ប្រវត្តិសាស្រ្តពិភពលោក

បដិវត្តន៍​ឧស្សាហកម្ម​នៅ​ចន្លោះ​សតវត្សរ៍​ទី១៨-១៩

សំឡេង ០៨:៤៧
ការរកឃើញ​បច្ចេកវិទ្យា​ផលិតម៉ាស៊ីន​ដើរ​ដោយ​ចំហាយ​ទឹក គឺ​ជា​គន្លឹះ​ដ៏សំខាន់​មួយ ក្នុង​បដិវត្តន៍​ឧស្សាហកម្ម​
ការរកឃើញ​បច្ចេកវិទ្យា​ផលិតម៉ាស៊ីន​ដើរ​ដោយ​ចំហាយ​ទឹក គឺ​ជា​គន្លឹះ​ដ៏សំខាន់​មួយ ក្នុង​បដិវត្តន៍​ឧស្សាហកម្ម​

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅសប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង​ អំពី​ចំណុច​របត់​ដ៏សំខាន់​មួយ នៅ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​មនុស្ស​ជាតិ គឺ​បដិវត្តន៍​ឧស្សាហកម្ម នៅ​ចន្លោះ​សតវត្សរ៍​ទី១៨ និង​សតវត្សរ៍​ទី១៩។

ផ្សាយពាណិជ្ជកម្ម

គិត​មក​ត្រឹម​សតវត្សរ៍​ទី១៨ ប្រជាជន​​ទូទៅ​នៅ​លើ​ពិភពលោក ភាគច្រើន​លើសលុប​រស់​នៅ​ក្នុង​ភូមិ​តូចៗ នៅ​តាម​ទី​ជនបទ ហើយ​ប្រកបរបរ​ចិញ្ចឹមជីវិត ដោយ​ការ​ដាំដុះ ចិញ្ចឹម​សត្វ ឬ​សកម្មភាព​សិប្បកម្ម​ផ្សេងទៀត។ ប្រជាជន​បរិភោគ​ចំណីអាហារ ដែល​បាន​មក​ពី​ដំណាំ​ដែល​គេ​ដាំ​ដោយខ្លួនឯង ​ស្លៀក​សម្លៀក​បំពាក់ និង​​ប្រើប្រាស់​សម្ភារៈ ដែល​គេ​ផលិត​ដោយ​ខ្លួនឯង ហើយ​សកម្មភាព​ទិញដូរ​កើត​​មាន​យ៉ាងតិចតួច​បំផុត។​

នៅពេលនោះអ្វីៗ​ទាំងអស់​ត្រូវ​ធ្វើឡើង​ដោយ​ដៃ ដោយ​កម្លាំង​មនុស្ស ឬ​សត្វ​ចិញ្ចឹម ដូចជា គោ ក្របី ឬ​សេះ ជាដើម ហើយ​សកម្មភាព​ផលិតភាគច្រើន​ធ្វើឡើង​តែតាម​ផ្ទះ​ជា​លក្ខណៈ​គ្រួសារ ដែល​ផ្តល់​ផល​ក្នុង​កម្រិតទាប ប្រាក់ចំណូល​តិចតួច ហើយ​​ប្រជាជន​​ភាគច្រើនមាន​ជីវភាព​ខ្សត់ខ្សោយ។

ក៏ប៉ុន្តែ នៅ​ចុងសតវត្សរ៍​ទី១៨ ពិភពលោក​បាន​ស្គាល់​នូវ​ការ​វិវឌ្ឍ​ដ៏​សំខាន់​បំផុត​មួយ ដែល​​គេ​ឲ្យ​ឈ្មោះ​ថា “បដិវត្តន៍​ឧស្សាហកម្ម” ជា​ចំណុច​របត់​​នៃ​កា​រផ្លាស់ប្តូរ​របៀបរស់​នៅ​​របស់​មនុស្ស​ជាតិ ពី​ការ​ពឹងផ្អែក​ជាចម្បង​លើ​សកម្មភាព​កសិកម្ម​ ទៅជា​ការប្រកបរបរ​ចិញ្ចឹមជីវិត​​ ដោយ​សកម្មភាព​ឧស្សាហកម្ម។

អ្វីៗ​បាន​ចាប់ផ្តើម​ឡើង ជាដំបូង នៅ​ក្នុង​ចក្រភព​អង់គ្លេស។ បដិវត្តន៍​ឧស្សាហកម្ម​ចាប់ផ្តើម​ចេញ​ពី​អង់គ្លេស ដោយ​សារ​កត្តា​ច្រើន​យ៉ាង។

កត្តាសំខាន់​ទីមួយ គឺ​វត្ថុធាតុដើម។ អង់គ្លេស គឺ​ជា​ប្រទេស​ដែល​សម្បូរ​ទៅដោយ​រ៉ែ​ធ្យូងថ្ម និង​រ៉ែ​ដែក ដែល​ជា​វត្ថុធាតុដើម​សំខាន់​បំផុត ក្នុង​វិស័យ​ឧស្សាហកម្ម។

កត្តាសំខាន់​ទីពីរ គឺ​ចំណេះដឹង។ នៅ​ក្នុង​អំឡុង​សតវត្សរ៍​ទី១៨ អង់គ្លេស​មាន​អ្នក​ប្រាជ្ញ​ល្បីៗ​ជាច្រើន។ អ៊ីសាក់ ញូវតុន (Isaac Newton) ដែល​ជា​ អ្នកប្រាជ្ញ​​​មាន​ឈ្មោះ​ល្បីល្បាញ​បំផុត​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ គឺ​ជា​អ្ន​កប្រាជ្ញ​អង់គ្លេស។ ក្រៅពី​ញូវតុន អង់គ្លេស​នៅ​មាន​អ្នកប្រាជ្ញ​ជាច្រើន​ទៀត ជា​ពិសេស ខាង​ផ្នែក​រូបវិទ្យា និង​វិស្វកម្ម។ ចំណេះដឹង​របស់​អ្នកប្រាជ្ញ​ទាំងនេះ​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់ ក្នុងការ​បង្កើត​បច្ចេកវិទ្យា​ថ្មីៗ​ជាច្រើន ដូចជា ការ​បង្កើន​​ប្រសិទ្ធភាព​​ក្នុងការ​ប្រើថាមពលទឹក, ការ​ប្រើធ្យូងថ្ម​ជា​ប្រភព​ថាមពល​ជំនួស​អុស, ការបង្កើត​ម៉ាស៊ីន​ដើរដោយ​ចំហាយទឹក, បច្ចេកទេស​ក្នុងការ​ផលិត​ដែក​ជា​លក្ខណៈ​ឧស្សាហកម្ម ព្រមទាំង​បច្ចេកទេស​ខាង​ផ្នែក​មេកានិក​ ក្នុងការ​បង្កើត​គ្រឿង​ម៉ាស៊ីន​​ផ្សេងទៀត សម្រាប់​​ប្រើ​ក្នុង​វិស័យ​​ផលិត​កម្ម​ជំនួស​ដោយ​ការ​ផលិត​ដោយ​ដៃ។ ការផលិត​ដោយ​ប្រើ​​ម៉ាស៊ីន​ទាំងនេះ​ធ្វើ​ឲ្យ​គេ​​​ទទួល​បាន​ទិន្នផល​ច្រើន​ជាង​ការផលិត​ដោយ​ដៃ​​រាប់​រយ ឬ​រហូត​ដល់​រាប់ពាន់ដង។

កត្តា​ដ៏សំខាន់​មួយ​ទៀត ដែល​នាំ​ឲ្យ​មាន​បដិវត្តន៍​ឧស្សាហកម្ម នៅ​អង់គ្លេស គឺ​កត្តា​នយោបាយ និង​សង្គម។ ចាប់តាំង​ពី​មាន​បដិវត្តន៍​បង្កើត​របប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ នៅ​ចុងសតវត្សរ៍​ទី​១៧ អង់គ្លេស​​គឺ​ជា​ប្រទេស​​មួយ ដែល​មាន​ស្ថិរភាព​​ទាំង​ផ្នែក​នយោបាយ និង​សង្គម។ ម្យ៉ាងទៀត រដ្ឋាភិបាល​អង់គ្លេស​តែងតែ​ប្រកាន់​យក​នូវ​​​នយោបាយ​បើក​ចំហ​ក្នុង​វិស័យ​ឯកជន។ ជា​នយោបាយ​ដែល​លើកទឹកចិត្ត​ដល់​អ្នក​​បង្កើត​សហគ្រាសឯកជន និង​អ្នក​បង្កើត​ទ្រឹស្តី ឬ​បច្ចេកវិទ្យាថ្មីៗ​ ដែល​អាច​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​ផលិត។

លើសពីនេះ​ទៅទៀត អង់គ្លេស នៅ​ពេលនោះ គឺ​ជា​មហាអំណាច​ ដែល​មាន​ដែនដី​អាណានិគម​យ៉ាងធំធេង នៅ​ទូទាំង​ពិភពលោក។ ដែនដី​អាណានិគម​ទាំងនេះ គឺ​ជា​ប្រភព​វត្ថុធាតុដើម​ដ៏​សំខាន់​មួយផង ហើយ​វា​ក៏​ជា​ទីផ្សារ​ដ៏​ចម្បងមួយ​ដែរ សម្រាប់​លក់​ផលិតផល​​របស់​អង់គ្លេស។ នៅ​ពេលដែល​ទីផ្សារ​កើនឡើង វាធ្វើ​ឲ្យ​សហគ្រាស​អង់គ្លេស​កាន់តែ​នាំគ្នា​ខិតខំ​ប្រឹងប្រែង​ ដើម្បី​រកវិធីផលិត​ទំនិញ​​ឲ្យ​បាន​កាន់តែ​ច្រើន និង​កាន់តែ​លឿន។

ទាំងអស់​នេះ​ហើយ​ដែល​នាំ​ឲ្យ​វិស័យឧស្សាហកម្ម​នៅ​អង់គ្លេស​ស្គាល់​នូវ​ភាព​ជឿនលឿន​ជាងគេ នៅ​អំឡុង​ចុងសតវត្សរ៍​ទី១៨ និង​ដើម​សតវត្សរ៍​ទី១៩។ នៅពេលនោះ រដ្ឋាភិបាល​អង់គ្លេស​បាន​​ព្យាយាម​ទប់ស្កាត់​​មិន​ឲ្យ​​​បច្ចេកវិទ្យា​ឧស្សាហកម្ម​​​របស់ខ្លួន​​ត្រូវ​រីកសាយភាយ​ទៅ​កាន់ប្រទេស​ផ្សេង។ ក៏ប៉ុន្តែ កិច្ចខិតខំ​ប្រឹងប្រែង​នេះ​ត្រូវ​ទទួល​បរាជ័យ ដោយសារ​តែ​មាន​​វិស្វករ ឬ​កម្មករជំនាញ ព្រមទាំង​សហគ្រិន​អង់គ្លេស​​ខ្លះ បាន​នាំគ្នា​ធ្វើ​ចំណាក​ស្រុក​ ដើម្បី​​ទៅ​ស្វែងរក​ឱកាស​ការងារ ឬ​​ឱកាស​​ធ្វើ​ជំនួញ​ នៅ​បរទេស។

បដិវត្តន៍​ឧស្សាហកម្ម​ក៏​បាន​រីកសាយភាយ​ចេញ​ពី​អង់គ្លេស ទៅកាន់​ប្រទេស​ផ្សេងទៀត​នៅ​អឺរ៉ុប ដោយ​ចាប់ផ្តើម​ពី​ប៊ែលហ្ស៊ិក ​បន្ត​ទៅដល់​បារាំង អាល្លឺម៉ង់ និង​ស៊ុយអែដ ហើយ​បន្ទាប់​មក​ទៀត ចេញ​ពី​អឺរ៉ុប ទៅដល់​សហរដ្ឋ​អាមេរិក។

គិតត្រឹម​ពាក់​កណ្តាល​សតវត្សរ៍​ទី​១៩ បដិវត្តន៍​ឧស្សាហកម្ម​បាន​ចាក់គ្រឹះ​យ៉ាង​មាំ នៅ​​ទូទាំង​តំបន់​អឺរ៉ុប​ខាង​លិច និង​នៅ​ឆ្នេរ​ប៉ែក​ខាង​កើត​នៃ​សហរដ្ឋ​អាមេរិក។ វិស័យ​ដែល​មាន​ការ​ជឿនលឿន​ខ្លាំង​ជាងគេ នៅពេលនោះ គឺ​វិស័យ​វាយនភ័ណ្ឌ ការ​ផលិត​ដែក និង​បច្ចេកវិទ្យា​ក្នុង​ការ​ផលិត​ម៉ាស៊ីន ជាពិសេស ម៉ាស៊ីន​ដើរដោយ​ចំហាយទឹក។

នៅ​តាម​បណ្តា​ប្រទេស ដែល​ឆ្លងកាត់​នូវ​បដិវត្តន៍​ឧស្សាហកម្ម គេ​សង្កេតឃើញ​មាន​រោងចក្រ​​ថ្មីៗ​​រីកដុះដាល​ដូចផ្សិត​នៅ​គ្រប់​ទី​កន្លែង ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​ខាង​ផ្នែក​ដឹកជញ្ជូន​ក៏​មាន​ការ​រីកចម្រើន​​មិនធ្លាប់​មាន។

កាលពី​មុន​ មនុស្ស​ធ្វើ​ដំណើរ ឬ​ដឹកជញ្ជូន​ទំនិញ ពី​កន្លែង​មួយទៅ​កន្លែង​មួយ ដោយ​ថ្មើរជើង ឬ​ដោយ​​រទេះសេះ។ ការធ្វើ​ដំណើរ​តាម​ផ្លូវទឹក​វិញ ត្រូវ​ធ្វើ​ឡើង​​តាមទូក​ដោយ​ប្រើ​ក្តោង ឬ​ចែវ។ ក៏ប៉ុន្តែ បដិវត្តន៍​ឧស្សាហកម្ម​បាន​​នាំទៅរក​ការ​បង្កើត​មធ្យោបាយ​ដឹកជញ្ជូន​ថ្មី ដែលអាច​​​​ដឹកទំនិញ​បាន​ច្រើន បាន​លឿន និង​ក្នុងរយៈចម្ងាយ​ឆ្ងាយ​ជាងមុន។

នៅ​ដើមសតវត្សរ៍​ទី​១៩ វិស្វករ​អាមេរិក​បាន​​សាងសង់​កប៉ាល់​ពាណិជ្ជកម្ម​ដើរដោយ​ម៉ាស៊ីន​ប្រើ​ចំហាយ​ទឹក​ជា​លើក​ដំបូង ហើយ​ក្រោយ​មក​ទៀត នៅ​ពាក់​កណ្តាល​សតវត្សរ៍​ទី១៩ កប៉ាល់​ដើរ​ដោយ​ចំហាយ​ទឹក​បាន​ក្លាយ​ជា​មធ្យោបាយ​ដឹកជញ្ជូន​ឆ្លងកាត់​មហាសមុទ្រ​អាត្លង់ទិក។

នៅ​ដើមសតវត្សរ៍​ទី១៩​នោះដែរ បច្ចេកវិទ្យា​នៃ​ម៉ាស៊ីន​ដើរ​ដោយ​ចំហាយ​ទឹក​ក៏​ត្រូវ​បាន​វិស្វករ​​​យក​ទៅ​ប្រើ​នៅ​ក្នុង​វិស័យដឹកជញ្ជូន​តាមផ្លូវដែក​ផងដែរ តាមរយៈ​ការ​ផលិត​ក្បាលរថភ្លើង​ដើរ​ដោយ​ចំហាយទឹក។ ​នៅ​ឆ្នាំ​១៨៣០​ ប្រព័ន្ធ​ដឹកជញ្ជូន​តាម​​ផ្លូវដែក​ត្រូវ​បាន​ដាក់​ឲ្យដំណើរការ​ជាលើក​ដំបូង ដោយ​តភ្ជាប់​ពី​ទីក្រុង​ Liverpool ទៅ​ទីក្រុង Manchester។

ប្រព័ន្ធ​ទូរគមនាគមន៍​វិញ​​ក៏​ស្គាល់​នូវ​ភាព​ជឿនលឿន​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ដែរ នៅ​ក្នុង​សម័យកាល​បដិវត្តន៍​ឧស្សាហកម្ម ជាពិសេស តាមរយៈ​ការ​បង្កើត​តេឡេហ្ក្រាហ្វ (Télégraphe) ដោយ​វិស្វករ​អង់គ្លេស នៅ​អំឡុង​ឆ្នាំ​១៨៣០។

បើ​និយាយ​ខាង​ផ្នែក​សង្គមវិញ បដិវត្តន៍​ឧស្សាហកម្ម​បាន​​ធ្វើ​ឲ្យ​ប្រជាជន​ ដែល​កាលពីមុន​រស់​នៅ​តាម​ទី​ជនបទ ​នាំគ្នា​មក​រស់នៅ​ប្រមូលផ្តុំ​គ្នា នៅតាម​ទីក្រុង ដែល​ជា​កន្លែង​សម្បូរ​រោងចក្រ និង​សម្បូរ​ការងារធ្វើ។ ការកើនឡើង​នៃ​សមត្ថភាព​ផលិត​​​បាន​ធ្វើ​ឲ្យ​​ថ្លៃ​សម្ភារៈ​ប្រើប្រាស់ ជាពិសេស ក្រណាត់ និង​សម្លៀកបំពាក់​​ មាន​ការ​ធ្លាក់ចុះ។ ប្រជាជន​ទូទៅ​មាន​ប្រាក់​ចំណូល​​​ច្រើន​ និង​មាន​ជីវភាព​ធូរធារ​ជាងមុន។

ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា មាន​អ្នក​ខ្លះ​​បាន​រិះគន់​​ថា បដិវត្តន៍​ឧស្សាហកម្ម​​​ក៏​បាន​បង្ក​ជា​បញ្ហាយ៉ាងច្រើន​ផងដែរ​ ទាក់ទង​នឹង​លក្ខខណ្ឌ​ការងារ​របស់​កម្មករ។ កម្មករ​ត្រូវ​ធ្វើ​ចំណាកស្រុក ឃ្លាតឆ្ងាយ​ពី​ក្រុមគ្រួសារ និង​ភូមិ​កំណើត​ ដើម្បី​ទៅ​ធ្វើការ​នៅ​តាម​ទីក្រុង។ កម្មករ​នីមួយៗ​ត្រូវ​ធ្វើការ​ពី​១២ម៉ោង ទៅ​១៤ម៉ោង​ក្នុងមួយថ្ងៃ ហើយ​​​រោងចក្រ​​​ត្រូវ​បាន​​សាងសង់​ដោយ​មិន​បាន​គិតគូរម៉ត់ចត់ អំពី​សន្តិសុខ និង​សុខមាលភាព​របស់​កម្មករ។

នៅ​សហរដ្ឋ​អាមេរិក​វិញ ការ​កើនឡើង​នៃ​សកម្មភាព​ផលិត​នៅ​ក្នុង​វិស័យវាយនភ័ណ្ឌ​បាន​ធ្វើ​ឲ្យ​តម្រូវការ​កប្បាស​មាន​ការ​កើនឡើង​ខ្លាំង ហើយ​​​ការ​​ទិញ​​ដូរ​ទាសករ​ស្បែក​ខ្មៅ​ ដើម្បី​យក​ទៅ​​​ធ្វើ​ការ​ក្នុង​ចម្ការ​កប្បាស​ក៏​មាន​ការ​កើនឡើង​ខ្លាំង។ បញ្ហា​ទាសករ ដែល​​ធ្លាប់​ជា​បញ្ហា​ចម្រូងចម្រាស​ស្រាប់​ ចាប់តាំង​ពី​ពេល​កកើត​សហរដ្ឋ​អាមេរិក ក៏​បាន​​​ក្លាយ​ជា​បញ្ហា​កាន់តែ​ធំ រហូត​​រាលដាល​​ទៅជា​សង្រ្គាម​ស៊ីវិល រវាង​រដ្ឋ​របស់​អាមេរិក នៅ​ឆ្នាំ​១៨៦១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI