កម្ពុជា

ក្រសួង​មហាផ្ទៃ​ផ្តល់​កិច្ចការពារ​សន្តិសុខ​ជូន​លោក​កឹមសុខា

ក្នុង​កិច្ចប្រជុំ​ជាមួយ​មន្រ្តី​របស់​គណបក្ស​សង្រ្គោះជាតិ មន្រ្តី​ក្រសួងមហាផ្ទៃ​បញ្ជាក់ថា នឹង​ផ្តល់​សុវត្ថិភាព​ជូន​លោក​កឹម សុខា
ក្នុង​កិច្ចប្រជុំ​ជាមួយ​មន្រ្តី​របស់​គណបក្ស​សង្រ្គោះជាតិ មន្រ្តី​ក្រសួងមហាផ្ទៃ​បញ្ជាក់ថា នឹង​ផ្តល់​សុវត្ថិភាព​ជូន​លោក​កឹម សុខា ©

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បើក​កិច្ច​ប្រជុំ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ស្ដី​ពី​កិច្ច​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​លោក​កឹម សុខា។ កិច្ច​ប្រជុំ​ដែល បើកធ្វើ នៅព្រឹក​ថ្ងៃសៅរ៍​នេះ​បាន​សម្រេច​ផ្តល់​កិច្ចការពារ​សន្តិសុខ​ជូន​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះជាតិ។  

ផ្សាយពាណិជ្ជកម្ម

 

អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ កាល​ពី​ព្រឹកមិញ​នេះ​បាន​បើក​កិច្ច​ប្រជុំ​មួយ​ជាមួយ​តំណាង​៣​នាក់​មក​ពី​គណបក្ស​ប្រឆាំង គណបក្ស​សង្គ្រោះ​ជាតិ ស្ដី​ពី​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព ជូន​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​កឹម សុខា មិន​បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​កិច្ច​ប្រជុំ កាល​ពី​ព្រឹកមិញ​នេះ​ទេ។

ជំនួប​ប្រជុំ​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​ លោក​ឧត្តមសេនីយ៍​ឯក ខៀវ សុភ័គ អគ្គលេខាធិការ​ក្រសួង​មហាផ្ទៃ កាល​ពី​ម្សិលមិញ បាន​ចេញ​លិខិត​មួយ​ស្នើ​សុំ​អញ្ជើញ​លោក កឹម សុខា ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ ​ចូល​រួម​ពិភាក្សា​ការងារ នៅ​អគ្គស្នងការដ្ឋាន​នរគរបាល​ជាតិ។ ការពិភាក្សា​នេះ​ធ្វើ​ឡើង ស្ដី​ពី​កិច្ច​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​លោកប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ។ ជា​កិច្ចការពារ​ដែល​ក្រសួង​មហាផ្ទៃ​រៀប​ចំ​ឡើង​សម្រាប់​លោក​កឹម សុខា​ជា​ពិសេស។

លោក​ខៀវ សុភ័គ អគ្គលេខាធិការ ក្រសួង​មហាផ្ទៃ​បាន​ប្រាប់​វិទ្យុ​បារាំង RFI កាល​ពី​ព្រឹកមិញ​ថា កិច្ច​ពិភាក្សា​នេះ​ធ្វើ​ឡើង​ដើម្បី​ថែ​រក្សា​សុវត្ថិភាព និង​សន្តិភាព​ជូន​លោក​កឹម សុខា ខណៈ​ស្អែក​នេះ នឹង​មាន​មហាបាតុកម្ម​អហឹង្សា ​​ដឹកនាំ​ដោយ​លោក ជុំ ម៉ី អតីត​អ្នកទោស​ទួល​ស្លែង ប្រឆាំងនឹង​លោក​កឹម សុខា។ លោក​កឹម សុខា ដែល​បាន​ត្រូវ​បាន​ចោទ​ប្រកាន់​ថា លោក​បាន​និយាយ​ថា ទួលស្លែង​ជា​គុក​សិប្បនិម្មិត។ លោក​ខៀវ សុភ័គ បាន​បញ្ជាក់​ផង​ដែរ​ថា អ្នកប្រឆាំង​នឹង​ប្រសាសន៍​លោក​កឹម សុខា មាន​ចំនួន​ច្រើន ស្ទើរ​ទូទាំង​ប្រទេស។ លោក​កឹម​សុខា នឹង​ត្រូវ​ចុះ​ទៅ​តាម​មូលដ្ឋាន​ជា​ច្រើន នៅ​អំឡុង​ពេល​ឃោសនា​បោះឆ្នោត នា​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ អ៊ីចឹង​ហើយ ការថែ​រក្សា​សុខ​សុវត្ថិភាព​និង​សន្តិសុខ​ជូន​លោក​កឹម សុខា​គឺ​ជា​រឿង​ចាំ​បាច់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI