អានតួអត្ថបទ
កម្ពុជា

អង្គការ​អន្តរជាតិ​បង្ហាញ​បញ្ហា​ប្រឈម​របស់​កុមារី ​ដើម្បី​ប្រារព្ធ​ទិវា​កុមារី​អន្តរជាតិ​១១​តុលា​

មណ្ឌល​ស្តារនីតិសម្បទា​ក្នុង​ខែត្រ​បាត់​ដំបង ​​ជួយ​ដល់​ក្មេងស្រី​រងគ្រោះ​ដោយ​​ភាពក្រីក្រ។
មណ្ឌល​ស្តារនីតិសម្បទា​ក្នុង​ខែត្រ​បាត់​ដំបង ​​ជួយ​ដល់​ក្មេងស្រី​រងគ្រោះ​ដោយ​​ភាពក្រីក្រ។ © ចាន់ លីដា
3 នាទី

នៅ​ថ្ងៃទី១១តុលា​នេះ គឺជា​ខួប​លើក​ទី២ នៃ​ទិវា​កុមារី​អន្តរជាតិ។ នៅក្នុង​ប្រទេស​កម្ពុជា អង្គការ​អន្តរជាតិ​មួយចំនួន ដូចជា អង្គការ Plan International និង UNESCO ក៏បាន​ប្រារព្ធ​ទិវា​នេះដែរ។ អង្គការ Plan បាន​សម្ពោធ​សៀវភៅ​ស្រាវជ្រាវ​មួយ ដែលមាន​ចំណងជើង​ថា «ពីព្រោះ​ខ្ញុំ​ជា​កុមារី» រីឯ​អង្គការ UNESCO បាន​ចាក់​បញ្ចាំង​​​ភាពយន្ត​ឯកសារ ដែលមាន​ចំណងជើង​ថា «Girl Rising»។ សៀវភៅ និង​ខ្សែភាពយន្ត​ឯកសារ​នេះ​សុទ្ធតែ​បង្ហាញ​ពី​បញ្ហា​ប្រឈម​រប​ស់​​​កុមារី​ ក្នុងនោះ​ក៏មាន​កុមារី​កម្ពុជា​ផងដែរ។

ផ្សាយពាណិជ្ជកម្ម

អង្គការ Plan International នៅ​ថ្ងៃ​សុក្រ​នេះ បានចេញ​ផ្សាយ​សៀវភៅ​មួយ​ដែលមាន​ចំណងជើង​ថា «ពីព្រោះ​ខ្ញុំ​ជា​កុមារី»។ សៀវភៅ​នេះ​គឺជា​លទ្ធផល​នៃ​ការស្រាវជ្រាវ​អំពី គ្រោះមហន្តរាយ​កុមារី នៅក្នុង​ប្រទេស​ចំនួន ៦៩ លើ​ពិភពលោក។ តាម​ការស្រាវជ្រាវ​រប​ស់​អង្គការ Plan  ជា​រៀងរាល់ឆ្នាំ ពិភពលោក​តែងតែ​ទទួលរង​គ្រោះមហន្តរាយផ្សេងៗ ចំនួន ៤៥០ ហើយ​គ្រោះមហន្តរាយ​ទាំងនេះ​ភាគច្រើន គឺ​ផ្តល់​ផលវិបាក​ដល់​ក្មេងស្រី​ ច្រើនជាង​ក្មេងប្រុស។

លោក មុំ ចាន់​ត្រា​សូឡី ប្រធាន​ផ្នែក​ទំនាក់ទំនង​នៃ​អង្គការ Plan International ប្រចាំ​នៅ​កម្ពុជា បាន​ឲ្យ​ដឹងថា គោលបំណងសំខាន់ៗ ដែល​អង្គការ​ចងក្រង និង​ចែករំលែក​ការស្រាវជ្រាវ​នេះ នៅ​កម្ពុជា គឺ​ដើម្បី​ផ្តល់ឱកាស​អប់រំ​ដល់​កុមារី អំពី​បរិស្ថាន​ជុំវិញខ្លួន​កុមារី ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព។ ការអប់រំ​នេះ ​គឺ​សំដៅ​បង្កើត​គោលនយោបាយ លើកទឹកចិត្ត​ស្ត្រី ឲ្យ​បាន​កាន់តែ​ប្រសើរ​នៅ​កម្ពុជា។

តាម​ការសន្និដ្ឋាន របស់​អង្គការ​នេះ គឺមាន​កុមារី​ប្រមាណ​ជា ៦៥លាន​នាក់ នៅលើ​ពិភពលោក ដែល​មិនបាន​ចូល​សាលា។ មូលហេតុ​នៃ​ការ​មិនបាន​ចូលរៀន​ទាំងនោះ គឺ​ដោយសារតែ​គ្រោះមហន្តរាយ​ទាំង​នេះឯង។ ដូច្នេះ​ទើប អង្គការ Plan International នៅ​កម្ពុជា ដាក់​បញ្ហា​ការអប់រំ​ដល់​កុមារី​ជា​បញ្ហា​ដ៏​ចម្បង ដែល​ត្រូវ​ដោះស្រាយ។

ចំនែក​អង្គការ UNESCO វិញ ដើម្បី​អបអរសាទរ​ទិវា​កុមារី​អន្តរជាតិ​នេះ នៅ​ថ្ងៃ​សុក្រ​នេះ ក៏បាន​ដាក់​បញ្ចាំង​ភាពយន្ត​ឯកសារ​ទាក់ទង​នឹង​សិទ្ធិមនុស្ស ដែលជា​រួម គឺ​និយាយ​ពី​ភាពស្មើគ្នា​រវាង​ក្មេងស្រី និង​ក្មេងប្រុស។ ក្នុងនោះ​ក៏​អំពាវនាវ​ឲ្យ​បញ្ឈប់​ការរើសអើង និង​រំលោភបំពាន​ក្មេងស្រី​ទូទាំង​សកលលោក។ ភាពយន្ត​ឯកសារ ដែលមាន​ចំណងជើង​ថា «Girl Rising» ឬ​មានន័យ​ប្រហែល​នឹង​ការ​ងើបឡើង​នៃ​សិទ្ធិនារី ត្រូវបាន​ចាក់​បញ្ចាំង ដោយមាន​ការសហការ​ជាមួយ​ក្រសួង​កិច្ចការនារី នៅ​រោងកុន ផ្លា​ទី​នាម ស៊ី​នេ​ផ្លិច ផ្សារ​សូរិយា និង​មជ្ឈមណ្ឌល​សោត​ទស្សន៏​បូផាណា។

នៅ​ថ្ងៃ​អង្គា​រស​ប្តា​ហ៏​ក្រោយ គេ​ក៏​នឹង​បញ្ចាំង​រឿង​ដដែល​នេះ នៅវេលា​ម៉ោង ៦ល្ងាច នៅ​រោងកុន ផ្លា​ទី​នាម និង​បើក​ឲ្យ​សាធារណជន ចូលរួម​ទស្សនា ដោយ​សេរី។

ភាពយន្ត​ឯកសារ «Girl Rising» នេះ​គឺ​រៀបរាប់​ពី​ដំណើររឿង​នៃ​ក្មេងស្រី ៩នាក់ នៅ​ក្នុង​ប្រទេស ៩​ផ្សេង​គ្នា​ ក្នុងនោះ​ក៏មាន​កុមារី​កម្ពុជា​ម្នាក់​ផង​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ