អានតួអត្ថបទ
អៀរ៉ង់

អៀរ៉ង់​និង​មហាអំណាច​ទាំង៦​ចាប់បើក​កិច្ច​ចរចា​ជាថ្មី​ជុំវិញ​សំណុំរឿង​នុយក្លេអ៊ែរ

ប្រមុខការទូត​អឺរ៉ុប (ឆ្វេង) និង​តំណាង​រដ្ឋាភិបាល​អៀរ៉ង់ ពេល​បើក​កិច្ចចរចា​នៅ​ហ្សឺណែវ
ប្រមុខការទូត​អឺរ៉ុប (ឆ្វេង) និង​តំណាង​រដ្ឋាភិបាល​អៀរ៉ង់ ពេល​បើក​កិច្ចចរចា​នៅ​ហ្សឺណែវ ©Reuters
ដោយ៖ សេង ឌីណា
១៨ នាទី

អៀរ៉ង់​ និង​ប្រទេស​មហាអំណាច​ទាំង ៦ បាន​ចាប់ផ្តើម​បើក​ការ​ចរចា​គ្នា​​សាជាថ្មី ក្រោយ​ពី​បាន​ជាប់គាំង​អស់រយៈពេល​ជាង​មួយ​ឆ្នាំ។ កិច្ចចរចា​នេះ​នឹង​ត្រូវ​ធ្វើ​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។ ក៏ប៉ុន្តែ អ្នកវិភាគ​ជាទូទៅ​​យល់ថា ជំនួប​នៅ​ហ្សឺណែវ​នេះ​ទំនង​ជា​មិន​អាច​ទទួល​បាន​លទ្ធផល​អ្វី​ធំដុំ​នោះទេ។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​របស់ សេង ឌីណា

កិច្ចចរចា​រវាង​អៀរ៉ង់ និង​ប្រទេស​មហាអំណាច​ទាំង ៦ គឺ​រួមមាន សមាជិក​អចិន្រ្តៃយ៍​ទាំង ៥​ នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ (អាមេរិក អង់គ្លេស បារាំង ចិន និង​រុស្ស៊ី) បូក​ជាមួយ​នឹង​ប្រទេស​អាឡឺម៉ង់ បានចាប់បើក​ធ្វើ​ឡើង​វិញ ក្នុង​ពេល​ដែល​សំណុំរឿង​នុយក្លេអ៊ែរ​អៀរ៉ង់​កំពុង​តែ​មាន​ភាព​រំជើបរំជួល​យ៉ាងខ្លាំង។

កាល​ពី​សប្តាហ៍មុន អ្នកវិទ្យាសាស្រ្ត​អៀរ៉ង់​ពីររូប ដែល​មាន​ជំនាញ​ខាង​នុយក្លេអ៊ែរ​ និង​ខាង​ឡាស៊ែរ (Laser) បាន​ទទួលរង​ការ​វាយប្រហារ​ដោយ​គ្រាប់បែក​បង្កៃ។ អៀរ៉ង់​បាន​ចោទប្រកាន់​ប្រទេស​លោកខាងលិច​ថា​ជា​អ្នក​នៅ​ពីក្រោយ​ការ​វាយប្រហារ​នេះ។

ក្នុងពេលជាមួយ​គ្នា ឯកសារ​សម្ងាត់​ចុះផ្សាយ​ដោយ​វែបសៃត៍ Wikileaks បាន​បង្ហាញ​ថា ក្រុមប្រទេស​អារ៉ាប់​ និង​អ៊ីស្រាអែល​​សុទ្ធតែ​បាន​ជំរុញ​ឲ្យ​អាមេរិក​ប្រើ​កម្លាំង​យោធា​វាយប្រហារ​លើ​ទីតាំង​នុយក្លេអ៊ែរ​អៀរ៉ង់។

កាល​ពី​ថ្ងៃ​អាទិត្យ ​ម្សិលមិញនេះ អៀរ៉ង់​បាន​ប្រកាស​ថា នៅពេលនេះ អៀរ៉ង់​​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ទាញ​យក​រ៉ែ​អ៊ុយរ៉ាញ៉ូម​​ពី​ក្នុង​ប្រទេស​មក​ប្រើ​ដោយ​ខ្លួន​ឯង​ហើយ ដោយ​មិនចាំបាច់​ពឹង​លើ​ការ​នាំ​ចូល​ពីបរទេស​នោះទេ។

គួរ​បញ្ជាក់ថា នៅពេលនេះ ដោយសារ​តែ​មាន​ទណ្ឌកម្ម​ពី​សំណាក់​អ.ស.ប. អៀរ៉ង់​មិន​អាច​ទិញ​អ៊ុយរ៉ាញ៉ូម​ពី​បរទេស​មក​ប្រើ​បានទេ។ កម្មវិធី​នុយក្លេអ៊ែរ​របស់​អៀរ៉ង់ គឺ​ពឹងផ្អែក​ទៅលើ​សារធាតុ​អ៊ុយរ៉ាញ៉ូម​ចំនួន ៦០០​តោន ដែល​បាន​ទិញ​ពី​អាហ្វ្រិក​ខាង​ត្បូង កាល​ពី​អំឡុង​ទសវត្សរ៍​ទី៧០។ ក្រុមប្រទេស​លោកខាងលិច​រំពឹង​ថា ស្តុក​អ៊ុយរ៉ាញ៉ូម​ទាំង ៦០០​តោន​នេះ​នឹង​ត្រូវ​អស់​ នៅពេល​ឆាប់ៗខាងមុខ ហើយ​ នៅពេលនោះ ​អៀរ៉ង់​នឹង​លែងមាន​សារធាតុ​អ៊ុយរ៉ាញ៉ូម​មក​ប្រើ​​ទៀតហើយ។ ក៏ប៉ុន្តែ ការប្រកាស​របស់​អៀរ៉ង់ កាល​ពី​ថ្ងៃ​អាទិត្យ ម្សិលមិញ​នេះ បង្ហាញ​ថា នៅពេលនេះ ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សា​សន្តិសុខ​​​មិនអាច​រារាំង​អៀរ៉ង់​​មិន​ឲ្យ​មាន​សារធាតុ​អ៊ុយរ៉ាញ៉ូម​បាន​ទៀត​ទេ។

កម្មវិធី​ចម្រើន​ធាតុអ៊ុយរ៉ាញ៉ូម​របស់​អៀរ៉ង់ គឺ​ជា​ចំណុច​គន្លឹះ​នៃ​ជម្លោះ​ជាមួយ​​ប្រទេស​លោកខាងលិច។ ប្រទេស​មហាអំណាច​ទាំង ៦ ទាមទារ​ឲ្យ​អៀរ៉ង់​បញ្ឈប់​រាល់​កម្មវិធី​ចម្រើន​ធាតុអ៊ុយរ៉ាញ៉ូម​ទាំងអស់។ ចំណែក​អៀរ៉ង់វិញ នៅតែ​ប្រកាន់​ជំហរ​យ៉ាង​តឹងរ៉ឹង​ដដែល គឺ​ថា ការ​ចម្រើន​ធាតុអ៊ុយរ៉ាញ៉ូម គឺ​ជា​សិទ្ធិ​​របស់​អៀរ៉ង់ ដែល​មិន​អាច​ចរចា​បានទេ។ ការចរចា​រយៈពេល ២ថ្ងៃ​ ដែល​ចាប់បើកធ្វើ​នៅ​ហ្សឺណែវ​ថ្ងៃនេះ ទំនង​ជា​មិន​អាច​ទទួល​បាន​លទ្ធផល​អ្វី​ធំដុំនោះទេ។ យ៉ាងច្រើន​បាន​ត្រឹម​ឯកភាព​គ្នា កំណត់​ពេល​ចរចា​លើក​ក្រោយ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ