ឥណ្ឌូណេស៊ីផ្ទុះកំហឹងនឹងការផ្សាយពាណិជ្ជកម្ម "លក់ចុះថ្លៃស្រ្តីបម្រើតាមផ្ទះ" នៅម៉ាឡេស៊ី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ការផ្សព្វផ្សាយពាណិជ្ជកម្ម នៅប្រទេសម៉ាឡេស៊ី ស្តីពីការបញ្ចុះតម្លៃពិសេស ចំពោះការជួលស្រ្តីបម្រើតាមផ្ទះជនជាតិឥណ្ឌូណេស៊ី កំពុងតែធ្វើឲ្យប្រជាជន និងរដ្ឋាភិបាលឥណ្ឌូណេស៊ីផ្ទុះកំហឹង។ បញ្ហាស្រ្តីបម្រើតាមផ្ទះនេះ គឺជារឿងចម្រូងចម្រាសយូរណាស់មកហើយ រវាងឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។
រឿងរ៉ាវបានចាប់ផ្ទុះឡើង កាលពីចុងសប្តាហ៍កន្លងទៅ នៅក្រោយពេលដែលរូបភាពនៃការផ្សព្វផ្សាយពាណិជ្ជកម្ម អំពីអ្នកបម្រើតាមផ្ទះជាជនជាតិឥណ្ឌូណេស៊ីនេះ ត្រូវបានសកម្មជនការពារសិទ្ធិពលករចំណាកស្រុកឥណ្ឌូណេស៊ីយកទៅចុះផ្សាយតាមវិបសៃត៍។ ក្រដាសផ្សាយពាណិជ្ជកម្ម ដែលត្រូវបានគេយកទៅបិទផ្សាយ នៅតាមដើមឈើ ក្នុងទីក្រុងគូឡាឡាំពួ បានសរសេរថា “ពេលនេះមានលក់ស្រ្តីអ្នកបម្រើតាមផ្ទះជនជាតិឥណ្ឌូណេស៊ី ដោយចុះថ្លៃពិសេស!"។
លោកម៉ារទី ណាតាឡេហ្កាវ៉ា (Marty Natalegawa) រដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូណេស៊ី បានទូរស័ព្ទទៅកាន់រដ្ឋមន្រ្តីក្រសួងការបរទេសម៉ាឡេស៊ី ដើម្បីតវ៉ាជាផ្លូវការ ហើយឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំទីក្រុងគូឡាឡាំពួបានជួបមន្រ្តីក្រសួងការបរទេសម៉ាឡេស៊ី ដើម្បីទាមទារឲ្យមានការស៊ើបអង្កេត ស្វែងរកមុខអ្នកធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មនេះ។
អ្នកនាំពាក្យក្រសួងការងារឥណ្ឌូណេស៊ីបានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថា ការផ្សព្វផ្សាយពាណិជ្ជកម្មបញ្ចុះតម្លៃពិសេស ចំពោះស្រ្តីអ្នកបម្រើតាមផ្ទះឥណ្ឌូណេស៊ីបែបនេះ គឺជាការប្រៀបប្រដូចមនុស្សទៅនឹងទំនិញ ដែលជារឿងមិនអាចទទួលយកបានជាដាច់ខាត។
ចំណែកឯប្រជាជនឥណ្ឌូណេស៊ីវិញបាននាំគ្នាបញ្ចេញកំហឹងរបស់ពួកគេ ទៅតាមបណ្តាញអ៊ីនធ័រនែត ដោយអ្នកខ្លះបានអំពាវនាវឲ្យធ្វើពហិការ ឈប់ធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី។
ប្រឈមមុខនឹងការតវ៉ាប្រឆាំងយ៉ាងខ្លាំងក្លាបែបនេះ ក្រសួងការងារម៉ាឡេស៊ីបានប្រកាសថ្កោលទោសចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មខាងលើ ហើយបានសន្យាថា អាជ្ញាធរម៉ាឡេស៊ីនឹងប្រើគ្រប់មធ្យោបាយ ដើម្បីវែកមុខរកជនដែលទទួលខុសត្រូវ ក្នុងការបិទផ្សាយពាណិជ្ជកម្មនេះ។
គួរបញ្ជាក់ថា ការរំលោភសិទ្ធិស្រ្តីឥណ្ឌូណេស៊ី ដែលធ្វើការជាអ្នកបម្រើតាមផ្ទះ នៅម៉ាឡេស៊ី គឺជាសំណុំរឿងចាស់ ដែលជាចំណុចចម្រូងចម្រាស ក្នុងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ រហូតដល់មានការចេញបម្រាម ដោយរដ្ឋាភិបាលឥណ្ឌូណេស៊ី លែងឲ្យមានការបញ្ជូនពលករឥណ្ឌូណេស៊ី ទៅម៉ាឡេស៊ី កាលពីខែមិថុនា ឆ្នាំ២០០៩។ បម្រាមនេះ ត្រូវបានរដ្ឋាភិបាលឥណ្ឌូណេស៊ី ដកចេញវិញ កាលពីខែធ្នូ ឆ្នាំ២០១១កន្លងទៅនេះ ក្រោយពីបានការព្រមព្រៀងជាមួយរដ្ឋាភិបាលម៉ាឡេស៊ី ជុំវិញការដំឡើងប្រាក់ឈ្នួលសមរម្យ និងការចាត់វិធានការសមស្រប ក្នុងការទប់ស្កាត់ការធ្វើបាបពលករចំណាកស្រុក។ ក៏ប៉ុន្តែ ការផ្សព្វផ្សាយពាណិជ្ជកម្មលក់បញ្ចុះថ្លៃស្រ្តីអ្នកបម្រើតាមផ្ទះ ប្រៀបបាននឹងទំនិញនេះ បញ្ជាក់កាន់តែច្បាស់ថា បញ្ហាពលករចំណាកស្រុកនៅម៉ាឡេស៊ី នៅតែជាចំណោទដ៏ធំ ក្នុងទំនាក់ទំនងជាមួយនឹងឥណ្ឌូណេស៊ី។
កេរ្តិ៍ឈ្មោះរបស់ម៉ាឡេស៊ី ទាក់ទងនឹងការធ្វើបាប និងរំលោភសិទ្ធិពលករចំណាកស្រុកនេះ ត្រូវបានគេស្គាល់ មិនត្រឹមតែនៅឥណ្ឌូណេស៊ីមួយទេ គឺនៅស្ទើរតែគ្រប់ប្រទេសជិតខាង ដែលមានពលករចំណាកស្រុក ទៅម៉ាឡេស៊ី ក្នុងនោះក៏មានកម្ពុជាមួយផងដែរ។
កាលពីខែមិថុនា ឆ្នាំ២០១១កន្លងទៅនេះ អង្គការពលកម្មពិភពលោកបានអនុម័តអនុសញ្ញាមួយ ស្តីពីការការពារសិទ្ធិអ្នកបម្រើការតាមផ្ទះ នៅទូទាំងពិភពលោក ហើយអនុសញ្ញានេះ នឹងត្រូវចូលជាធរមាន នៅក្នុងរយៈពេលយ៉ាងយូរបំផុត ១២ខែទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ