អានតួអត្ថបទ
ដើមបូព៌ា

ប្រទេស​មហាអំណាច​ជួបប្រជុំ​នៅ​ញូវយ៉ក​ដើម្បី​បញ្ចៀស​វិបត្តិ​សមាជិកភាព​ប៉ាឡេស្ទីន​នៅ​អ.ស.ប.

ប្រជាជន​ប៉ាឡេស្ទីន និង​សកម្មជន​បរទេស​នាំគ្នា​ធ្វើ​បាតុកម្ម​គាំទ្រ​សមាជិកភាព​របស់​ប៉ាឡេស្ទីន នៅ​អ.ស.ប.
ប្រជាជន​ប៉ាឡេស្ទីន និង​សកម្មជន​បរទេស​នាំគ្នា​ធ្វើ​បាតុកម្ម​គាំទ្រ​សមាជិកភាព​របស់​ប៉ាឡេស្ទីន នៅ​អ.ស.ប. REUTERS/Mohamad Torokman
ដោយ៖ សេង ឌីណា
២០ នាទី

នៅសល់តែ​២ថ្ងៃ​ទៀត​ ដល់​ពេល​បើក​មហាសន្និបាត​អ.ស.ប.​ ប្រទេស​មហាអំណាច​កំពុង​តែ​ខ្នះខ្នែង​​ស្វែងរក​ដំណោះស្រាយ​បញ្ចៀស​វិបត្តិ​​ជុំវិញ​សមាជិកភាព​​របស់​ប៉ាឡេស្ទីន​ នៅ​អ.ស.ប.។ មន្រ្តី​ការទូត​ជាន់ខ្ពស់​របស់​អាមេរិក រុស្ស៊ី សហភាព​អឺរ៉ុប និង​អ.ស​.ប. បាន​ជួបប្រជុំគ្នា​ នៅ​ញូវយ៉ក កាលពីថ្ងៃ​អាទិត្យ ម្សិលមិញ ដើម្បី​រិះរក​វិធី​បញ្ចុះបញ្ចូល​ប៉ាឡេស្ទីន​ឲ្យ​បញ្ឈប់​ការ​សុំចូល​ជា​សមាជិក​អ.ស.ប.។ ការប្រជុំនេះ​អាច​នឹង​បន្ត​ធ្វើ​ជារៀងរាល់​ថ្ងៃ នៅ​ក្នុង​សប្តាហ៍​នេះ។

ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​អាមេរិក និង​អ៊ីស្រាអែល​​​​​បាន​លើកឡើង​ថា ការបោះឆ្នោត​លើ​សមាជិកភាព​ប៉ាឡេស្ទីន ក្នុង​អ.ស.ប.​​ អាច​នឹង​ធ្វើ​ឲ្យ​បាត់បង់​ឱកាស ក្នុង​ការ​ចរចា​សន្តិភាព​​ នៅដើមបូព៌ា ហើយ​ថា មានតែ​ការចរចា​រវាង​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល​ទេ ដែល​ជា​ដំណោះស្រាយ ក្នុង​ការ​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន។

ក៏ប៉ុន្តែ កាលពីថ្ងៃ​សុក្រ លោក​ម៉ះមូដ អាបាស់ (Mahmoud Abbas) ​ប្រធាន​អាជ្ញាធរ​ប៉ាឡេស្ទីន​ បាន​ថ្លែង​ថា ​ប៉ាឡេស្ទីន​បាន​ចរចាជាមួយ​​អ៊ីស្រាអែល​អស់រយៈពេល​ជិត ២០​ឆ្នាំមកហើយ ក៏ប៉ុន្តែ មិនបាន​ទទួល​លទ្ធផល​អ្វីទាំងអស់។ នៅពេលនេះ ការចរចា​​នេះ​ត្រូវ​ជាប់គាំង​ទាំងស្រុង។ ហេតុដូច្នេះ​ហើយ​ទើប​ប៉ាឡេស្ទីន​សម្រេច​​ដាក់ពាក្យ​សុំ​ចូល​ជា​រដ្ឋ​សមាជិក​ពេញសិទ្ធិ​របស់​អ.ស.ប. ដែល​ជា​សិទ្ធិ​ស្រប​ច្បាប់​របស់​ប្រជាជន​ប៉ាឡេស្ទីន។

សហរដ្ឋ​អាមេរិក​បាន​ព្រមាន​ទុកជាមុន​រួចហើយ​ថា​នឹង​ប្រើសិទ្ធិវ៉េតូ​ទៅលើ​សមាជិកភាព​របស់​ប៉ាឡេស្ទីន។ បើ​អាមេរិក​ជំទាស់ ប៉ាឡេស្ទីន​នឹង​មិនមាន​សង្ឃឹម​ថា​នឹង​អាច​ក្លាយ​ជា​សមាជិក​ពេញសិទ្ធិ​របស់​អ.ស.ប.​បាន​ទេ។

តាមការពិត ប៉ាឡេស្ទីនមាន​ជម្រើស​មួយ​ទៀត គឺ​សុំចូល​ត្រឹមតែ​​ជា​រដ្ឋ​សង្កេតការណ៍​អចិន្ត្រៃយ៍​របស់​អ.ស.ប.។ តាមរយៈ​ជម្រើស​នេះ ប៉ាឡេស្ទីន​មិន​អាច​ក្លាយ​ជា​សមាជិក​ពេញសិទ្ធិ​របស់​អ.ស.ប.​មែន ក៏ប៉ុន្តែ អាច​មាន​ឋានៈ​ជា​រដ្ឋ។ ម្យ៉ាងទៀត ការសុំចូល​ជា​រដ្ឋ​សង្កេតការណ៍ មិនចាំបាច់​ឆ្លងកាត់​ក្រុមប្រឹក្សា​សន្តិសុខ​នោះទេ មានន័យថា សហរដ្ឋ​អាមេរិក​មិន​អាច​ប្រើសិទ្ធិវ៉េតូ​ជំទាស់​បានទេ។

ក៏ប៉ុន្តែ លោក​អាបាស់​បាន​ជ្រើសរើស​យក​ការប្រឈមមុខ​ជាមួយ​​នឹង​អ៊ីស្រាអែល និង​សហរដ្ឋ​អាមេរិក ដោយ​​ទាមទារ​សុំ​ជា​សមាជិក​ពេញសិទ្ធិ។ ប៉ាឡេស្ទីន​ទំនង​ជា​ចង់​ដាក់សម្ពាធ​លើ​អាមេរិក​ឲ្យ​ទទួលខុសត្រូវ​ចំពោះ​ការប្រើ​សិទ្ធិវ៉េតូ​របស់ខ្លួន។ ប៉ាឡេស្ទីន​ចង់​ឲ្យ​សាធារណមតិ​អន្តរជាតិ​ឃើញ​ថា ប្រជាជន​ប៉ាឡេស្ទីន​មិនអាច​ទទួល​បាន​សិទ្ធិ​ស្របច្បាប់​ជា​​រដ្ឋ​សមាជិក​ពេញសិទ្ធិ​​របស់​អ.ស.ប. គឺ​មកពី​អាមេរិក​ជា​អ្នក​ជំទាស់។

ទូរទស្សន៍​ប៊ីប៊ីស៊ី (BBC) ​បាន​រៀបចំ​ធ្វើ​ការ​ស្ទាបស្ទង់មតិ​មួយ នៅចន្លោះ​ពីខែ​កក្កដា ដល់​ចុងខែ​សីហា ២០១១ នៅ​តាម​ប្រទេស​ចំនួន ១៩ ស្តីពី​សមាជិកភាព​របស់​ប៉ាឡេស្ទីន។ ការស្ទាបស្ទង់មតិ​នេះ​​បង្ហាញ​ថា ប្រជាជន​​ចំនួន ៤៩% គាំទ្រ​ប៉ាឡេស្ទីន ២១% ប្រឆាំង និង ១១% អនុប្បវាទ។

ការប្រើសិទ្ធិវ៉េតូ​ទៅលើ​សមាជិកភាព​របស់​ប៉ាឡេស្ទីន​​ក៏​អាច​នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​អាមេរិក នៅ​ពិភព​អារ៉ាប់​ត្រូវ​អាប់អួផងដែរ។ ថ្មីៗ​នេះ​មន្រ្តី​​ការទូត​ជាន់ខ្ពស់​របស់​អារ៉ាប៊ី​សាអ៊ូឌីត ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក និង​ជា​ប្រទេស​ជង្រុក​ប្រេងកាត នៅ​ដើមបូព៌ា បាន​ពន្លយពាក្យ​ថា ទំនាក់ទំនង​រវាង​អារ៉ាប៊ី​សាអ៊ូឌីត និង​សហរដ្ឋ​អាមេរិក​នឹង​មិនអាច​ដូចមុន​ទៀត​ទេ ប្រសិន​បើ​អាមេរិក​ជំទាស់​មិន​ឲ្យ​ប៉ាឡេស្ទីន​ចូល​ជា​សមាជិក​​របស់​អ.ស.ប.៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ