សៀរ៉ាឡេអូន

តុលាការ​អន្តរជាតិ​រក្សា​ទោស​ពន្ធនាគារ​៥០ឆ្នាំ​លើ​អតីត​ប្រធានាធិបតី​លីបេរីយ៉ា

លោក Charles Taylor (ឆ្វេង) ​ក្នុង​អង្គសវនាការ ថ្ងៃ​ព្រហស្បតិ៍ ២៦កញ្ញា ២០១៣
លោក Charles Taylor (ឆ្វេង) ​ក្នុង​អង្គសវនាការ ថ្ងៃ​ព្រហស្បតិ៍ ២៦កញ្ញា ២០១៣ REUTERS/Koen van Weel/Pool

កាលពី​ថ្ងៃ​ព្រហស្បតិ៍ តុលាការ​អន្តរជាតិ​ទទួលបន្ទុក​ជំនុំជម្រះ​បទឧក្រិដ្ឋ​នៅ​សៀរ៉ាឡេអូន ក្រោយ​ពី​បាន​បើក​សវនាការ នៅ​ក្នុង​ប្រទេស​ហូឡង់ បាន​ចេញ​សេចក្តីសម្រេច​តម្កល់​ទោស​ដាក់ពន្ធាគារ ៥០ឆ្នាំ លើ​លោក Charles Taylor អតីត​ប្រធានាធិបតី​លីបេរីយ៉ា។ លោក Charles Taylor ត្រូវ​ជាប់ពិរុទ្ធ​ពីបទ​ជាប់ពាក់ព័ន្ធ​ក្នុង​បទឧក្រិដ្ឋ​ប្រព្រឹត្ត​ក្នុង​អំឡុង​សង្រ្គាម​ស៊ីវិល​សៀរ៉ាឡេអូន ដែល​ជា​ប្រទេស​ងលីបេរីយ៉ា កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​៩០។

ផ្សាយពាណិជ្ជកម្ម

លោក Charles Taylor ត្រូវ​បាន​តុលាការ​អន្តរជាតិ ដែល​មាន​ឈ្មោះ​ថា តុលាការ​​ពិសេស​សៀរ៉ាឡេអូន (Speical Court for Sierra Leone) ចោទប្រកាន់​ពី​បទ​ថា​ បាន​ផ្តល់​គ្រឿង​សព្វាវុធ​ដល់​ក្រុម​ឧទ្ទាម​សៀរ៉ាឡេអូន ដែល​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​យ៉ាងច្រើន​រាប់មិនអស់​​ ក្នុង​សង្រ្គាម​ស៊ីវិល ចន្លោះ​ពី​ឆ្នាំ​១៩៩១ ដល់​ឆ្នាំ​២០០២។ សង្រ្គាម​ស៊ីវិល​ដែល​បាន​សម្លាប់​មនុស្ស​ប្រមាណ​ជា ១២ម៉ឺននាក់​។

លោក Charles Taylor ត្រូវ​បាន​ចាប់ខ្លួន និង​បញ្ជូន​ទៅ​ឃុំឃាំង​នៅ​ទីក្រុង​ឡាអេ កាល​ពី​ឆ្នាំ​២០០៦។ កាល​ពី​ខែឧសភា ឆ្នាំ​២០១២ អង្គជំនុំជម្រះ​សាលាដំបូង នៃ​តុលាការ​ពិសេស បាន​សម្រេច​ឲ្យ​លោក​អតីត​ប្រធានាធិបតី​លីបេរីយ៉ា​ជាប់ពិរុទ្ធ​ពី​បទ​ឧក្រិដ្ឋកម្ម​សង្រ្គាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ផ្តន្ទាទោស​ដាក់​ពន្ធាគារ​រយៈពេល ៥០ឆ្នាំ។ ក៏ប៉ុន្តែ លោក​ Charles Taylor បាន​ប្តឹង​ឧទ្ធរណ៍​ជំទាស់​នឹង​សេចក្តីសម្រច​នេះ។

នៅទីបំផុត​ទៅ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ អង្គជម្រះ​ថ្នាក់កំពូល​នៃ​តុលាការ​ពិសេស បាន​ច្រានចោល​បណ្តឹង​ឧទ្ធរណ៍​របស់​លោក Charles Taylor ដោយ​រក្សា​ទុក​នូវ​រាល់ពិរុទ្ធភាព និង​ទោស​ពន្ធនាគារ ៥០ឆ្នាំ។ សាលដីកា​នេះ គឺ​ជា​សេចក្តីសម្រេច​ចុងក្រោយ បិទផ្លូវ​តវ៉ា ហើយ​រដ្ឋអាជ្ញា​តុលាការ​អន្តរជាតិ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ជា​ជំហាន​បន្ទាប់​តុលាការ​នឹង​ត្រូវ​សម្រេច​ អំពី​ទីតាំង​ដែល​​លោក Charles Taylor ត្រូវជាប់ឃុំ ដើម្បី​អនុវត្ត​ទោស។ រដ្ឋអាជ្ញា​បាន​បង្ហើប​ឲ្យដឹង​ថា លោក Charles Taylor ដែល​សព្វថ្ងៃ​មាន​អាយុ ៦៥ឆ្នាំ ប្រហែល​ជា​នឹង​ត្រូវ​យក​ទៅ​ដាក់ឃុំ នៅ​ក្នុង​ពន្ធនាគារ​ក្នុង​ប្រទេស​អង់គ្លេស ព្រោះ​អង់គ្លេស​មាន​កិច្ចព្រមព្រៀង​ជាមួយ​នឹង​តុលាការ​អន្តរជាតិ។

បន្ទាប់​ពី​ការ​បិទ​សំណុំរឿង​លោក Charles Taylor នេះ តុលាការ​ពិសេស​សៀរ៉ាឡេអូន នៅ​សល់​តែសំណុំរឿង​មួយទៀត​ប៉ុណ្ណោះ ក៏ប៉ុន្តែ ជនសង្ស័យ​ក្នុង​សំណុំរឿង​នេះ​ត្រូវ​បាន​គេ​គិត​ថា​បាន​ស្លាប់​បាត់​ទៅហើយ។ ដូច្នេះ សេចក្តីសម្រេចកាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ ទំនង​ជា​​នឹង​អាច​​ឈាន​ទៅ​បិទបញ្ចប់​ដំណើរការ​របស់​តុលាការ​ពិសេសអន្តរជាតិ​ ដែល​ត្រូវ​បាន​បង្កើតឡើង តាំង​ពី​ឆ្នាំ​២០០២ តាមរយៈ​កិច្ចព្រមព្រៀង រវាង​អ.ស.ប និង​រដ្ឋាភិបាល​សៀរ៉ាឡេអូន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI