អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីរ៉ាក់ ៖ ពួក​ឧទ្ទាម​ជីហាត​ប្រកាស​បង្កើត​រដ្ឋ​អ៊ីស្លាម

ឆូតៗ តំបន់​ដែន​ឥទ្ធិពល​របស់​ពួក​ជីហាត- ក្រុហម​ក្រុង​ត្រួត​ត្រា​ដោយ​ជីហាត- ផ្ទៃព៌ណ​កូលាប តំណាង​ប្រជាជន​អ៊ីរ៉ាក់​និកាយ​ឈីអ៊ីត- លឿង​ តំណាង​ក្រុង​គួដ បៃតង​តំណាង​ក្រុុម​ស៊ុននីត
ឆូតៗ តំបន់​ដែន​ឥទ្ធិពល​របស់​ពួក​ជីហាត- ក្រុហម​ក្រុង​ត្រួត​ត្រា​ដោយ​ជីហាត- ផ្ទៃព៌ណ​កូលាប តំណាង​ប្រជាជន​អ៊ីរ៉ាក់​និកាយ​ឈីអ៊ីត- លឿង​ តំណាង​ក្រុង​គួដ បៃតង​តំណាង​ក្រុុម​ស៊ុននីត
ដោយ៖ អៀង សុខម៉ិញ
២៩ នាទី

គ្មានព្រំដែន​​រវាង​ស៊ីរី និង​អ៊ីរ៉ាក់​ទៀត​ទេ ! គឺ​មាន​តែ​ដែនដី​អ៊ីស្លាម ដែល​បង្រួបបង្រួម​អ៊ីស្លាម​ទាំង​អស់​នៅ​លើ​ពិភពលោក​ក្រោម​ទង់​តែ​មួយ​ គឺ​រដ្ឋ​អ៊ីស្លាម ! តាម​រយៈ​សារ​សំឡេង​ផ្សព្វ​ផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណែត ពួក​ឧទ្ទាម​អ៊ីស្លាមជ្រុល​និយម​ជីហាត “រដ្ឋ​អ៊ីស្លាម​​អ៊ីរ៉ាក់​និង​ឡឺវ៉ង់" (EIIL) បានប្រកាស​នៅល្ងាច​មិញ បង្កើត​របប​នយោបាយ​​អ៊ីស្លាម កាលីហ្វា​ និង​បាន​អំពាវនាវ​ឱ្យ​អ្នកគោរព​សាសនា​អ៊ីស្លាម​ទាំងអស់​​ ដើរ​តាម​​មេបញ្ជាការ​ ​ថ្មី Abou Baker al Baghdadi បង​ធំទី​មួយ​នៃចលនា EIIL ដែល​តាំង​ខ្លួន​ជា​ព្រះចៅ​កាលីហ្វា តំណាង​របស់​មហាម៉េត​​ មក​ដឹកនាំ​ពិភពអ៊ីស្លាម។

ផ្សាយពាណិជ្ជកម្ម

ពួកជីហាត​នៃ​រដ្ឋ​អ៊ីស្លាម​អ៊ីរ៉ាក់​និង​ឡឺវ៉ង់ ដែលកំពុង​ធ្វើ​ការ​តស៊ូ​ប្រយុទ្ធ​នៅ​ក្នុង​ទឹក​ដីស៊ីរី និង​អ៊ីរ៉ាក់ បាន​ប្រកាស​នៅ​យប់​មិញ បង្កើតរបប​នយោបាយ​អ៊ីស្លាម​ កាលីហ្វា ដែល​បាន​បាត់​បង់​តាំង​ពីយូរយារ​មក​ហើយ ឱ្យ​រស់​ឡើង​វិញ និង​បាន​ប្តូរ​ឈ្មោះ​អង្គការ​របស់​ខ្លួន​ទៅ​ជា​រដ្ឋ​អ៊ីស្លាម។

 
រដ្ឋ​កាលីហ្វា ​នៅ​ឯណា?

កាលីហ្វា នឹង​លាត​សន្ធឹង​ពី​ក្រុង​អាឡេប ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី ទៅ​ដល់​ភាគ​ខាង​កើត​អ៊ីរ៉ាក់ ត្រង់​​តំបន់​Diyala​ ដោយ​ឆ្លង​កាត់​​គ្រប​យក​ភាគ​ខាង​លិច និង​និរតី​អ៊ីរ៉ាក់​ ពោលគឺ​​​​​ដែនដី​​ដែល​ពួក​ឧទ្ទាម​ជីហាត​ស៊ីរី​និង​ឡឺវ៉ង់​ បាន​វាយ​ដណ្តើម​បាន​ពី​រដ្ឋាភិបាល​អ៊ីរ៉ាក់​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ចុងក្រោយ​នេះ និង​តំបន់​ដែល​ពួក​គេ​គ្រប់គ្រង​នៅ​ស៊ីរី​​ ឬ​និយាយ​បែប​ផ្សែង​គឺ​សម្រាប់​​រដ្ឋ​អ៊ីស្លាម លែង​មានហើយ​​ព្រំដែន​ខ័ណ្ឌ​ចែក​​ស៊ីរី និង​អ៊ីរ៉ាក់។

នៅ​ក្នុង​សារ​ផ្សព្វផ្សាយ កាលីហ្វា​ ជា​ក្តី​ស្រមៃ​របស់​គ្រប់​បណ្តា​ជនអ៊ីស្លាម​ និង​ជា​បំណង​ប្រាថ្នា​របស់​ពួក​ជីហាត។ ជាមួយ​នឹង​ការ​ប្រកាស​បង្កើត​រដ្ឋ​អ៊ីស្លាម​កាលីហ្វា​នេះ ពួក​ជីហាត​បានប្រកូកប្រកាស​ហៅ​ក្រុម​អ្នក​អ៊ីស្លាម​ទាំង​អស់ មិន​ថា​នៅ​ក្នុង​តំបន់​ដើមបូព៌ា នៅ​អាស៊ី នៅ​អឺរ៉ុប​ទេ​ឱ្យ​ចូលរូបរួម​គ្នា ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​សត្រូវ ដែល​គ្មាន​នរណា​ ក្រៅ​ពី លទ្ធិប្រជាធិបតេយ្យ ការ​មិន​ប្រកាន់​ជឿ​លើ​សាសនា​ ជាតិ​និយម និង​សម្រាម​របស់​បស្ខឹម​លោក​ផ្សេងៗទៀត។ នេះ​បើ​យើង​ភាសា​​ដូច​ដែល​អ្នក​នាំពាក្យ​បាន​ប្រើ​នៅ​ល្ងាចមិញ។

នរ​ណា​ជា​មេដឹកនាំ​រដ្ឋ​អ៊ីស្លាម​ថ្មី ?

ដែនដី​ ដែន​នយោបាយ​កាលីហ្វានឹង​ត្រូវ​គ្រប់គ្រង​ដឹកនាំ​ដោយ មេ​ឧទ្ទាម​​រដ្ឋ​អ៊ីស្លាម​អ៊ីរ៉ាក់​និង​ឡឺវ៉ង់ (ក្រុម​ឧទ្ទាម​អ៊ីស្លាមជ្រុលនិយម​ជីហាត EIIL) ឈ្មោះ អាប៊ូ បាក្រ៍ អាល់ បាក់ដាឌី កាលីហ្វ ដែល​ចាប់​ពីពេល​នេះ​តទៅ សម្រាប់​ក្រសែ​ភ្នែក​សកម្មជន​អ៊ីស្លាម ​​ គឺ​ព្រះចៅ​​អ៊ីស្លាម​ជា​តំណាង​ព្យាការី​មហាម៉េត) ក្នុង​លំហាត់​ដឹកនាំ​ប្រទេស​ដឹកនាំ នយោបាយ ឬ​និយាយ​ឱ្យ​ខ្លី គឺ​មេ​​ដឹកនាំ​អ៊ីស្លាម​សម្រាប់​ពិភពលោក​ទាំង​មូល។​ ជា​មនុស្ស​បង្កប់​ដោយ​ភាព​ចម្លែក កើត​នៅឆ្នាំ​១៩៧១ បើតាម​ប្រភព​វ៉ាស៊ីនតោន ធ្លាប់​ប្រកាស​ថា​ស្លាប់​ម្តង​នៅ​ឆ្នាំ​២០០៥ មុន​នឹង​លេច​មុខ​ជា​ថ្មី​ ក្នុង​បណ្តាញ​អាល់កៃដា នៅ​​ឆ្នាំ​២០១០។ ជា​មេបញ្ជាការ​ប្រកប​ដោយ​តាក់តិច និង​ចុះ​ផ្ទាល់​ក្នុង​សមរភូមិ​តែ​ម្តង​មិន​ដូច​មេជីហាត​មុនៗ​ទេ។

Abou Bakr al-Baghdadi ប្រមុខ​ដឹកនាំ​រដ្ឋ​អ៊ីស្លាម ដែល​តាំង​ខ្លួន​ជា​ព្រះចៅអ៊ីស្លាម​ calife.
Abou Bakr al-Baghdadi ប្រមុខ​ដឹកនាំ​រដ្ឋ​អ៊ីស្លាម ដែល​តាំង​ខ្លួន​ជា​ព្រះចៅអ៊ីស្លាម​ calife. AFP PHOTO / HO /US Department of State

 
កាលីហ្វា ជា​អ្វី ? របប​នេះ​ធ្លាប់​មាន​ប្រវត្តិ​ពី​មុន​មក​យ៉ាង​ដូច​ម្តេច​ខ្លះ ?

​មេដឹកនាំ​កាលីហ្វា អាចហៅ​ថា​ ព្រះ​ចៅ​អ៊ីស្លាម​ ឬកាលីហ្វ (calife) ត្រូវ​បាន​តែង​តាំងឡើង ​ក្រោយ​មរណភាព​របស់​ព្យាការី មាហូម៉េត។ ព្រះ​ចៅ​អ៊ីស្លាម កាលីហ្វ ចំនួនបួន​​នាក់ដំបូង​​ត្រូវ​បាន​តែង​តាំង​ឡើយ ស្នង​តំណែង​បន្ត​ពី​ព្យាការី​មាហូមេត និង​ល្បី មាន​អំណាច​ខ្ទរខ្ទារ​ខ្លាំង ក្នុង​​ចន្លោះ​ពី​ឆ្នាំ​៦៦១ ដល់​ឆ្នាំ​១៥១៧  មុន​ត្រូវ​​រលាយ​រលត់​​បាត់​ទៅ​ជាមួយ​នឹង​ដួលរលំ​នៃ​ចក្រភព​អូតូម៉ង់ ​នៅ​ឆ្នាំ​១៩២៤។

ការ​ប្រកាស​បង្កើត​របប​កាលីហ្វា​ឡើង​វិញ​ ​ពី​សំណាក់​ពួក​ឧទ្ទាម​អ៊ីស្លាម​ជ្រុលនិយម​ជីហាត​អ៊ីរ៉ាក់​និង​ឡឺវ៉ង់ EIIL គឺ​ដូច​ជាកំពុងចង់​សើរើ​បន្ទាត់​ព្រំដែន​ឡើងវិញ។ បន្ទាត់​ព្រំដែន​​ក្នុង​តំបន់​បច្ចុប្បន្ន​នេះ ត្រូវ​បាន​គូសវាស​ឡើយ ក្រោយ​ការ​រលំរលាយ​ចក្រភព​អូតូម៉ង់ ដោយ​បាន​គូសចែក​ផ្តាច​អ៊ីរ៉ាក់​ពី​ស៊ីរី ជា​ឧទាហរណ៍​ជាក់​ស្តែង​មួយ។ គំនូស​ខ័ណ្ឌ​ចែក​ព្រំដែន​ប្រទេស​ ជា​ស្នាដៃ​របស់​មហាអំណាច​អឺរ៉ុប តែ​ពេល​នេះ រដ្ឋ​អ៊ីស្លាម ចង់​ប្រកាស​មិន​ទទួល​ស្គាល់​ និង​ថា​មិន​អាច​យក​ជា​ការ​បាន។

អ្វី​ខ្លះ​ជា​ផលវិបាក​នៃ​ការ​​ប្រកាស​បង្កើត​​​រដ្ឋ​កាលីហ្វ ​?

នេះ​គឺ​ជា​ការ​គំរាម​កំហែង​ជ្រុល​និយម​ប្រកប​ដោយ​គ្រោះ​ថ្នាក់ ! យើង​អាច​និយាយ​បាន​ថា ការ​ប្រកាស​បង្កើត​រដ្ឋ​អ៊ីស្លាម គឺ​ជា​ការ​អបអរ​នឹង​ជ័យ​ជំនះ​យោធា​ កាលពី​ពីរ​សប្តាហ៍​មុន ដែល​ពួក​ឧទ្ទាម​អ៊ីស្លាម​ជ្រុល​និយម​អ៊ីរ៉ាក់​និង​ឡឺវ៉ង់ ធ្វើ​បាន​សម្រេច​យ៉ាង​លឿន​ដូចរន្ទះ​​។ ជាមួយ​នឹង​ការ​ដណ្តើម​បាន​ក្រុង​សំខាន់ៗ​នៅអ៊ីរ៉ាក់ និង​កម្លាំង​​​ទប់ទល់​បាន​នៅ​ស៊ីរី ក្រុម​EIIL ឬ​រដ្ឋអ៊ីស្លាម​ ​ ចង់​បង្ហាញ​ឥទ្ធិពល​របស់ខ្លួន និង​ ចង់​ឱ្យ​ក្រុម​ជីហាត​ផ្សេង​ទៀត ដូច​ជា​អាល់កៃដា មក​ចូល​ជា​ក្រុម​តែ​មួយ។ ព្រោះ​ក្រុម​នេះ​មាន​ហេតុផល​បី​យ៉ាង ៖ ពន្លាត​ដែនដី​គ្រប់គ្រង​ អំណាច​យោធា​ និង​ហិរញ្ញវត្ថុ​ ហើយ​នៅ​លើ​វិស័យ​មនោគមន៍​វិជ្ជា គឺ​បង្កើត​រដ្ឋ​ជា​និមិត្តរូប កាលីហ្វា។ របប​នយោបាយ​ដែល​មាន​គោលការណ៍​ស្តារ​ច្បាប់​Charia ច្បាប់​អ៊ីស្លាមនិយម។

 
បើ​តាម​អ្នក​ស្រាវជ្រាវ​ខ្លះ ការ​ប្រកាស​​របប​កាលីហ្វា គឺ​ជា​ការ​អភិវឌ្ឍន៍​យ៉ាង​សំខាន់​ក្នុង​រង្វង់​ពួក​អ៊ីស្លាម​ជ្រុល​និយម​ជីហាត​​អន្តរជាតិ​ ចាប់​ពី​ថ្ងៃ​មហា​ភេរវកម្ម​ ​១១​កញ្ញា ២០០១​មក។ គ្រប់​បណ្តាញ​ ឬ​ក្រុម​អ៊ីស្លាមជ្រុល​និយម​ស្និទ្ធិ​នឹង​អាល់កៃដា​ និង​ចលនា​ជីហាត​ឯករាជ្យ​ផ្សេងៗ ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ ជ្រើសរើស​ការ​គាំទ្រ​រដ្ឋ​អ៊ីស្លាម​ ឬ​ត្រូវ​ប្រឆាំ។  នេះ​​អាច​ចាត់​ទុក​ថា​ពួក​ជីហាត​កំពុង​បើក​សករាជ​ថ្មី​ថ្នាក់​អន្តរជាតិ​ តែ​ក៏​អាច​ជា​បញ្ហា​​ដ៏​គ្រោះ​ថ្នាក់​មួយ​សម្រាប់​ចលនា​អាល់កៃដា និង​ភាព​ជា​មេដឹកនាំក្នុង​ចលនា​នេះ​ដែរ។ នេះ​ជា​បញ្ហា​មួយ​ បញ្ហា​មួយ​ទៀត អ្នក​វិភាគ​យល់ឃើញ​ថា ការ​ប្រកាស​បង្កើត​រដ្ឋ​អ៊ីស្លាម​កាលីហ្វា​នេះ គឺ​ប្រៀប​ដូច​ជា​ការ​ផ្សាយ​ពាណិជ្ជកម្ម ទាក់ទាញ​យុទ្ធជន​អ៊ីស្លាម​ពី​គ្រប់ទិសទី​​នៅ​លើ​ពិភពលោក​មក​ចូល​រួម តាំង​ពី​ម៉ារ៉ុក ឥណ្ឌូណេស៊ី ឬ​អឺរ៉ុប​ទេ​ ឱ្យ​មកការពារ​ពិភព​អ៊ីស្លាម។ ពិភព​ដែល​កំពុង​រង​គ្រោះ គឺ​ការ​វាយបក​​របស់​កងទ័ព​អ៊ីរ៉ាក់​ ពី​ការ​ទម្លាក់​គ្រាប់​បែក​របស់​កង​កម្លាំង​យោធា​ស៊ីរី។ គឺពិត​ជា​ទិចនិក​អំពាវនាវ​រក​កម្លាំង​ប្រយុទ្ធ​ តស៊ូ​​ប្រឆាំង​នឹង​សត្រូវ​​របស់​អ៊ីស្លាម។

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ