កម្ពុជា

ការ​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត​ឆ្នាំ ២០១២ ចាប់ផ្តើម​នៅ​ថ្ងៃសៅរ៍នេះ

ការ​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត​ឆ្នាំ ២០១២ ចាប់ផ្តើម​នៅ​ថ្ងៃសៅរ៍នេះ
ការ​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត​ឆ្នាំ ២០១២ ចាប់ផ្តើម​នៅ​ថ្ងៃសៅរ៍នេះ

ដំណើរការ​ចុះឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ឆ្នាំ ២០១២ បានចាប់ផ្តើម​ហើយ​នៅ​ថ្ងៃ​សៅរ៍​ទី១កញ្ញា​នេះ។ គ្រប់​ឃុំ​សង្កាត់​នានា​នៅ​ទូទាំងប្រទេស​បាន​បើកទ្វារ​ទទួល​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​អ្នកបោះឆ្នោត ឬ​អ្នក​ដែល​ទើប​គ្រប់​អាយុ​ឲ្យ​ទៅ​ចុះឈ្មោះ​ដើម្បី​ទទួលបាន​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នា​ខែកក្កដា ឆ្នាំ ២០១៣ ខាងមុខ។ ដំណើរការ​នេះ​នឹង​បន្ត​រហូត​ដល់​ថ្ងៃទី១២ខែតុលា។

ផ្សាយពាណិជ្ជកម្ម

ចាប់ពី​ព្រឹក​ថ្ងៃ​សៅរ៍​ទី១ខែកញ្ញា​នេះ​តទៅ​ឃុំ​សង្កាត់​នានា​នៅ​ទូទាំងប្រទេស​បានចាប់ផ្តើម​បើកទ្វារ​ទទួល​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ឬ​អ្នក​ដែល​ត្រូវការ​ពិនិត្យ​ផ្ទៀងផ្ទាត់​ឡើងវិញ​បញ្ជី​ឈ្មោះ​របស់ខ្លួន។ ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​អាយុ​ចាប់ពី១៨ឆ្នាំ​ឡើងទៅ​ត្រូវបាន​គេ​អញ្ជើញ​ឲ្យ​ទៅ​ចុះឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅតាម​ឃុំ​សង្កាត់រៀងៗខ្លួន​ដើម្បី​ឲ្យ​ប្រាកដ​ថា ពួកគេ​អាច​ទៅ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី៥​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី២៨ ខែកក្កដា​ឆ្នាំ ២០១៣ ខាងមុខ។

លោក​ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅថ្ងៃនេះ​ថា នៅ​ថ្ងៃ​ដំបូង​នេះ​គ្រប់​ឃុំ​សង្កាត់​ទាំងអស់​នៅ​ទូទាំងប្រទេស​បាន​បើកទ្វារ​ទទួល​អ្នក​ចុះឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​តាម​ការគ្រោងទុក ទោះបីជា​មានការ​យឺតយ៉ាវ​ខ្លះ​នៅ​តំបន់​ដាច់ស្រយាល​មួយចំនួន​ក៏ដោយ។ ប៉ុន្តែ បរិយាកាស​ទូទៅ​នៅ​តាម​ឃុំ​សង្កាត់​មួយ​ចំនួន​ហាក់​ដូច​ជា​នៅ​ស្ងប់ស្ងាត់​នៅ​ឡើយ​ទេ​សម្រាប់​ការ​ចាប់​ផ្តើម​ថ្ងៃ​ដំបូង​នេះ គឺ​ស្ងាត់​ទាំង​អ្នក​ទៅ​ចុះឈ្មោះ និង​ពិនិត្យ​ឈ្មោះ ស្ងាត់​ទាំង​អ្នកសង្កេតការណ៍។

ទើប​តែមាន​គណបក្សនយោបាយ​ពីរ​ប៉ុណ្ណោះ​ដែល​បានដាក់​ពង្រាយ​អ្នកសង្កេតការណ៍​របស់​ខ្លួន​តាំងពី​ថ្ងៃ​ដំបូង​នេះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។ ចំណែក​ឯ​អង្គការ​សង្គម​ស៊ីវិល​ពីរ​ទៀត​ក៏បាន​ដាក់​ពាក្យសុំ​សង្កេតការណ៍​ពី​ដើមទី​ដែរ ប៉ុន្តែ គ.ជ.ប កំពុងតែ​ពិនិត្យ​បែបបទ​នៅឡើយ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់លោក​ទេព នីថា។ ប៉ុន្តែ ដោយហេតុ​ថា ដំណើរការ​នេះ​មាន​រយៈពេល​វែង​គឺ​រហូតដល់​ថ្ងៃទី ១២ តុលា គ.ជ.ប សង្ឃឹមថា ចំនួន​អ្នកសង្កេតការណ៍​នឹង​កើន​ឡើង​ថែម​ទៀត។

យ៉ាង​ណា​ក៏​ដោយ គណបក្សប្រឆាំង​សំខាន់​ពីរ​គឺ​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​បានប្រកាស​ធ្វើ​ពហិការ​មិន​ចូលរួម​សង្កេតការណ៍​ដំណើរការ​ចុះឈ្មោះ និង​ពិនិត្យ​បញ្ជី​​ឈ្មោះ​អ្នកបោះឆ្នោត​នេះ​ទេ។ គណបក្ស​ទាំង​ពីរបាន​លើក​ហេតុផល​ថា គ.ជ.ប មិន​អព្យាក្រឹត ដែល​ពួកគេ​មិនអាច​ជឿទុកចិត្ត​បាន។ ប៉ុន្តែ មន្ត្រី គ.ជ.ប អះអាងថា ពហិការ​នេះ​មិន​ប៉ះពាល់​ដល់​ដំណើរការ​នេះ​ទេ។

យោងតាម​តួលេខ​របស់ គ.ជ.ប ក្នុង​ឆ្នាំ ២០១២នេះ មាន​អ្នក​ត្រូវ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ចំនួន​ជាង ៦ សែន​នាក់ តែ​ក៏មាន​អ្នក​ដែល​ត្រូវ​លុបឈ្មោះ​ពី​បញ្ជី​ចំនួន​ជាង ១សែន ៤ ម៉ឺន​នាក់​ផងដែរ​គឺ​អ្នក​ផ្លាស់ប្តូរ​ទីលំនៅ និង​អ្នកស្លាប់។ ប្រសិនបើ​គ្រប់គ្នា​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ចំនួន​អ្នកបោះឆ្នោត​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០១២ នេះ​នឹង​កើន​ដល់​ជាង ៩,៦ លាន​នាក់។ ប៉ុន្តែ នៅពេល​បោះឆ្នោត​ម្តងៗ មាន​មនុស្ស​ជា​ច្រើន​មិន​ទៅ​បោះឆ្នោត ឬក៏​បាត់​សិទ្ធិ​បោះឆ្នោត​ដោយសារ​រក​ឈ្មោះ​មិន​ឃើញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI