ឥណ្ឌូណេស៊ី

ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ថ្មី​បង្ហាញ​សមាសភាព​រដ្ឋាភិបាល​ថ្មី

លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ថ្មី (អាវស)នៅ​វិមាន​រដ្ឋាភិបាល នៅក្រោយ​ការដាក់​បញ្ជី​សមាជិក​ថ្មី​របស់រដ្ឋាភិបាល​ទៅ​ឲ្យ​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​ត្រួតពិនិត្យ កាលពីថ្ងៃ​ទី ២៣​តុលា
លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ថ្មី (អាវស)នៅ​វិមាន​រដ្ឋាភិបាល នៅក្រោយ​ការដាក់​បញ្ជី​សមាជិក​ថ្មី​របស់រដ្ឋាភិបាល​ទៅ​ឲ្យ​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​ត្រួតពិនិត្យ កាលពីថ្ងៃ​ទី ២៣​តុលា ©REUTERS/Beawiharta

ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​ឥណ្ឌូណេស៊ី​លោក ហ្សូកូ វីដូដូ បាន​បង្ហាញ​ឲ្យ​ឃើញ កាលពី​ថ្ងៃ​អាទិត្យ​ទី ២៦ តុលា បញ្ជី​ឈ្មោះ​សមាជិក​ថ្មី​របស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី។ លោក​ប្រធានាធិបតី​​ទើប​ជាប់ឆ្នោត​ថ្មី បាន​ធ្វើ​ខុសប្លែក​ពី​ប្រធានាធិបតី​មុនៗ ដោយ​បាន​តែងតាំង​ជា​លើក​ទីមួយ ​ឲ្យ​មនុស្ស​ស្រី ឲ្យ​ធ្វើជា​រដ្ឋមន្រ្តី​ការបរទេស។  

ផ្សាយពាណិជ្ជកម្ម

គ្រាន់​តែ​បានចូល​កាន់តំណែង​ជា​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក​ហ្សូកូ វីដូដូ​ប្តូរ​របត់​នយោបាយ​ខុសពី​មេដឹកនាំ​ឥណ្ឌូណេស៊ី​មុនៗ។ ជា​ប្រធានាធិបតី​ដែល​ចេញ​វណ្ណៈ​គ្រួសារ​មធ្យម និង​មិនដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​របបដឹកនាំ​នយោបាយ អ្វី​បន្តិចសោះនោះ លោក​ហ្សូកូ វីដូដូ ហៅ​ហ្សូកូវី បាន​សន្យា​រួចហើយថា លោក​នឹង​បង្កើត​រដ្ឋាភិបាល​មួយ​ដែល​មាន​ការចូលរួម​ពី​គ្រប់ភាគី និង​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ។

 
គឺ​អំពើពុករលួយ​នេះហើយ ដែល​ធ្វើ​ឲ្យ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​មាន​ការរារែក យឺតយ៉ាវ ក្នុងការបង្ហាញ​សមាសភាព​រដ្ឋាភិបាល​ថ្មី។ នៅក្នុង​សន្និសីទ​កាសែត កាលពីថ្ងៃ​អាទិត្យ លោក​ប្រធានាធិបតី​ហ្សូកូវី បានអះអាងថា ដើម្បី​ជៀសវាង​កុំ​ឲ្យ​អំពើពុករលួយ ស៊ីរូង​ក្នុង​រដ្ឋាភិបាល​ថ្មី លោក​ចាំបាច់​ត្រូវ​ពិគ្រោះ​ពិភាក្សា​ជាមួយ​គណៈកម្មការ​ដើម្បី​លុបបំបាត់​អំពើ​ពុករលួយ ដែល​ជា​ស្ថាប័ន​មួយ​ដ៏​មាន​ឥទ្ធិពល​របស់​ឥណ្ឌូណេស៊ី ដែល​បាន​ណែនាំ​លោក​ប្រធានាធិបតី​កុំ​ឲ្យ​ជ្រើសរើស​ ឈ្មោះ​មនុស្ស​ដែល​មាន​ឆ្នូត​ពណ៌​ក្រហម។ វា​ជារឿង​កម្រ​ដែល​ប្រធានាធិបតី​ពិគ្រោះ​យោបល់​ជាមួយ​ស្ថាប័ន​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ដើម្បី​ស្វែងរក​រដ្ឋមន្រ្តី​ដែល​ស្អាតស្អំ។ តាម​លោកប្រធានាធិបតី​ឥណ្ឌូណេស៊ី “ភាពស្អាតស្អំ” របស់​រដ្ឋមន្រ្តី គឺ​ជា​អាទិភាព​របស់​រដ្ឋាភិបាល​របស់លោក។ ទៅតាម​ការបង្ហាញ​នាំផ្លូវ​របស់​ស្ថាប័ន​មួយនេះ លោក​ប្រធានាធិបតី ត្រូវ​បង្ខំ​ចិត្ត​ដក​បេក្ខជន​រដ្ឋមន្រ្តី​៨នាក់ ដែល​បើ​តាម​ស្ថាប័ន​ខាងលើ មាន​ជាប់ពាក់ព័ន្ធ​ក្នុង​រឿង​ពុករលួយ។

លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ថ្មី មាន​ការប្រយ័ត្នប្រយែង​មិន​ចង់​ឲ្យ​រដ្ឋាភិបាល​របស់លោក​រង​ការចោទប្រកាន់​ពី​អំពើ​ពុករលួយ ដូច​រដ្ឋាភិបាល​មុនៗ។ ក្រៅតែ​ពី​បើក​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ ដោយ​ចាប់​ពី​សមាជិក​រដ្ឋាភិបាល លោក​ហ្សូកូវី ជា​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ទីមួយ ដែល​បាន​ប្រគល់​តំណែង​មួយ​ភាគបួន​នៃ​រដ្ឋាភិបាល​ទៅ​ឲ្យ​មនុស្ស​ស្រី។ ជារួម ក្រៅតែ​ពីមាន​រដ្ឋមន្រ្តី​ការបរទេស​ជា​មនុស្ស​ស្រី សមាសភាព​រដ្ឋាភិបាល​ថ្មី​របស់លោក​ហ្សូកូវី មាន​ផងដែរ មនុស្ស​ស្រី​៧​រូបផ្សេងទៀត។ ការចូលរួម​របស់​មនុស្ស​ស្រី​តំណាង​ឲ្យ​មួយភាគបួន នៃ​សមាជិក​រដ្ឋាភិបាល ដែលមាន​រដ្ឋមន្រ្តី និង​រដ្ឋលេខាធិការ​​សរុប ៣៤​នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI