ភូមិសាស្រ្តនយោបាយ

ឥណ្ឌា​និង​ចិន៖ ប្រយោជន៍​ធំ​ជាង​គំនុំ

សំឡេង ០៦:៤២
ទង់ជាតិចិន និងទង់ជាតិឥណ្ឌា
ទង់ជាតិចិន និងទង់ជាតិឥណ្ឌា រូបភាព​ឯកសារ
ដោយ៖ តាន់ ហ្សង់-ហ្វ្រង់ស័រ
៣២ នាទី

នៅ​ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​សិក្សា​ទៅ​លើ​ភូមិសាស្រ្ត​នយោបាយ​ឥណ្ឌា​ត​ទៅ​ទៀត ដោយ​សូម​លើក​ឡើង​អំពី​ទំនាក់​ទំនង​រវាងឥណ្ឌានិងចិន។

ផ្សាយពាណិជ្ជកម្ម

ឥណ្ឌា​ដែល​ចាត់​ទុក​ខ្លួន​ឯង​ថាជា​មហា​អំណាច​តំបន់​អាស៊ី​ខាង​ត្បូង​មិន​ដែល​ទុក​ចិត្ត​ចិន​ទេ។ មិន​ទុក​ចិត្ត​ចិន ដ្បិត​ថ្នាក់​ដឹក​នាំ​ចិន​រមែង​តែ​សម្តែង​ឱ្យ​ឃើញ​នូវ​មហិច្ឆតា​របស់​ខ្លួន​ទៅ​លើ​អាស៊ី​ខាង​ត្បូង ដូច​មាន​ការ​លេប​យក​ដែនដី​ទីបេ​(Tibet)​មក​កាន់កាប់​នៅ​ឆ្នាំ​១៩៥១​ជា​ឧទាហរណ៍​ជាក់​ស្តែង​ស្រាប់។

ឥណ្ឌា​ក៏​មិន​ភ្លេច​ដែរ​បរាជ័យ​ដ៏​អាម៉ាស់​មុខ​របស់​ខ្លួន នៅ​ក្នុង​សង្គ្រាម​ទប់ទល់​នឹង​ការ​ឈ្លាន​ពាន​របស់​ចិន​នៅ​ឆ្នាំ​១៩៦២ សង្គ្រាម​ដែល​បាន​បន្សល់​ទុក​នូវ​បញ្ហា​ព្រំដែន​រវាង​មហា​ប្រទេស​ទាំង​ពីរ​ត​រហូត​មក​ទល់​សព្វ​ថ្ងៃ។

ឥណ្ឌា​ប្រយ័ត្ន​ណាស់ ប្រយ័ត្ន​ខ្លាំង​នៅ​ចំពោះមុខ​សកម្មភាព​ទូត យោធា​និង​សេដ្ឋកិច្ច​របស់​ថ្នាក់​ដឹក​នាំ​ចិន​នៅ​អាស៊ី​ខាង​ត្បូង និង​នៅ​ក្នុង​តំបន់​ជុំវិញ​អាស៊ី​ខាង​ត្បូង ដូច​ជា​នៅ​ប៉ាគីស្ថាន​បាំងក្លាដែស នេប៉ាល ប៊ូតង់ ម៉ាឌីហ្វ សេរីលង្កា និង​ភូមា។

ទីក្រុង​ញូវដេលី​(New Delhi) ចេះ​តែ​មាន​អារម្មណ៍​ថា តាំង​ពី​ដើម​មក ចិន​មាន​យុទ្ធសាស្ត្រ​ឡោមព័ទ្ធ​ប្រទេស​ខ្លួន។ អ្វី​ដែល​ធ្វើ​ឱ្យ​ឥណ្ឌា​បារម្ភ​ខ្លាំង​ជាង​គេ គឺ​ការ​បង្កើត​ឡើង​ដោយ​ថ្នាក់​ដឹក​នាំ​ចិន​ជា​បន្ត​បន្ទាប់ នូវ​ខ្សែ​ក្រវ៉ាត់​សន្តិសុខ​មួយ​ដែល​ពាក្យ​បារាំង​គេ​ហៅ​ថាcollier de perles ខ្សែ​ក្រវ៉ាត់​សន្តិសុខ​ដែល​លាត​សន្ធឹង​ពី​ឈូង​សមុទ្រ​ពែរ្ស(Perse) ទៅ​ដល់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​(Pacifique) ដោយ​ឆ្លង​កាត់​តាម​សមុទ្រ​ឥណ្ឌា។

រី​ឯ​ទីក្រុង​ប៉េកាំង​(Pékin)​វិញ​អះអាង​ថា​ខ្សែ​ក្រវ៉ាត់​សន្តិសុខ​នេះ​មិនមែន​ដើម្បី​ឡោមព័ទ្ធ​ឥណ្ឌា​ទេ តែ​ដើម្បី​ការពារ​ចរាចណ៍​នៃ​នាវា​ដឹក​ប្រេងកាត​របស់​ខ្លួន​មក​ពី​ភូមិភាគ​ដើម​បូព៌ា​ទេ​តើ។

តែ​ឥណ្ឌា​មិន​ជឿ​ហើយ​ជា​ប្រតិកម្ម​ឆ្លើយ​តប​វិញ បាន​ទាំង​យល់​ព្រម​ធ្វើ​សមយុទ្ធ​រួម​គ្នា​ជាមួយ​អាមេរិក ជប៉ុន អូស្ត្រាលី​និង​សិង្ហបុរី​នៅ​ក្នុង​សមុទ្រ​ឥណ្ឌា​នៅ​ឆ្នាំ​២០០៧​ទៀត​ផង។

នៅ​ក្នុង​បរិបទ​បែប​នេះ សំណួរ​ដែល​បាន​និង​កំពុង​បន្ត​ចោទ​ឡើង​ក្នុង​អំឡុង​ពេល​ជាង​ពីរ​ទសវត្សរ៍​ចុង​ក្រោយ​នេះ គឺ​នៅ​ទី​បំផុត តើ​ឥណ្ឌា​និង​ចិន​ដែល​កំពុង​លេច​ត្រដែត​ឡើង​នៅ​អាស៊ី​នឹង​ក្លាយ​ជា​ដៃ​គូ ឬ​មួយ​ក៏​មហាយក្ស​អាស៊ី​ទាំង​ពីរ​នេះ​នឹង​ច្បាស់​ជា​ចៀស​មិន​រួច​ពី​ប្រកួត​ប្រជែង​គ្នា?

ទោះ​ជា​យ៉ាង​ក៏​ដោយ អ្នក​ភូមិសាស្រ្ត​វិទូ​ចាប់​អារម្មណ៍​ខ្លាំង​ឡើងៗ​ទៅ​លើ​ទំនាក់​ទំនង​ដ៏​ស្មុគ​ស្មាញ​រវាង​ឥណ្ឌា​និង​ចិន ដ្បិត​នៅ​ក្នុង​រឿង​នេះ តួ​អង្គ​មិន​មែន​មាន​តែ​ពីរ​ទេ តែ​បី​ឬ​បួន​ រាប់​ទាំង​អាមេរិក​និង​ជប៉ុន​ផង។

ឥណ្ឌា​និង​អាមេរិក​បាន​និង​កំពុង​បន្ត​ខិត​ចូល​ជិត​គ្នា នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ទីក្រុង​វ៉ាស៊ីនតោន(Washington)​ហាក់​ដូច​ជា​ចង់​លើក​ស្ទួយ​និង​ជំរុញ​ឥណ្ឌា​ឱ្យ​ឆាប់​ក្លាយ​ជា​មហាយក្ស ដើម្បី​ជួយ​អាមេរិក​និង​ជួយ​ឥណ្ឌា​ខ្លួន​ឯង​ក្នុង​ការ​ខ្ទប់​ឥទ្ធិពល​របស់​ចិន​ នៅ​អាស៊ី​ប៉ាស៊ីហ្វិក។

ចង់​ឬ​មិន​ចង់ នៅ​លើ​សាច់ការ​ជាក់​ស្តែង​និង​ជា​ផ្លូវ​ការ ឥណ្ឌា​និង​ចិន​ដែល​បាន​បែរ​ខ្នង​ដាក់​ជា​ច្រើន​ឆ្នាំ​បាន​ផ្តើម​សម្រួល​ទំនាក់​ទំនង​នឹង​គ្នា​នៅ​ចុង​ទសវត្សរ៍​ទី​៨០។

ការ​រលត់​រលាយ​ទៅ​នៃ​សង្គ្រាម​ត្រជាក់ បាន​ជំរុញ​ប្រទេស​ទាំង​ពីរ​ឱ្យ​បោះបង់​ចោល​ទំនាស់​មនោគមវិជ្ជា​និង​សើរើ​មើល​ឡើង​វិញ​នយោបាយ​ការ​បរទេស​របស់​គេ​រៀង​ៗ​ខ្លួន។ គួរ​គូស​បញ្ជាក់​ត្រង់​នេះ​បន្តិច​ថា ឥណ្ឌា​ក៏​ដូច​ចិន​ដែរ ឱ្យ​អាទិភាព​ទៅ​លើ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ម្ល៉ោះ​ហើយ​ក៏​ដូច​ចិន​ដែរ ឥណ្ឌា​ត្រូវ​ការ​ស្ថិរភាព​នៅ​ក្នុង​តំបន់ និង​ត្រូវ​ការ​បន្ធូរ​ភាព​តាន​តឹង​នៅ​ក្នុង​ទំនាក់​ទំនង​ជាមួយ​ចិន ដោយ​ត្រូវ​ទុក​មួយ​ឡែក​សិន​ទំនាស់​ព្រំ​ដែន និង​គំនុំ​គំ​កួន​ពី​អតីតកាល​។ សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម គឺ​ជា​ឧទាហរណ៍​ជាក់​ស្តែង​មួយ​នៃ​ការ​សម្រួល​ទំនាក់​ទំនង​រវាង​អតីត​គូ​សត្រូវ​ទាំង​ពីរ។ នៅ​ឆ្នាំ​១៩៩០ ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាង​ចិន​និង​ឥណ្ឌា គិត​ជា​ទឹក​ប្រាក់​មាន​ប្រមាណ​តែ​២​រយ​លាន​ដុល្លារ​ប៉ុណ្ណោះ។ តួរ​លេខ​នេះ​បាន​កើន​ទៅ​ដល់​២​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​១៩៩៩ និង​រហូត​ដល់​ទៅ​៦​ម៉ឺន​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១០។ គឺ​នៅ​ក្នុង​បរិបទ​សេដ្ឋកិច្ច​ដ៏​ល្អ​បែប​នេះ​ហើយ ដែល​នៅ​ឆ្នាំ​២០០៥ ឥណ្ឌា​និង​ចិន​បាន​សម្រេច​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​នយោបាយ​ដ៏​សំខាន់​មួយ​ក្នុង​ខែ​មេសាឆ្នាំ​២០០៥ ស្តី​ពី​«ភាព​ជា​ដៃគូ​យុទ្ធសាស្រ្ត​ដើម្បី​សន្តិភាព​និង​វឌ្ឍនភាព»។ និយាយ​បែប​ផ្សេង ឥណ្ឌា​និង​ចិន​យល់​ព្រម​លើក​តម្កើង​អ្វី​ដែល​គេ​ហៅ​ថា កិច្ចសន្ទនា​យុទ្ធសាស្រ្ត​ដែល​អនុញាត​ឱ្យ​ភាគី​នីមួយៗ​បញ្ចេញ​និង​ផ្តោះប្តូរ​មតិ​យោបល់​គ្នា​ជុំវិញ​បញ្ហា​សន្តិសុខ​ក្នុង​តំបន់​និង​ក្នុង​ពិភពលោក។

មិន​តែ​ប៉ុណ្ណោះ ដើម្បី​ធ្វើ​ឱ្យ​ចិន​កក់​ក្តៅ​ចិត្ត ឥណ្ឌា​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ អធិបតេយ្យ​នៃ​ប្រទេស​ចិន​ទៅ​លើ​ទីបេ និង​បាន​សន្យា​ប្រាប់​ចិន​ថា នឹង​ខ្ទប់​មិន​ឱ្យ​ជន​ភៀស​ខ្លួន​ទីបេ ដែល​រស់​នៅ​លើ​ទឹក​ដី​ឥណ្ឌា​ធ្វើ​សកម្មភាព​នយោបាយ​ប្រឆាំង​នឹង​ចិន​ទៀត​ទេ។

ចិន​វិញ​ក៏​ដូច​គ្នា​អ៊ីចឹង​ដែរ ខិត​ខំ​និយាយ​និង​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​ឥណ្ឌា​ខ្នក់​ចិត្ត​ត​ទៅ​ទៀត។ នៅ​ក្នុង​ន័យ​នេះ នៅ​ឆ្នាំ​២០០៥ នា​ឱកាស​ទស្សនកិច្ច​នៅ​ឥណ្ឌា នាយក​រដ្ឋមន្ត្រី​ចិន​សម័យ​នោះ គឺ​វ៉េន យ៉ាបៅ (Wen Jiabao) បាន​និយាយ​ពន្យល់​ថា ក្នុង​រយៈ​ពេល​២​ពាន់​២​រយ​ឆ្នាំ​កន្លង​ទៅ​នេះ ទំនាក់​ទំនង​រវាង​ចិន​និង​ឥណ្ឌា​មាន​លក្ខណៈ​ល្អ​ប្រសើ​៩៩,៩%។ Wen Jiabao ប្រហែល​ជា​ចង់​និយាយ​ថា អា​០,១%​ដែល​មិន​ល្អ​នោះ គឺ​សង្គ្រាម​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ឆ្នាំ​១៩៦២​នោះ​ឯង។

ដោយ​ឡែក ចិន​ក៏​ឈប់​កាន់​ជើង​ផ្កាប់​មុខ​ប៉ាគីស្ថាន​ដែល​ជា​សត្រូវ​សួពូជ​របស់​ឥណ្ឌា ដូច​ពេល​​មុនៗ​ទៀត​ដែរ។ ហើយ​នេះ គឺ​ជា​សម្បទាន​នយោបាយ​មួយ​ដែល​ធ្វើ​ឱ្យ​ឥណ្ឌា​កក់​ក្តៅ​ចិត្ត​​ខ្លាំង​មែន​ទែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI