អានតួអត្ថបទ
ដើមបូព៌ា

អ៊ីស្រាអែល​ផ្គើន​សហគមន៍​អន្តរជាតិ​ក្នុង​រឿង​សាងសង់​តំបន់​អាណានិគមកិច្ច

ទឹកដី​ប៉ាឡេស្ទីន​ដែល​អ៊ីស្រាអែល​គ្រោង​នឹង​ពង្រីក​ការសាងសង់​លំនៅឋាន​ថ្មី​បន្ថែម
ទឹកដី​ប៉ាឡេស្ទីន​ដែល​អ៊ីស្រាអែល​គ្រោង​នឹង​ពង្រីក​ការសាងសង់​លំនៅឋាន​ថ្មី​បន្ថែម ©REUTERS
ដោយ៖ ឈាង បុប្ផា
១៩ នាទី

អ៊ីស្រាអែល​បាន​បង្ហាញ​ជំហរ​មិន​ចុះញ៉ម​នឹង​ការដាក់​សម្ពាធ​ពី​ប្រទេស​លោកខាងលិច និង​អង្គការ​សហប្រជាជាតិ។ នៅថ្ងៃ​អង្គារ​នេះ ប្រទេស​អូស្ត្រាលី​បាន​ចូលរួម​ជាមួយ​ប្រទេស​នៅអឺរ៉ុប អាមេរិក និង​រុស្ស៊ី ដើម្បី​ប្រឆាំង​នឹង​នយោបាយ​ពង្រឹង​តំបន់​អាណានិគមកិច្ច​របស់​រដ្ឋ​អ៊ីស្រាអែល។ កាលពីថ្ងៃ​សុក្រ​កន្លងទៅ អ៊ីស្រាអែល​បាន​បង្ហាញ​ពី​គម្រោង​ផ្តល់​សិទ្ធិ​សាងសង់​លំនៅឋាន​បន្ថែម នៅក្នុង​តំបន់​អាណានិគមកិច្ច​របស់​ខ្លួន ក្នុង​តំបន់​Cisjordanie។

ផ្សាយពាណិជ្ជកម្ម

ការប្រកាស​របស់​រដ្ឋអំណាច​អ៊ីស្រាអែល ក្នុង​ការផ្តល់​សិទ្ធិ​សាងសង់​បន្ថែម​នូវ​លំនៅឋាន​ចំនួន ៣០០០ ក្នុង​តំបន់​អាណានិគមកិច្ច ក្នុង​តំបន់​Cisjordanie បាន​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ទើសទាល់ និង​ថ្កោលទោស​ជា​បន្តបន្ទាប់។ បារាំង អង់គ្លេស អេស្ប៉ាញ ស៊ុយអែត​ជាដើម​បាន​កោះហៅ​អគ្គរដ្ឋទូត​អ៊ីស្រាអែល​ប្រចាំ​ប្រទេស​ខ្លួន ឲ្យ​បកស្រាយ​ពី​នយោបាយ​មិន​រំពឹងទុកមុន​របស់​រដ្ឋាភិបាល​អ៊ីស្រាអែល។ រុស្ស៊ី អាល្លឺម៉ង់ និង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ក៏​បាន​បង្ហាញ​មតិ​ជំទាស់​នឹង​ផែនការ​សាងសង់​លំនៅឋាន​ថ្មី​របស់​អ៊ីស្រាអែល​ដែរ។

ចំណែកអាមេរិក​វិញ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អ៊ីស្រាអែល​បាន​ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​អ៊ីស្រាអែល​​ពិចារណា​ឡើងវិញ​ពី​នយោបាយ​របស់ខ្លួន។ តាមអ្នកនាំពាក្យ​របស់​សេតវិមាន នយោបាយ​ឯកតោភាគី​របស់​អ៊ីស្រាអែល​លើកនេះ មិន​បាន​ចូលរួម​ក្នុង​ន័យ​ស្ថាបនាទេ ប៉ុន្តែ ផ្ទុយទៅវិញ វា​នឹង​បង្ក​ឲ្យ​ការចរចា​ដើម្បី​សន្តិភាព នៅតំបន់​ដើមបូព៌ា​រឹតតែ​លំបាក​ជាងមុន។ រហូតមក អាមេរិក​បាន​ដើរតួនាទី​សម្របសម្រួល​បញ្ចប់​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ប៉ុន្តែ ការចរចា​រាល់លើក​តែងតែ​បរាជ័យ។

នៅចំពោះមុខ​ការដាក់​គំនាប​ពី​សហគមន៍​អន្តរជាតិ អ៊ីស្រាអែល​នៅតែមាន​អស្មិមានះ។ កាលពីថ្ងៃ​ចន្ទ​ម្សិលមិញ​នេះទៀត រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​អ៊ីស្រាអែល​បានបញ្ចប់​ការតវ៉ា ដោយ​បាន​ប្រកាស​ថា អ៊ីស្រាអែល​គ្រោង​នឹង​អនុញ្ញាត​ឲ្យ​គេ​ចាប់សាងសង់​បន្ត​លំនៅឋាន​ប្រមាណ ១៦០០​ខ្នង នៅក្នុង​តំបន់​Ramah Shlomo។ ដោយពិតទៅ គម្រោង​សាងសង់​លំនៅឋាន ក្នុង​តំបន់​អាណានិគមកិច្ច​ Ramah Shlomo​ត្រូវ​បាន​ផ្អាក​តាំងពី​ឆ្នាំ ២០១០​មកម្ល៉េះ គឺ​ចាប់តាំងពី​ពេល​ដែល​អនុប្រធានាធិបតី​អាមេរិក លោក​Joe Biden បាន​ទៅ​ទស្សនកិច្ច​នៅអ៊ីស្រាអែល។
គួររំលឹកថា ​អ៊ីស្រាអែល​បាន​បង្កើត តំបន់​អាណានិគមកិច្ច​ក្នុង​តំបន់​Ramah Shlomo និង​តំបន់​ភាគខាងកើត​ទីក្រុង​Jérusalum ដែល​ខ្លួន​បាន​ភ្ជាប់មក​ជា​ទឹកដី​របស់​អ៊ីស្រាអែល ចាប់តាំងពី​ឆ្នាំ ១៩៦៧។ អង្គការ​សហប្រជាជាតិ បាន​ប្រកាស​មិនទទួល​ស្គាល់ និង ថ្កោលទោស​យ៉ាងខ្លាំង​ទៅលើ​សកម្មភាព​រំលោភច្បាប់​របស់​អ៊ីស្រាអែល។

ភាគី​ប៉ាឡេស្ទីន​វិញ មាន​ការបារម្ភខ្លាំង ពី​អនាគត​បង្កើត​រដ្ឋ​របស់ខ្លួន។ កាលពីថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន អង្គការ​សហប្រជាជាតិ​ទើប​តែ​បាន​អនុម័ត​ទទួលស្គាល់​ប៉ាឡេស្ទីន ជា​រដ្ឋសង្កេតការណ៍​ឯករាជ្យ។

គេមើលឃើញថា អ៊ីស្រាអែល​បាន​សងសឹក​នឹង​ប៉ាឡេស្ទីន​ដែល​ហ៊ាន​ទាមទារ​រហូត​បាន​សម្រេច​ជារដ្ឋសង្កេតការណ៍​របស់​អង្គការសហប្រជាជាតិ។ ​សងសឹក​នឹង​ប៉ាឡេស្ទីន ដោយ​អ៊ីស្រាអែល​ប្រកាស​ផ្តល់សិទ្ធិ​សាងសង់​លំនៅឋាន​ថ្មី​នៅក្នុង​តំបន់​ដែល​ ប៉ាឡេស្ទីន កំពុង​ទាមទារគ្រប់គ្រងដែរ។ សម្រាប់​ប៉ាឡេស្ទីន ការពង្រឹង​តំបន់​អាណានិគមកិច្ច ក្នុង​តំបន់​ចម្រូងចម្រាស់ Cisjordanie និង​នៅ​ភាគ​ខាងកើត​ទីក្រុង​Jérusalum ដែល​កាន់កាប់​ដោយ​អ៊ីស្រាអែល នឹង​ធ្វើ​ឲ្យ​គេ​ពិបាក​នឹង​បង្កើត​រដ្ឋប៉ាឡេស្ទីន ព្រោះថា តំបន់​រស់នៅ​របស់​ប្រជាជន​ប៉ាឡេស្ទីន​ត្រូវ​បាន​អ៊ីស្រាអែល​ឈ្លានពាន​បន្តិចម្តងៗ មកធ្វើ​ជា​ទឹកដី​របស់ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ