ឥណ្ឌាចង់អូសទាញក្រុមអ្នកវិនិយោគបរទេសបន្ថែមទៀតដើម្បីផ្តល់សន្ទុះកំណើនសេដ្ឋកិច្ច
ចុះផ្សាយនៅថ្ងៃ៖
នៅក្នុងប្រទេសឥណ្ឌា លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានប្រាប់ឲ្យដឹងថា រដ្ឋាភិបាលមានបំណងចង់អូសទាញក្រុមអ្នកវិនិយោគបរទេសបន្ថែមទៀតឲ្យចូលមករកស៊ីនៅក្នុងប្រទេសឥណ្ឌា។ គោលដៅរបស់រដ្ឋាភិបាល គឺដើម្បីជួយផ្តល់សន្ទុះសេដ្ឋកិច្ចរបស់ប្រទេស មុននឹងគម្រោងរៀបចំបោះឆ្នោតជាតិនៅមុនខែឧសភាឆ្នំា ២០១៤ នេះ។
កន្លងមក និងដើម្បីទាក់ទាញអ្នកវិនិយោគបរទេសបន្ថែមទៀត រដ្ឋាភិបាលបានជួយសម្រួល និងការបន្ថយភាពសំាញុំាផ្នែករដ្ឋបាលនៅក្នុងវិស័យមួយចំនួនរួមមាន អាកាសនាវាវិជ្ជាស៊ីវិល ការចែកចាយ ផ្នែកទូរគមនាគមន៍ វិស័យការពារ និងសេវាសម្រិតសម្រាងជាដើម។ តែចាប់ពីសប្តាហ៍ខាងមុខៗទៅ រដ្ឋាភិបាលនឹងផ្តើមរៀបចំកម្មវិធីបន្ធូរបន្ធយក្បួនច្បាប់មួយចំនួនទៀតសម្រាប់ក្រុមអ្នកវិនិយោគបរទេសដែលចង់មកបោះទុនរកស៊ីនៅក្នុងប្រទេសឥណ្ឌា នេះជាការបញ្ជាក់របស់លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៅក្នុងឱកាសជូនពរឆ្នំាសកល ២០១៤។ ការព្យាយាមអូសទាញក្រុមអ្នវិនិយោគបរទេសបន្ថែមនាពេលនេះ គឺដើម្បីទប់ស្កាត់ការធ្លាក់ថ្លៃតម្លៃប្រាក់រូពី និងចូលរួមជួយផ្តល់សន្ទុះសេចដ្ឋកិច្ច មុននឹងគម្រោងរៀបចំបោះឆ្នោតជាតិនៅមុនខែឧសភាឆ្នំា ២០១៤ នេះ។
គួរជម្រាបជូនថា កំណើនសេដ្ឋកិច្ចដែលឥណ្ឌាទទួលបានជាមធ្យមមានប្រមាណ ៥% ក្នុងមួយឆ្នំា គឺជាអត្រាមួយដ៏ទាបខ្លំាងគិតក្នុងរយៈពេល ១០ឆ្នំាចុងក្រោយនេះ។ អំពើពុករលួយ និងការិយាល័យធិបតេយ្យស្មុគស្មាញដែលបានអូសបន្លាយគម្រោងវិនិយោគ គឺជាមូលហេតុដែលបានជម្រុញក្រុមអ្នកវិនិយោគមិនមានចិត្តចូលទៅបោះទុនរកស៊ីក្នុងប្រទេសឥណ្ឌា។ កាលពីដើមសប្តាហ៍នេះ មន្ទីរទទួលបន្ទុកកិច្ចការវិនិយោគបរទេសបានផ្តល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនអង់គ្លេសចំនួនពីរ គឺក្រុមហ៊ុន Tesco ផ្នែកចែកចាយ និងក្រុមហ៊ុនទូរគមនាគមន៍ Vadafone ដែលមានទឹកប្រាក់វិនិយោគសរុបប្រមាណ ១ ៥០០លានដុល្លារ។ ឥឡូវនេះ និងបើយោងតាមលោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម រដ្ឋាភិបាលមានគម្រោងដាក់វិស័យដឹកជញ្ជូនសាធារណៈឲ្យក្រុមហ៊ុនបរទេសរកស៊ីទៀត។
គួរជម្រាបជូនថា ក្នុងចន្លោះខែមេសា និងតុលាឆ្នំា ២០១៣ ទឹកប្រាក់វិនិយោគបរទេសមានចំនួន ១២ ៦០០លានដុល្លារ ពោលបានធ្លាក់ចុះចំនួន ១៥%។ អ្វីជាការកត់សម្គាល់ គម្រោងបើកចំហសេដ្ឋកិច្ចសម្រាប់អ្នកវិនិយោគបរទេសដើម្បីផ្តល់សន្ទុះសេដ្ឋកិច្ចបានធ្វើឡើង ក្រោយពីគណបក្សសមាជដែលកំពុងដឹកនំារដ្ឋាភិបាលសព្វថ្ងៃបានទទួលបរាជ័យនៅក្នុងការបោះឆ្នោតតំបន់ចំនួន ៤ដងបន្តបន្ទាប់គ្នា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ