កម្ពុជា

យុវជន​៣៦រូប ពីកម្ពុជា និង​បណ្ដា​ប្រទេស​នានា​ចូលរួម​វេទិកា​យុវជន​បេតិកភណ្ឌ​ពិភពលោក​កម្ពុជា

វេទិកា​យុវជន​បេតិកភណ្ឌ​ពិភពលោក កម្ពុជា​២០១៣ ប្រារព្ធ​បើក កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មិថុនា​នេះ។ កម្មវិធី​នេះ​មាន​រយៈ​ពេល​មួយ​សប្ដាហ៍ រាប់​ចាប់​ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១៦ ខែ​មិថុនា គឺ​មុន​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី​៣៧ នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ដែល​នឹង​ប្រព្រឹត្ត​ទៅ ចាប់​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃទី​២៧ ខែ​មិថុនា ខាង​មុខ។ ទាំង​វេទិកា​យុវជន​បេតិកភណ្ឌ​ពិភពលោក និង​សម័យ​ប្រជុំ​ពេញ​អង្គ​នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក សុទ្ធ​តែ​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប និង​រាជធានី​ភ្នំពេញ។ 

ផ្សាយពាណិជ្ជកម្ម

យុវជន​៣៦​រូប ពី​ប្រទេស​កម្ពុជា និង​១៥​ប្រទេស​ផ្សេង​ទៀត ចូល​រួម​ក្នុង​វេទិកា​យុវជន​បេតិកភណ្ឌ​ពិភព​លោក​ដែល​បាន​ប្រារព្ធ​បើក កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ ខែមិថុនា​នេះ។ វេទិកា​នេះ​នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ស្រប​ពេល​​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី​៣៧ នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក នឹង​ចាប់​ផ្ដើម​ ចាប់​ផ្ដើម​នៅ​​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២៧ ខែ​មិថុនា​ខាង​មុខ​នេះ ក្នុង​ឋានៈ​កម្ពុជា​ជា​ម្ចាស់​ផ្ទះ និង​ជា​ប្រធាន​នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​សម្រាប់​អណត្តិ​ឆ្នាំ​២០១២=២០១៣។

វេទិកា​យុវជន​បេតិកភណ្ឌ​ពិភពលោក​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​លើក​កម្ពស់​ការ​យល់​ដឹង​របស់​គណៈ​ប្រតិភូ​យុវជន​ដែល​ចូល​រួម ក៏​ដូច​ជា​យុវជន​ទូទៅ អំពី​សារៈ​សំខាន់​នៃ​ការ​ថែ​រក្សា អភិរក្ស និង​លើក​ដម្កើង​តម្លៃ​នៃ​សម្បត្តិ​បេតិកភណ្ឌ​ជាតិ និង​ពិភពលោក។ វេទិកា​នេះ​ក៏​នឹង​រួម​ចំណែក​ផង​ដែរ ដល់​ការ​លើក​កម្ពស់ ការ​ទទួល​ស្គាល់ ការ​គោរព និង​ការ​ឲ្យ​តម្លៃ​ដល់​ពហុភាព​នៃ​វប្បធម៌​នានា មក​ពី​គ្រប់​តំបន់​នៃ​ពិភពលោក និង​បង្កើន​ការ​យល់​ដឹង​របស់​យុវជន​អំពី​អនុសញ្ញា​បេតិកភណ្ឌ​ពិភពលោក​ឆ្នាំ​១៩៧២ និង​តួនាទី​របស់​ខ្លួន​ក្នុង​ការ​អនុវត្ត​អនុ​សញ្ញា​នេះ។

ក្រោយ​ពី​វេទិការ​យុវជន​បេតិកភណ្ឌ​ពិភពលោក​កម្ពុជា​នេះ​បញ្ចប់​ទៅ​នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ខាង​មុខ គណៈប្រតិភូ​យុវជន​ទាំងអស់​នឹង​បង្ហាញ​នូវ​សេចក្ដី​ថ្លែង​ការណ៍​ស្ដី​ពី​ការងារ​និង​លទ្ធផល​ នៃ​វេទិកា​យុវជន​បេតិកភណ្ឌ​ពិភពលោក ដល់​គណៈ​ប្រតិភូ​ចូល​រួម​ក្នុង​កម្មវិធី​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី​៣៧ នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ឆ្នាំ​២០១៣ នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា។ ហើយ​នៅ​ថ្ងៃ​នោះ​ផង​ដែរ ប្រតិភូ​យុវជន​នឹង​ជួប​ពិភាក្សា​ជាមួយ​សមាជិក​នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក និង​ក្រុម​ប្រឹក្សា​យោបល់​ផង​ដែរ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI