សហចៅក្រមស៊ើបអង្កេតទាត់ចោលការចោទប្រកាន់នានា
ចុះផ្សាយនៅថ្ងៃ៖
សហចៅក្រមស៊ើបអង្កេតសាលាក្តីខ្មែរក្រហមបានចេញសេចក្តីថ្លែងការណ៍មួយច្រានចោលការចោទ ប្រកាន់នានាដែលធ្វើឡើងប្រឆាំងនឹងតុលាការចម្រុះនេះ។ សហចៅក្រមស៊ើបអង្កេតបានថ្លែងថា គ្មានការគំរាមកំហែងព្រះរាជអាជ្ញាអន្តរជាតិ គ្មានការបែកបាក់មួយដែលមិនអាចស្រោចស្រង់បាន និងថាការលើកឡើងថា អនាគតរបស់តុលាការមិនច្បាស់លាស់គឺមិនត្រឹមត្រូវឡើយ។
សហចៅក្រមស៊ើបអង្កេត លោកយូ ប៊ុនឡេង និងសហសេវិកអន្តរជាតិគឺលោក Siegfried Blunk បានបញ្ចញប្រតិកម្មខ្លាំងៗទៅនឹងអត្ថបទមួយរបស់កាសែត International Justice Tribune តាមរយៈសេចក្តីថ្លែងការណ៍មួយចេញផ្សាយ កាលពីថ្ងៃម្សិលមិញ ដោយច្រានចោលការចោទប្រកាន់ទាំងឡាយដែលមានចំពោះតុលាការចម្រុះនេះ។ការចោទប្រកាន់ ដែលមានបីចំណុចធំ។
សហចៅក្រមស៊ើបអង្កេត បានទាត់ចោលការចោទប្រកាន់ថា ខ្លួនកំពុងគំរាមសហព្រះរាជអាជ្ញាអន្តរជាតិជាមួយនឹងបទល្មើសនៃការប្រមាថតុលាការ។ សហចៅក្រមបានពន្យល់ថា ខ្លួនមិនធ្លាប់បានធ្វើការគំរាមយ៉ាងដូច្នេះឡើយ ហើយក៏មិនធ្លាប់មានសកម្មភាពបង្ហាញថា សហចៅក្រមស៊ើបអង្កេតកំពុងពិចារណាបញ្ហា នេះដែរ។ ការចោទប្រកាន់ខាងលើនេះ គ្រាន់តែជាពាក្យចចាមអារ៉ាមដែលមានគំនិតព្យាបាទធ្វើឡើងក្នុងគោលបំណងរំខានដល់ការសហការ នៅក្នុងតុលាការតែប៉ុណ្ណោះ។
ចំពោះការលើកឡើងដែលថា តុលាការខ្មែរក្រហមកំពុងធ្វើដំណើរឆ្ពោះទៅរកការបែកបាក់មួយដែលមិនអាចស្រោចស្រង់បាន ត្រូវបានសហចៅក្រមស៊ើបអង្កេតថ្លែងថា គឺជាការលើកឡើងដែលមិនមានមូលដ្ឋានត្រឹមត្រូវឡើយ ដោយបានលើកឡើងពីការិយាល័យសហព្រះរាជអាជ្ញា និងការិយាល័យសហចៅក្រមស៊ើបអង្កេតកំពុងបន្តការងារជាធម្មតា បើទោះបីជាខ្វែងយោបល់គ្នាលើទិដ្ឋភាពមួយចំនួនក៏ដោយ។
រីឯការលើកឡើងថា តុលាការខ្មែរក្រហមកំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ជិតដួលរលំ និង អនាគតរបស់តុលាការនេះកំពុងស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់។ សហចៅក្រមស៊ើបអង្កេត បានថ្លែង ថា មិនមានលក្ខណៈត្រឹមត្រូវ និងសមស្របនឹងស្ថានភាពពិតឡើយ។ សហចៅក្រម បានសង្កត់ធ្ងន់ថា ខ្លួនពុងបំពេញការងាររបស់ខ្លួន ដោយឯករាជ្យ ដោយមិនមានការជ្រៀតជ្រែកពីមជ្ឈដ្ឋានខាងក្រៅ ឡើយ ហើយសហចៅក្រមស៊ើបអង្កេត នឹងបន្តប្រឆាំងនឹងរាល់ការប៉ុនប៉ង ជ្រៀតជ្រែកនានា ក៏ដូចជាប្តេជ្ញា ចិត្តការពារឯករាជភាពតុលាការ ប្រឆាំងរាល់ការជ្រៀតជ្រែកពីសំណាក់ខាងក្រៅ ទោះបីជាមជ្ឈដ្ឋានណាក៏ ដោយ។
លោកឌឹម សុវណ្ណារុំ មន្ត្រីទទួលបន្ទុកកិច្ចការសាធារណៈសាលាក្តីខ្មែរក្រហមបានគូសបញ្ជាក់បន្ថែម នៅថ្ងៃនេះថា តុលាការមិនអាចទទួលយកបានទេចំពោះការចោទប្រកាន់ដែលប្រាស់ចាកពីការពិតនេះ និង បានធានាអះអាងថា តុលាការមានដំណើរការល្អ និងធ្វើការងារដោយឯករាជ្យមិនមានការជ្រៀតជ្រែកនយោបាយដូចការចោទប្រកាន់ឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ