អានតួអត្ថបទ
ប្រវត្តិសាស្រ្ត​ពិភពលោក

សង្រ្គាមលោក​លើកទី២៖ ​ដំណើរ​ឆ្ពោះទៅរក​ជ័យជម្នះ​របស់​ក្រុមសម្ព័ន្ធមិត្ត​លើ​ហ៊ីត្លែរ

សំឡេង ០៦:៥១
ទាហាន​អាមេរិក​នៅ​ក្នុង​ទូក​សំដៅ​ទៅវាយលុក​លើ​​ឆ្នេរ Omaha
ទាហាន​អាមេរិក​នៅ​ក្នុង​ទូក​សំដៅ​ទៅវាយលុក​លើ​​ឆ្នេរ Omaha
ដោយ៖ សេង ឌីណា
៣២ នាទី

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​លើកឡើង អំពីសង្រ្គាម​លោកលើកទី២ ដោយ​និយាយ​អំពី​​ប្រតិបត្តិការ​វាយរំដោះ​ប្រទេស​បារាំង ដោយ​កងទ័ព​សម្ព័ន្ធមិត្ត​អាមេរិក-អង់គ្លេស ដែល​ជា​ការ​បើក​ច្រកផ្លូវ​ឈាន​ទៅ​ចូល​ឈ្លានពាន​ប្រទេស​អាល្លឺម៉ង់ ដើម្បី​ផ្តួលរំលំ​ហ៊ីត្លែរ។

ផ្សាយពាណិជ្ជកម្ម

 

ការវាយលុក​ទៅលើ​តំបន់​ឆ្នេរសមុទ្រ​​ Normandie ប៉ែក​ខាងជើងប្រទេស​បារាំង នៅថ្ងៃ​ទី៦ ខែ​មិថុនា ឆ្នាំ​១៩៤៤ ត្រូវ​បាន​គេ​ចាត់​បញ្ចូល​ជា​ប្រតិបត្តិការ​វាយលុក​ចេញ​ពី​ទីសមុទ្រ​សំដៅ​ឡើងគោក​​ដ៏​ធំ​បំផុត​មួយ​ នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត។ វា​គឺ​ជា​ចំណុច​ចាប់ផ្តើម​ ដែល​បើក​ផ្លូវ​ឆ្ពោះទៅ​រក​ជ័យជម្នះ​របស់​ប្រទេស​សម្ព័ន្ធមិត្ត​លើ​អាល្លឺម៉ង់។

នៅ​ឆ្នាំ​១៩៤៤ សង្រ្គាម​លោកលើកទី២​បាន​ឈាន​ចូលដល់​ឆ្នាំ​ទី៥។ កាលពី ៤ឆ្នាំ​មុន កងទ័ព​អាល្លឺម៉ង់​​បាន​ចូល​ឈ្លានពាន​កាន់កាប់​តំបន់​ប៉ែក​ខាងជើង​ប្រទេស​បារាំង ហើយ​បាន​រៀបចំ​សាងសង់​ខែល​ការពារ​យ៉ាងរឹងមាំ នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ជាប់​នឹង​ច្រកសមុទ្រ​អង់គ្លេស និង​មហាសមុទ្រ​អាត្លង់ទិក ដើម្បី​ទុក​ទប់ទល់​នឹង​ការវាយលុក​របស់​​គូសត្រូវ។

នៅ​ខែមករា ឆ្នាំ​១៩៤៤ ឧត្តមសេនីយ៍​អាមេរិក Dwight Eisenhower ត្រូវបាន​គេ​តែងតាំង​ឲ្យ​ធ្វើ​ជា​អគ្គបញ្ជាការ​ដឹកនាំ​ប្រតិបត្តិការ​វាយលុក​លើ​ Normandie ដែល​គេ​ឲ្យ​ឈ្មោះ​សម្ងាត់​ថា « Operation Overlord »។

ក្រោយ​ពី​បាន​ចំណាយ​ពេល​ជាច្រើន​ខែ ដើម្បី​រៀបចំ​ផែនការ​ប្រយុទ្ធ ហាត់សម និង​ប្រើ​ឧបាយកល​បង្វែងដាន​គូសត្រូវ នៅ​ល្ងាច​ថ្ងៃ​ទី៥ ខែ​មិថុនា ឆ្នាំ​១៩៤៤ កង​កម្លាំង​សម្ព័ន្ធមិត្ត​ចំនួន​ជាង ១៥ម៉ឺននាក់ មក​​ពី​សហរដ្ឋ​អាមេរិក អង់គ្លេស និង​កាណាដា បាន​នាំគ្នា​ធ្វើ​ដំណើរ​តាម​នាវាចម្បាំង​ចំនួន​ជាង ៥ពាន់​គ្រឿង ចេញ​ពី​ប្រទេស​អង់គ្លេស សំដៅ​ទៅ​​ប្រទេស​បារាំង។ គោលដៅ គឺ​​វាយ​លុក​ទៅលើ​​ទីតាំង​ចំនួន ៥ នៅ​តាម​បណ្តោយ​ឆ្នេរសមុទ្រ​ប្រវែង​ប្រមាណ ៨០គីឡូម៉ែត្រ​ នៅតំបន់ Normandie។ ទីតាំង​ទាំង ៥នេះ ត្រូវ​បាន​គេ​ឲ្យឈ្មោះសម្ងាត់​ថា Sword, Juno, Gold, Utah និង Omaha។
 

នៅព្រឹកព្រលឹម​ថ្ងៃ​ទី៦ មិថុនា នៅ​ពេល​ដែល​នាវាដឹកទ័ព​សម្ព័ន្ធមិត្ត​ធ្វើ​ដំណើរ​ជិត​ទៅដល់​ឆ្នេរ​សមុទ្រ​បារាំង នាវាចម្បាំង ព្រមទាំង​យន្តហោះ​ចម្បាំង​ជាង​១ម៉ឺនគ្រឿង បាន​បើក​ការវាយប្រហារទៅលើ​ទីតាំង​អាល្លឺម៉ង់​នៅតាម​បណ្តោយ​ឆ្នេរ​ ដើម្បី​បើក​ផ្លូវ​ឲ្យ​កងថ្មើរជើង​ចុះចត​។ ចំណែក​កងឆ័ត្រយោង​រាប់ពាន់នាក់​ផ្សេងទៀត​​បាន​លោតឆ័ត្រ​ចុះ​ពី​ខាង​ក្រោយ​ខ្សែត្រៀម​អាល្លឺម៉ង់ ដើម្បី​កម្ទេច​កាំភ្លើងធំ ព្រមទាំង​​វាយ​កាត់ផ្តាច់ផ្លូវ​កុំ​ឲ្យ​កងរថក្រោះ​អាល្លឺម៉ង់​ធ្វើ​ដំណើរ​ទៅកាន់​ឆ្នេរ។

នៅម៉ោង ៦និង​៣០នាទី​ព្រឹក ប្រតិបត្តិការ​ទ័ព​ថ្មើរជើង​សម្ព័ន្ធមិត្ត​​​បាន​ចាប់ផ្តើម​ ដោយ​កងទ័ព​អង់គ្លេស និង​កាណាដា​បើកការ​វាយលុក​ទៅលើ​ឆ្នេរ​ Sword, Juno និង Gold ចំណែក​កងទ័ព​អាមេរិក​វាយលុក​ទៅលើ​ឆ្នេរ Utah និង Omaha។ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ដដែល​នោះ កងកម្លាំង​សម្ព័ន្ធមិត្ត​បាន​វាយដណ្តើម​កាន់កាប់​បាន​ទាំងស្រុង​នូវ​​​ឆ្នេរ Normandie ក៏ប៉ុន្តែ ជោគជ័យ​នេះ​បាន​មក​ ដោយ​ត្រូវ​ចំណាយ​អាយុជីវិត​ទាហាន​រហូតដល់​ទៅ​ប្រមាណ​ជាង ៤ពាន់នាក់ ក្នុងនោះ គ្រាន់តែ​នៅ​ឆ្នេរ​ Omaha មួយ មាន​ទាហាន​អាមេរិក​ស្លាប់ រហូតដល់​ទៅ ២ពាន់នាក់។

ជោគជ័យ​នៅ Normandie នៅថ្ងៃ​ទី៦ មិថុនា គឺ​ជា​ការ​បើក​ច្រកផ្លូវ​​ឲ្យ​ប្រទេស​សម្ព័ន្ធមិត្ត​បញ្ជូន​ទាហាន ព្រមទាំង​អាវុធយុទ្ធភ័ណ្ឌ​កាន់តែ​ច្រើន​ចូល​មក​ក្នុង​ប្រទេស​បារាំង។ គិតត្រឹម​ចុងខែ​មិថុនា ទាហាន​សម្ព័ន្ធមិត្ត​រហូតដល់​ទៅ​ជាង​១លាន​នាក់ ព្រមទាំង​រថក្រោះ និង​រថយន្តផ្សេងៗ​ទៀត​សរុប​ជាង ២០ម៉ឺនគ្រឿង ត្រូវ​បាន​គេ​​បញ្ជូន​ចូល​​មក​ប្រទេស​បារាំង​តាម​ Normandie ហើយ​បាន​វាយរុញច្រាន​កងទ័ព​អាល្លឺម៉ង​ឲ្យដកថយ​ចេញ​ពី​តំបន់​ខាងជើង​ប្រទេស​បារាំង នៅ​ខែ​សីហា។

នៅ​ក្នុង​ពេលជាមួយគ្នា​នោះ កងកម្លាំង​នៃ​ចលនា​តស៊ូ​បារាំង រួមជាមួយ​នឹង​កងកម្លាំង​អាមេរិក​បាន​បើក​ការ​វាយប្រហារ​ពី​សមុទ្រ​មេឌីទែរ៉ាណេ ទៅលើ​ឆ្នេរសមុទ្រ​ប៉ែក​ខាង​ត្បូង​ប្រទេស​បារាំង ដោយ​អនុវត្ត​តាម​យុទ្ធសាស្រ្ត ដែល​គេ​ប្រើ​ នៅ Normandie។

នៅ​ចុង​ខែ​សីហា កងពល​ធំរថក្រោះ​នៃ​ចលនា​តស៊ូ​បារាំង ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ Philippe Leclerc ដោយ​មាន​ជំនួយ​ពី​កងពលថ្មើរជើង​​របស់​អាមេរិក បាន​វាយលុក​ចូល​រំដោះ​ក្រុង​ប៉ារីស ពី​ការ​កាន់កាប់​របស់​កងទ័ព​អាល្លឺម៉ង់។ ការ​រំដោះ​ក្រុង​ប៉ារីស ដែល​ជា​និមិត្តរូប​នៃ​ការ​រំដោះ​ប្រទេស​បារាំង ចេញ​ពី​នឹម​ត្រួតត្រា​របស់​អាល្លឺម៉ង់ ដែល​បាន​ចាប់ផ្តើម​ឡើង​តាំង​ពី​ពាក់កណ្តាល​ឆ្នាំ​១៩៤០។

នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​បន្ទាប់​ពី​បាន​រំដោះ​ប្រទេស​បារាំង កងទ័ព​សម្ព័ន្ធមិត្ត​ក៏​បាន​​វាយលុក​ចូល​ឈ្លានពាន​ប្រទេស​អាល្លឺម៉ង់​ពី​ទិស​ខាងលិច ក្នុង​ពេល​ដែល​កងទ័ព​ក្រហម​របស់​សហភាព​សូវៀត​​វាយលុក​ពី​ទិស​ខាងកើត។ នៅថ្ងៃ​ទី២៥​មេសា ឆ្នាំ​១៩៤៥ កងទ័ព​អាមេរិក និង​កងទ័ព​សហភាព​សូវៀត​បាន​ជួប​ចាប់ដៃ​គ្នា​នៅត្រង់​ទន្លេរ Elbe ចម្ងាយ​ប្រមាណ​ជាង ១០០គីឡូម៉ែត្រ​ខាងត្បូង​ទីក្រុង​ប៊ែរឡាំង។ ចាប់ពីពេលនោះ​ហើយ ដែល​ប្រទេស​អាល្លឺម៉ង់​ត្រូវ​ពុះចែក​ជាពីរ គឺ​អាល្លឺម៉ង់​ខាងកើត​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​​កងទ័ព​សហភាព​សូវៀត និង​អាល្លឺម៉ង់​ខាងលិច ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​កងទ័ព​អាមេរិក។

នៅ​ទីក្រុង​ប៊ែរឡាំង កងទ័ព និង​រដ្ឋាភិបាល​ណាហ្ស៊ី ដែល​ទទួល​រង​នូវ​ការ​ទម្លាក់​គ្រាប់បែក​ពី​យន្តហោះ​អាមេរិក​និង​សម្ព័ន្ធមិត្ត ចាប់តាំង​ពី​ខែ​កុម្ភៈ​មក​នោះ ត្រូវ​ទទួលរង​នូវការ​បាញ់ផ្លោង​ឥតដាច់ ពី​សំណាក់​កងទ័ព​សូវៀត ដែល​បាន​ឡោមព័ទ្ធ​ប៊ែរឡាំង ចាប់តាំង​ពីថ្ងៃ​ទី២០​មេសា។

នៅថ្ងៃ​ទី៣០ ខែ​មេសា ឆ្នាំ​១៩៤៥ នៅ​ពេល​ដែល​​កងទ័ព​សូវៀត​​​វាយលុក​ចូល​ទៅដល់​ទីក្រុង​ប៊ែរឡាំង ហ៊ីត្លែរ​​ក៏​បាន​សម្លាប់ខ្លួនឯង ហើយ​ជាង​មួយសប្តាហ៍​ក្រោយ​មក​ រដ្ឋាភិបាល​អាល្លឺម៉ង់បាន​​សុខចិត្ត​ចុះចាញ់​សង្រ្គាម​ដោយ​ឥតលក្ខខណ្ឌ។ សង្រ្គាមលោក​លើកទី២ នៅ​ក្នុង​តំបន់​អឺរ៉ុប ក៏​ត្រូវ​បញ្ចប់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ