កម្ពុជា

ជំនន់​ទឹកភ្លៀង ផ្តើម​ជន់លិច ប្រជាពលរដ្ឋ​ជិត ១.០០០ គ្រួសារ ត្រូវ​បាន​ជម្លៀស

ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ បណ្តាល​ឲ្យ​ជន់​លិច​តាម​បណ្តា​ខេត្ត​មួយចំនួន ដូចជា នៅ​ទី​រួម​ខេត្តព្រះវិហារ ខេត្តសៀមរាប និង​នៅ​ខេត្ត​បន្ទាយមានជ័យ ជាប់​ព្រំដែន​ថៃ​។ យ៉ាងហោចណាស់ ផ្ទះ​ចំនួន ១៥០០ ខ្នង​ត្រូវ​ទឹកភ្លៀង​ជន់​លិច នៅ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​។ រីឯ​ស្រូវវស្សា​ប្រមាណ ៤.០០០ ហិកតា នៅ​ស្រុក​ពួក ខេត្តសៀមរាប ក៏​ត្រូវ​ទឹកភ្លៀង​ជន់​លិច​។ ចំណែក​ប្រជាពលរដ្ឋ​ជិត ១.០០០ គ្រួសារ ត្រូវបាន​ជម្លៀស ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​។ មកដល់ពេលនេះ មិនទាន់​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់ ត្រូវស្លាប់ ដោយ​គ្រោះទឹកជំនន់​នៅឡើយ​ទេ​។

ជំនន់​ទឹកភ្លៀង ផ្តើម​ជន់លិច ប្រជាពលរដ្ឋ​ជិត ១.០០០ គ្រួសារ ត្រូវ​បាន​ជម្លៀស
ជំនន់​ទឹកភ្លៀង ផ្តើម​ជន់លិច ប្រជាពលរដ្ឋ​ជិត ១.០០០ គ្រួសារ ត្រូវ​បាន​ជម្លៀស RFI/Menghour Ly
ផ្សាយពាណិជ្ជកម្ម

លោក ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ នៅ​ព្រលប់​ថ្ងៃទី​១៨​កញ្ញា​ថា ដោយសារ​តែ​កម្ពុជា ទទួលរង​នូវ​សម្ពា​ទាប ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ បាន​បណ្តាល​ឲ្យ​ទឹកភ្លៀង ជន់​លិច​នៅ​ខេត្ត​ព្រះវិហារ​មុនគេ ពិសេស​នៅ​ក្រុង​ព្រះវិហារ​។ អាជ្ញាធរ​បាន​ជួយ​សង្គ្រោះ ប្រជាពលរដ្ឋ​ជិត ៣០០ គ្រួសារ ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​។ ដោយឡែក​នៅ​ឯ​ខេត្ត​បន្ទាយមានជ័យ​ឯណោះ​វិញ ត្រូវបាន​លោក ញឹម វណ្ណដា លើកឡើងថា ជំនន់​ទឹកភ្លៀង មកពី​ប្រទេស​ថៃ ក៏​បាន​ជន់​លិច​នៅ​ស្រុក​អូរជ្រៅ និង​នៅ​ព្រឹក​មិញ បាន​ជន់​លិច​ក្រុង​ប៉ោយ​ប៉ែត ចាប់​ព្រំដែន​ថៃ​។ លោក ញឹម វណ្ណដា បាន​បន្ថែមថា ផ្លូវ​ថ្មី និង​ផ្ទះ​ចំនួន ១.៥០០ ខ្នង ត្រូវបាន​ជន់​លិច នៅ​ប៉ោយប៉ែត​។ ចំណែក​ប្រជាជន​ប្រមាណ ៥០០ ទៅ ៦០០ គ្រួសារ ត្រូវបាន​អាជ្ញាធរ ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​។ លោក​នឹង​ចុះទៅ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ នៅ​ប៉ោយប៉ែត នា​ព្រឹក​ថ្ងៃ​ពុធ​ស្អែក​។

ទឹកជំនន់ ក្នុង​ប្រទេស​ថៃ បាន​ហូរ​ពន្លិច​ស្រុក​អូរជ្រៅ និង​ស្រុក​ម៉ា​ល័យ ក្នុង​ខេត្ត​បន្ទាយមានជ័យ ចាប់តាំងពី​ថ្ងៃ​ទី​១៥​កញ្ញា​។ នៅឯ​ខេត្ត​សៀមរាប ក៏​មាន​សេចក្តីរាយការណ៍​មក​ថា ទឹកភ្លៀង បាន​ជន់​លិច​ស្រូវវស្សា​ប្រមាណ ៤.០០០ ហិកតា នៅក្នុង​ស្រុក​ពួក ខេត្តសៀមរាប​។ នៅឯ​ទីក្រុង​សៀមរាប​ឯណោះ​វិញ ក៏​ប្រឈម​នឹង​ការ​ជន់​លិច ដោយសារ​តែ​ទឹកភ្លៀង ហូរ​តាម​ស្ទឹង​សៀមរាប ចាក់​ទៅ​កាន់​ទន្លេសាប​មិនទាន់​។​ យ៉ាង​ណា​ក៏​ដោយ លោក ញឹម វណ្ណដា បាន​គូសបញ្ជាក់ថា ជំនន់​ទឹកភ្លៀង ក្នុង​រយៈពេល ប៉ុន្មាន​ថ្ងៃនេះ មិនទាន់​មាន​មនុស្ស​ស្លាប់​នៅ​ឡើយ​ទេ​។ រីឯ​ទឹកជំនន់​នៅ​ដង​ទន្លេមេគង្គ ត្រូវបាន​លោក ញឹម វណ្ណដា លើកឡើងថា មិនទាន់​គំរាមកំហែង​នៅឡើយ​ទេ ព្រោះថា នៅ​តាម​ដង​ទន្លេ​ខាង​ខេត្ត​ស្ទឹងត្រែង ក្រចេះ គឺ​កម្រិត​ទឹក នៅ​ទាប​ជាង​ឆ្នាំ​មុន​ជាង ៣​ម៉ែត្រ​។​
​សេចក្តីប្រកាស​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃ​ចន្ទ​បង្ហាញថា ភ្លៀង នឹង​បន្ត​ធ្លាក់ រហូត​ដល់​ថ្ងៃ​ទី​២៣​កញ្ញា ដែល​នឹង​បង្ក​ជា​ទឹកជំនន់​តាម​បណ្តា​ខេត្ត​មួយចំនួន ពិ​សេ​សតាម​ដងស្ទឹង​។

ទឹកភ្លៀង ដែល​នៅតែ​បន្ត​កើតមាន ស្ទើរ​ទូ​ទាំង​ប្រទេស រហូត​ដល់​ថ្ងៃ​អង្គារ​នេះ ក៏​ត្រូវបាន​មន្ត្រី​ធនធានទឹក ព្រមាន​ថា ខេត្ត​បន្ទាយមានជ័យ ខេត្ត​ពោធិ៍សាត់ ខេត្ត​កំពង់ធំ ខេត្តសៀមរាប និង​ខេត្ត​កំពង់ស្ពឺ ជាដើម ត្រូវ​ប្រឈម​នឹង​ការ​ជន់​លិច​។ ក៏​ប៉ុន្តែ​ចំពោះ​មុខ​គ្រោះទឹកជំនន់​នេះ លោក ញឹម វណ្ណដា បាន​អះអាង​ថា អាជ្ញាធរ​បាន​ត្រៀមលក្ខណៈ​រួចរាល់​ហើយ ដើម្បី​ជួយសង្គ្រោះ​ពលរដ្ឋ​រងគ្រោះ ស្រប​តាម​បទបញ្ជា​ដ៏​ម៉ឹងម៉ាត់​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន សម្រាប់​ត្រៀម​បង្ការ ឆ្លើយតប និង​អន្តរាគមន៍ ទាំង​មុន​ពេល ក្នុងពេល និង​ក្រោយពេល​កើត​មាន​ហានិភ័យ​។ ពោល​គឺ​មិន​ទុក​ឲ្យ​ប្រជាជន​ណា​ម្នាក់​ស្លាប់ ដោយ​គ្មាន​ការសង្គ្រោះ​ឡើយ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI