ទស្សនៈព្រឹត្តិការណ៍ខ្មែរ

«វប្បធម៌​អន្តរាគមន៍» គួរ​ត្រូវ​លុបបំបាត់​ឲ្យអស់​ពី​សង្គម!

សំឡេង ០៤:៣១
ពេលខ្លះ គ្រាន់តែ​គ្រោះថ្នាក់​ចរាចរណ៍​ក៏​មាន​អ្នក​ស្វែងរក​អន្តរាគមន៍​ពី​ខ្នងបង្អែក​ដែរ
ពេលខ្លះ គ្រាន់តែ​គ្រោះថ្នាក់​ចរាចរណ៍​ក៏​មាន​អ្នក​ស្វែងរក​អន្តរាគមន៍​ពី​ខ្នងបង្អែក​ដែរ ©ចាន់ ស៊ីណា

ចាប់តាំងពី​ប្រមុខ​រដ្ឋាភិបាល​បាន​ចេញ​បទបញ្ជា​ជា​បន្តបន្ទាប់​ ឲ្យ​ចាត់​វិធានការ​ចំពោះ​ជនល្មើស​ច្បាប់​ដោយ​មិន​រើស​មុខ​មក​ កិច្ច​អន្តរាគមន៍​ពីសំណាក់​អ្នកមាន​អំណាច ​ដើម្បី​ការពារ​កូនចៅ​ ឬ​ក៏​សាច់ញាតិ​របស់​ខ្លួន​ ដែល​ប្រព្រឹត្ត​ខុស​ច្បាប់​ ហាក់​ដូច​ជា​ថមថយ​ជាទូទៅ។ ​ប៉ុន្តែ ​សម្រាប់​ក្រសែ​ភ្នែក​អ្នកវិភាគ​និង​តាមដាន​សង្គម​កម្ពុជា​ «វប្បធម៌​អន្តរាគមន៍» ​នៅតែ​មាន​ដដែល​​ប៉ុន្តែ ​គ្រាន់​តែ​មិន​ចេញ​មុខ​ចំហដូច​កាលពី​មុន។ ​ដូច្នេះ ​ការ​ឈាន​ទៅ​លុប​បំបាត់​ទាំងស្រុង​នូវ​ទម្លាប់​អន្តរាគមន៍​ ហើយ​បែរ​មក​គោរព​ច្បាប់​ដោយ​ស្មើភាព​គ្នា ​គឺ​ជា​អ្វី​ដែល​ត្រូវ​ធ្វើ​ឲ្យ​បាន​ ដើម្បី​ធ្វើ​ឲ្យ​សង្គម​កម្ពុជា​ក្លាយ​ជា​នីតិរដ្ឋ។

ផ្សាយពាណិជ្ជកម្ម

មិន​ថា​តែ​បញ្ហា​តូច​ឬ​ធំ​ទេ ​សូម្បី​តែ​គ្រោះថ្នាក់​ចរាចរណ៍​បន្តិច​បន្តួច​ក៏​អ្នក​ដែល​មាន​ខ្នង​បង្អែក​ទាំងឡាយ​តែង​ទូរសព្ទ័​ឆ្វាត់ឆ្វែង​ ដើម្បី​រក​អន្តរាគមន៍​ ជំនួស​ឲ្យ​ការ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ដោយ​សន្តិវិធី។ ​អ្នកខ្លះ​ទៀត​ សូម្បី​តែ​ខ្លួន​ខុស​ទាំងស្រុង​ក៏​បែរ​ទៅ​ជា​រក​អន្តរាគមន៍​ ដើម្បី​យកឈ្នះ​ទាំង​បំពាន​ទៅ​លើ​គូទំនាស់​ម្ខាង​ទៀត។ ​រីឯ​អ្នក​មាន​អំណាច​ខ្លះ​ក៏​មិន​ញញើត​នឹង​ចូល​ធ្វើ​អន្តរាគមន៍​ទាំង​បំពាន​ដែរ​ បើ​ទោះបីជា​ដឹង​ថា ​កូនចៅ​របស់​ខ្លួន​ជា​អ្នក​ខុស​ក៏ដោយ។

កម្អែល​នៃ​វប្បធម៌​អន្តរាគមន៍​នេះ​ហាក់ដូចជា​ពិបាក​លាង​ជម្រះ​ឲ្យ​អស់​ណាស់​ បើ​ទោះបី​ជា​មាន​បទបញ្ជា​ផ្ទាល់​មាត់ ​និង​ជា​សាធារណៈ​ពី​ប្រមុខ​រដ្ឋាភិបាល​យ៉ាងណា​ក៏ដោយ។ ​ជារឿយៗ​ នៅ​តែ​មាន​អ្នក​អាងលើ​ខ្នង​បង្អែក​ឲ្យ​ជួយ​កាង ​នៅ​ពេល​ដែល​ពួកគេ​ត្រូវ​ប៉ូលិស​ឃាត់​តាម​ផ្លូវ​ដោយសារ​តែ​ខ្លួន​មិន​គោរព​ច្បាប់​ចរាចរណ៍ ​ឬ​ក៏​មាន​បញ្ហា​អ្វី​ផ្សេង​ទៀត​ដែល​ត្រូវ​ដោះស្រាយ​ជាមួយ​សមត្ថកិច្ច។ ​យ៉ាងណា​ក៏ដោយ ​ទម្លាប់​នៃ​ការ​ស្វែងរក​អន្តរាគមន៍​ហាក់​បាន​ស្ងប់ស្ងាត់​ជាង​មុន​ រីឯ​អ្នក​ដែល​ចេញ​មុខ​អន្តរាគមន៍​ក៏​មិន​សូវ​ហ៊ាន​ចេញ​មុខ​ដោយ​ចំហ​ដូច​កាលពី​មុន​ពេក​ដែរ។ ​នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការវិវឌ្ឍន៍​ដ៏​វិជ្ជមាន​មួយ​ក្នុង​ទិស​ដៅ​ឈាន​ទៅ​លុប​បំបាត់​វប្បធម៌​អន្តរាគមន៍​នៅ​ក្នុង​សង្គម​កម្ពុជា។

ប៉ុន្តែ ​ទឹក​ស្ងប់​មិន​ប្រាកដ​ថា​គ្មាន​ត្រី​នោះ​ឡើយ ​មាន​ន័យ​ថា ​ភាព​ស្ងប់ស្ងាត់​នេះ​ត្រូវ​គេ​សង្កេតឃើញ​ជា​ទូទៅ​ថា​មាន​តែ​សម្បក​ខាង​ក្រៅ​ប៉ុណ្ណោះ ​តែ​កិច្ច​អន្តរាគមន៍​ត្រូវ​គេ​ធ្វើ​ឡើង​ដោយ​ស្ងាត់​ស្ងៀម​តាម​ខ្សែ​បណ្តាញ​ដូច​សំណាញ់​ពីងពាង​តែ​ដដែល។ ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន​ ជាទូទៅ ​នៅ​ពេល​ដែល​មាន​បញ្ហា​អ្វី​មួយ​កើត​ឡើង​មិន​ថា​បញ្ហា​តូច​ធំ ​បញ្ហា​ផ្ទាល់​ខ្លួន​ ឬ​បញ្ហា​ទាក់ទង​នឹង​ប្រយោជន៍​សាធារណៈ​នោះ​ឡើយ​ មនុស្សហាក់ដូចជា​គិត​ជា​បឋម​ដល់​ខ្នងបង្អែក​ដែល​អាច​ពឹងពាក់​បាន​ មុន​នឹង​ឈាន​ទៅ​ដោះស្រាយ​បញ្ហា ​ពីព្រោះ​ថា​ បើ​មាន​ខ្នងបង្អែក​ជួយ​ធ្វើ​​អន្តរាគមន៍​ កិច្ចការ​ទាំងឡាយ​ច្បាស់​ជា​នឹង​ដោះស្រាយ​បាន​លឿន​ និង​ចំណាយ​តិច​ទៀត​ផង។

មាន​រឿង​ខ្លះ​ គេ​អាច​យក​ឈ្នះ​លើ​គូទំនាស់​បាន ​បើ​ទោះជា​គូទំនាស់​ម្ខាង​ទៀត​មាន​ប្រៀប​ខាង​ផ្លូវ​ច្បាប់​តែ​គ្មាន​ខ្នង​បង្អែក។ ​មាន​ករណី​ខ្លះ​ទៀត​ដែល​គូទំនាស់​ទាំង​សង​ខាង​សុទ្ធតែ​មាន​ខ្នង​បង្អែក​ដូច​គ្នា ​ពេល​នោះ ​ដំណោះស្រាយ​គឺ​ការ​បំបិទ​រឿង​ចោល​តែម្តង​មិន​ឲ្យ​លេច​ឮ​ខ្ចរខ្ចាយ​ដល់​នាយក​រដ្ឋមន្ត្រី​ បើ​ទោះ​ជា​រឿង​នោះ​ធ្ងន់ធ្ងរ​រហូត​ដល់​ប្រើ​អាវុធ​ភ្ជង់​ដាក់​គ្នា​ក៏ដោយ។ រឿងរ៉ាវ​ដែល​ឧស្សាហ៍​កើត​ជា​ញឹកញាប់​ដែរ​នោះ​ គឺ ​នៅ​ពេល​ដែល​កូន​អ្នកធំ​ប្រព្រឹត្ត​ល្មើស​ សមត្ថកិច្ច​កម្រ​ចាត់ការ​បាន​ណាស់​ ដោយសារ​តែ​មាន​អន្តរាគមន៍​ដោយ​ស្ងាត់ៗ​ពី​ក្រុមគ្រួសារ​ ដែល​មាន​អំណាច​លើ​សមត្ថកិច្ច។ ​ករណី​បាញ់​បោះសេរី​ក្នុង​ក្លឹប​រាត្រី​ជា​ឧទាហរណ៍​ស្រាប់។ ក្នុង​ករណី​ខ្លះ​ទៀត​ ទោះបី​ជា​មិន​បាច់​មាន​អន្តរាគមន៍​ ក៏​សមត្ថកិច្ច​ប៉ូលិស​តូច​តាច​មិន​ហ៊ាន​លូកដៃ​ចាត់ការ​​តែម្តង​ នៅ​ពេល​ដែល​គេ​ដឹង​ថា​ ជនល្មើស​គឺ​ជា​កូនចៅ​របស់​ចៅហ្វាយនាយ ពីព្រោះ​តែ​ពួកគេ​ខ្លាច​ជ្រុះ​ស័ក្តិ​ពី​លើ​ស្មា។

ឧទាហរណ៍​ទាំង​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ «វប្បធម៌អន្តរាគមន៍» ​ឬ​ក៏ឥទ្ធិពល​របស់​អ្នក​មានអំណាច​នៅតែ​ជា​ឧបសគ្គ​ដ៏​រឹងមាំ​ក្នុង​ការ​អនុវត្ត​គោលការណ៍​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់​នៅ​កម្ពុជា។ ​បញ្ហា​នេះ​ក៏​ជា​ប្រភព​នៃ​អយុត្តិធម៌​សង្គម​ដ៏គ្រោះ​ថ្នាក់​ និង​ក៏​បាន​ធ្វើ​ឲ្យ​មនុស្ស​បាត់បង់​ការ​ទទួល​ខុសត្រូវ​ ពីព្រោះ​តែ​អាង​លើ​ខ្នង​បង្អែក។ ​ប្រឈម​នឹង​ចំណោទ​ទាំង​នេះ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​ចេញ​បទបញ្ហា​ជា​សាធារណៈ​ជា​ញឹកញាប់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ច្បាប់​ដោយ​មិន​រើស​មុខ​ ទោះបី​ជា​ជនល្មើស​ជាកូន​ចៅ​អ្នក​មាន​អំណាច​ប៉ុណ្ណា​ក៏ដោយ។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ថែម​ទាំង​បាន​ព្រមាន​ដក​បុណ្យស័ក្តិ​មន្ត្រី​អ្នកមាន​អំណាច​ទាំងឡាយ​ណា​ ដែល​ចូល​ចិត្ត​ធ្វើអន្តរាគមន៍​ក្នុង​រឿង​ទំនាស់​នានា​ទៀត​ផង។ ​ប៉ុន្តែ ​វប្បធម៌​អន្តរាគមន៍​នេះ​នៅ​តែ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​នៅ​ឡើយ ​ដែល​ទាមទារ​ឲ្យ​មាន​វិធានការ​បន្ថែមទៀត​ពី​នាយក​រដ្ឋមន្ត្រី​ និង​ក៏ចាំបាច់​ត្រូវ​មាន​ការ​ចូលរួម​ពី​មន្ត្រី​អ្នកមាន​អំណាច​ទាំងឡាយ​ផងដែរ​ ដើម្បី​ប្រែក្លាយ​សង្គម​កម្ពុជា​ពី​សង្គម​មួយ​ដែល​អ្នកមាន​ឥទ្ធិពល​ចាំតែ​ឈ្នះ​ទៅ​ជា​សង្គម​នីតិរដ្ឋ​ដែល​ផ្តល់​ក្តី​សង្ឃឹម​ដល់​អ្នក​ក្រីក្រ​តូចតាច និង​គ្មាន​ខ្នង​បង្អែក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI