ក្រុមសង្រ្គោះអន្តរជាតិបានទៅដល់ប្រទេសជប៉ុន
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃអាទិត្យនេះ លោកណាអូតូ កាន់ នាយករដ្ឋមន្រ្តីជប៉ុនបានថ្លែងថា ជប៉ុនកំពុងតែប្រឈមមុខនឹងវិបត្តិដ៏ធំមិនធ្លាប់មានចាប់តាំងពីសង្រ្គាមលោកលើកទី២មក។ ការរញ្ជួយដី និងស៊ូណាមី បានបង្កការខូតខាតដ៏ធ្ងន់ធ្ងរ។ បន្ថែមពីលើនេះទៀត ជប៉ុនកំពុងប្រឈមមុខនឹងគ្រោះមហន្តរាយនុយក្លេអ៊ែរមួយទៀត។ ស្ថិតក្នុងវិបត្តិដ៏ធ្ងន់ធ្ងរបែបនេះ ប្រទេសជាច្រើនបានបញ្ជូនជំនួយទៅកាន់ប្រទេសជប៉ុន ជាពិសេស គឺក្រុមសង្រ្គោះ ដើម្បីជួយស្វែងរកជនរងគ្រោះ ដែលអាចនៅរស់រានមានជីវិត។
ខាងក្រោមនេះ គឺជាជំនួយអន្តរជាតិ ដែលត្រូវបានបញ្ជូនទៅជួយជប៉ុន៖
សហរដ្ឋអាមេរិក
យន្តហោះផ្ទុកយន្តហោះមួយគ្រឿង ឈ្មោះ USS Ronald Reagan បានធ្វើដំណើរទៅដល់ជប៉ុនហើយ។ នៅលើនាវានេះមានផ្ទុកយន្តហោះជាង៨០គ្រឿង។ យន្តហោះទាំងនេះនឹងចូលរួមក្នុងប្រតិបត្តិការសង្រ្គោះ។ ម្យ៉ាងទៀត អាមេរិកនឹងនាវាផ្ទុកយន្តហោះនេះ ធ្វើជាទីតាំងសម្រាប់ឲ្យឧទ្ធម្ភាចក្ររបស់ជប៉ុនចុះចត ដើម្បីចាក់ប្រេង។ នាវាចម្បាំងជិត ១០គ្រឿង ផ្សេងទៀត កំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសជប៉ុន។
ក្រុមសង្រ្គោះពិសេស ចំនួនពីរក្រុម ដែលមានគ្នា ១៥០នាក់ និងឆ្កែ ១២ក្បាល ដែលមានជំនាញខាងស្វែងរកអ្នកនៅរស់រានមានជីវិត ត្រូវបានបញ្ជូនទៅដល់ប្រទេសជប៉ុនហើយ។
អ្នកជំនាញខាងនុយក្លេអ៊ែរពីររូបត្រូវបានបញ្ជូនទៅជួយអាជ្ញាធរជប៉ុន ដែលកំពុងប្រឈមមុខនឹងវិបត្តិដ៏ធ្ងន់ធ្ងរក្នុងមជ្ឈមណ្ឌលនុយក្លេអ៊ែរ នៅ Fukushima។
កូរ៉េខាងត្បូង
ក្រុមសង្រ្គោះ ៥រូប និងឆ្កែ ២ក្បាល បានទៅដល់ប្រទេសជប៉ុនហើយ។ រដ្ឋាភិបាលកូរ៉េខាងត្បូងបានត្រៀមក្រុមសង្រ្គោះចំនួន ២០០នាក់ផ្សេងទៀត ដើម្បីបម្រុងទុក ក្នុងករណីរដ្ឋាភិបាលជប៉ុនត្រូវការ។
ចិន
នៅថ្ងៃអាទិត្យនេះ រដ្ឋាភិបាលចិនបានបញ្ជូនក្រុមសង្រ្គោះពិសេស ចំនួន ១៥នាក់ ទៅកាន់តំបន់រញ្ជួយដី។
បារាំង
បារាំងបញ្ជូនក្រុមសង្រ្គោះពិសេស ចំនួន ១០០នាក់ ឆ្កែ ១២ក្បាល ព្រមទាំងឧបករណ៍ចំនួន ៤៩តោន ដើម្បីប្រើប្រាស់ក្នុងប្រតិបត្តិការសង្រ្គោះ។
អង់គ្លេស
ក្រុមសង្រ្គោះចំនួន ៦៣នាក់ ឆ្កែ២ក្បាល និងឧបករណ៍សង្រ្គោះ ១១តោន។ រដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងថា អង់គ្លេសបានត្រៀមក្រុមជំនាញខាងនុយក្លេអ៊ែរ ដើម្បីចាំជួយជប៉ុនក្នុងករណីចាំបាច់។
ស្វ៊ីស
ក្រុមសង្រ្គោះ និងគ្រូពេទ្យមួយក្រុម មានគ្នា ២៥នាក់ និងឆ្កែ ៩ក្បាល។
អូស្រ្តាលី
ក្រុមសង្រ្គោះបានទៅដល់ប្រទេសជប៉ុនហើយ។ រដ្ឋាភិបាលអូស្រ្តាលីបានសន្យាថានឹងត្រៀមខ្លួនជានិច្ច ដើម្បីបញ្ជូនជំនួយបន្ថែម ក្នុងករណី ដែលមានការស្នើសុំពីរដ្ឋាភិបាលជប៉ុន។
រុស្ស៊ី
នាយករដ្ឋមន្រ្តីរុស្ស៊ីបានប្រកាសសន្យាជួយផ្តល់ថាមពលទៅផ្គត់ផ្គង់ដល់ប្រទេសជប៉ុន ដែលកំពុងតែប្រឈមមុខនឹងការខ្វះខាតថាមពលធ្ងន់ធ្ងរ។
សិង្ហបុរី
ក្រុមជំនាញសង្រ្គោះមួយក្រុម។
អង្គការសហប្រជាជាតិ
ក្រុមអ្នកជំនាញខាងសម្របសម្រួលប្រតិបត្តិការសង្រ្គោះ និងអ្នកជំនាញខាងផ្នែកបរិស្ថាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ