អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

ឥណ្ឌា​និង​អាមេរិក​៖​រាត្រី​ទឹក​ឃ្មុំ?

សំឡេង ០៧:៥៨
ទង់ជាតិតំណាងប្រទេសឥណ្ឌានិងអាមេរិក
ទង់ជាតិតំណាងប្រទេសឥណ្ឌានិងអាមេរិក រូបភាពឯកសារ
ដោយ៖ តាន់ ហ្សង់-ហ្វ្រង់ស័រ

ថ្ងៃ​នេះ​ហ្សង់​-ហ្វ្រង់​ស័រ​ តាន់​ សូម​បន្ត​ពិនិត្យ​មើល​ទៅ​លើ​ស្ថាន​ភាព​ភូមិ​សាស្ត្រ​នយោបាយ​របស់​ប្រទេស​ឥណ្ឌា​តទៅ​ទៀត​ ដោយ​សូម​និយាយ​បកស្រាយ​ពី​ទំនាក់​ទំនង​រវាង​ឥណ្ឌា​និង​អាមេរិក។

ផ្សាយពាណិជ្ជកម្ម

តាំង​ពី​សង្គ្រាម​ត្រជាក់​បាន​ចប់​នៅ​ដើម​ទសវត្សរ៍​ទី​៩០​រហូត​មក​ដល់​ពេល​ថ្មី​ៗ​នេះ ​ព្រឹត្តិការណ៍​អន្តរជាតិ​សំខាន់​ជាង​គេ​បង្អស់​មួយ​នៅ​អាស៊ី​ គឺ​រាត្រី​ទឹក​ឃ្មុំ​រវាង​ឥណ្ឌា​និងអាមេរិក។ ​ចូរ​កុំភ្លេច​ថា​នៅ​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​ ឥណ្ឌា​បាន​សម្រេច​ចិត្ត​ធ្វើ​ជា​សម្ពន្ធ​មិត្ត​របស់​សូវៀត។​ គោល​ដៅ​ជា​បឋម​គឺ​ទប់​ទល់​នឹង​សម្ពន្ធភាព​រវាង​ប៉ាគីស្ថាន​និង​អាមេរិក​នៅ​ក្នុង​ទសវត្សរ៍​ទី​៦០​និង​គោល​ដៅ​ក្រោយ​មក​ទៀត​គឺ​ប្រឈម​មុខ​នឹងសម្ពន្ធភាព​រវាង​ប៉ាគីស្ថាន​ អាមេរិក​និង​ចិន​ ពី​ទសវត្សរ៍​ទី​៧០​រហូត​ដល់​ចុង​ទសវត្សរ៍​ទី៩​។

គឺ​អាមេរិក​ទេ​តើ​ដែល​បាន​បោះ​ដៃ​មុន​គេ​ទៅ​ឱ្យ​ឥណ្ឌា ។​ នៅ​ចុង​ទសវត្សរ៍​ទី​៩០​ អាមេរិក​របស់​ប្រធានា​ធិបតី​ប៊ីល ក្លីនតុន​ (Bill Clinton) ​បាន​ផ្តើម​មើល​ឃើញ​ផល​ប្រយោជន៍​បីយ៉ាង​នៃ​ការ​ខិត​ចូល​កៀក​ឥណ្ឌា។ ​ម្យ៉ាង​គឺ​ឥណ្ឌា​ជា​លិទ្ធិ​ប្រជាធិបតេយ្យ​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​លោក។​ ម្យ៉ាង​ទៀត​ ឥណ្ឌា​ក៏​ដូច​អាមេរិក​ដែរ​ ជា​ប្រទេស​ដែល​ប្រឆាំង​នឹងភេរវកម្ម​អ៊ីស្លាម​ជ្រុល​និយម។ ​រីឯ​ម្យ៉ាង​ចុង​ក្រោយ​គឺ​ឥណ្ឌា​ជា​សត្រូវ​របស់​ចិន ​ម្ល៉ោះហើយ​អាមេរិក​ត្រូវ​ការ​ឥណ្ឌា​ដើម្បី​ខ្ទប់​មហិច្ឆតា​តំបន់​និង​មហិច្ឆតា​អន្តរជាតិ​របស់​ចិន។

ម្ល៉ោះ​ហើយ​បាន​ជា​នៅ​ឆ្នាំ​២០០០ ​Bill Clinton​ បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌា។ កាល​ណោះ​គឺ​ជា​លើក​ទី​មួយ​បង្អស់​ហើយ​ក្នុង​អំឡុង​ពេល​ជិត​២០​ឆ្នាំ​ដែល​ប្រធានា​ធិបតី អាមេរិក​មួយ​រូប​បាន​ទៅ​ជាន់​ដី​ឥណ្ឌា។ ​ប៉ុន្មាន​ខែ​ក្រោយ​មក ​ដល់​វេន​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​សម័យ​នោះ​ម្តង​ គឺ​Vajpayee ​ដែល​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អាមេរិក។

ប្រធានា​ធិបតី ​ចូច​ ប៊ូស​ (Georges Bush)​ ដែល​បាន​ឡើង​កាន់​អំណាច​នៅ​ខែ​មករា​ឆ្នាំ​២០០១ ​បាន​បន្ត​នយោបាយ​របស់​Clinton​នៅ​ចំពោះ​មុខ​ឥណ្ឌា។ ​រហូត​ដល់​ឆ្នាំ​២០០១​ ការ​ខិត​ចូល​ជិត​គ្នា​រវាង​ឥណ្ឌា​និង​អាមេរិក​បន្ត​ប្រព្រឹត្ត​ទៅ​បាន​រលូន​ល្អ ​ក៏​ដោយ​សារ​តែ​ទំនាក់​ទំនង​រវាង​ប៉ាគីស្ថាន​និង​អាមេរិក​រអាក់​រអួល​ខ្លាំង​។ ​កាល​ណោះ ​អាមេរិក​មិន ​ពេញ​ចិត្ត​នឹង​ឧត្តម​សេនីយ៍​Musharraf​ដែល​បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​Nawar Sharif​ និង​បាន​ចេញ​មុខ​គាំ​ទ្រ​របប​អ៊ីស្លាម​ជ្រុល​និយម​របស់​ពួក​តា​លី​បង់​(Taliban)​ នៅ
អាហ្វហ្កានីស្ថាន។

ឥណ្ឌា​វិញ​យល់​ភា្លម​ថា​ពី​អំណើះ​តទៅ​ អាមេរិក​ទទួល​ស្គាល់​មហិច្ឆតា​របស់​ខ្លួន​នៅ​ក្នុង​តំបន់​អាស៊ី​ខាង​ត្បូង​ និង​ជួយ​លើក​ទឹក​ចិត្ត​ខ្លួន​ឱ្យ​លាត​សន្ធឹង​ឥទ្ធិពល​ ទៅ​កាន់​តំបន់​ផ្សេង​នៅ​អាស៊ី ​ដូចជា​នៅ​អាស៊ី​អាគ្នេយ៍​ជា​ដើម។ ​ធ្វើ​បែប​នេះ ​ទើប​ឥណ្ឌា​អាច​នឹង​ជួយ​អាមេរិក​ខ្ទប់​មហិច្ឆតា​ចិន​បាន។

*

ព្រឹត្តិការណ៍​មហា​ភេរវកម្ម​ថ្ងៃ​១១​កញ្ញា​ឆ្នាំ​២០០១​ ដើម​ដំបូង​ បាន​បង្ក​ឱ្យ​មាន​បញ្ហា​នៅក្នុង​ទំនាក់​ទំនង​រវាង​ឥណ្ឌា​និង​អាមេរិក។ ​មូល​ហេតុ ​គឺ​មក​ពី​អាមេរិក​របស់​Bush​បាន​ទៅ​អូស​ទាញ​ប៉ាគីស្ថាន​មក​ជួយ​ខ្លួន​ធ្វើ​សង្គ្រាម​នៅ​អាហ្វហ្កានីស្ថាន​ ហើយ​បាន​បើក​លទ្ធិភាព​ឱ្យ​រដ្ឋ​អំណាច​មិន​ស្រប​ច្បាប់​របស់​Musharraf​ វិល​ត្រឡប់​មក​កាន់​ឆាក​អន្តរជាតិ
វិញ។

នៅ​ចំពោះ​មុខ​សាមគ្គីភាព​ដ៏​រឹង​មាំ​ឡើង​វិញ​រវាង​អាមេរិក​និង​ប៉ាគីស្ថាន​នៅ​ក្នុង​សង្គ្រាម ប្រឆាំង​ភេរវកម្ម​អន្តរជាតិ​ ឥណ្ឌា​ស្រងាក​ចិត្ត​ខ្លាំង។ ​ប៉ុន្តែ ​ក្រោយ​មក​ រដ្ឋបាល​Bush​បាន​ប្រឹង​ប្រែង​រក្សា​ឱ្យ​នៅ​ឋិត​ថេរ​ល្អ​ទំនាក់​ទំនង​ត្រីកោន​រវាង​ឥណ្ឌា​-អាមេរិក​-ប៉ា​គី​ស្ថាន។
ជាក់​ស្តែង ​អាមេរិក​បាន​សម្រេច​ដក​ទណ្ឌកម្ម​ចេញ។ ​គឺ​ជា​ទណ្ឌកម្ម​ដែល​ហាម​មិន​ឱ្យ​លក់​អាវុធ​ដែល​អាមេរិក​បាន​ដាក់​ទៅ​លើ​ឥណ្ឌា​និង​ប៉ាគីស្ថាន ​ក្រោយ​ពី​ប្រទេស​បង​ប្អូន​គូស​ត្រូវ​ទាំង​ពីរ​នេះ​បាន​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរ​នៅ​ឆ្នាំ​១៩៩៨​រួច​មក។

ទន្ទឹម​នេះ​ អាមេរិក​បាន​យក​ចិត្ត​ឥណ្ឌា។ ​ឧទាហរណ៍​ជាក់​ស្តែង​ អាមេរិក​បាន​ព្រម​ធ្វើ​និង​ព្រម​បង្កើន​សមយុទ្ធ​រួម​គ្នា​ជាមួយ​ឥណ្ឌា ​ហើយ​នៅ​ឆ្នាំ​២០០៥ ​អាមេរិក​និង​ឥណ្ឌា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​Open skies ​ដែល​បាន​បង្កើន​ទំនាក់​ទំនង​តាម​ផ្លូវ​អាកាស​ស៊ីវិល​រវាង​ប្រទេស​ទាំង​ពីរ។

នៅ​ឆ្នាំ​២០០៥​ដដែល​នោះ ​ឥណ្ឌា​និង​អាមេរិក​បាន​ក្លាយ​ទៅ​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​ នៅ​លើ
វិស័យ​សហ​ប្រតិបត្តិ​ការ​យោធា។​ ប្រសើរ​ជាង​នេះ​ទៅ​ទៀត​នោះ​ គឺ​ការ​ផ្តើម​ចរចា​គ្នា​រវាង​ឥណ្ឌា​និង​អាមេរិក​ ដើម្បី​សម្រេច​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​សហ​ប្រតិបត្តិការ​នុយក្លេអ៊ែរ
ស៊ីវិល។ ​ហើយ​កិច្ច​ព្រម​ព្រៀង​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅ​ឆ្នាំ​២០០៨​ និង​បាន​បើក​លទ្ធភាព​ឱ្យ​ឥណ្ឌា​ប្រើ​ប្រាស់​បច្ចេក​វិជ្ជា​និង​បរិក្ខារ​នុយក្លេអ៊ែរ​របស់​អាមេរិក​ សម្រាប់
វិស័យ​នុយក្លេអ៊ែរ​ស៊ីវិល។

កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​ស៊ីវិល​នេះ​ស្តែង​ឱ្យ​ឃើញ​នូវ​ឆន្ទៈ​ដ៏​មុត​មាំ​របស់​អាមេរិក​ក្នុង​ការ​ទាក់​ទាញ​ឥណ្ឌា​មក​ធ្វើ​សម្ពន្ធមិត្ត។ ​គួរ​បញ្ជាក់​ថា ​មក​ទល់​ពេល​នេះ​ អាមេរិក​មិនដែល​ព្រម​លក់​បច្ចេក​វិជ្ជា​ស៊ីវិល​ទៅ​ឱ្យ​ប្រទេស​ណា​ដែល​មិន​បាន​ចុះ​ហត្ថ​លេខា​លើ​សន្ធិសញ្ញា​មិន​សាយ​ភាយ​អាវុធ​នុយក្លេអ៊ែរ​ទេ។​ ហើយ​ឥណ្ឌា​មិន​មែន​ជា​ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​នេះ​ឯណា។

¨ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ រហូត​មក​ទល់​ពេល​នេះ ​គេ​មិន​ទាន់​អាច​អះអាង​បាន​ទេ​ថា ​ឥណ្ឌា​បាន​បែរ​ទៅ​រក​អាមេរិក​១០០%។​ ឥណ្ឌា​គ្រាន់​តែ​បាន​ប្តូរ​បន្ទាត់​នយោបាយ​ការ​បរទេស​របស់​ខ្លួន ​ដើម្បី​ប្រយោជន៍​ជាតិ​គេ​តែ​ប៉ុណ្ណោះ ​ដូច​ដែល​អតីត​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា ​Manmohan Singh ​ធ្លាប់​បាន​និយាយ ​នៅ​ឆ្នាំ​២០០៦​ថា​«​នៅ​លើ​វិស័យ​នយោបាយ​ការ​បរទេស ​គ្មាន​ឡើយ​មិត្ត​អចិន្ត្រៃយ៍​ហើយ​ក៏​គ្មាន​ដែរ​សត្រូវ​យូរ​លង់​។ មាន​តែ​ផល​ប្រយោជន៍​នៃ​ប្រទេស​ទេ​ដែល​មាន​លក្ខណៈ​អមតៈ​មិន​ចេះ​ប្រែ​ប្រួល»

និយាយ​រួម ​រាត្រី​ទឹក​ឃ្មុំ​រវាង​ឥណ្ឌា​និង​អាមេរិក​ ប្រហែល​ជា​មិន​មាន​លក្ខណៈ​ធម្មជាតិ​ប៉ុន្មាន​ទេ។

ឥណ្ឌា​ដែល​នៅ​ញញើត​ចិន​មិន​ទាន់​ហ៊ាន​ឬ​មិន​ទាន់​ចង់​តាំង​ខ្លួន​ជា​មិត្ត​ចាក់​ទឹក​មិន​លិច​របស់​អាមេរិក​នៅ​ឡើយ​ទេ។ ​ពីព្រោះ​នៅ​ក្នុង​អំឡុង​ពេល​ជាង​២០​ឆ្នាំ​ចុង​ក្រោយ​នេះ
អាមេរិក​កំពុង​បាត់បង់​បន្តិច​ម្តង​ៗ​ អំណាច​សេដ្ឋកិច្ច​ នយោបាយ​ និង​យោធា​នៅ​លើ​ឆាក​អន្តរជាតិ ​ខណៈ​ដែល​ចិន​កាន់​តែ​មាន​ឥទ្ធិពល​ខ្លាំង ​ទឹក​មាត់​ប្រៃ​និង​ជំហរ​កោង​កាច​ជាង​មុន​ ជា​ពិសេស​នៅ​អាស៊ី​តែ​ម្តង។​ នៅ​ក្នុង​បរិបទ​មួយ​មិន​ជាក់​លាក់​បែប​នេះ ​ឥណ្ឌា​យល់​ឃើញ​ថា​ ការ​ចូល​ដៃ​ជា​មួយ​អាមេរិក​ដើម្បី​ខ្ទប់​អំណាច​របស់​ចិន​ ជា​ការ​មួយ​ប្រថុយ​ប្រថាន​ខ្លាំង។

ដោយ​ឡែក​ ចុង​ក្រោយ​នេះ​ ទំនាក់​ទំនង​រវាង​ឥណ្ឌា​និង​អាមេរិក​ក៏​បាន​ផ្តើម​ធ្លាក់​ចុះ​ដុនដាប​ដែរ​ ដោយ​ហេតុ​តែ​រឿង​រ៉ាវ​មួយ​ចំនួន។ ​រឿងរ៉ាវ​ទី​មួយ ​គឺ​នៅ​ឆ្នាំ​២០១៣​ អាជ្ញាធរ
អាមេរិក​នៅ​ញូវយ៉ក​(New York)​ បាន​ចាប់​ខ្លួន​អ្នក​ការ​ទូត​ឥណ្ឌា​ម្នាក់​ដោយ​ចោទ​ប្រកាន់​ពី​រឿង​ធ្វើ​បាប​អ្នក​បម្រើ​ក្នុង​ផ្ទះ។ ​រឿង​រ៉ាវ​ទី​ពីរ​ គឺ​ការ​បែក​ធ្លាយ​ព័ត៌មាន​ដែល​ថា​ទីភ្នាក់​ងារ​ចារកិច្ច​អាមេរិក​បាន​លួច​ស្តាប់​ក្រុម​អ្នក​ការ​ទូត​ឥណ្ឌា​នៅ​អង្គការ​សហប្រជាជាតិ​និង​បាន​លួច​ស្តាប់​ថ្នាក់​ដឹក​នាំ​នៃ​គណបក្ស​ជាតិ​ហិណ្ឌូ។ ​នៅ​ក្នុង​ន័យ​នេះ ​ការ​ដែល​ប្រធានគណបក្ស​ជាតិ​ហិណ្ឌូ ​គឺ​លោក​ណារិន​ដ្រា ​ម៉ូឌី​(Narendra Modi)​ បាន​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ឥណ្ឌា​តាំង​ពី​ខែ​ឧសភា​ឆ្នាំ​២០១៤​នេះ​មក​ នឹង​អាច​បណ្តាល​ឱ្យ​ទំនាក់​ទំនង​រវាង​អាមេរិក​និង​ឥណ្ឌា​ស្គាល់​ភាព​រអាក់​រអួល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ