ​​ដែន​អាកាស​ រឺ​ក៏​​​ត្រៀម​ការពារ​​​ប្រជាជន​ដើមកំណើត​រុស្ស៊ី​នៅ​អ៊ុយក្រែន​ប៉ុណ្ណោះ។ ដូច្នេះ គេ​ពិបាក​នឹង​ចោទរុស្ស៊ីថា បង្ក​ហេតុ​រំលោភ​កិច្ចព្រមព្រៀងចតុភាគី​១៧មេសា​​បានណាស់។ ទោះ​យ៉ាង​នេះក្តី​ មន្ទីរ​ប៉ង់តាហ្កូនក៏​​មិនបាន​បញ្ជាក់ច្បាស់​ដែរ​ថា តើ​យន្តហោះ​រុស្ស៊ី​ទាំងនោះ​ ចូល​ទៅ​កន្លែង​ណា​នៅអ៊ុយក្រែន​ ហើយ​ចូល​​ពេលណា​ពិតប្រាកដ​ដែរ។ ​

​ប្រឈម​នឹងភាពតានតឹង ​ក្រុងម៉ូស្គូ​សន្យានៅថ្ងៃ​សៅរ៍​នេះ​ថា នឹង​ចាត់​វិធានការ​គ្រប់​យ៉ាង​ដើម្បីអោយ​​មានការ​ដោះលែង​អ្នកសង្កេតការណ៍​ អង្គការ​សន្តិសុខ​និងប្រតិបត្តិការ​អឺរ៉ុប​ ដែល​សកម្មជន​ផ្តាច់ទឹកដី​និយម​ភាគខាងកើត​ ចាប់ទៅ​​​ម្សិលមិញ​នេះ។ ដូច្នេះ ក្រុងម៉ូស្គូ​ក៏​បង្ហាញជំហរ​ថា ខ្លួន​មិន​បាន​បញ្ឆេះ​អោយ​មាន​ភាពតានតឹង​​​ទេ មានតែ​ជួយ​រក​ដំណោះស្រាយ​​​ ​អោយ​​​ស្រប​​តាម​​​​កិច្ចព្រមព្រៀង​ក្រុង​ហ្សឺណែវ​​ថ្ងៃ​១៧​មេសា​​ទៅវិញ​ទេ។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀង​​ក្រុងហ្សឺណែវ​ថ្ងៃ​១៧មេសា​ ចែងបញ្ចប់​សកម្មភាពហិង្សា ការ​​បង្ក្រាប ​​​និងចែង​អោយ​សកម្មជន​គាំទ្ររុស្ស៊ី និងសកម្មជន​ក្រុងគៀវ​​ដាក់អាវុធ បញ្ឈប់​ការ​កាន់កាប់​​អគារ​សាធារណៈ​ទៀត។ ​បើ​យើង​មើល​អោយដល់​ទៅ​ ទាំងរុស្ស៊ី​ ទាំងអាមេរិក ខ្លាំងដូចគ្នា សុទ្ធតែ​ទំលាក់​កំហុស​លើគ្នា ចំពោះ​ហេតុការណ៍​តានតឹង​នៅ​អ៊ុយក្រែន​។ ​​ម្ខាងៗ​ចោទគ្នា​ ថា​មិនបាន​គោរព​តាម​កិច្ចព្រមព្រៀង​ក្រុងហ្សឺណែវ​ដែល​សម្រេចបាន​​កន្លងមក​ នោះទេ។ ​

​ក្រុម​ប្រទេស​មហាអំណាច​​G៧ ព្រមព្រៀង​​ដាក់​បន្ថែម​ទណ្ឌកម្ម​ថ្មីៗ ​​​ប្រឆាំងរុស្ស៊ី​ អោយ​បាន​ឆាប់​រហ័ស​បំផុត
 
​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង៧ចោទ​ប្រធានាធិបតីរុស្ស៊ី​ពូទីន​ថា មិនគោរព​កិច្ចព្រមព្រៀង​ចតុភាគី​ក្រុងហ្សឺណែវ​ថ្ងៃ​១៧មេសា។ ក្រុម​ប្រទេស​ហ្សេ៧​ប្រាប់ថា ទណ្ឌកម្ម​ថ្មី​ទាំងនេះ អាច​នឹង​វាយប្រហារ​​​មេដឹកនាំ​ដែល​ជា​មិត្តភក្តិ​របស់​លោក​ពូទីន។ ហើយ​ទណ្ឌកម្ម​ប្រទេស​និមួយៗនៃ​ក្រុម​ប្រទេស​ហ្សេ៧​នេះ ​​មិនដូចគ្នា​ទេ។ ប្រទេស​មួយៗ​សម្រេច​ទណ្ឌកម្ម​រៀងៗខ្លួន។ ​អាមេរិក​​អាច​អនុវត្ត​​​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី នៅ​ថ្ងៃចន្ទ​ខានស្អែក​​នេះតែម្តង។ ទណ្ឌកម្ម​អាមេរិ​ក​​អាច​នឹង​វាយប្រហារ​​​​​អ្នក​ទទួលខុសត្រូវ​​រុស្ស៊ី​ដែល​ ​មាន​ឥទ្ធិពល​ក្នុង​ផ្នែក​សេដ្ឋកិច្ច ធនាគារ ​និង​ថាមពល។ ដោយឡែក មេដឹកនាំ​សហភាព​អឺរ៉ុប​​នៅ​ខ្វែង​គំនិតគ្នា​នៅឡើយ លើ​​ទំហំ​ទណ្ឌកម្ម​ដែល​ត្រូវ​ដាក់​នោះ។ កន្លងមក អឺរ៉ុប​បានត្រឹមតែ​ដំឡើង​ចំនួន​អ្នកដឹកនាំ​រុស្ស៊ី រឺក៏អ្នកដឹកនាំ​អ៊ុយក្រែន​​គាំទ្រ​រុស្ស៊ី ដែល​រងទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​ រឺ​ផ្អាក​ទិដ្ឋាការ​ធ្វើដំណើរ​នោះ ​អោយ​ឡើង​ដល់​ជាង​៣០នាក់​ប៉ុណ្ណោះ ​​គ្មានអ្វី​ធំដុំ​​ទេ។ ​ប្រមុខការទូត​អាមេរិក​ ចន ឃែររី ប្រាប់ថា​ ទណ្ឌកម្ម​អន្តរជាតិ​កន្លងមក បាន​ធ្វើអោយ​​អ្នកវិនិយោគដក​ទុន​​ចេញ​ពីរុស្ស៊ី ​​​ប្រហែល​​៧០ពាន់​លាន​ដុល្លារ។ ​

លុយរូប​​រុស្ស៊ីធ្លាក់ចុះ ​ទីភ្នាក់ងារ​អន្តរជាតិ​​​វាយតម្លៃ​ហានិភ័យ​បំណុល Standard & Poor’s ក៏​បាន​បន្ទាប​ឲ្យ​ចំណាត់ថ្នាក់​អធិបតេយ្យ​​រុស្ស៊ី​ផ្នែក​​​រូបិយវត្ថុ​ បរទេស មួយកម្រិត​ទៀត។ ប្រឈម​នឹងស្ថានភាព​នេះ ម្សិលមិញ​ តំណាងរាស្ត្រ​រុស្ស៊ី​បាន​អនុម័តច្បាប់​បង្កើត​ប្រព័ន្ធ​បង់លុយ​​​ ក្នុងស្រុក តាម​បែបផែន​​អេឡិចត្រូនិក ដើម្បី​កុំអោយ​រង​ផលប៉ះពាល់​ពី​ទណ្ឌកម្ម​ហិរញ្ញវត្ថុ។ ទណ្ឌកម្ម​​ថ្មី​ប្រឆាំង​រុស្ស៊ី ​មានប្រសិទ្ធភាព​ដល់​កម្រិត​ណា​នោះ យើងនៅចាំ​មើល​ទៀត ព្រោះថា រុស្ស៊ីមិនព្រម​ចុះ​ញ៉ម​ងាយៗឡើយ។

ទោះយ៉ាងណា​ក៏ដោយ ​ក្រុម​ប្រទេសមហាអំណាច​ឧស្សាហកម្ម​ហ្សេ៧ នៅតែ​ចង់​​អោយ​មាន​​​ដំណោះស្រាយ​តាម​បែប​ការទូត​ជាមួយ​រុស្ស៊ី​។ ម្យ៉ាងទៀត ម្សិលមិញ ប្រមុខ​ដឹកនាំ​អាល្លឺម៉ង់លោកស្រី​មែរគែល​ និង​លោក​ពូទីន ​បាន​ប្រាប់ថា ចង់​អោយ​មាន​ជំនួប​​​រវាង​សហភាពអឺរ៉ុប រុស្ស៊ី និងអ៊ុយក្រែន ​​ដើម្បី​ពិភាក្សា​​ពីការផ្គត់ផ្គង់​ឧស្ម័ន​រុស្ស៊ី។ ដូច្នេះ ​មាន​ន័យ​ថា អឺរ៉ុប​ហាក់​នៅ​ពឹងផ្អែកលើ​ឧស្ម័ន​រុស្ស៊ី​ចៀសមិនរួច។ អឺរ៉ុប​ប្រហែល​មិនសូវហ៊ាន​​លេងទណ្ឌកម្មធ្ងន់ធ្ងរ​​នោះទេ។

នាយករដ្ឋមន្ត្រី​រដ្ឋាភិបាល​អន្តរកាល​អ៊ុយក្រែន​​ចោទរុស្ស៊ី​ថា​ចង់​បង្ក​សង្គ្រាម​លោកលើកទី៣

​នាយករដ្ឋមន្ត្រី​​​ក្រុងគៀវ ​លើកឡើងថា ​រុស្ស៊ី​​​​រំលោភ​​អ៊ុយក្រែន អាច​នឹង​នាំ​អោយ​មាន​ការច្បាំង​គ្នា​នៅ​អឺរ៉ុប។ ​ស្ថានការណ៍អ៊ុយក្រែន​​ពេលនេះ ស្ថិត​នៅក្បែរស្ថានការណ៍​ដែល​នាំ​ទៅ​រក​ការច្បាំង​គ្នា​រវាង​រុស្ស៊ី និងអាមេរិក​-​អឺរ៉ុប​ពិតណាស់។ ​សកម្មជន​ផ្តាច់ទឹកដី​និយម​ នៅអ៊ុយក្រែន​​​ ​​នៅតែ​ខ្លាំង​ ទាមទារ​​អោយបាន​​ការបោះឆ្នោត​ប្រជាមតិ​នៅថ្ងៃ​១១ឧសភា ដើម្បី​ភ្ជាប់​ភាគ​ខាងកើត​​ទៅ​នឹងទឹកដី​​រុស្ស៊ី។ រុស្ស៊ី​ដាក់ទ័ព​តាមព្រំដែន អ៊ុយក្រែន​​ក៏ដាក់ទ័ព​ដូចគ្នា។ អាមេរិក​ក៏បាន​ពង្រាយ​ទ័ព​៦០០នាក់ នៅ​ប៉ូឡូញ និង​បណ្តា​ប្រទេស​តំបន់​បាល់ទិក​ដែរ។ ទោះ​យ៉ាងនេះក្តី ទង្វើ​ទាំង​នេះ​​​គ្រាន់​តែ​​ជាការ​បញ្ចេញសាច់ដុំ​​ដាក់គ្នា​ប៉ុណ្ណោះ។ ​អឺរ៉ុប ​​អាមេរិក និង​រុស្ស៊ី​​មិនឆោត​​ល្ងង់​​រហូត​ដល់​បង្ក​​​សង្គ្រាម​លោក​ទេ ព្រោះថា សង្គ្រាម​លោក​បង្ក​វិនាសកម្ម​ធំធេង​ទូទាំងពិភពលោក ជាពិសេស​អាយុជីវិត​មនុស្ស​តែម្តង។ ​នៅ​អាស៊ី​ អាមេរិក​ក៏​កំពុង​ប្រឈម​នឹង​ចិន ប្រឈម​នុយក្លេអ៊ែរ​​កូរ៉េខាងជើង​ដែរ។ ​​ទិសដៅ​ពិតប្រាកដ​ពេលនេះ ​គឺដំណោះស្រាយ​​វិបត្តិ​​​អ៊ុយក្រែន។ ​​សហភាព​អឺរ៉ុបចង់អោយ​អ៊ុយក្រែន​​អាច​​រៀបចំ​ការ​បោះឆ្នោត​​នៅថ្ងៃ​២៥ឧសភា។ ​បើ​ភាគី​និមួយៗ​ចង់​រក​ដំណោះស្រាយ​​​​​​ពិតប្រាកដ ​ទាល់តែ​​យល់ព្រម​​អនុគ្រោះ​គ្នា ទៅវិញទៅមក ដើម្បីបន្ធូរ​ភាព​តានតឹង៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI