បទយកការណ៍

លោក​វ៉ា គឹមហុង៖ "ការ​បើកច្រក​ព្រំដែន​អន្តរជាតិ​ស្ទឹងបត់​អាច​នឹង​សម្រេច​ក្នុង​កិច្ចប្រជុំ JBC លើក​នេះ"

សំឡេង ១០:០២
លោក ​វ៉ា ​គឹមហុង​ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​
លោក ​វ៉ា ​គឹមហុង​ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​

ប្រតិភូ​ជាន់ខ្ពស់​នៃ​គណៈកម្មការ​ចម្រុះ​​ខណ្ឌសីមា​ព្រំដែន​គោក​របស់​កម្ពុជា​ទើប​បាន​ចាកចេញ​ពី​កម្ពុជា​ នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​១២​កុម្ភៈ​នេះ​ ដើម្បី​ចូលរួម​ប្រជុំ​ជាមួយ​ភាគី​ថៃ ​ស្តី​ពី​ការ​បន្ត​​​វាស់វែង​ព្រំដែន ការ​ស្វែងរក​បង្គោល​ព្រំដែន​ចាស់​ជាដើម។ នេះ​គឺ​ជា​កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​ព្រំដែន​លើក​ដំបូង ​ក្រោយពី​ប្រទេស​ថៃ​មាន​រដ្ឋាភិបាល​ថ្មី និង​ក្រោយ​ពី​គណៈកម្មការ​នេះ​បាន​ខកខាន​មិន​បាន​ប្រជុំ​ជាង​២ឆ្នាំ​មក​ហើយ។ នៅ​ក្នុង​បទសម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ​លាង ដឺលុច ​អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ នៅ​មុន​ចេញ​ដំណើរ លោក​វ៉ា គឹមហុង ​ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​ដឹកនាំគណៈប្រតិភូ​នេះ បាន​អះអាង​ថា លោក​មាន​សុទិដ្ឋិនិយម​ចំពោះ​កិច្ច​ប្រជុំ​នេះ ​ក្នុង​ការចចារ​បន្ត ​ដើម្បី​ឯកភាព​គ្នា​លើ​បង្គោល​ព្រំដែន​មួយ​ចំនួន និង​បន្ត​ស្វែងរក​បង្គោល​ព្រំដែន​ចាស់​ថែមទៀត។ លោកវ៉ា គឹមហុង​បញ្ជាក់​ថា ភាគី​ទាំងពីរ​អាច​សម្រេច​ក្នុង​ការ​បើក​ច្រក​ព្រំដែន​អន្តរជាតិ​ស្ទឹងបត់​ក្នុង​ខេត្ត​ឧត្តរមានជ័យ ដើម្បី​សម្រួល​ដល់​ការ​ដឹក​ទំនិញ​ឆ្លងដែន ដោយទុក​ព្រំដែន​ប៉ោយប៉ែត​ជា​ព្រំដែន​សម្រាប់​ទេសចរ​ឆ្លងកាត់​តែ​ប៉ុណ្ណោះ។