ចំនួន​អ្នកស្លាប់​ក្នុង​គ្រោះរញ្ជួយដី​នៅ​ឥណ្ឌូណេស៊ី​កើនឡើង​ដល់​ជាង​ ១២០០នាក់

ទិដ្ឋភាព​នៃ​ការ​ខូចខាត​ដោយ​គ្រោះរញ្ជួយដី និង​រលកយក្ស​ស៊ូណាមី នៅ​ឥណ្ឌូណេស៊ី
ទិដ្ឋភាព​នៃ​ការ​ខូចខាត​ដោយ​គ្រោះរញ្ជួយដី និង​រលកយក្ស​ស៊ូណាមី នៅ​ឥណ្ឌូណេស៊ី REUTERS/Beawiharta

ចំនួន​អ្នក​ស្លាប់​ក្នុង​គ្រោះរញ្ជួយដី និង​រលក​យក្ស​ស៊ូណាមី ដែល​កើតឡើង នៅ​ឥណ្ឌូណេស៊ី កាល​ពីថ្ងៃ​សុក្រ បាន​កើនឡើង​ដល់​ជាង ១២០០នាក់​ហើយ នៅថ្ងៃ​អង្គារ​នេះ ក្រោយ​ពី​សាកសព​ជាច្រើន​ត្រូវ​បាន​គេ​រកឃើញ​ជា​បន្តបន្ទាប់។ ក្នុងពេល​ជាមួយគ្នា ក្រុមសង្រ្គោះ​នៅតែ​បន្ត​រុករក​អ្នករស់រាន​មាន​ជីវិត ដែល​អាច​នៅ​ជាប់​ក្រោម​គំនរ​អគារ​បាក់បែក។

ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​សាកសព​ដែល​គេ​ទើប​នឹង​រកឃើញ​ថ្មីៗ​នេះ មាន​ ៣៤នាក់ ត្រូវ​បាន​ក្រុម​សង្រ្គោះ​រកឃើញ​នៅ​ក្នុង​កន្លែងតែមួយ គឺ​នៅ​ក្នុងវិហារ​គ្រិស្តសាសនា​មួយ​កន្លែង។ យោងតាម​អាជ្ញាធរ ពួកគេ​ស្ថិត​ក្នុង​ចំណោម​សិស្ស​សាលាគម្ពីរ​គ្រិស្តសាសនា​ចំនួន ៨៦នាក់ ដែល​មក​រៀន​នៅ​ទីនោះ ហើយ​ដែល​ត្រូវ​បាត់ខ្លួន​ក្រោយ​ពី​មាន​គ្រោះរញ្ជួយដី និង​រលកយក្ស​ស៊ូណាមី។ រហូតមកទល់នឹង​ពេលនេះ កូនសិស្ស​ចំនួន ៥២នាក់​ផ្សេងទៀត នៅ​តែ​បន្ត​បាត់ខ្លួន​នៅឡើយ ហើយ​ដែល​ក្រុម​សង្រ្គោះ​កំពុងតែ​បន្ត​តាម​រក។

ប្រតិបត្តិការ​តាម​រុករក​អ្នក​រស់រាន​មាន​ជីវិត​នៅ​កន្លែងផ្សេងៗ​ទៀត​ក៏​កំពុងតែ​ត្រូវ​បាន​ធ្វើ​យ៉ាង​សស្រាក់សស្រាំ​ផងដែរ ក៏ប៉ុន្តែ ធ្វើ​ទៅ​ដោយ​យឺតៗ ដោយសារ​តែ​ក្រុម​សង្រ្គោះ​មិន​សូវ​មាន​ឧបករណ៍​ទំនើបៗ​ផង និង​ម្យ៉ាងទៀត ដោយសារ​តែ​គេ​ត្រូវ​ធ្វើ​ដោយ​ប្រយ័ត្នប្រយែងខ្លាច​មាន​គ្រោះថ្នាក់​ទៅដល់​អ្នក​ដែល​កប់​ក្រោម​គំនរ​អគារ ហើយ​ដែល​កំពុង​មាន​ជីវិត​នៅឡើយ។

​អ្នក​ដែល​រួចជីវិត​ពី​គ្រោះរញ្ជួយដី និង​រលកយក្ស​ស៊ូណាមី​នេះ​វិញ​ក៏​កំពុងតែ​ប្រឈម​មុខ​នឹង​បញ្ហា​ខ្វះចំណីអាហារ និង​ថ្នាំពេទ្យ​យ៉ាងខ្លាំង​ផងដែរ ហើយ​ប៉ូលិស​ក៏​ត្រូវ​ប្រឈមមុខ​នឹង​កំហឹង​របស់​ប្រជាជន ដែល​ព្យាយាម​សម្រុក​ចូល​ទៅ​យក​ស្បៀងអាហារ​ពី​ហាងលក់ទំនិញ​ ដែលមិនរងការខូចខាត។

អាជ្ញាធរ​បាន​ឲ្យដឹង​ថា ប៉ូលិស​មាន​ការ​យោគយល់​ចំពោះ​ប្រជាជន​ដែល​ចូល​ទៅ​យក​ស្បៀងអាហារ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា​នោះ ក៏​មាន​ដែរ​អ្នក​ដែល​ឆ្លៀត​ឱកាស​ចូល​ទៅ​លួច​យក​ទំនិញផ្សេង​ដែល​មិនមែន​ជា​ស្បៀងអាហារ​ ហើយ​ដែល​ប៉ូលិស​ត្រូវ​ចាប់ខ្លួន។

ដោយសារ​តែ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ត្រូវ​រង​នូវការ​ខូចខាត​ខ្លាំង ការ​ដឹកជញ្ជូន​ស្បៀងអាហារ ថ្នាំពេទ្យ និង​ជំនួយ​សង្រ្គោះ​បន្ទាន់​ផ្សេងទៀត​​ចូល​ទៅ​កាន់​តំបន់​រងគ្រោះ​ក៏​មាន​ភាព​យឺតយ៉ាវ ចំណែក​ឯ​ការ​ធ្វើ​ដំណើរ​ចេញ​ពី​តំបន់​រងគ្រោះ​ក៏​ពិបាក​នឹង​ធ្វើ​ទៅបាន។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដី​ដ៏​ខ្លាំង​កម្រិត ៧,៥រ៉ិចទ័រ បាន​កើតមាន​ឡើង នៅ​ល្ងាចថ្ងៃ​សុក្រ ដែល​ជា​ពេល​​ប្រជាជន​​កាន់​សាសនា​អ៊ីស្លាម​កំពុង​សូត្រធម៌​នៅ​ក្នុង​វិហារ។ ហេតុដូច្នេះហើយ​បាន​ជា​​មាន​ជនរងគ្រោះច្រើន​កើត​មាន​ដោយ​​​ការ​រលំ​បាក់​វិហារ។ ក៏ប៉ុន្តែ ការខូចខាត​ដែល​កាន់តែ​ធ្ងន់ធ្ងរ​ជាង​​​កម្លាំង​រញ្ជួយនេះ​ទៅទៀត គឺបង្ករ​ឡើង​ដោយ​រលក​យក្ស​ស៊ូណាមី។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI