អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ចិន​អាច​ប្រជែង​ឈ្នះ​ឥណ្ឌា​ក្នុង​ការ​គ្រប់គ្រង​មហាសមុទ្រ​ឥណ្ឌា​ឬទេ?

សំឡេង ០៣:៥៩
នាវាផ្ទុក​យន្តហោះ​ទីមួយ​របស់​ចិន ឈ្មោះ Liaoning
នាវាផ្ទុក​យន្តហោះ​ទីមួយ​របស់​ចិន ឈ្មោះ Liaoning REUTERS/Stringer/
ដោយ៖ សេង ឌីណា
២៧ នាទី

កាលពីថ្ងៃ​ចន្ទ​ដើមសប្តាហ៍​នេះ កំពង់ផែ​ដ៏ធំមួយ​ សាងសង់​ដោយ​ប្រើ​ហិរញ្ញប្បទាន​​របស់​ចិន ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ នៅ​ក្នុង​ប្រទេស​ស្រីលង្កា។ កំពង់ផែ​នេះ គឺ​ជា​ផ្នែកមួយ នៃ​យុទ្ធសាស្រ្ត​របស់​ចិន ក្នុង​ការ​ឈាន​ទៅ​ប្រជែង​ជាមួយ​ឥណ្ឌា ដើម្បី​គ្រប់គ្រង​មហាសមុទ្រ​ឥណ្ឌា។ មហាសមុទ្រ​ឥណ្ឌា ដែល​​ឥណ្ឌា​តែងតែ​ចាត់​ទុក​ថា​ជា​ដែនឥទ្ធិពល​របស់ខ្លួន ក៏ប៉ុន្តែ ចិន ដែល​មាន​អំណាច​កាន់តែ​រីកធំឡើង ទាំង​ខាង​សេដ្ឋកិច្ច និង​ខាង​យោធា​ ក៏​មាន​មហិច្ឆតា​ចង់​គ្រប់គ្រង​ទីតាំង​ជា​យុទ្ធសាស្រ្ត​នេះ​ដែរ។ ចុងក្រោយ​ទៅ រវាង​ឥណ្ឌា និង​ចិន តើ​នរណា​នឹង​ក្លាយ​ជា​ម្ចាស់​នៃ​មហាសមុទ្រ​ឥណ្ឌា?

ផ្សាយពាណិជ្ជកម្ម

មហាសមុទ្រ​ឥណ្ឌា គឺ​ជា​ទីតាំង​យុទ្ធសាស្រ្ត​ដ៏សំខាន់​មួយ ទាំង​នៅ​ក្នុង​ភូមិសាស្រ្ត​នយោបាយ​​​អាស៊ី និង​ពិភពលោក។ កាលពី​សម័យ​សង្រ្គាម​ត្រជាក់ មហាសមុទ្រ​ឥណ្ឌា គឺ​ជា​ទីតាំង​យុទ្ធសាស្រ្ត ដែល​អាមេរិក និង​សហភាព​សូវៀត​ប្រជែងគ្នាត្រួតត្រា។ នៅពេលនេះ ក្រោយ​ពី​សង្រ្គាម​ត្រជាក់​បញ្ចប់​ទៅ គឺ​​ដល់​វេន​យក្ស​អាស៊ី​ទាំងពីរ គឺ​ចិន និង​ឥណ្ឌា ដែល​កំពុង​តែ​ប្រជែងគ្នាគ្រប់គ្រង​មហាសមុទ្រ​នេះ។

 
មហាសមុទ្រ​ឥណ្ឌា គឺ​ជា​ចំណុច​កណ្តាល​មួយ ភ្ជាប់​តំបន់​យុទ្ធសាស្រ្ត​ធំៗ​ទាំងបី គឺ​អឺរ៉ុប ដើមបូព៌ា និង​អាស៊ី។ ជា​លំហ​សមុទ្រ​ដ៏សំខាន់​ សម្រាប់​ការ​ដឹកជញ្ជូន​តាម​សមុទ្រ ដែល​ជា​សរសៃ​ឈាម​នៃ​សេដ្ឋកិច្ច​ពិភពលោក។ ជាពិសេស មហាសមុទ្រ​ឥណ្ឌា គឺ​ជា​ច្រក​ឆ្លងកាត់​ដែល​មិន​អាច​ចៀសរួច ក្នុងការ​ដឹកជញ្ជូន​ធនធាន​ធម្មជាតិ ពី​អាហ្វ្រិក និង​ដើមបូព៌ា មកកាន់​ប្រទេស​ឥណ្ឌា និង​ចិន។

ការ​ដោះដូរ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ចិន​ប្រមាណ ២៥% និង​​ការ​ដឹកជញ្ជូន​ប្រេង​របស់​ចិន​ប្រមាណ ៨០% ត្រូវ​​ឆ្លងកាត់​មហាសមុទ្រ​ឥណ្ឌា កាត់តាម​ច្រក​សមុទ្រ​ Malacca (ចន្លោះ ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី) ភ្ជាប់​ទៅ​សមុទ្រ​ចិន​ខាង​ត្បូង។

មហាសមុទ្រ​ឥណ្ឌា មាន​ឈ្មោះ​ “ឥណ្ឌា” ហើយ​ត្រូវបាន​ឥណ្ឌា​ចាត់ទុក​ថា​ជាដែន​ឥទ្ធិពល​ផ្តាច់មុខ​របស់ខ្លួន។ ក៏ប៉ុន្តែ មហិច្ឆតា​របស់​ចិន កម្លាំង​សេដ្ឋកិច្ច និង​យោធា​របស់​ចិន កំពុងតែ​ជា​ការ​គំរាម​កំហែង​ដ៏​ធំមួយ​ដល់​មហិច្ឆតា​របស់​ឥណ្ឌា ក្នុងការ​គ្រប់គ្រង​មហាសមុទ្រ​ឥណ្ឌា​នេះ។

ការ​ចំណាយ​ក្នុង​វិស័យ​ការពារជាតិ​ចិន​បាន​បន្ត​កើនឡើង​កាន់តែ​ខ្លាំង​ឥតឈប់ឈរ ជាពិសេស ការ​ចំណាយ​លើ​ការ​ពង្រីក​កងទ័ព​ជើងទឹក ដូចជា ការ​សាងសង់​នាវា​ផ្ទុក​យន្តហោះ និង​នាវាមុជទឹក។ នៅពេលនេះ ចិន​កំពុង​ផ្តោតលើ​ការ​ពង្រឹង​វត្តមាន នៅ​សមុទ្រ​ចិន​ខាង​ត្បូង និង​សមុទ្រ​នៅ​ប៉ែក​​ខាង​កើត (ទៅខាង​កូរ៉េ​ និង​ជប៉ុន) ក៏ប៉ុន្តែ បើ​កម្លាំង​របស់​ចិន​នៅតែ​បន្ត​កើនឡើង​បែបនេះ មិនយូរ​មិន​ឆាប់ ចិន​ប្រាកដ​ជា​នឹង​បោះជំហាន​មួយ​ទៀត គឺ​ឈាន​ទៅ​​ប្រជែង​ជាមួយ​​ឥណ្ឌា ដល់​​​មហាសមុទ្រ​ឥណ្ឌា​តែម្តង។

តាមការពិត នាពេល​បច្ចុប្បន្ន​នេះ ចិន​បាន​ប្រុងប្រៀប​រៀបជើងព្រួល​រួចជាស្រេច​ទៅហើយ តាមរយៈ​​ការ​ដាក់ចេញ​នូវ​យុទ្ធសាស្រ្ត ដែល​គេ​ឲ្យ​ឈ្មោះ​ថា “Collier de Perles” (ជា​ភាសា​ខ្មែរ "​ខ្សែ ក គុជខ្យង”) គឺ​ការ​ពង្រឹងវត្តមាន​នាវា​របស់​ចិន តាមរយៈការ​ទិញ ជួល ឬ​សាងសង់​កំពង់​ផែ នៅតាម​ប្រទេសមួយ​ចំនួន ចាប់តាំង​ពី​សមុទ្រ​ចិន​ខាង​ត្បូង​ រហូតដល់​តំបន់​ដើមបូព៌ា។ យុទ្ធសាស្រ្ត​នេះ មាន​គោលដៅ​​រក្សា​សុវត្ថិភាព​នាវាចរណ៍​​របស់​ចិន​ផង និង​ជា​យុទ្ធសាស្រ្ត​ ដើម្បី​ឡោមព័ទ្ធ​ឥណ្ឌា​ផងដែរ ជាពិសេស តាមរយៈការ​សាងសង់​កំពង់ផែ​នៅ​តាម​ប្រទេស​ជុំវិញ​ឥណ្ឌា រួមមាន ​​ភូមា បង់ក្លាដែស ស្រីលង្កា និង​ប៉ាគីស្ថាន។

កំពង់ផែ​ដ៏​សម្បើម​ ដែលចិន​ផ្តល់​លុយ​ ដើម្បី​ឲ្យ​ស្រីលង្កា​សាងសង់ និង​ដាក់​សម្ពោធ កាល​ពីថ្ងៃ​ចន្ទ ទី៤ សីហា កន្លងទៅនេះ គឺ​ជា​ផ្នែក​មួយ នៃ​យុទ្ធសាស្រ្ត​នេះ។

ប្រឈមមុខ​នឹង​ការ​គំរាមកំហែង​របស់​ចិន ឥណ្ឌា​ក៏​កំពុង​តែ​ខិតខំ​ពង្រឹង​កងទ័ព​ជើងទឹក​របស់​ខ្លួន​​យ៉ាង​ខ្លាំងដែរ។ កាល​ពី​ឆ្នាំ​២០០៦ ឥណ្ឌា​បានបញ្ជាទិញ​នាវា​ផ្ទុកយន្តហោះ​មួយគ្រឿងពី​រុស្ស៊ី។ ក្រៅពី​នាវា​​ដែល​ទិញ​ពី​រុស្ស៊ី ឥណ្ឌា​​​កំពុង​តែ​សាងសង់​នាវា​ផ្ទុក​យន្តហោះ​ដោយ​ខ្លួនឯង​ចំនួន​ពីរ​គ្រឿង​ផ្សេងទៀត ដែល​គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរការ នៅ​ឆ្នាំ​២០១៤។ នេះ​មានន័យថា នៅឆ្នាំ​២០១៤ កងទ័ព​ជើងទឹក​ឥណ្ឌា​នឹង​មាន​នាវាផ្ទុក​យន្តហោះ​ដល់​ទៅ ៣គ្រឿង។

ក្រៅពីការសាងសង់​នាវា​ផ្ទុក​យន្តហោះ ឥណ្ឌា​ក៏​កំពុង​តែ​ផ្តោត​ខ្លាំង​ផងដែរ​លើ​ការ​ទិញ ឬ​សាងសង់​នាវាមុជទឹក យន្តហោះ​ល្បាត​ដែនសមុទ្រ និង​ការ​សាងសង់​ប្រព័ន្ធ​រ៉ាដា នៅ​តាម​បណ្តោយ​ឆ្នេរសមុទ្ររបស់​ខ្លួន។ នៅពេល​បច្ចុប្បន្ន​នេះ តាមរយៈសហប្រតិបត្តិការ​ជាមួយ​បារាំង ឥណ្ឌា​កំពុង​តែ​សាងសង់​នាវា​ចម្បាំង​ចំនួន ៤០​គ្រឿង ដែល​ក្នុងនោះ មាន​នាវាមុជទឹក​ចំនួន ៦គ្រឿង។ ហើយ​ក្រោយ​ពី​នាវាមុជទឹក​នេះ​ត្រូវ​សាងសង់​ចប់សព្វគ្រប់ នៅ​ឆ្នាំ​២០១៨ ឥណ្ឌា​គ្រោង​នឹង​ចាប់ផ្តើម​​សាងសង់​នាវា​មុជទឹក​ចំនួន ៦គ្រឿង​បន្ថែម​ទៀត។

អ្នក​ជំនាញ​ខាង​យុទ្ធសាស្រ្ត​ទ័ព​ជាច្រើន​យល់ថា នៅ​ក្នុងពេល​បច្ចុប្បន្ន​នេះ ក្នុងការ​ប្រជែងគ្នា នៅ​មហាសមុទ្រ​ឥណ្ឌា ឥណ្ឌា​ត្រូវ​មាន​ប្រៀបលើ​ចិន ពីព្រោះ ម្យ៉ាង កងទ័ព​ជើងទឹក​ឥណ្ឌា​ក៏​មាន​កម្លាំង​ខ្លាំង ហើយ​ម្យ៉ាងទៀត ឥណ្ឌា​មាន​ទីតាំង​ភូមិសាស្រ្ត​ប្រកប​ដោយ​អំណោយ​ផល គឺ​ឥណ្ឌា​មាន​ឆ្នេរ​ជាប់​នឹង​មហាសមុទ្រ​ឥណ្ឌា ខុស​ពី​ចិន ដែល​​នៅ​នៅ​តាម​នៅ​ឆ្ងាយ។ លើសពីនេះ​ទៅទៀត ឥណ្ឌា​អាច​មាន​អាមេរិក​ជួយ​ពី​ខាង​ក្រោយ។ ដូច្នេះ គេយល់ថា យ៉ាងហោចណាស់ ចាប់ពីពេលនេះ រហូតដល់ ២០ឆ្នាំខាងមុខ ចិន​ទំនង​ជា​​នៅ​មិនទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់​ ដើម្បី​​ប្រជែងជាមួយឥណ្ឌា នៅ​មហាសមុទ្រ​ឥណ្ឌា​បាន​នៅឡើយទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ