អានតួអត្ថបទ
ឥណ្ឌា

ជាជាង​ទិញ​ពី​អាមេរិក ឥណ្ឌា​សម្រេច​បញ្ជា​ទិញ​មីស៊ីល​ពី​អ៊ីស្រាអែល

នាយករដ្ឋមន្រ្តី​ឥណ្ឌា​ធ្វើ​ទស្សនកិច្ច​នៅមូលដ្ឋាន​ទ័ព​ឥណ្ឌា​ក្នុង​​តំបន់​កាស្មៀរ កាលពី​ថ្ងៃ​ទី ២៣​តុលា ២០១៤
នាយករដ្ឋមន្រ្តី​ឥណ្ឌា​ធ្វើ​ទស្សនកិច្ច​នៅមូលដ្ឋាន​ទ័ព​ឥណ្ឌា​ក្នុង​​តំបន់​កាស្មៀរ កាលពី​ថ្ងៃ​ទី ២៣​តុលា ២០១៤ ©REUTERS/India's Press Information Bureau
ដោយ៖ ឈាង បុប្ផា
១៤ នាទី

ទីក្រុង​ញូវដេលី បាន​បង្ហាញ​ឲ្យ​ដឹង​នៅថ្ងៃ​អាទិត្យទី ២៦ តុលា​ថា ខ្លួន​នឹង​ទិញ​មីស៊ីល​បាញ់​រថក្រោះ ជាច្រើន​ពាន់​ដើម​ពី​ប្រទេស​អ៊ីស្រាអែល។ នៅក្នុង​យុទ្ធសាស្រ្ត​ធ្វើ​ទំនើបកម្ម​សព្វាវុធ​ឲ្យ​កងទ័ព​របស់​ខ្លួន ឥណ្ឌា​បាន​សម្រេច​ជ្រើសរើស​អ៊ីស្រាអែល​ជា​អ្នកផ្គត់ផ្គង់ ដោយ​​បោះចោល​សំណើ​លក់​មីស៊ីល​របស់​អាមេរិក។  

ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​ជាតិ​និយម របស់​លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា ណារិនដ្រា មូឌី​បាន​សម្រេច​ទិញ​មីស៊ីល ​៨២៥៦ ដើម និង​ជើងទ្រ​សម្រាប់​បាញ់​មីស៊ីល​ចំនួន ៣២១ ពី​ប្រទេស​អ៊ីស្រាអែល។ សេចក្តី​សម្រេច​បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំមួយ កាលពី​យប់​ថ្ងៃ​សៅរ៍​ម្សិលមិញ ក្រោម​អធិបតី​របស់​រដ្ឋមន្រ្តី​ការពារ​ជាតិ​ឥណ្ឌា។

 
ឥណ្ឌា​ដែល​ទិញ នាំ​អាវុធ​ចូល​ច្រើន​ជាងគេ នៅក្នុង​ពិភពលោក។ ឥណ្ឌា ដែល​មាន​ជម្លោះ​ព្រំដែន​ជាប់​ជា​ប្រចាំ​ជាមួយ​ប្រទេស​ជិតខាង ដូចជា​ចិន និង​ប៉ាគីស្ថាន​បាន​ចាប់​ផ្តើម​នយោបាយ​ធ្វើ​ទំនើបកម្ម​សព្វាវុធ​របស់​កងទ័ព ដែល​ភាគច្រើន មាន​អាយុ​តាំង​ពី​សម័យ​សហភាព​សូវៀត។ ប៉ុន្តែ ដោយសារ​តែ​អំពើ​ពុករលួយ​កើតមាន​ច្រើន​ពេក រដ្ឋាភិបាល​ឥណ្ឌា​បាន​ផ្អាក​កិច្ចព្រមព្រៀង​ទិញ​អាវុធ​មួយ​រយៈ មុន​នឹង​ចាប់​ផ្តើម​ជាថ្មី នៅក្នុង​រដ្ឋាភិបាល​ថ្មី​របស់​លោក​នាយករដ្ឋមន្រ្តី​មូឌី។

យោងតាម​មន្រ្តី​យោធា​ឥណ្ឌា​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ប៉ុន្តែ ដកស្រង់​សំដី​ដោយ​ទីភ្នាក់ងារ​បារាំង​AFP ក្រុមប្រឹក្សា​យោធា​បាន​សម្រេច ថវិកា​ប្រមាណ ៨០០​ពាន់​លាន​រូពី សម្រាប់​កម្មវិធី​បំពាក់​អាវុធ​ឲ្យ​កងទ័ព​ឥណ្ឌា។ នៅក្នុង​នោះ គេ​បាន​សម្រេច​ផងដែរ ថា នឹង​ទិញ​មីស៊ីល​បាញ់​រថក្រោះ​ពី​ប្រទេស​អ៊ីស្រាអែល។ តាម​ប្រភព​មួយ​ទៀត ពី​កងទ័ព​ឥណ្ឌា នៅក្នុង​កិច្ចព្រមព្រៀង​ជាមួយ​អាមេរិក ស្តីពី​សហប្រតិបត្តិការ​រវាង​ឥណ្ឌា និង​អាមេរិក ទីក្រុង​វ៉ាស៊ីនតោន​​ធ្លាប់​បាន​ស្នើ​ឲ្យ​​ឥណ្ឌា​ទិញ​មីស៊ីល​អាមេរិក ឈ្មោះ Javelin ។ ប៉ុន្តែ ឥណ្ឌា​បាន​សម្រេច​ជ្រើសរើស​មីស៊ីល​អ៊ីស្រាអែល​វិញ ដោយ​យោង​ទៅ​លើ​ហេតុផល​បច្ចេកទេស ព្រោះថា កាលពី​ឆ្នាំ​ទៅ ឥណ្ឌា​បាន​ទទួល​ជោគជ័យ​ក្នុងការសាកល្បង​មីស៊ីល​អ៊ីស្រាអែល។

នៅក្នុង​កិច្ចប្រជុំ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ម្សិលមិញ កងទ័ព​ឥណ្ឌា បាន​សម្រេច​ផងដែរ​ថា នឹង​ចំណាយ​ថវិកា​ប្រមាណ ៨ពាន់​លាន​ដុល្លារ ដើម្បី សាងសង់​នាវាមុជទឹក​នៅក្នុង​ស្រុក ដោយ​មាន​ការចូលរួម​ពី​ក្រុមហ៊ុន​វិនិយោគ​បរទេស ដែល​នៅក្នុង​នោះ មាន​តាំង​ពី​បារាំង រុស្ស៊ី អេស្ប៉ាញ និង​អាល្លឺម៉ង់។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​កាសែត​ឥណ្ឌា​Hindustan Times។

ជាមួយ​នឹង​ទិសដៅ​ជំរុញ​ការសាងសង់ ផលិត​សព្វាវុធ ក្នុង​ស្រុក រដ្ឋាភិបាល​ឥណ្ឌា​បាន​កាត់បន្ថយ ជិត​ពាក់កណ្តាល សិទ្ធិ​វិនិយោគ របស់​ក្រុមហ៊ុន​បរទេស​នៅក្នុង​ឧស្សាហកម្ម​ផលិត​សព្វាវុធ​របស់​ឥណ្ឌា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ