កោះបាលីកំពុងប្រឈមនឹងអំពើភេរវកម្មជាថ្មីក្នុងឱកាសខួបទី១០ឆ្នំានៃភេរវកម្មឆ្នំា ២០០២
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃពុធ ទី១០ តុលានេះ ប៉ូលិសឥណ្ឌូនេស៊ីបានប្រកាសឲ្យដឹងអំពីព័ត៌មានដែលគួរឲ្យទុកចិត្តមួយដែលថា ក្រុមភេរវជនគ្រោងនឹងរៀបចំអំពើភេរវកម្មជាថ្មីនៅលើកោះបាលី ក្នុងឱកាសខួបទី ១០ឆ្នំានៃអំពើភេរវកម្មកាលពីឆ្នំា ២០០២។ ភេរវកម្មដែលកាលណោះបានសម្លាប់មនុស្ស ២០២នាក់ ក្នុងនោះមានជនជាតិអូស្រ្តាលី ៨៨នាក់ និងបារំាងចំនួន ៤នាក់។
ជាផ្លូវការ ពិធីរំលឹកខួបលើកទី១០ឆ្នំានៃអំពើភេរវកម្មលើកោះបាលីនឹងត្រូវរៀបចំធ្វើនៅថ្ងៃសុក្រ ទី១២ តុលាចុងសប្តាហ៍នេះ។ ប៉ុន្តែនៅមួយថ្ងៃ មុនថ្ងៃរៀបចំពិធីឈានមកដល់ ប៉ូលិសនៅកោះបាលីបានប្រកាសឲ្យដឹងនូវព័ត៌មានមួយដែលថា ក្រុមភេរវជនក៏បានគ្រោងបង្កភេរវកម្មជាថ្មីនៅថ្ងៃរៀបចំពិធីនោះដែរ។ ប្រភពប៉ូលិសបានបន្ថែមថា នេះជាព័ត៌មានមួយគួរឲ្យជឿទុកចិត្ត និងដែលក្នុងខណៈនេះ រដ្ឋអំណាចបានផ្តើមចាត់វិធានការពង្រឹងសន្តិសុខកម្រិតខ្ពស់បំផុតនៅគ្រប់ច្រកចេញ ចូលក្នុងកោះបាលីទំាងមូល ពិសេសនៅអាកាសយានដ្ឋាន។ ថ្លែងនៅក្នុងសន្និសីទកាសែតមួយ លោកនាយករងប៉ូលិសកោះបាលីបានបញ្ជាក់ថា ប៉ូលិសបានរកឃើញអត្តសញ្ញាណរបស់ចលនាមួយចំនួនដែលមានគម្រោងបង្កអំពើភេរវកម្មវាយប្រហារលើផ្ទំាងស៊ីបមួយចំនួន ពិសេសសំដៅលើឥស្សរជនសំខាន់ៗដែលនឹងចូលរួមនៅក្នុងព្រឹត្កិការណ៍នោះ។
យ៉ាងណាក៏ដោយ នាយករងប៉ូលិសកោះបាលីរូបនេះដដែលមិនបានបញ្ជាក់លម្អិតអំពីការគំរាមកំហែង ឬមួយឥស្សរជនដែលជាគោលដៅវាយប្រហាររបស់ក្រុមភេរវជនទេ។ អ្វីដែលគេដឹង ពិធីរំលឹកខួបលើកទី១០ឆ្នំានៃអំពើភេរវកម្មលើកោះបាលីកាលពីឆ្នំា ២០០២ នឹងត្រូវចូលរួមដោយលោកស្រីនាយករដ្ឋមន្រ្តីនៃប្រទេសអូស្រ្តាលី Julia Gillard និងដែលលោកស្រីត្រូវថ្លែងសុន្ទរកថាមួយនាឱកាសនោះ។ ក្រៅពីមានជំនួយសន្តិសុខពីកម្លំាងអូស្រា្តលី រដ្ឋអំណាចឥណ្ឌូនេស៊ីបានដាក់ពង្រាយកម្លំាងទាហាន និងប៉ូលិសជាង ២ ០០០នាក់ដើម្បីការពារសន្តិសុខនៅក្នុងពិធីនោះ។
សូមរលឹកជូនថា អំពើភេរវកម្មនៅកោះបាលីកាលពីថ្ងៃទី១២ តុលា ឆ្នំា ២០០២ គឺជាអំពើភេរវកម្មយ៉ាងបង្ហូរឈាមមួយដែលឥណ្ឌូនេស៊ីមិនធ្លាប់ជួបប្រទះ និងដែលបានផ្តាច់ជីវិតមនុស្ស ២០២នាក់ ក្នុងនោះមានជនជាតិអូស្រ្តាលី ៨៨នាក់ និងជនជាតិបារំាង ៤នាក់។ ក្រុមភេរវជនដែលបានរៀបចំភេរវកម្មកាលណោះ គឺជាសកម្មជនរបស់ចលនា Jemaah Islamiyah ដែលជាបណ្តាញអ៊ីស្លាមនិយមជ្រុលស្និទ្ធនឹងអង្គការភេរវនិយមអាល់កៃដា។ ជនដៃដល់ទំាងនោះ មានខ្លះបានស្លាប់នៅក្នុងប្រតិបត្តិការប៉ូលិស ឬមួយក៏កំពុងជាប់គុកជាមួយនឹងជនជាប់សង្ស័យប្រមាណជា ៧០០នាក់ផ្សេងទៀតរបស់ចលនា Jemaah Islamiyah។
តំាងពីពេលនោះមក ចលនា Jemaah Islamiyah ហាក់ដូចជាបានចុះថយឥទ្ធិពលរបស់ខ្លួន តែក្រុមអ្នកវិភាគបានមើលឃើញថា បណ្តាញរបស់ចលនាមួយនេះនៅតែត្រៀមខ្លួនដើម្បីវាយប្រហារឥណ្ឌូនេស៊ីជាថ្មីទៀត។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ មានបណ្តាញមួយចំនួនរបស់ចលនានេះត្រូវបានកម្លំាងប៉ូលិសវាយបង្រ្កាប។ ជាក់ស្តែងកាលពីខែមីនាកន្លងទៅ ប៉ូលីសបានបាញ់សម្លាប់ភេរវជន ៥នាក់ដែលត្រៀមបង្កភេរវកម្មរបស់ខ្លួននៅលើកោះបាលី។ នៅដើមខែកញ្ញា គម្រោងបើកការវាយប្រហារលើសភាឥណ្ឌូនេស៊ីក្នុងទីក្រុងហ្សាការតាក៏ត្រូវបានប៉ូលីសបង្រ្កាបទាន់ពេល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ