ឥណ្ឌា-អាមេរិក

អាមេរិក​បន្ធូរ​បន្ថយ​ដើម្បី​បាន​ឥណ្ឌា​ជា​ដៃ​គូ​សេដ្ឋកិច្ច និង​យោធា

រដ្ឋមន្រ្តីការបរទេស​ឥណ្ឌា​S.M. Krishna​ (ឆ្វេង) និង​លោកស្រី​ហ៊ីឡារី គ្លីនតុន​នៅក្នុង​សន្និសីទ​កាសែត នៅថ្ងៃ​ពុធ​ទី ១៣​មិថុនា ក្នុង​ទីក្រុង​វ៉ាស៊ីនតោន
រដ្ឋមន្រ្តីការបរទេស​ឥណ្ឌា​S.M. Krishna​ (ឆ្វេង) និង​លោកស្រី​ហ៊ីឡារី គ្លីនតុន​នៅក្នុង​សន្និសីទ​កាសែត នៅថ្ងៃ​ពុធ​ទី ១៣​មិថុនា ក្នុង​ទីក្រុង​វ៉ាស៊ីនតោន © REUTERS

កាលពីថ្ងៃពុធ​ទី ១៣ មិថុនា ក្នុង​ជំនួបប្រជុំ​ប្រចាំឆ្នាំរវាង ​រដ្ឋមន្រ្តី​ការបរទេស​ឥណ្ឌា ជាមួយ​លោកស្រី ហ៊ីឡារី គ្លីនតុន នៅទីក្រុង​វ៉ាស៊ីនតោន អាមេរិក និងឥណ្ឌា​បាន​យល់ព្រម​ពង្រឹង​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​លើ​ផ្នែក​សន្តិសុខ​ជើងទឹក សន្តិសុខ​ព័ត៌មានវិទ្យា និង​ឧស្សាហកម្ម​យោធា។

ផ្សាយពាណិជ្ជកម្ម

 

ការព្រមព្រៀងគ្នា​កាលពីថ្ងៃ​ម្សិលមិញ គឺជា​ផ្នែកមួយ​នៃយុទ្ធសាស្រ្ត​របស់​អាមេរិក ដែល​ចង់​ពង្រីក​ឥទ្ធិពល​ខ្លួន​នៅអាស៊ីប៉ាស៊ីហ្វិក។ អាមេរិក​រំពឹង​ចង់​បាន​ឥណ្ឌា​មក​ធ្វើ​ជា​ដៃគូ​យុទ្ធសាស្រ្ត​ទាំងក្នុង​វិស័យ​សេដ្ឋកិច្ច និង​ភូមិសាស្រ្ត​នយោបាយ ដើម្បី​ទប់ទល់​នឹង​ចិន ដែល​កំពុង​ពង្រីក​អំណាច​យោធា និង​ឥទ្ធិពល​ខ្លួន​ដែរ នៅ​តំបន់​អាស៊ី។

អាមេរិក និង​ឥណ្ឌា​​ធ្លាប់មាន​ភាពជូរចត់​នឹងគ្នា នៅក្នុង​សម័យ​សង្រ្គាមត្រជាក់ ព្រោះ​ ឥណ្ឌា​ធ្លាប់​បាន​ខិតទៅជិត​សហភាព​សូវៀត។ ទំនាក់ទំនង​អាមេរិក​និង​ឥណ្ឌា​បាន​ល្អមកវិញ ចាប់ពី​ឆ្នាំ ២០០៥ ប៉ុន្តែ នៅតែ​ស្ថិតនៅក្នុង​ភាពចម្រូង​ចម្រាស់​ដដែល បន្ទាប់ពី​ឥណ្ឌា​មិន​ព្រម​ឈប់​​ទិញប្រេង​ពី​អៀរ៉ង់ ទៅតាម​ការទាមទារ​របស់​អាមេរិក។ ឥណ្ឌា​ដែលកំពុង​មាន​កំណើន​សេដ្ឋកិច្ច​ខ្លាំង ឥណ្ឌា​ត្រូវការ​ទិញ​ប្រេង​ពី​អ៊ីរ៉ង់ យក​មក​បំពេញ​តម្រូវការ​ថាមពល​ដើម្បី​កំណើន​សេដ្ឋកិច្ច​របស់ខ្លួន។

កាលពី​ថ្ងៃចន្ទ​ដើមសប្តាហ៍ ពោល គឺ​នៅ​មួយ​ថ្ងៃ​មុន​ជំនួប​ប្រជុំ​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​ឥណ្ឌា រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​លើកលែង​ឲ្យ​ឥណ្ឌា និង​ប្រទេស​ប្រាំមួយ​ទៀត​ឲ្យ​រួចផុត​ពី​ទណ្ឌកម្ម​របស់​អាមេរិក។ បើតាម​អាមេរិក ​ឥណ្ឌា និង​ប្រទេស​ទាំង​ប្រាំមួយ ផ្សេងទៀត បាន​កាត់បន្ថយ​ការទិញប្រេង​ពី​អ៊ីរ៉ង់ ដែល​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច។

ក្នុង​ផ្នែកសេដ្ឋកិច្ច អាមេរិក​ចង់ចាប់​យក​ឥណ្ឌា​ធ្វើ​ជា​ទីផ្សារ​សព្វាវុធ​របស់ខ្លួន ព្រោះ ឥណ្ឌា​ទើប​តែ​ប្រកាសថា ខ្លួន​នឹង​ចំណាយ​លុយ ៥០ពាន់លាន​ដុល្លារ​សម្រាប់​ធ្វើ​ទំនើបកម្ម​យោធា​របស់ខ្លួន ក្នុង​រយៈពេល​ប្រាំឆ្នាំទៅមុខ។ គិត​ចាប់តាំងពី​ឆ្នាំ ២០០២​ដែល​អាមេរិក និង​ឥណ្ឌា​ចាប់​ត្រូវរ៉ូវ​គ្នា ឥណ្ឌា​ចំណាយលុយជាង​៩ពាន់​លាន​ដុល្លារ​ដើម្បី​ទិញ​អាវុធ​ពី​អាមេរិក។ ការព្រមព្រៀង​គ្នា កាលពីថ្ងៃ​ពុធ​ម្សិលមិញ នឹង​ ជម្រុញ​ឲ្យ​អាមេរិក​ក្លាយ​ជា​អ្នកផ្គត់ផ្គង់​សព្វាវុធ កាន់តែ​ចេញមុខ​ដល់​កងទ័ព​ឥណ្ឌា។ បើ​អាមេរិក​លក់​អាវុធ ឬ​ក៏​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ដល់​ឥណ្ឌា នោះ​អាមេរិក​មិន​ត្រឹម​បាន​ប្រាក់​ចំណេញ​ប៉ុណ្ណោះទេ ប៉ុន្តែ អាមេរិក​សង្ឃឹមនឹង​បង្កើត​ការងារ​ធ្វើ​ច្រើន សម្រាប់​ប្រជាជន​អាមេរិក​ផងដែរ។

អាមេរិក​ចាប់​ពង្រឹង​សម្ព័ន្ធភាព​ជាមួយ​ប្រទេស​អាស៊ី រួម​ទាំង​ឥណ្ឌា​ផង ដើម្បី​ទប់ទល់​ឥទ្ធិពល​ចិន  ព្រោះ​អាមេរិក​ត្រូវការ​ផ្លូវទឹក​នៅ​សមុទ្រ​ចិន​ភាគខាងត្បូង និង​នៅ​អាស៊ីប៉ាស៊ីហ្វិក​ដើម្បី​ចរាចរ​ពាណិជ្ជកម្ម​របស់ខ្លួន។

អាមេរិក​ជំរុញ​ឲ្យ​ឥណ្ឌា​ជម្រុញ​ពង្រឹង​សហការ​យោធា​ជាមួយ​អាមេរិក រាប់តាំងពី​ការទិញអាវុធ​​ពីអាមេរិក និង​ការហ្វឹកហ្វឺន ធ្វើ​សមយុទ្ធ​រួមគ្នា រវាង​ឥណ្ឌា និង​អាមេរិក។ ដើម្បី​អាច​ធ្វើ​ដូច្នេះ​បាន​ទាល់តែ​អាមេរិក​បាន​ជំនួយ និង​ការយល់ព្រម​សហការពី​ឥណ្ឌា ដែរ។ ហើយ​បើមាន​បញ្ហា ដូចជា​ការប្រឈមមុខ ឧទាហរណ៍​ជាមួយ​ចិន នោះ អាមេរិក​នៅមាន​ឥណ្ឌា ដែល​ជា​មហាអំណាច​នុយក្លេអ៊ែរ ជា​បង្អែក នៅ​អាស៊ី។
 
ឥណ្ឌា​បាន​ទទួល​អាមេរិក ក៏ប៉ុន្តែ ជាមួយ​គ្នានោះ ឥណ្ឌា​ក៏មិន​ចង់​ឲ្យ​ចិន និង​រុស្ស៊ី​អន់ចិត្ត​ដែរ។ រុស្ស៊ី និង​ចិន ជា​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​របស់​ឥណ្ឌា ក្នុង​Brics ក្នុងនាម​ជា​ប្រទេស​ដែល​ទើប​មាន​សេដ្ឋកិច្ច​លូតលាស់ថ្មី។

ឥណ្ឌា​ចង់​បាន​ប្រយោជន៍​សេដ្ឋកិច្ច និង​យោធា ក៏ពិតមែន ពី​ទំនាក់ទំនង​ជាមួយ​អាមេរិក ប៉ុន្តែ ឥណ្ឌា​មើលទៅ ក៏នៅចង់​រក្សា​អធិបតេយ្យភាព​របស់ខ្លួន។ រហូតមក ឥណ្ឌា​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​ប្រទេស​មិន​ដែល​ចូល​បក្ស​សម្ព័ន្ធ គឺ​មិនស្ថិតនៅ​ជាមួយ​ភាគី​ជម្លោះ​ណាមួយទេ។ ការនៅដាច់​ដោយឡែក មិន​ស្ថិតនៅ​ជាមួយ​ភាគី​ណាមួយ​នោះ ធ្វើ​ឲ្យ​ឥណ្ឌា​រួចផុត ពីចំណង​កាតព្វកិច្ច​ធ្វើ​សង្រ្គាម នានា។ គ្មាន​ចំណងកាតព្វកិច្ច គឺ​ឥណ្ឌា​មិនចាំបាច់​ចំណាយ​អស់លុយ​ដើម្បី​ធ្វើ​សង្រ្គាម ដូចជា​នៅអាហ្វហ្កានីស្ថាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI