ឥណ្ឌា-វៀតណាម

ឥណ្ឌា​ផ្តល់ជំនួយ​យោធា​៥០០លាន​ដុល្លារ​ដល់​វៀតណាម​ដែល​កំពុង​ជាប់ជម្លោះ​ជាមួយ​ចិន

​នាយករដ្ឋមន្រ្តី​ឥណ្ឌា​ជួប​នាយករដ្ឋមន្រ្តី​វៀតណាម នៅ​​ក្នុង​អំឡុង​ដំណើរទស្សនកិច្ច ក្នុង​ទីក្រុង​ហាណូយ ថ្ងៃសៅរ៍ ៣កញ្ញា ២០១៦
​នាយករដ្ឋមន្រ្តី​ឥណ្ឌា​ជួប​នាយករដ្ឋមន្រ្តី​វៀតណាម នៅ​​ក្នុង​អំឡុង​ដំណើរទស្សនកិច្ច ក្នុង​ទីក្រុង​ហាណូយ ថ្ងៃសៅរ៍ ៣កញ្ញា ២០១៦ REUTERS

ឥណ្ឌា​បាន​ប្រកាស​ឲ្យដឹង​នៅថ្ងៃ​សៅរ៍​នេះ​ថា​ខ្លួន​បាន​ផ្តល់​ជំនួយ​ចំនួន ៥០០លាន​ដុល្លារ​អាមេរិក ទៅ​ឲ្យ​វៀតណាម ដើម្បី​ចំណាយ​ក្នុង​វិស័យ​យោធា។ ការប្រកាស​ផ្តល់​ជំនួយ​យោធា​នេះ​ធ្វើឡើង នៅ​ក្នុង​ពេល​ដែល​វៀតណាម​កំពុងតែ​ប្រឈមមុខ​ជាមួយ​នឹង​ចិន ក្នុង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ហើយ​ឥណ្ឌា​ក៏​កំពុងតែស្វះស្វែងរក​ដៃគូ ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន​ផងដែរ។

ផ្សាយពាណិជ្ជកម្ម

ការផ្តល់​ជំនួយ​យោធា​ ៥០០លាន​ដុល្លារ​នេះ ត្រូវ​បាន​ប្រកាស​ឲ្យដឹង ដោយ​លោក​នាយករដ្ឋមន្រ្តី ណារិនដ្រា ម៉ូឌី ក្នុងឱកាស​​​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​វៀតណាម មុននឹង​ទៅ​ចូលរួម​ក្នុង​ជំនួបកំពូល G20 នៅ​ក្នុង​ប្រទេស​ចិន។ ដំណើរទស្សនកិច្ច​ដែល​បាន​បិទបញ្ចប់​ជាមួយ​នឹង​ការ​ចុះ​កិច្ចព្រមព្រៀង​ជាច្រើន នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត និងសុខាភិបាល។

លោក​ណារិនដ្រា ម៉ូឌី បាន​បញ្ជាក់​ថា ជំនួយ​យោធា​ទៅ​ឲ្យ​វៀតណាម​នៅពេលនេះ​​មាន​រូបភាព​ជា​ឥណទាន ហើយ​​ធ្វើឡើង ក្នុងគោលដៅ​រឹតបន្តឹង​សហប្រតិបត្តិការ​ទ្វេភាគី ក្នុង​វិស័យ​ការពារជាតិ។

រហូតមកទល់នឹង​ពេលនេះ ទាំងឥណ្ឌា និង​ទាំងវៀតណាម មិនបាន​បញ្ជាក់លម្អិត​ថា​តើ​ទឹកប្រាក់​ ៥០០លាន​ដុល្លារ​នេះ​នឹង​ត្រូវ​យក​ទៅ​ចំណាយ​ទៅលើ​អ្វី​ពិតប្រាកដ​នោះទេ។ ក៏ប៉ុន្តែ គេ​នៅចាំបាន​ថា កាល​ពីឆ្នាំ​២០១៤​កន្លងទៅ ឥណ្ឌា​ក៏​ធ្លាប់​បាន​ផ្តល់​ជំនួយ​យោធា​ទៅ​ឲ្យ​វៀតណាម ចំនួន ១០០លាន​ដុល្លារ​ ម្តងរួចមកហើយ​ដែរ ដើម្បី​យក​ទៅ​ទិញ​នាវាល្បាត​ដែន​សមុទ្រ។

កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​យោធា ជាពិសេស ខាង​ទ័ព​ជើងទឹក រវាង​ឥណ្ឌា និង​វៀតណាម ធ្លាប់​ទទួល​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង ពី​សំណាក់​ប្រទេស​ចិន​ ដែល​កំពុង​ជាប់ជម្លោះ​ជាមួយ​វៀតណាម នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

ឥណ្ឌា ថ្វីដ្បិត​តែ​មិន​ជាប់ជម្លោះ​ដោយ​ផ្ទាល់​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ក៏ប៉ុន្តែ ជម្លោះ​នេះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​ផលប្រយោជន៍​របស់​ឥណ្ឌា ពីព្រោះ​ថា រាល់​ការ​ដោះដូរ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​របស់​ឥណ្ឌា មាន​ប្រមាណ​ជា​ពាក់កណ្តាល​ត្រូវ​ដឹកជញ្ជូន​ឆ្លងកាត់​សមុទ្រ​ចិន​ខាង​ត្បូង។ លើសពីនេះ​ទៅទៀត ឥណ្ឌា​និង​ចិន ក៏​​​មាន​ជាប់ជម្លោះ​ព្រំដែន​ជាមួយគ្នា​ដែរ គឺ​ជម្លោះ​ព្រំដែន​គោក ដែល​បាន​រាលដាល​រហូត​ផ្ទុះ​ជា​សង្រ្គាម កាល​ពីឆ្នាំ​១៩៦២។

ហេតុដូច្នេះហើយ​បាន​ជាគេសង្កេតឃើញ​ថា នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ឥណ្ឌា​កំពុងតែ​ខិតខំ​ពង្រឹង​ទំនាក់ទំនង ជាពិសេស នៅ​ក្នុង​វិស័យ​យោធា​ជាមួយ​វៀតណាម ក៏ដូចជា បណ្តា​ប្រទេស​មួយ​ចំនួន​ផ្សេងទៀត​ដែល​ជាគូប្រជែង​របស់​ចិន រួមមាន​ដូចជា ជប៉ុន និង​សហរដ្ឋ​អាមេរិក​ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI