បាតុករអ៊ីរ៉ាក់ដុតទង់ជាតិអាមេរិក ហើយរដ្ឋាភិបាលត្រៀមកោះហៅទូតអាមេរិក ទៅសួរ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
រដ្ឋាភិបាលអ៊ីរ៉ាក់ នៅថ្ងៃអង្គារទី៣១ធ្នូ បានបង្ហើបថានឹងសើរើពិនិត្យមើលឡើងវិញ ទំនាក់ទំនងជាមួយអាមេរិក។ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ាក់ម្នាក់ ប្រាប់អ្នកកាសែតវិទ្យុបារាំងប្រចាំក្រុងបាកដាដ ថារដ្ឋាភិបាលអ៊ីរ៉ាក់នឹងកោះហៅឯកអគ្គរដ្ឋទូតអាមេរិកទៅសាកសួរក្នុងពេលចាប់ឆាប់ៗនេះ។ ភាពល្អក់កកររវាងរដ្ឋបាលក្រុងបាកដាដនិងរដ្ឋបាលក្រុងវ៉ាស៊ីនតោន គឺកើតមានឡើង នៅក្រោយពេលដែលកងទ័ពអាមេរិកវាយប្រហារបាញ់គ្រាប់រ៉ូកែតជាច្រើនគ្រាប់ ទៅលើក្រុមហេសបូឡានិងក្រុមទាហានគាំទ្រអ៊ីរ៉ង់ នៅក្នុងទឹកដីអ៊ីរ៉ាក់។ ការវាយប្រហាររបស់អាមេរិកនេះគឺនៅក្បែរនឹងរដ្ឋធានីបាកដាដតែម្តង ដែលបណ្តាលឱ្យស្លាប់មនុស្សកើតដល់២៥នាក់។ នៅថ្ងៃអង្គារ ទី៣១ធ្នូ មានចលនាបាតុកម្មប្រឆាំងនឹងវត្តមានអាមេរិកនៅលើទឹកអ៊ីរ៉ាក់ កាន់តែផុសផុលខ្លាំងឡើង រហូតដល់សម្តែងកំហឹង ដោយ ដុតទង់ជាតិអាមេរិក នៅមុខស្ថានទូតអាមេរិកតែម្តង។
បាតុករអ៊ីរ៉ាក់រាប់ពាន់នាក់ ជួបជុំគ្នានៅស្ថានទូតអាមេរិកប្រចាំក្រុងបាកដាដ និងបានដុតទង់ជាតិអាមេរិក ហើយស្រែកថា «ស្លាប់ទៅអាមេរិក !»។ ក៏មានដែរ អ្នកស្រែកទាមទារឱ្យបិទស្ថានទូតអាមេរិកនៅអ៊ីរ៉ាក់ចោលតែម្តង ហើយប្រសិនបើរដ្ឋាភិបាលនិងសភាអ៊ីរ៉ាក់ មិនព្រមបិទទូតអាមេរិកនោះទេ ពួកគេថានឹងរកមធ្យោបាយដេញមន្ត្រីអាមេរិកចេញដោយខ្លួនឯង។ នេះបើតាមការសង្កេតរបស់អ្នកកាសែតបារាំងAFP ឈរជើងនៅទីនោះ។
ជាការសម្គាល់ ហ្វូងបាតុករនេះ មានអ្នកខ្លះ ជាបក្សពួកខ្សែបណ្តាញរបស់ក្រុម Hachd al-Chaabi ។ ពួកនេះ បានជួយទាហានអ៊ីរ៉ាក់ប្រយុទ្ធយកឈ្នះក្រុមអង្គការរដ្ឋអ៊ីស្លាមជីហាត។ ហើយបាតុករភាគច្រើនទៀត ស្លៀកពាក់ជាក្រុមទាហានអ៊ីរ៉ាក់និន្នាការនិយមគាំទ្រអ៊ីរ៉ង់។ ក្រុមនេះហើយ ដែលមានគ្នីគ្នារបស់គេ ត្រូវស្លាប់ ដោយរងគ្រាប់រ៉ូកែតរបស់អាមេរិក បាញ់កាលពីចុងសប្តាហ៍ ស្លាប់មនុស្ស២៥នាក់ គិតត្រឹមថ្ងៃអង្គារទី៣១ធ្នូ។ ការសងសឹករបស់អាមេរិក គឺក្រោយពេលទាហានអាមេរិកាំងម្នាក់ ត្រូវក្រុមឧទ្ទាមវាយឆ្មក់បាញ់ស្លាប់។
វិបត្តិនៅអ៊ីរ៉ាក់នេះ ស្មុកស្មាញណាស់។ នៅម្ខាង អាមេរិកដែលបានដាក់ទ័ពឈរជើងនៅអ៊ីរ៉ាក់ ចំនួនជាង៥ពាន់២រយនាក់ ហើយអាមេរិកថ្មីៗនេះ ថារដ្ឋាភិបាលអ៊ីរ៉ាក់ហាក់មិនសូវយកចិត្តទុកដាក់ពីសុវត្ថិភាពរបស់កងទ័ពខ្លួន ដូច្នេះ អាមេរិកត្រូវតែការពារអាយុជីវិតទាហានអាមេរិក។ រីឯ ថ្នាក់ដឹកនាំមួយចំនួនក្នុងរដ្ឋាភិបាលអ៊ីរ៉ាក់ និងមានតំណាងរាស្ត្រអ៊ីរ៉ាក់ខ្លះផង យល់ឃើញថា ការដែលអាមេរិកវាយប្រហារ ទៅលើក្រុមទាហានអ៊ីរ៉ាក់និយមគាំទ្រអ៊ីរ៉ង់ នៅលើទឹកដីអ៊ីរ៉ាក់ គឺរំលោភលើអធិបតេយ្យភាពរបស់អ៊ីរ៉ាក់ ហើយអ៊ីរ៉ាក់នឹងកោះហៅឯកអគ្គរដ្ឋទូតអាមេរិក ទៅដុសក្អែលឆាប់ៗ ខាងមុខនេះ។
បញ្ហាស្មុកស្មាញមិនត្រឹមតែប៉ុណ្ណោះទេ នៅផ្ទៃក្នុងនយោបាយអ៊ីរ៉ាក់ បច្ចុប្បន្ន មិនទាន់មានរៀបចំរដ្ឋាភិបាលថ្នាក់ដឹកនាំប្រទេសស្រួលបួលនៅឡើយទេ ព្រោះនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បានសុំលាលែងពីដំណែង ក្រោយពីមានការទាមទារពីកំហឹងមហាជន ក្នុងបាតុកម្មជាង១ខែមកនេះ។ ប្រទេសអ៊ីរ៉ង់ ជាសត្រូវអាមេរិក និងនៅជាប់នឹងអ៊ីរ៉ាក់ស្រាប់ ចង់ដាក់បញ្ចូលគ្នីគ្នាបក្សពួករបស់ខ្លួន នៅក្នុងក្បាលម៉ាស៊ីនដឹកនាំរដ្ឋអ៊ីរ៉ាក់ថ្មីនេះ។
ឃើញសភាពការណ៍ដែលកាន់តែមិនស្រួល! ប្រទេសរុស្ស៊ីជាបងធំមួយដែរ តាមរយៈក្រសួងការបរទេសរបស់ខ្លួន រុស្ស៊ីចាត់ទុកថា «ការវាយប្រហាររបស់អាមេរិកលើទឹកដីអ៊ីរ៉ាក់ថ្មីៗនេះ ជារឿងមិនអាចទទួលយកបានសោះឡើយ» ហើយរដ្ឋបាលក្រុងម៉ូស្គូ បានអំពាវវនាវ នៅថ្ងៃអង្គារ ទី៣១ធ្នូ ឱ្យគ្រប់ភាគីទាំងអស់ បញ្ចប់សកម្មភាពអរិភាពជាបន្ទាន់ រកមធ្យោបាយដោះស្រាយគ្នា កុំឱ្យស្ថានការណ៍ក្នុងតំបន់ ធ្លាក់ក្នុងភាពវឹកវរកាន់តែខ្លាំងជាងនេះ»៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ