ឥណ្ឌា-វៀតណាម

ឥណ្ឌា​នឹង​បន្ត​រុករក​ប្រេង​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​តាម​កិច្ចសន្យា​ជាមួយ​វៀតណាម

វៀតណាម​នាំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​ចិន នៅ​ទីក្រុង​ហាណូយ កាល​ពី​ថ្ងៃទី៨ កក្កដា ២០១២
វៀតណាម​នាំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​ចិន នៅ​ទីក្រុង​ហាណូយ កាល​ពី​ថ្ងៃទី៨ កក្កដា ២០១២ REUTERS/Stringer

ក្រុមហ៊ុន​ប្រេង​របស់​ឥណ្ឌា​​គ្រោង​បន្ត​​​សហការ​ជាមួយ​វៀតណាម ក្នុង​ការ​រុករក​ប្រេង នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ជា​តំបន់​ជាប់ជម្លោះ រវាង​វៀតណាម និង​ចិន។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​​មួយ​ឈ្មោះ Dow Jones Newswires កាល​ពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។ ការ​សម្រេច​របស់​ឥណ្ឌា​នេះ ទំនង​ជា​នឹង​ត្រូវ​ប្រឈមមុខ​ជាមួយ​នឹង​ចិន ដែល​ទើប​នឹង​ប្រកាស​ដាក់​ដេញថ្លៃឲ្យ​ក្រុមហ៊ុន​អន្តរជាតិ មក​រុករក និង​ធ្វើ​អាជីវកម្ម​​ប្រេង នៅ​ក្នុង​ប្លុក​ដែល​ឥណ្ឌា​គ្រោង​រុករក​នេះ។

ផ្សាយពាណិជ្ជកម្ម

ប្រសិនបើ​​ពិត​ដូច​ការផ្សាយ​របស់ Dow Jones Newswires កាល​ពី​ម្សិលមិញ​នេះ​មែន មានន័យថា ឥណ្ឌា​បាន​ផ្លាស់ប្តូរ​ជំហរ​របស់​ខ្លួន ខុសពី​ប៉ុន្មាន​ខែមុន ដែល​បាន​ប្រកាស​ថា ក្រុមហ៊ុន​ឥណ្ឌា​នឹង​បញ្ឈប់ការ​រុករក​ប្រេង​ នៅ​ក្នុង​ប្លុក ១២៨ របស់​វៀតណាម​ទៀត​ហើយ។

គួរ​បញ្ជាក់ថា វៀតណាម​បាន​ប្រគល់​សិទ្ធិ​ឲ្យ​​ក្រុមហ៊ុន​ប្រេង​របស់​ឥណ្ឌា ធ្វើការ​រុករក​ និង​ធ្វើ​អាជីវកម្ម​ប្រេង នៅ​ក្នុង​​ប្លុក​ចំនួន​ពីរ នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង គឺ​ប្លុក១២៧ និង​ប្លុក​១២៨ តាំងពី​ឆ្នាំ​២០០៦។ ក៏ប៉ុន្តែ កាល​ពី​ឧសភា​កន្លងទៅនេះ រដ្ឋាភិបាល​ឥណ្ឌា​បាន​​ប្រកាស​ថា ក្រុមហ៊ុន​ឥណ្ឌា​នឹង​​បញ្ឈប់ការ​រុករក​ប្រេង នៅ​ប្លុក ១២៨​ ក្នុងហេតុផល​ថា ការធ្វើ​អាជីវកម្ម​ប្រេង​នៅ​ក្នុង​ប្លុក​នេះ​អាច​មិន​ផ្តល់​ផល​ចំណេញ។

មួយខែ​ក្រោយមក ពោលគឺ នៅខែមិថុនា ស្រាប់តែ​ចិន​បាន​ប្រកាស​ដាក់​ដេញថ្លៃ​ជាអន្តរជាតិ ឲ្យ​ក្រុមហ៊ុន​ប្រេង​ចូលមក​រុករក​ និង​ធ្វើ​អាជីវកម្ម​ប្រេង នៅ​ក្នុង​ប្លុក​ចំនួន ៩ ក្នុង​តំបន់​​​ជាប់ជម្លោះ​ជាមួយ​​វៀតណាម ហើយ​​ក្នុង​នោះ ក៏​មាន​ប្លុក ១២៨​ ដែល​ឥណ្ឌា​ទើប​នឹង​សម្រេច​បញ្ឈប់ការ​រុករកប្រេង​នេះ​ដែរ។

វៀតណាម​បាន​ធ្វើការ​តវ៉ា​ចំពោះ​ការ​ប្រកាស​ដាក់ដេញថ្លៃ​ប្លុក​ប្រេង​ទាំង ៩ ធ្វើ​ឡើង​ដោយ​ចិន​នេះ ដោយ​លើកឡើង​ថា ប្លុកប្រេង​ទាំងនេះ ស្ថិត​ក្នុង​រង្វង់ ២០០​ miles ពីឆ្នេរ​របស់​វៀតណាម ដូច្នេះ គឺ​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​វៀតណាម ដោយ​យោងទៅ​តាម​អនុសញ្ញា​អ.ស.ប. ស្តីពី​ច្បាប់​សមុទ្រ។ វៀតណាម​បាន​អំពាវនាវ​កុំ​ឲ្យ​ក្រុមហ៊ុន​បរទេស​ចូលរួម​ក្នុង​ការ​ដេញថ្លៃ​នេះ។

ឥណ្ឌា​​បាន​ផ្លាស់ប្តូរ​ជំហរ​ ហើយ​សម្រេច​​បន្ត​ការ​រុករក​ប្រេង​នៅ​ប្លុក​ ១២៨​នេះ​វិញ ដោយសារ​តែ​វៀតណាម​បាន​បន្ធូរបន្ថយ​លក្ខខណ្ឌ ដែល​មាន​អំណោយផល​ជាងមុន។ ក៏ប៉ុន្តែ ក្នុង​ពេល​ជាមួយគ្នា​ ​ការ​សម្រេច​របស់​ឥណ្ឌា​នេះ​ មើលទៅ គឺ​មាន​លក្ខណៈ​ជា​ការ​ប្រឈមមុខ​ដោយ​ចំហ​ជាមួយ​ចិន នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

គេ​សង្កេតឃើញ​ថា ចាប់តាំង​ពី​ចិន​ប្រកាស​ដាក់​ដេញថ្លៃ​ប្លុកប្រេង ដែល​ជាប់ជម្លោះ​ជាមួយ​វៀតណាម ហើយ​ដែល​ឥណ្ឌា​ធ្លាប់​ទទួលសិទ្ធិ​រុករក និង​ធ្វើ​អាជីវកម្ម ឥណ្ឌា​ហាក់ដូចជា​បាន​ចាប់ផ្តើម​ដំឡើង​សំឡេង​​របស់ខ្លួន ជុំវិញ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង។ ជាទូទៅ ទាក់ទង​នឹង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ឥណ្ឌា​តែងតែ​អំពាវនាវ​ត្រឹមតែ​​ឲ្យ​មាន​ការ​គោរព​ “សិទ្ធិសេរីភាព ក្នុងការ​ធ្វើ​នាវាចរណ៍” ​តែប៉ុណ្ណោះ។ ក៏ប៉ុន្តែ នៅ​ក្នុង​កិច្ចប្រជុំ​អាស៊ាន នៅ​ភ្នំពេញ កាល​ពី​សប្តាហ៍កន្លងទៅនេះ ឥណ្ឌា​បាន​ទាមទារ​រហូតដល់​ទៅ​ “សិទ្ធិ​ក្នុងការ​​ធ្វើ​អាជីវកម្ម​ធនធាន​ធម្មជាតិ ស្រប​ទៅតាម​គោលការណ៍​ច្បាប់​អន្តរជាតិ”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI