អានតួអត្ថបទ
អាមេរិក-អ៊ីរ៉ាក់-អ៊ីរ៉ង់

​​អាមេរិក​-អ៊ីរ៉ង់​ អាច​ផ្ទុះ​សង្គ្រាម​ដោយសារ​សំណុំរឿង​អ៊ីរ៉ាក់​ឬទេ?​

ទង់ជាតិ​អាមេរិក ត្រូវដុតឆេះ​នៅ​មុខ​ទូត​អាមេរិក​ប្រចាំក្រុង​បាកដាដ នៅថ្ងៃទី​៣១ធ្នូ​២០១៩។
ទង់ជាតិ​អាមេរិក ត្រូវដុតឆេះ​នៅ​មុខ​ទូត​អាមេរិក​ប្រចាំក្រុង​បាកដាដ នៅថ្ងៃទី​៣១ធ្នូ​២០១៩។ REUTERS/Alaa al-Marjani
ដោយ៖ ហេង ឧត្តម
៣២ នាទី

នៅ​អ៊ីរ៉ាក់ ពីរបីថ្ងៃ​ចុងក្រោយ​នេះ បាតុកម្ម​​ប្រឆាំង​​នឹង​វត្តមាន​អាមេរិក​នៅលើ​​ទឹក​អ៊ីរ៉ាក់ ​កាន់តែ​ផុស​ផុល​ខ្លាំងឡើង។​ ភ្លាម​ៗ ប្រធានាធិបតីនិងថ្នាក់ដឹកនាំអាមេរិក បាន​ប្រាប់ឱ្យ​រដ្ឋាភិបាល​អ៊ីរ៉ាក់​ប្រមូល​កម្លាំង​ទ័ព ជួយ​ការពារ​ស្ថានទូត​របស់ខ្លួន ជា​បន្ទាន់។ ​ថ្នាក់ដឹកនាំ​យោធាអាមេរិក ក៏​បាន​ចាត់​ចែងយ៉ាង​ប្រញាប់ ឱ្យ​​បញ្ចូន​ទាហានអាមេរិក​ដែល​តាំងទី​នៅប្រទេស​ជិត​ខាងអ៊ីរ៉ាក់​​ ឱ្យ​​ទៅ​ការពារ​ស្ថានទូត​​នៅ​ក្រុង​បាដដាដ​នេះដែរ។ មិនតែប៉ុណ្ណោះ សហរដ្ឋ​អាមេរិក​​​ថែម​ទាំង​សម្រេច​ថា​នឹង​បញ្ចូន​ទ័ព​ចំនួន​៧៥០នាក់​បន្ថែមទៀត ទៅកាន់​តំបន់ដែល​កំពុង​ប្រឈម​មុខ​ខ្លាំង នៅ​​ដើម​បូព៌ា​។ ចំណាត់​ការ​របស់​អាមេរិក​នេះ គឺ​មាន​លក្ខខណ្ឌ​រហ័ស​ភ្លាម​ភ្លែត​ខ្លាំងណាស់។​ តើ​មកពីហេតុអ្វី​? 

ផ្សាយពាណិជ្ជកម្ម

ការពារ​អាយុជីវិត​ពលរដ្ឋ​អាមេរិក​លើ​ទឹកដីអ៊ីរ៉ាក់​

ចំណាត់​ការ​ភ្លាមភ្លែត​យ៉ាងដូច្នោះ គឺ​មាន​ហេតុផល​យ៉ាង​ហោចពីរ។ ​ទី១ គឺជាស្ថានភាព​បន្ទា​ន់ខ្លាំង​។ ​ថ្នាក់​ដឹកនាំនយោបាយ និង​យោធា​អាមេរិក ​​បញ្ជាក់​ច្បាស់ៗថា​ចាំបា​ច់​ត្រូវការ​ពារសុវត្ថិភាព​អាយុជីវិត​ពលរដ្ឋ​និងទាហារ​អាមេរិក ជាអាទិភាព​សំខាន់​បំផុត​។ សុវត្ថិភាព​ត្រូវ​គិតគូរ​រឹត​បណ្តឹង​ជាខ្លាំង ក្រោយ​ពី​ទាហាន​អាមេរិក​ម្នាក់ ស្លាប់​ដោយស្នាដៃ​ពួក​ក្រុម​ឧទ្ទាម ​កាលពីថ្ងៃ​សុក្រ​សប្តាហ៍​មុន លើកទឹកដីអ៊ីរ៉ាក់​។  ជាការ​សងសឹក នៅថ្ងៃអាទិត្យ​ អាមេរិក​បាន​គ្រាប់​រ៉ូកែតជាច្រើន​​ សម្លាប់​​មនុស្ស​​យ៉ាងហោច​២៥នាក់​ និង​របួស​រាប់​សិប​នាក់​។  

គ្រោះថ្នាក់​​នេះហើយ​ដែលហ្វូង​​បាតុករភាគច្រើន​ជា​បក្សពួក​ខ្សែ​បណ្តាញរបស់​ក្រុម​ Hachd al-Chaabi (ហាដ អេល ឆាបប៊ី)​​  បានសម្តែងកំហឹង នៅ​ថ្ងៃ​អង្គារនិងថ្ងៃពុធ ដោយ​ធ្វើ​បាតុកម្មនៅ​មុខ​ទូត​អាមេរិក​ ដុតបំផ្លាញ​ទង់ជាតិអាមេរិក កុបដុំថ្មនិងដបប្រេងសាំងចូលស្ថានទូត  ហើយ​ស្រែក​ទាមទារ​ឱ្យ​បិទ​ស្ថាន​ទូត​អាមេរិក ​ចោលតែម្តង។  នៅ​ពេលយប់ បាតុករមួយចំនួន ក៏បោះជំរុំ នៅមុខស្ថានទូតអាមេរិកទៀត​ផង ។  

ទង្វើ​ទាំងអស់​នេះ ត្រូវ​ រដ្ឋបាល​ទីក្រុងវ៉ាស៊ីនតោន ​ចាត់ទុកថា ជា​«សកម្មភាព​ភេរវ​កម្ម​»​។ ​ទីបំផុត ទាហាន​ការពារស្ថានទូត​ បាន​​បង្ក្រាបក្រុម​បាតុករ​ ​ធ្វើ​​ឱ្យ​រង​របួស ​ជា​ង​៦០នាក់​។​ ភ្លាមៗ ថ្នាក់ដឹកនាំអាមេរិក ឱ្យ​ប្រមូល​ផ្តុំ​ទ័ព​អាមេរិក​ពីប្រទេស​​គុយវេត ចំនួន​៥០០នាក់​ ឱ្យ​ទៅជួយទប់ទល់​ស្ថានការណ៍​ ហើយ​អាមេរិក​ថែមទាំងសម្រេចថានឹងបញ្ចូនទ័ព ចំនួន៧៥០នាក់បន្ថែមទៀត ទៅកាន់តំបន់កំពុង​ប្រឈម​មុខ​នោះ​។ ទាំង​នេះ គឺដើម្បី​ការពារពលរដ្ឋ​និង​​ស្ថានទូត​អាមេរិក ជាសំខាន់​។​

ដំបៅចាស់របស់​អាមេរិក​​នៅ តេអេរ៉ង់ និងនៅ Benghazi

ហេតុផលទីពីរ ដែល​ត្រូវ​តែ​ការពារស្ថានទូត​​ឱ្យ​បាន​ដាច់​ខាត ពីព្រោះ​ការ​វាយ​ប្រហារ​ស្ថានទូត​យ៉ាង​ដូច្នេះ គឺ​ជារឿងស្នាមដំបៅនៃ​​សោកនាដកម្ម​របស់​អាមេរិក ដែល​នាំ​ឱ្យ​នឹក​ដល់​ ការ​វាយ​ប្រហារ​ស្ថានទូត​អាមេរិកប្រចាំ​នៅ​រដ្ឋធានី​តេអេរ៉ង់ នៅ​ឆ្នាំ​១៩៧៩។ កាលនោះ ក្រុម​និស្សិត​អ៊ីរ៉ង់ បាន​ចាប់​មន្ត្រី​ទូត​និងបុគ្គលិកទូត​អាមេរិក ចំនួន​៥៦នាក់ ធ្វើ​ជា​ចំណាប់​ខ្មាំង អស់រយៈពេល​យ៉ាងយូរ ​គឺចំនួន​​៤៤៤ថ្ងៃគត់។ ហេតុការណ៍​នេះ ធ្វើ​ឱ្យ​អាមេរិក​បាក់​មុខ​មិនស្ទើរ​ទេ ហើយ​អាមេរិកនិងអ៊ីរ៉ង់​ក៏​លែង​មើល​មុខ​គ្នា​ចំ​ អស់​រយៈពេល​៤០ឆ្នាំ​មកនេះ​​។ ប្រវត្តិ​មួយ​ដែល​កាន់តែ​ធ្ងន់ធ្ងរ​ទៀត​ ក្នុង​សំណុំ​រឿង​ស្ថានទូតអាមេរិកបែប​​នេះដែរ​ គឺ​នៅប្រទេស​លីប៊ី ឆ្នាំ​២០១២ ក្រុម​ឧទ្ទាមអ៊ីស្លា​ម​ ​បាន​បើកការ​វាយ​ប្រហារ​ទៅលើ​ស្ថានទូត​អាមេរិកប្រចាំ​​ក្រុង Benghazi ទាំង​យប់អធ្រាត្រ​ រហូត​បាញ់​សម្លាប់​ លោក J. Christopher Stevens ឯកអគ្គរដ្ឋទូតអាមេរិក ដែល​ប្រចាំ​ការ​នៅទីនោះ​ផង។

ដូច្នេះហើយ ក្នុង​ពេ​លនេះ គ្រាន់តែ​ឃើញ​សកម្មភាព​មិនស្រួល ដែល​បាន​កើត​មាន​ចំពោះ​ស្ថានទូត​អាមេរិក​នៅ​អ៊ីរ៉ាក់, ថ្នាក់ដឹកនាំ​អាមេរិក​ នឹង​មិន​អាច​នៅ​ស្ងៀម​បាន​សោះឡើយ ហើយ​អាមេរិក​ប្រឹង​ធ្វើ​យ៉ាងណា កុំឱ្យ​ប្រវត្តិ​ឈឺ​ចាប់​នៃស្នាម​ដាន​ចាស់ កើតមាន​ជាថ្មីតទៅទៀត​ ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ​។

«ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ អាមេរិក​ត្រូវ​ឱ្យ​អ៊ីរ៉ង​សង នៅក្នុងហេតុការណ៍​កើតមាន​លើទូតអាមេរិក​នៅ​អ៊ីរ៉ាក់​នេះ​​» នេះ​ជាពាក្យ​ដែល​លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ស្រែក​គំរាម​រដ្ឋបាល​ក្រុង​តេអេអ៊ីរ៉ង។

ប្រមុខដឹកនាំសាសនាអ៊ីស្លាមអ៊ីរ៉ង អាលី ខាំមណីយ ៖ «អាមេរិក​ជាបិសាច»

ជាការ​វាយ​បក អ៊ីរ៉ង់​ នៅថ្ងៃ​ពុធម្សិលមិ​ញ​ ថានឹងកោះហៅ​អ្នក​តំណាង​ក្រុម​ហ៊ុន​ស្វីស​ ជាក្រុម​ហ៊ុន​តំណាង​ផលប្រយោជន៍​រកស៊ី​របស់​អាមេរិក​នៅ​អ៊ីរ៉ង់​ ទៅ​សាកសួរ​ ដុះក្អែល។ ហើយ ប្រមុខដឹកនាំសាសនាអ៊ីស្លាមអ៊ីរ៉ង អាលី ខាំមណីយ ក៏​បាន​ចេញ​មុខ​ថ្កោល​ទោស​អាមេរិក​ជាថ្មី ចំពោះការ​វាយ​ប្រហារ​គ្រាប់រ៉ូកែតរបស់​អាមេរិក​​ សម្លាប់​ទ័ពអ៊ីរ៉ាក់​ដែល​គាំទ្រ​អ៊ីរ៉ង។ អាលី ខាំមណីយ ចាត់ទុក​អាមេរិក​ថា​ជាបិសាច ហើយថែម​ទាំង​រិះគន់​អាមេរិក​ថា​បាន​​បង្កសង្គ្រាម​ឈ្លាន​ពានគួរ​ឱ្យ​ស្អប់​ខ្ពើម​នៅ អាហ្វហ្គានីស្ថាន ​ និង​នៅ​ ​​អ៊ីរ៉ាក់ ជាដើម​​។

ការ​ជ្រៀតជ្រែក​ពីបរទេស​ក្នុង​រឿង​អ៊ីរ៉ង់

វិបត្តិ​​នៅ​អ៊ីរ៉ាក់​នេះ គឺ​ស្មុកស្មាញណាស់។ នៅ​ម្ខាង ថ្នាក់​ដឹកនាំ​នយោបាយ​មួយ​ចំនួនរបស់​អ៊ីរ៉ាក់​​ ដែល​គាំទ្រ​អ៊ីរ៉ង់ យល់ឃើញថា​ ការ​វាយ​ប្រហារ​រប់ស​អាមេរិក ទៅ​​លើ​ក្រុមទាហានអ៊ីរ៉ាក់និយម​​គាំទ្រអ៊ីរ៉ង់ នៅភាគខាងជើង​ក្រុង​បាកដាដ​ គឺរំលោភ​លើ​អធិបតេយ្យ​ភាព​របស់​ខ្លួន​។ ដូច្នេះ អ៊ីរ៉ាក់​នឹង​កោះ​ហៅ​ឯក​អគ្គ​រដ្ឋទូត​អាមេរិក ទៅសាកសួរ ហើយ​សើរើ​មើលទំនាក់ទំនង​ជាមួយ​អាមេរិក​ ជាថ្មី​។ លើសពីនេះ មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​អ៊ីរ៉ាក់ និងមាន​តំណាង​រាស្ត្រ​អ៊ីរ៉ាក់​ខ្លះ​ផង ចង់​ធ្វើ​សំណើ​ច្បាប់ថ្មី​ដើម្បី​បណ្តេញ​កងទំព័រ​អាមេរិក​ចេញពី​ប្រទេស​ទៀត​ផង។​ ក៏ប៉ុន្តែ អាមេរិក​ មាន​​ទ័ព​ឈរជើង​នៅ​អ៊ីរ៉ាក់ ​ដល់​ទៅ​ចំនួន​ជាង​ ៥ពាន់​២រយ នាក់ ហើយ​ប្រុង​ថា​បញ្ចូន​​ទ័ព​ចល័ត​ចូលទៅ​ថែម រាប់រយនាក់ទៀត ដើម្បី​ទប់​ស្ថានការណ៍​អាសន្ន​។

បញ្ហា​ស្មុកស្មាញ​មិនត្រឹមតែប៉ុណ្ណោះទេ នៅផ្ទៃ​ក្នុង​នយោបាយ​អ៊ីរ៉ាក់ បច្ចុប្បន្ន​ មិនទាន់​មាន​រៀបចំ​រដ្ឋាភិបាល​​ថ្នាក់ដឹកនាំប្រទេស​ស្រួល​បួល​នៅឡើយទេ ព្រោះ​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​ បាន​សុំ​លាលែង​ពី​តំ​ណែង ក្រោយ​ពីមាន​ការ​ទាមទារពី​​កំហឹង​មហាជន ក្នុង​បាតុកម្ម​ជាង​១ខែមកនេះ​។ ហើយ​រឹតតែ​ស្មុកស្មាញ​នោះ​ គឺ​ប្រទេស​អ៊ីរ៉ង់ ជា​សត្រូវ​អាមេរិក និងនៅ​ជាប់​នឹងអ៊ីរ៉ាក់​ស្រាប់​ ចង់​ដាក់​បញ្ចូល​គ្នីគ្នា​បក្សពួក​របស់​ខ្លួន នៅក្នុង​ក្បាល​ម៉ាស៊ីន​ដឹកនាំរដ្ឋ​អ៊ីរ៉ាក់ថ្មីនេះ​​។

តើ​​អាមេរិក​-អ៊ីរ៉ង់​ អាច​ផ្ទុះ​សង្គ្រាម​ដោយសារ​រឿង​អ៊ីរ៉ាក់​នេះទេ?​

ឃើញ​សភាពការណ៍​​ដែល​​កាន់តែ​មិនស្រួល!  រុស្ស៊ីមិន​អាច​នៅស្ងៀម ហើយរដ្ឋបាល​ក្រុង​ម៉ូស្គូ​​ បាន​អំពាវវនាវ ឱ្យ​គ្រប់​ភាគី​ទាំងអស់​ បញ្ចប់​សកម្មភាព​អរិភាព​ជាបន្ទាន់ ហើយត្រូវរកផ្លូវ​ដោះស្រាយ កុំឱ្យ​ស្ថានការ​ណ៍​ក្នុង​តំបន់​ វឹក​វរ​កាន់តែ​ខ្លាំង។

ចំណែក​ភាគីបារាំង​វិញ បារាំង​បាន​ថ្កោលទោស ការ​វាយ​ប្រហារ​ទៅ​លើ​ស្ថានទូតអាមេរិកនៅអ៊ីរ៉ាក់ ហើយរដ្ឋមន្ត្រី​ការពារបារាំង​អះអាង​ថា«ស្មគ្រ​រួប​រួម​សាមគ្គីភាព»​ជាមួយ​អាមេរិក​ជា​សម្ព័ន្ធមិត្ត​។ យ៉ាងណាក៏ដោយ បារាំង​យល់ថា ការ​បង្ក​ភាព​តាន​តឹង​រវាងអាមេរិក​និង​អ៊ីរ៉ង់​ ជាហូរហែ​មិន​ចេះចប់​មកនេះ ក៏​មាន​បច្ច័យមួយ​ខ្លាំងដែរ គឺការដែល​អាមេរិ​ដក​ខ្លួន ជាឯកតោភាគី ​ចេញពីកិច្ចព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់​។

ក៏ប៉ុន្តែ សួរថា សភាព​ការណ៍​នៅ​អ៊ីរ៉ាក់​នេះ តើ​អាច​ធ្វើ​ឱ្យ​​ផ្ទុះ​សង្គ្រាម​រវាង​អ៊ីរ៉ង់​និងអាមេរិក ដែរឬទេ? ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ មា​នប្រសាសន៍​ ថ្ងៃដើមឆ្នាំ២០២០ ឆ្លើយ​ប្រាប់​អ្ន​កកាសែត​នៅ​ Florida ថា «លោក​ស្រឡាញ់​សន្តិភាព​» ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ